ចង់រស់ក្នុងសម័យខ្មែរក្រហមត្រូវដាំដើមគ

(ស្វាយរៀង) ៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មាស សំអាន ជាកសិករ អាយុ៦៩ឆ្នាំ រស់នៅ ភូមិតាតែ ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។

សំអាន បានរៀបរាប់ថា នៅក្នុងជំនាន់ខ្មែរក្រហម ប្រជាជនត្រូវធ្វើការគ្មានពេលសម្រាក រស់នៅគ្មានសិទ្ធិសេរីភាព រស់តែតាមការបញ្ជារបស់គេ អ្នកណាហ៊ានតវាគឺយកទៅអប់រំ ហើយបើអប់រំ មួយ ឬពីរដងមិនស្តាប់ គឺយកទៅសម្លាប់ចោលគ្មានការកាត់ក្តីឬរកយុត្តិធម៌ឲ្យនោះទេ ម្នាក់ៗភ័យខ្លាចស្លាប់ នាំគ្នាសន្សំសុខ ដាំដើមគគ្រប់ៗគ្នា។

ឆ្នាំ១៩៧៥ សំអាន ត្រូវបានខ្មែរក្រហមបង្ខំឲ្យចេញពីភូមិត្រពាំងពោន ឲ្យទៅរស់នៅក្នុងសហករណ៍ ដោយធ្វើការរួម និងហូបបាយរួមដូចប្រជាជនដទៃទៀតដែរ។ នៅសហករណ៍ស្រុករំដួល សំអាន ត្រូវបានប្រើឲ្យធ្វើស្រែ និងជីកប្រឡាយដើម្បីស្តុកទឹកទុកធ្វើស្រែនារដូវប្រាំង ហើយធ្វើការចាប់ពីម៉ោង ៦ព្រឹក រហូតដល់ម៉ោង ៨-៩យប់ ទើបបានសម្រាក។ សំអាន បន្តនិយាយទៀតថា អ្នកជីកប្រឡាយទាំងអស់ធ្វើការសុទ្ធតែប្រណាំងគ្នា ព្រោះក្នុងរបបខ្មែរក្រហមក្រុមណាដែលធ្វើការបានតិចឬយឺតជាងគេ មិនត្រូវបានផ្តល់ជូននូវរបបអាហារទេ។ សំអាន រៀបរាប់ទៀតថា តំបន់ដែលគាត់រស់នៅ ប្រជាជនបង្កបង្កើនផលស្រូវបានច្រើនណាស់មិនខ្វះទេ ទាំងជង្រុកៗ។ «ស្រូវ អង្ករ រៀបគរទុកនៅតាមមូលដ្ឋានប៉ុន្តែខ្ញុំឆ្ងល់តើហេតុអ្វីបានជាប្រជាជនមិនអនុញ្ញាតឲ្យហូបគ្រប់គ្រាន់?»

ក្នុងសម័យខ្មែរក្រហម សំអាន បានឃើញសកម្មភាពនាំប្រជាជនយកទៅសម្លាប់ជាក្រុមៗ ដែលមានគ្នាចាប់ពី១០ ទៅ ២០នាក់ នៅភូមិទួលបឹង ក្នុងវត្តកំពង់អំពិល ការសម្លាប់គឺនឹងត្បូងចប។ សំអាន ក៏បានឃើញការរៀបការដោយបង្ខំទៅលើយុវជន-យុវនារី ដែលការរៀបការម្តងៗមានចាប់ពី ៣០ ទៅដល់ ៥០គូ ការរៀបការភាគច្រើនធ្វើឡើងនៅរោងបាយ។

សំអាន រៀបរាប់ថាខ្មែរក្រហមបានបំបាត់សាសនាពោលគឺ ចាប់ផ្សឹក និងសម្លាប់ព្រះសង្ឃ វាយកម្ទេចព្រះពុទ្ធបដិមាករដោយយកទៅទម្លាក់ចូលស្រះទឹក ទីធ្លាវត្តយកធ្វើជាកន្លែងដាក់ស្រូវអង្ករ។

សំអាន តែងតែនិយាយរឿងរ៉ាវដែលគាត់ធ្លាប់ឆ្លងកាត់ ទៅប្រាប់ក្មេងៗជំនាន់ក្រោយ។ ក្នុងគោលបំណងឲ្យគេបានដឹងអំពីបទពិសោធន៍ជីវិតដ៏លំបាកនាសម័យនោះ និងនាំគ្នាជៀសវាងកុំឲ្យជាន់ដានប្រវត្តិសាស្រ្តដ៏ខ្មៅងងឹតម្តងទៀត។

សំអាន បច្ចុប្បន្នមានជំងឺប្រចំាកាយគឺជំងឺលើសឈាម គាត់ឧស្សាហ៍ងងឹតមុខ ឈឺ និងធ្ងន់ក្បាល ព្រមទាំង​រួយកញ្ចឹងក និងស្មាជាញឹកញាប់។

សម្ភាសន៍ដោយ ហម សារឿន ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin