ម៉ី អ៊ន រំឭករឿងរ៉ាវដែលបានកើតឡើងក្នុងឃុំគគីរ

ទោះបីជាមានវ័យចំណាស់ និងសុខភាពមិនសូវរឹងមាំ ប៉ុន្តែ ម៉ី អ៊ន បានចងចាំរឿងរ៉ាវដែលបានកើតឡើងនៅក្នុងភូមិកំណើតរបស់គាត់តាំងពីគាត់នៅវ័យក្មេង រហូតដល់ខ្មែរក្រហមចូលមកគ្រប់គ្រងភូមិឃុំរបស់គាត់។

ម៉ី អ៊ន[1] មានអាយុ៨៦​ឆ្នាំ (នៅក្នុងឆ្នាំ២០២១) សព្វថ្ងៃរស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង បានរៀបរាប់ថា ៖  នៅពេលកងទ័ពជប៉ុនចូលមកប្រទេសកម្ពុជាក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៤0 ខ្ញុំធំដឹងក្តីហើយ។ សម័យនោះប្រជាជននៅក្នុងភូមិមានការខ្វះខាតខ្លាំងណាស់ សូម្បីតែខោអាវក៏គ្មានស្លៀកពាក់សមរម្យដែរ។ ប្រជាជនមួយចំនួនបានយកបាវ ឬស្លឹកឈើមកបិទបាំងរាងកាយ។ ផ្ទះរបស់ខ្ញុំស្ថិតនៅជិតវត្តគគីរ និងមានផ្ទះយាយអុំ ផ្ទះតាសុក និងផ្ទះតាទក នៅក្បែរនោះដែរ។ ប្រជាជននៅក្នុងភូមិដែលមានជីវភាពក្រីក្រលំបាក គ្មានអំបិល ប្រហុក ហូបចុក និងគ្មានសម្លៀកបំពាក់ បាននាំគ្នាមកស្នើសុំសំបុត្របញ្ជាក់ (ឬបុង) ពីឪពុករបស់ខ្ញុំឈ្មោះ ប៉ាក គឺជាមេភូមិ ដែលសម័យនោះប្រជាជនបានហៅងាររបស់គាត់ថា ជំទប់ ឬចៅក្រម។ បន្ទាប់មកប្រជាជនបានកាន់សំបុត្របញ្ជាក់ទាំងនោះទៅទិញអាហារ របស់របរប្រើប្រាស់ សម្លៀកបំពាក់ក្នុងតម្លៃថោកៗ ជាមួយក្រដាសប្រាក់មួយកាក់ និងពីរកាក់។ ប៉ុន្តែការលក់ដូរគឺមានការកំណត់ ដូច្នេះប្រជាជនទិញសម្រាប់តែហូបចុក និងប្រើប្រាស់តែប៉ុណ្ណោះ។ នៅថ្ងៃមួយ មានយន្តហោះចម្បាំងជប៉ុនចំនួន៣គ្រឿងបានហោះពីទិសខាងកើតឆ្ពោះទៅទិសខាងលិច ដើម្បីធ្វើសង្រ្គាមជាមួយកងទ័ពបារាំង។ ខ្ញុំនិងចាស់ទុំក្នុងភូមិបាននាំគ្នាអង្គុយមើលហេតុការណ៍វាយប្រយុទ្ធគ្នានោះនៅលើភ្លឺស្រែ និងឃើញយន្តហោះចម្បាំងមួយគ្រឿងត្រូវគ្រាប់ ហើយយន្តហោះចម្បាំងពីរផ្សេងទៀតហោះមកអម។ នៅពេលកងទ័ពជប៉ុនចេញទៅអស់ ខ្ញុំឃើញចលនាឥស្សរកើតឡើងក្នុងឃុំគគីរ ចំណែករាជការអាណាព្យាបាលបារាំងនៅធ្វើការនៅទីប្រជុំជនក្នុងឃុំកំពង់ត្រាច ស្រុករមាសហែក ហើយតែងតែជិះសេះដើរត្រួតមើលនិងទារពន្ធពីប្រជាជននៅតាមភូមិ។ ក្រុមឥស្សរបានចូលមកកេណ្ឌប្រជាជននៅក្នុងភូមិរបស់ខ្ញុំ និងភូមិនៅក្បែរៗវត្តគគីរ។ រីឯខ្ញុំនិងក្រុមគ្រួសារត្រូវសែប (មន្រ្តីយោធាបម្រើឱ្យរាជការអាណាព្យាបាលបារាំង) ដែលស្គាល់ឪពុករបស់ខ្ញុំបានមកយកក្រុមគ្រួសាររបស់ខ្ញុំទៅរស់នៅភូមិបាតត្រាស់ ក្បែរប៉ុស្តិ៍យាមរបស់ទាហានបារាំង ស្ថិតនៅក្នុងឃុំដូង។ ទន្ទឹមនេះ ប្រជាជនក្នុងភូមិត្រពាំងស្គន់មួយចំនួនទៀតត្រូវបារាំងកេណ្ឌទៅរស់នៅឃុំកំពង់ត្រាច។ ក្រុមឥស្សរបានកេណ្ឌមនុស្សពេញវ័យ និងកម្លោះៗ ទៅកាប់ផ្តាច់ផ្លូវ និងរើស្ពានមិនឱ្យមន្រ្តីបារាំងជិះសេះចូលក្នុងភូមិឡើយ។

រហូតដល់ក្រុមឥស្សរចេញអស់ ទើបខ្ញុំនិងគ្រួសារត្រឡប់មករស់នៅភូមិត្រពាំងស្គន់វិញ។ ខ្ញុំរៀបការប្តីនៅពេលខ្ញុំអាយុបាន២០ឆ្នាំ។ ប្តីរបស់ខ្ញុំឈ្មោះ សូត្រ រស់នៅក្នុងឃុំគគីរជាមួយខ្ញុំដែរ។ អំឡុងពេលនោះ ស្រាប់តែខ្ញុំឃើញកងទ័ពវៀតកុង (វៀតណាមខាងជើង) បានចូលមករស់នៅក្នុងភូមិ និងបណ្តោយមាត់ទន្លេក្នុងឃុំគគីរ ហើយសង្រ្គាមក៏ចាប់ផ្តើមផ្ទុះឡើង។ ខ្ញុំនិងឪពុកម្តាយបាននាំគ្នារត់ទៅលាក់ខ្លួននៅក្រោមផ្លូវបររទេះនៅវាលឈើទាល និងនៅតាមបណ្តោយមាត់ទន្លេក្នុងឃុំគគីរ។ នៅពេលថ្ងៃ ឪពុករបស់ខ្ញុំបានដើរទៅផ្ទះនៅក្នុងភូមិស្គន់ដើម្បីប្រមូលចាន ឆ្នាំង ត្បាល់ និងអង្រែ យកមកបុកស្រូវដើម្បីដាំបាយហូបនៅវាលស្រែ។  ពេលយប់យន្តហោះចម្បាំង បានហោះឆ្វែលនៅលើឃុំគគីរ និងបាញ់ភ្លើងហ្វា ដើម្បីតាមរកកងទ័ពវៀតកុងដែលលាក់ខ្លួននៅក្នុងភូមិ។ បន្ទាប់មក​ យន្តហោះចម្បាំងផ្សេងទៀតបានហោះមកទម្លាក់គ្រាប់បែកបេ៥២ ធ្វើឱ្យប្រជាជនភិតភ័យយ៉ាងខ្លាំង។ ឪពុករបស់ខ្ញុំនិងប្រជាជនបាននាំគ្នាជីកត្រង់សេ ឬលេណដ្ឋានដើម្បីលាក់ខ្លួន។ ខ្ញុំជួបការលំបាកខ្លាំងណាស់ពេលរត់គេចពីការទម្លាក់គ្រាប់បែកម្តងៗព្រោះកូនរបស់ខ្ញុំនៅតូចៗ។

នៅពេលខ្មែរក្រហមចូលគ្រប់គ្រងឃុំគគីរ ខ្មែរក្រហមមិនបានជម្លៀសខ្ញុំទៅកន្លែងផ្សេងទេ។ ខ្មែរក្រហមបានបញ្ចូលខ្ញុំក្នុងក្រុមប្រវាស់ដៃ និងបានជ្រើសរើសខ្ញុំឱ្យធ្វើជាប្រធានក្រុម។ ក្នុងមួយក្រុមប្រវាស់ដៃមាននារីចំនួន១២នាក់។ ខ្ញុំដឹកនាំក្រុមនារីកាប់ដីចម្ការដាំដំណាំ។ នៅពេលសម្រាកខ្ញុំត្រូវដឹកនាំក្រុមនារីប្រជុំណែនាំឱ្យចេះស្រឡាញ់រាប់អានគ្នា សាមគ្គីគ្នា និងជួយគ្នាទៅវិញទៅមក មុនពេលត្រឡប់ទៅសម្រាកនៅតាមផ្ទះរៀងៗខ្លួនវិញ។ ចំណែករបបអាហារគឺសមាជិកក្រុមប្រវាស់ដៃធ្វើហូបនៅតាមផ្ទះរៀងៗខ្លួន ហើយអាចបេះបន្លែបង្ការ ចេក ត្រឡាច យកមកធ្វើម្ហូបបាន។

ក្រោយមក ខ្មែរក្រហមបានប្រមូលស្រូវអង្ករ ជ្រូក មាន់ ទា គោក្របី និងទ្រព្យសម្បត្តិមកដាក់រួម។ កម្មាភិបាលខ្មែរក្រហមបានដើរពិនិត្យ និងសួរប្រជាជននៅតាមផ្ទះអំពីចំនួនអង្ករ ហើយប្រសិនបើនរណាម្នាក់កុហក កម្មាភិបាលខ្មែរក្រហមនឹងចោទអ្នកនោះថាលួចលាក់ទុកឱ្យខ្មាំង និងយកទៅសម្លាប់ចោលតែម្តង។ នៅពេលដល់ម៉ោងបើករបបអាហារ ប្រធានកងបានគោះជួងជាសញ្ញាឱ្យកងចល័តទាំងអស់ទៅបើករបបពីចុងភៅនៅរោងបាយរួម។  ក្នុងមួយថ្ងៃខ្ញុំទទួលបានរបបពីរពេល គឺពេលថ្ងៃត្រង់ និងពេលល្ងាច។ ប៉ុន្តែរបបអាហារទាំងនោះមិនអាចឱ្យខ្ញុំនិងប្រជាជនហូបបានគ្រប់គ្រាន់ឡើយ។

អំឡុងពេលនោះ ដោយសារខ្ញុំមានកូនច្រើនរហូតដល់ទៅចំនួន៨នាក់​ ដូច្នេះខ្មែរក្រហមក៏ឱ្យខ្ញុំនៅកងបុកស្រូវនៅក្នុងភូមិ, ប្តីរបស់ខ្ញុំនៅរោងបាយរួម ហើយកូនៗរបស់ខ្ញុំខ្លះនៅកងចល័ត និងខ្លះទៀតចូលបម្រើកងទ័ពខ្មែរក្រហម។ ពេលខ្ញុំធ្វើការនៅកងបុកស្រូវ ខ្ញុំប្រាប់សមាជិកក្នុងកងឱ្យរែងយកកន្ទក់ហ្មត់ទុកលាយជាមួយត្នោតទុំដើម្បីស្ងោរចែកគ្នាហូប និងមួយចំណែកទៀតយកទៅឱ្យឈ្លបខ្មែរក្រហមដែលយាមនៅក្នុងភូមិ។

បន្ទាប់មកខ្មែរក្រហមបានផ្លាស់ខ្ញុំទៅកងស្ទូងស្រូវ លើកភ្លឺស្រែ និងជីកប្រឡាយ នៅព្រៃគុយ និងនៅព្រៃក្ដី។ ខ្ញុំត្រូវជីកដីជម្រៅត្រឹមជង្គង់ និងប្រវែង៥ម៉ែត្រ។ ខ្ញុំធ្វើការងារនៅក្នុងស្រុករមាសហែក រហូតដល់ឆ្នាំ១៩៧៨ ទើបខ្មែរក្រហមជម្លៀសខ្ញុំទៅរស់នៅ និងធ្វើការនៅខាងកើតស្រុកបាភ្នំ​ ខេត្តព្រៃវែង។ ខ្ញុំរស់នៅទីនោះបានមួយរយៈ ស្រាប់តែឮសំឡេងផ្ទុះឃ្លាំងគ្រាប់របស់ខ្មែរក្រហមនៅអ្នកលឿង ​និងឃើញផ្កាភ្លើងពាសពេញផ្ទៃអាកាស ធ្វើឱ្យប្រជាជនជម្លៀសច្រួលច្របល់។ ខណៈនោះមានបុរសចំណាស់ម្នាក់ស្រែកប្រាប់ថា បងប្អូនមកពីស្រុកណាសូមអញ្ជើញទៅរស់នៅស្រុកនោះវិញចុះ ព្រោះប្រទេសជាតិត្រូវបានរំដោះហើយ។ ចំណែកកម្មាភិបាលខ្មែរក្រហមហាមមិនឱ្យប្រជាជនវិលត្រឡប់មកស្រុកកំណើតទេ ដោយឃោសនាប្រាប់ថា កងទ័ពវៀតណាមនឹងវះពោះញាត់ស្មៅ។ ប្រជាជនជម្លៀសមួយចំនួនបានជឿនិងរត់គេចខ្លួនទៅតាមខ្មែរក្រហមទាំងនោះ ហើយខ្លះបានស្លាប់ពេលឆ្លងទន្លេអ្នកលឿង។ ចំណែកខ្ញុំបានវិលត្រឡប់មកស្រុកកំណើត និងបានជួបជុំឪពុកម្តាយ បងប្អូន និងកូនៗវិញ។  សព្វថ្ងៃនេះ ខ្ញុំគឺជាស្ត្រីមេ​ម៉ាយ​ព្រោះប្តីរបស់ខ្ញុំស្លាប់កាលពី៩ឆ្នាំមុនដោយសារជំងឺ។ បន្ទាប់ពីប្តីខ្ញុំស្លាប់ទៅ ខ្ញុំរស់នៅជាមួយកូនស្រីដែលកំពុងមានជំងឺប្រចាំកាយ៕

ដោយ សោម ប៊ុនថន


[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, គម្រោងលើកកម្ពស់សិទ្ធិ និងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, បទសម្ភាសន៍ សៅ ចាន់ណា ជាមួយ ម៉ី អ៊ន់ អាយុ៨៦ឆ្នាំ រស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin