អ្នកធ្វើជីលេខមួយសម័យខ្មែរក្រហម

មាស សុវ៉ាន់ អាយុ៧១ឆ្នាំ រស់នៅភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។

ក្នុងរបបខ្មែរក្រហម សុវ៉ាន់ រស់នៅភូមិកំណើត។ ការរស់នៅមិនអាចជួបជុំគ្នាដូចរបប លន់ នល់ បានទៀតទេ។ គាត់ត្រូវរស់នៅនិងធ្វើការក្នុងកង​ចល័ត ចំណែកកូនៗ បង ប្អូន និងឪពុកម្តាយ ត្រូវរស់នៅកន្លែងផ្សេងៗគ្នា។ ទ្រព្យសម្បត្តិដែលមានក្នុងសម័យ លន់ នល់ ត្រូវបានអង្គការ ប្រមូលយកទៅរក្សាទុកនៅសហករណ៍។ សត្វពាហនៈក៏ មិនអាចប្រើសម្រាប់ភ្ជួរស្រែបានបន្តទៀតដែរ។ ទីផ្សារ និងរូបិយ​ប័ណ្ណត្រូវបានបំបាត់ព្រោះ​របស់របរទាំងអស់ជារបស់​អង្គការ ប្រជាជនគ្មានសិទ្ធិអាស្រ័យផលជាលក្ខណៈឯកជន​ទេ។

សុវ៉ាន់ ត្រូវបានអង្គការប្រើឲ្យធ្វើជីលេខមួយដែលធ្វើឡើងពីលាមកមនុស្ស និងលាមកសត្វ។ ពេលធ្វើរួចគាត់ត្រូវ​សែង​យកទៅទុកក្នុងឃ្លាំងសម្រាប់ដាក់ស្រែ និងដំណាំផ្សេង​ៗ។ គាត់ធ្វើការតាំងពីម៉ោងប្រាំពីរព្រឹករហូតដល់ល្ងាចម៉ោងប្រាំល្ងាច។ កូនៗ និងប្អូនរបស់ សុវ៉ាន់ នៅតូចៗ ត្រូវដើររើសអាចម៍គោ ក្របី។ ចំណែកម្តាយ ឪពុកទទួល​ខុស​ត្រូវនៅរោងបាយរួមរបស់សហករណ៍។

នៅក្នុងភូមិ សុវ៉ាន់ បានឃើញខ្មែរក្រហមប្រើប្រជាជនឲ្យបំផ្លាញវត្តអារាម និងវាយកម្ទេចព្រះពុទ្ធបដិមាករ។ ព្រះសង្ឃត្រូវបានប្រើឲ្យទៅធ្វើស្រែចម្ការដូចប្រជាជនដទៃទៀត​។ អង្គការបានប្រាប់ថាការរស់នៅមានសិទ្ធិស្មើៗគ្នា គ្មានអ្នកមាន គ្មានអ្នកក្រ ប្រជាជនទាំងអស់ត្រូវធ្វើការដូច​ៗ​គ្នាដើម្បីសម្រេចផែនការដែលអង្គការកំណត់។

សុវ៉ាន់ បាន​និយាយថា៖ «ស្រូវនៅសម័យនោះល្អៗណាស់ និងទទួលបានផលច្រើនព្រោះ​អង្គការ​បានបង្កបង្កើនផលដោយប្រើជីធម្មជាតិ។ ប៉ុន្តែ​ស្រូវត្រូវបានដឹកចេញពីសហករណ៍​អស់​ៗ ​មិនដឹងជាយកទៅទីណាទេ។ ប្រជាជនត្រូវបានគេវាល់ចែករបបអង្ករឲ្យ​ហូបដោយមិនគ្រប់គ្រាន់។ រីឯទំនាក់ទំនងក្នុងគ្រួសារត្រូវបានកាត់ផ្តាច់ដោយត្រូវរស់នៅផ្សេង​ៗ​គ្នា កូនរស់នៅឆ្ងាយពីឪពុកម្តាយ បងរស់នៅឆ្ងាយពីប្អូនទោះបីបានជួបគ្នាក៏មិនហ៊ានសួរនាំគ្នាច្រើនដែរ​ខ្លាចគេយកទៅសម្លាប់។ ខ្ញុំបានបាត់បង់អ៊ំប្រុសម្នាក់ដោយសារ​តែហូបមិនឆ្អែតនេះ»។

ឆ្នាំ១៩៧៨ សុវ៉ាន់ និងគ្រួសារត្រូវបានជម្លៀសពីខេត្តស្វាយរៀងឲ្យទៅនៅស្រុកកៀនស្វាយ ខេត្ត​កណ្តាល​។ នៅទីនោះគាត់ត្រូវបានប្រើឲ្យធ្វើស្រែគ្មានពេលសម្រាក និងទទួលបានរបបអាហារតិចតួចដូចនៅខេត្តស្វាយរៀងដែរ។

គាត់​រស់នៅទីនេះបានមួយរយៈរបបខ្មែរក្រហមត្រូវបានដួលរលំ សុវ៉ាន់ និងគ្រួសារក៏មានសេរីភាព​អាចធ្វើដោយថ្មើរជើងត្រឡប់មករស់នៅស្រុកកំណើ​ត​វិញ។

ពេលមកដល់ស្រុក​ដំបូង សុវ៉ាន់ នៅតែជួបការលំបាកព្រោះផ្ទះ និងសម្ភារៈរបស់គាត់ដែលធ្លាប់មាននៅសម័យ មុនត្រូវបានបំផ្លាញអស់។ គាត់ត្រូវចាប់ផ្តើមធ្វើស្រែ​ចម្ការឡើងវិញជាមួយ​នឹងរបបដីដែលអាជ្ញាធរបានចែកឲ្យ។

សម្ភាសន៍ដោយៈ ព្រាប ច័ន្ទពិសី នៅថ្ងៃទី២៥ មីនា ឆ្នាំ២០២៤

អត្ថបទដោយៈ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin