លាឪពុកម្ដាយទៅសិក្សានៅបរទេស

ឯកសារលេខ I០៨៤៤៥. (១៩៧៧). ប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង ឈ្មោះ ម៉ិល សុវណ្ណ ហៅ នុប. មជ្ឈមណ្ឌលឯកសារកម្ពុជា.

ម៉ិល ចាន់ថា[1] ភេទស្រី មានអាយុ ៥៥ឆ្នាំ (គិតក្នុងឆ្នាំ២០០៦) រស់នៅភូមិព្រែកតាតន់ ឃុំព្រែកព្រះស្ដេច ស្រុកបាត់ដំបង ខេត្តបាត់ដំបង។ ចាន់ថា មានឪពុកឈ្មោះ ម៉ិល ឈឿន (ស្លាប់) និងមានបងប្អូនប្រាំពីរនាក់ ដោយទី១ ឈ្មោះ ម៉ិល នឿត (ស្រី), ទី២ ម៉ិល លឿត, ទី៣ ម៉ិល សាវិន, ទី៤ ម៉ិល សុវណ្ណ (ប្រុស), ទី៥ ម៉ិល ចាន់ថា (ស្រី), ទី៦ ម៉ិល សាវុន (ប្រុស) ​និងទី៧ ម៉ិល សាភ័ណ្ឌ (ស្រី)។ ក្នុងចំណោមបងប្អូនប្រាំពីរនាក់ គឺមានតែឈ្មោះ ម៉ិល សុវណ្ណ ដែលបាត់ខ្លួនក្រោយពីរបបខ្មែរក្រហមដួលរលំ។​ ចាន់ថា និយាយថាបងប្រុសដែលបាត់ខ្លួនឈ្មោះ សុវណ្ណ ជាសិស្សពូកែផ្នែកគណិតវិទ្យា។

ម៉ិល សុវណ្ណ កើតក្នុងឆ្នាំ១៩៤៨ (ឆ្នាំច)។ នៅវ័យកុមារភាព សុវណ្ណ ចូលរៀននៅសាលាបឋមសិក្សាវត្តកំផែង និងបន្តការសិក្សានៅវិទ្យាល័យបាត់ដំបង។​ សុវណ្ណ ជាសិស្សពូកែមុខវិជ្ជាគណិតវិទ្យា និងតែងតែទទួលបានរង្វាន់នៅវិទ្យាល័យ។ នៅឆ្នាំ១៩៦៦ សុវណ្ណ បានប្រលងជាប់បាក់ឌុប នៅអាយុ ១៨ឆ្នាំ និងបន្តទៅសិក្សានៅទីក្រុងភ្នំពេញ។ នៅទីនោះ សុវណ្ណ រស់នៅជាមួយអ្នកស្រុកបាត់ដំបងដែលរាប់អានគ្នាជាមួយបងស្រីគាត់។

នៅឆ្នាំ១៩៦៧ បន្ទាប់ពីសិក្សានៅទីក្រុងអស់រយៈពេលមួយឆ្នាំ សុវណ្ណ បានដាក់ពាក្យ និងទៅសិក្សានៅសហភាពសូវៀត។ ចាន់ថា ចាំថាអំឡុងពេលសិក្សានៅទីក្រុងភ្នំពេញ គឺ សុវណ្ណ បានត្រលប់មកសួរសុខទុក្ខឪពុកម្ដាយ និងបងប្អូនតែពីរដងប៉ុណ្ណោះ។ នៅលើកទី២ សុវណ្ណ បានមកសុំការអនុញ្ញាតពីឪពុកម្តាយ និងលាបងប្អូនទៅសិក្សានៅបរទេស ដោយមានបងស្រីឈ្មោះ នឿត ជាអ្នកជូនដំណើរ សុវណ្ណ ទៅកាន់អាកាសយានដ្ឋានក្នុងក្រុងភ្នំពេញ។

នៅឆ្នាំ១៩៦៨ អំឡុងពេលសិក្សានៅសហភាពសូវៀត សុវណ្ណ បានផ្ញើរូបថតមួយសន្លឹកទុកជាការនឹករឭកដល់ឪពុកម្ដាយ និងបងប្អូននៅប្រទេសកំណើត។ ចាន់ថា លើកឡើងថា នេះជាលើកចុងក្រោយ ដែលគាត់និងឪពុកម្ដាយទទួលដំណឹងពី សុវណ្ណ។ ក្រោយមក គ្មានការទាក់ទង ឬសំបុត្រផ្ញើមកពីបងប្រុស ទៀតឡើយ។ នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ ឪពុកម្ដាយគាត់តែងតែសាកសួរអ្នកស្គាល់គ្នាអំពីដំណឹងរបស់ សុវណ្ណ។ ចាន់ថា ចាំថាម្ដាយរបស់គាត់ បានទៅរកគ្រូទាយ ដែលទាយថា សុវណ្ណ នៅមានជីវិត។

នៅឆ្នាំ១៩៧៥ បន្ទាប់ពីកងទ័ពខ្មែរក្រហមចូលកាន់កាប់ក្រុងបាត់ដំបង ឪពុកម្ដាយ, ចាន់ថា និងបងប្អូនឯទៀត ត្រូវបានខ្មែរក្រហមជម្លៀសឲ្យទៅរស់នៅឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង តំបន់៣ ភូមិភាគពាយ័ព្យ។ ចំណែក រូបថតរបស់សុវណ្ណ (ហ្វីល) ត្រូវលាក់ទុកក្នុងសៀវភៅនៅផ្ទះ ដោយគាត់មិនបានយកទៅតាមនោះទេ។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ចាន់ថា និយាយថា មានស្ត្រីចំណាស់ម្នាក់ ដែលស្គាល់ សុវណ្ណ និងត្រូវជាអ្នករត់ពន្ធនៅអូរជ្រៅ បានមកប្រាប់ថា «ខ្មែរក្រហមឲ្យ សុវណ្ណ ទៅបាកំផ្លោកសេះ» និងប្រាប់ថា បានឃើញរូបថតរបស់សុវណ្ណ នៅគុកទួលស្លែង ក្នុងទីក្រុងភ្នំពេញ។ នៅពេល បងប្អូនសុវណ្ណទៅទស្សនាគុកទួលស្លែង ឬមន្ទីរសន្តិសុខស-២១ គឺរកមិនឃើញរូបថតរបស់សុវណ្ណនោះទេ។​ នៅពេលធ្វើបុណ្យ​ ចាន់ថា តែងតែឧទ្ទិសកុសលដល់បងប្រុសជានិច្ច។ ក្រោយមក មានឈ្មោះ រ៉ន រស់នៅភូមិកម្មករ ឃុំស្វាយប៉ោ ស្រុកបាត់ដំបង ខេត្តបាត់ដំបង បានយកសៀវភៅមួយក្បាល មកឲ្យប្អូនរបស់គាត់ ឈ្មោះ ម៉ិល សាវុន ដែលធ្លាប់ធ្វើការនៅធនាគារ និងឲ្យគាត់អាន។ គាត់ចាំថា ជាប្រភេទឯកសារបញ្ជាក់ពីប្រវត្តិរូប និងបញ្ជីឈ្មោះអ្នកទោស ដែលបោះពុម្ពនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៨០។ នៅឆ្នាំ២០០៦ ក្មួយរបស់ ចាន់ថា ដែលកំពុងសិក្សាផ្នែកព័ត៌មានវិទ្យានៅទីក្រុងភ្នំពេញ ក៏ព្យាយាមស្រាវជ្រាវបន្ថែមពីដំណឹងរបស់សុវណ្ណ និងបានឃើញប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង នៅសារមន្ទីរគុកទួលស្លែង។

តាមរយៈឯកសារលេខ I០៨៤៤៥ ឬប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង[2]  ចំនួនមួយសន្លឹក តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា បានឲ្យដឹងថា ឈ្មោះដើម ម៉ិល សុវណ្ណ ហៅ នុប មានអាយុ ៣០ឆ្នាំ (គិតក្នុងឆ្នាំ១៩៧៧), មានភេទប្រុស និងជាជនជាតិខ្មែរ។ សុវណ្ណ មានទីលំនៅកំណើតកើតនៅភូមិព្រែកតាតន់ ឃុំស្វាយប៉ោ ស្រុកសង្កែ តំបន់បាត់ដំបង។ នៅក្រោយថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ សុវណ្ណ ត្រូវបានខ្មែរក្រហមជម្លៀសទៅនៅប៉េកាំង។ សុវណ្ណ ជានិស្សិត[ផ្នែក]អគ្គីសនី។ សុវណ្ណ មានឪពុកឈ្មោះ ម៉ិល ឈឿន និងម្ដាយឈ្មោះ ទុយ នឿម។ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៧៧ សុវណ្ណ ត្រូវបានឃាត់ខ្លួននៅវាំង និងឃុំខ្លួននៅផ្ទះង បន្ទប់ធំ១ បន្ទប់តូច៥៕

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ


[1] ឯកសារលេខ BBI០០៤៦. (២០០៦). សម្ភាសជាមួយ ម៉ិល ចាន់ថា និងម៉ិល​ សាវុន ដោយ សុខ វណ្ណៈ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០០៦. មជ្ឈមណ្ឌលឯកសារកម្ពុជា.

[2] ឯកសារលេខ I០៨៤៤៥. (១៩៧៧). ប្រវត្តិរូបអ្នកទោសជាប់ឃុំឃាំង ឈ្មោះ ម៉ិល សុវណ្ណ ហៅ នុប. មជ្ឈមណ្ឌលឯកសារកម្ពុជា.

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin