កូនពីរនាក់ស្លាប់នៅបាត់ដំបង
(ស្វាយរៀង) ៖ ម៉ី សុគន្ធ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានអាយុ៦៤ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។
ក្នុងរបប លន់ នល់ សុគន្ធ រស់នៅជាមួយប្តីរបស់គាត់នៅស្រុកកំណើត និង មានកូនពីរនាក់។ នៅក្នុងរបបខ្មែរក្រហម សុគន្ធ រស់នៅក្នុងកងយុវនារីសហករណ៍ជាមួយនឹងនារីផ្សេងៗក្នុងភូមិ។ កូនពីរនាក់របស់គាត់ត្រូវរស់នៅកងកុមារជាមួយចាស់ៗ ជាអ្នកមើលថែ។ ចំណែកប្តី ត្រូវទៅធ្វើការជាឈ្លបយាមព្រំដែនឆ្ងាយៗពីភូមិ ព្រោះគាត់ធ្លាប់ធ្វើការងារនេះក្នុងសម័យ លន់ នល់ គឺចាំអង្កេតមើលកងទ័ពវៀតណាមកុំឲ្យឈ្លានពានតាមតំបន់ព្រំដែន។
សុគន្ធ ស្ថិតនៅក្នុងកងចល័ត ប៉ុន្តែគាត់មិនសូវបានធ្វើការពេញលេញដូចយុវនារីដទៃទៀតទេ ដោយសារគាត់មានជំងឺប្រចាំកាយ គឺជំងឺដុះដុំសាច់កធ្វើឲ្យគាត់គ្មានកម្លាំងកំហែងក្នុងខ្លួន។ សុគន្ធបន្តថា ដោយសារតែប្រធានសហករណ៍ជាអ្នកនៅក្នុងភូមិ និងមានចិត្តល្អគាត់មិនសូវធ្វើបាប និងបង្ខំឲ្យសុគន្ធធ្វើការងារធ្ងន់ៗទេ។
ក្រោយមកដោយសារខ្លាចអង្គការយកទៅសម្លាប់ សុគន្ធ បានប្រាប់ប្រធានសហករណ៍ថា ជំងឺគាត់បានធូរស្បើយហើយ អង្គការក៏ឲ្យគាត់ទៅដក និងស្ទូងស្រូវ នៅភូមិរមាសហែក ឃុំអំពិល។ គាត់ត្រូវងើបទៅធ្វើស្រែពីម៉ោងប្រាំព្រឹក និងត្រឡប់មកកន្លែងស្នាក់នៅវិញនៅពេលល្ងាច។ ចំណែករបបអាហារគាត់ទទួលបានបាយ និងសម្លមិនគ្រប់គ្រាន់ទេចំណែកការងារធ្វើគ្មានពេលសម្រាក។
ឆ្នាំ១៩៧៨ ប្តីរបស់គាត់ត្រូវបានអង្គការចោទប្រកាន់ថាជាខ្មាំង ព្រោះធ្លាប់មានតួនាទីពីរបបមុន ដូច្នោះ គាត់ កូន និងប្តី ត្រូវបានអង្គការជម្លៀសទៅខេត្តបាត់ដំបង។ ពេលទៅដល់ខេត្តបាត់ដំបងភ្លាមអង្គការបានប្រើ សុគន្ធ និង ប្រជាជនទាំងអស់លើកលែងតែកូនក្មេង និងចាស់ជរា ឲ្យជីកដីដើម្បីធ្វើប្រឡាយ និងសង់ទំនប់ខ្ពស់ៗដោយកំណត់ម៉ែត្រ និងកាន់តែច្រើនម៉ែត្រ រហូតស្ទើរតែមិនអាចទ្រាំទ្របាន។ អង្គការផ្តល់របបអាហារបាយមួយវែក និងសម្លលាយស្លឹកដំឡូង សម្រាប់តែអ្នកធ្វើការប៉ុណ្ណោះ សូម្បីតែអ្នកជំងឺក៏មិនត្រូវបានផ្តល់ឲ្យដែរ។ សុគន្ធ បានសម្រាលកូនទីបីនៅក្នុងរបបខ្មែរក្រហម។
សុគន្ធ៖ «និយាយថាការជម្លៀសគាត់ និងប្រជាជនទៅខេត្តបាត់ដំបងនេះគឺបំណងសម្លាប់ ដោយសារលក្ខខណ្ឌការងារ ការរស់នៅ និងរបបអាហារគឺស្ទើរតែមិនអាចតស៊ូបាន។ កូនខ្ញុំម្នាក់ស្លាប់ដោយសារតែអត់អាហារ។ ប្រជាជនដទៃទៀតស្លាប់រាល់ថ្ងៃ អ្នកដែលមានជីវិតរស់គឺដោយសារតែរបបខ្មែរក្រហមបានដួលរលំមុនប៉ុណ្ណោះ»។
សំណាងល្អ សុគន្ធ និងគ្រួសាររស់នៅខេត្តបាត់ដំបងបានតែប្រហែលប្រាំមួយខែ របបខ្មែរក្រហមក៏បានដួលដោយកងទ័ពរំដោះទើបគាត់ និងគ្រួសារ ព្រមទាំងប្រជាជន ជម្លៀសដទៃទៀតអាចត្រឡប់មកស្រុកកំណើតវិញ។
ពេលធ្វើដំណើរដោយថ្មើរជើងពីបាត់ដំបងមករស់នៅស្រុកកំណើតវិញត្រូវចំណាយរយៈពេលប្រមាណជាបី ខែ។ តាមផ្លូវធ្វើដំណើរកូនរបស់ សុគន្ធ ដែលទើបសម្រាលបាន១ខែ បានស្លាប់ម្នាក់ទៀតដោយសារតែជំងឺ និងគ្មានអាហារហូប។
ពេលមកដល់ខេត្តស្វាយរៀង គាត់បានប្រកបរបបធ្វើស្រែ។ បច្ចុប្បន្ន សុគន្ធ មានជំងឺដុំពកក ជំងឺទឹកនោមផ្អែម និង ជំងឺលើសឈាម។ គាត់ឧស្សាហ៍ឈឺក្បាល និងវិលមុខ។
សម្ភាសន៍ដោយ សៅ ចាន់ណា ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ អេង សុខម៉េង នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤