មិនមានសង្ឃឹមថាមានជីវិតចំពោះប្អូនដែលបាត់ខ្លួនទៅ

ឯកសារលេខ I០៣១៣៥. (១៩៧៧). ពិនិត្យប្រវត្តិរូបបដិវត្ត សមមិត្ត ឡុង (Miech Long), (១០ទំព័រ). មជ្ឈមណ្ឌលឯកសារកម្ពុជា។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ មៀច លាង[1] បានស៊ើបសួររកដំណឹងប្អូនម្នាក់ឈ្មោះ មៀច ឡុង។ តាមរយៈការសម្ភាសជាមួយ មៀច លាង ដែលជាបងប្រុសបានឲ្យដឹងថា ឡុង ភេទប្រុស ធ្វើការផ្នែកពាណិជ្ជកម្មនៅរបបកម្ពុជាប្រជាធិបតេយ្យ។ ឡុង ឈប់រៀនត្រឹមថ្នាក់ទី១០ (សង្គមចាស់) នៅសាលាគោកឃ្មុំ។

ចន្លោះឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ នៅក្នុងរបប លន់ នល់, ឡុង បានបួសអស់រយៈពេលបីវស្សានៅវត្តថ្មី។ នៅឆ្នាំ១៩៧៤ ឡុង បានសឹក និងធ្វើស្រែជាមួយឪពុកម្ដាយ។ នៅឆ្នាំ១៩៧៥ នៅអាយុប្រហែល២២ឆ្នាំ ឡុង ត្រូវបានខ្មែរក្រហមជ្រើសរើសដោយប្រធានភូមិឈ្មោះ ភឿន ឲ្យចូលធ្វើជាយុវជនស្ម័គ្រចិត្ត និងក្រោយមកធ្វើជាយោធាខ្មែរក្រហម។ លាង និយាយថា ឡុង ចូលចលនាខ្មែរក្រហម គឺដើម្បីបានបាយហូបប៉ុណ្ណោះ។

នៅចុងឆ្នាំ១៩៧៦ លាង ចងចាំថា ឡុង ធ្លាប់មកជួបគាត់បានម្តងនៅភូមិតាហែន ដែលកាលនោះ ឡុង ធ្វើជាកងម៉ារិនខាងជើងទឹក។ ឡុង បាននាំប្រពន្ធដែលកំពុងមានផ្ទៃពោះមកជាមួយ។ ឡុង ប្រាប់លាងថាអង្គការ គឺជាអ្នករៀបចំឲ្យឡុងរៀបការ។ កាលនោះ គឺជាពេលវេលាចុងក្រោយបង្អស់ដែល លាង បានជួបឡុង។

តាមរយៈឯកសារលេខ I០៣១៣៥ អំពីការពិនិត្យប្រវត្តិរូបបដិវត្តរបស់ សមមិត្ត ឡុង ក្នុងឆ្នាំ១៩៧៧ បានឲ្យដឹងថា ឡុង ដែលជាប្អូនរបស់ លាង មានឈ្មោះដើម មៀច ឡុង ហៅ ឡុង មានទីកន្លែងកំណើតនៅភូមិថ្មី សង្កាត់គោកឃ្មុំ ស្រុកបាត់ដំបង ខេត្តបាត់ដំបង។ ឡុង កើតនៅឆ្នាំ១៩៥១ និងមានគ្រួសារនៅក្នុងរបបខ្មែរក្រហម។ មុនចូលបដិវត្តន៍ ឡុង ជាកសិករ និងធ្វើជាកម្មករ នៅក្រោយពេលចូលបដិវត្តន៍។

ឡុង ចូលបដិវត្តន៍នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៧៥ នៅភូមិថ្មី ជ្រើសរើសដោយប្រធានភូមិឈ្មោះ ភឿន ក្រោមមូលហេតុមានការឈឺចាប់ចំពោះខ្មាំង។ ឡុង មានកំរិតវប្បធម៌ត្រឹមថា្នក់ទី១០ ក្នុងរបបសង្គមចាស់។ ឡុង មានប្រពន្ធឈ្មោះ សាន កើតនៅឆ្នាំ១៩៥៤ មានទីកន្លែងកំណើតនៅភូមិព្នៅ សង្កាត់ព្រៃចា ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ឡុង មានកូនប្រុសម្នាក់ អាយុមួយខែ។ ឡុង មានឪពុកឈ្មោះ មៀច មានអាយុ ៧៨ឆ្នាំ និងម្ដាយឈ្មោះ ឡាំង មានអាយុ ៥៨ឆ្នាំ ជាកសិករ។ ឡុង មានឪពុកក្មេកឈ្មោះ ភួង មានអាយុ ៦៥ឆ្នាំ និងម្ដាយក្មេកឈ្មោះ លាំ មានអាយុ ៦៤ឆ្នាំ ជាកសិករ។ ឡុង មានបងប្អូនបីនាក់ ក្នុងនោះស្រីម្នាក់ ជាកសិករ។[2]

នៅពេលចូលបដិវត្តន៍ដំបូងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៧៥ ឡុង ធ្វើការនៅអង្គភាពតំបន់, នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៥ ឡុង ធ្វើការនៅកំពង់សោម, នៅថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៧៦ ឡុង ធ្វើជាយុទ្ធជន នៅទីក្រុងភ្នំពេញ, នៅថ្ងៃទី២ ខែមេសា ជាជាងជុសជុលម៉ាស៊ីន នៅគីឡូលេខ៦, នៅថ្ងៃទី១៨ ខែមិថុនា ជាជាងធ្វើផ្ទះ និងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៧៧ ឡុង ធ្វើការផ្នែករោងជាង នៅទួលទំពូង ក្រុងភ្នំពេញ ដែលជាកន្លែងធ្វើការចុងក្រោយបង្អស់។[3]

នៅឆ្នាំ១៩៧៩ នៅពេលរបបខ្មែរក្រហមដួលរលំ លាង ឭដំណឹងតាមចាស់ៗនៅក្នុងភូមិថា ឡុង មករកបងប្អូន តែមិនជួប ដោយសារតែ គាត់កំពុងធ្វើស្រែចម្ការ។ រហូតមកទល់សព្វថ្ងៃ លាង មិនមានសង្ឃឹមថា ប្អូនឡុងនៅរស់រានមានជីវិតនោះទេ។ លាង និយាយថា យុវជនក្នុងភូមិទាំងអស់ ដែលចូលបដិវត្តន៍ខ្មែរក្រហម ក្នុងពេលតែមួយជាមួយ ឡុង គឺមានតែឈ្មោះ គង់ ម្នាក់ប៉ុណ្ណោះដែលឃើញត្រលប់មកភូមិកំណើតវិញ។

តាមរយៈឯកសារបញ្ជីឈ្មោះអ្នកទោសនៅមន្ទីរសន្តិសុខស-២១ គឺមានឈ្មោះ មៀច ឡុង មានអាយុ ២៣ឆ្នាំ និងមានតួនាទីមុននាំខ្លួនមកមន្ទីរស-២១ ជាយុទ្ធជនជាងកាត់សក់ស-២១។ ឡុង ត្រូវនាំចូលមន្ទីរសន្តិសុខស-២១ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ១៩៧៨ ដោយនាំខ្លួនយកមកពីស-២១ឃ។

បច្ចុប្បន្ន មៀច លាង ភេទប្រុស មានអាយុ ៥៦ឆ្នាំ (គិតក្នុងឆ្នាំ២០០៦) រស់នៅភូមិកោងកាង ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវជាបងប្រុសរបស់ឡុង តែងតែរំឭក និងធ្វើបុណ្យឧទ្ទិសកុសលដល់ម្ដាយ និងឡុង ដែលបានស្លាប់ និងបាត់ខ្លួននៅរបបខ្មែរក្រហម៕

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ


[1] ឯកសារលេខ BBI០០២២. (២០០៦). សម្ភាសជាមួយ មៀច លាង ដោយ សុខ វណ្ណៈ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០០៦. មជ្ឈមណ្ឌលឯកសារកម្ពុជា.

[2] ឯកសារលេខ I០៣១៣៥. (១៩៧៧). ពិនិត្យប្រវត្តិរូបបដិវត្ត សមមិត្ត ឡុង (Miech Long), (១០ទំព័រ). មជ្ឈមណ្ឌលឯកសារកម្ពុជា.

[3] ស្ទួន. (១៩៧៧).

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin