តួនាទីនីរសារ ក្នុងរបបខ្មែរក្រហម

កាំង ហ្គេកអ៊ាវ និង នីរសារ (រូបតំណាង) បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

អង្គភាពនានារបស់មជ្ឈិមបក្ស ភូមិភាគ តំបន់ ស្រុក និង ឃុំ ក៏ធ្វើការទំនាក់ទំនងគ្នាតាមរយៈសំបុត្រ។ ទោះបីជាទូរលេខត្រូវបានគេនិយមប្រើជាទូទៅសម្រាប់ទំនាក់ទំនងការងារតំបន់ឆ្ងាយៗក៏ដោយ ក៏ទូរលេខនិងរបាយការណ៍ដែលមានច្រើនទំព័រទាំងនោះត្រូវបានផ្ញើតាមរយៈសំបុត្រ ដែលមាននីរសារជាអ្នកចែកចាយ។ ភូមិភាគ តំបន់ និង ស្រុក ​មានបណ្ដាញនីរសាររបស់ពួកគេផ្ទាល់ដែរ។[1]

មី យ៉ា ភេទស្រី អាយុ៦៥ឆ្នាំ មានទីកន្លែងកំណើតនៅស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ មី យ៉ា ធ្វើជានីរសារនាំសំបុត្រទ័ពទាក់ទងមកមន្ទីរស្រុក ដូចជាឱ្យឃុំនេះជ្រើសរើសទ័ពតាមភូមិ ​តាមឃុំ។ មី យ៉ា លើកឡើងថា«ពីមុនជ្រើសរើសពីភូមិឡើងមកឃុំ ដល់ហើយរើសពីឃុំមកភូមិវិញ។ ឃុំណាមួយ រើសយុវជនឡើងមកស្រុក ខ្ញុំគឺជាអ្នកនាំគេមកនិងកាន់ក្រដាស(សំបុត្រ)ពីមូលដ្ឋានមក សំបុត្របញ្ជីឈ្មោះយុវជនធ្វើទ័ព ហុចនិងប្រគល់ឱ្យបងណាត ហើយខ្ញុំត្រឡប់មកវិញ។ ជួនកាលស្រុកគេត្រូវការឱ្យនីរសារពីស្រុកយកលិខិតទៅឱ្យឃុំ មានការអីជាមួយខ្ញុំជានីរសារ គេទាក់ទងគ្នាធ្វើរបាយរណ៍ឱ្យខ្ញុំយកមកវិញ»។[2]

ឌុច ចាន់ថា[3] អាយុ៦២ឆ្នាំ មានស្រុកកំណើតនៅស្រុកបាកាន ខេត្តពោធិ៍សាត់។ នៅឆ្នាំ១៩៧២ ឌុច ចាន់ថា ត្រូវបានជ្រើសរើសចូលបដិវត្តន៍។ ក្រោយមក ឌុច ចាន់ថា ធ្វើពេទ្យនិងបានព្យាបាល លឹម ខាន់ គណៈតំបន់២។ លឹម ខាន់បានយក ឌុច ចាន់ថា នៅជាមួយដើម្បីទុកព្យាបាលគាត់។ លឹម ខាន់​ មាននីរសារ៣នាក់គឺ ១) ឌុច ចាន់ថា មានភារកិច្ចជាអ្នកបើកឡាន និងព្យាបាលជំងឺ អ្នកទី២) ភារកិច្ចការពារ និងអ្នកទី៣) ទទួលខាង សេដ្ឋកិច្ច គឺដាំបាយឬភ្លក់បាយម្ហូបពេលក្រុមរបស់គាត់មិនដាំខ្លួនឯង។ លឹម ខាន់ បានប្រាប់នីរសារទាំង៣នាក់ថា«ពេលអញទៅដល់ណាឯងអ្នកការពារត្រូវទៅមើលសភាពការណ៍ជុំវិញហ្នឹងខ្លាចមានប្រតិកម្មអ្វីមួយ ត្រូវឱ្យអញដឹង។ សេដ្ឋកិច្ចអ្នកដាំបាយទឹក បើឯងដាំបាយខ្លួនឯងមិនអីទេ បើមានគេជួយដាំឯងត្រូវភ្លក់មុន ចៀសវាងក្រែងមានគ្រោះថ្នាក់ដល់អញនិងភ្ញៀវឯទៀត»។ ចំណែក ឌុច ចាន់ថា​ មានតួនាទីបើកឡាន ពេលឈប់សម្រាកត្រូវពិនិត្យមើលឡាន មើលប្រេង មើលសាំង មើលកង់ឱ្យបានហ្មត់ចត់ហើយបើ លឹម ខាន់ ឈឺត្រូវព្យាបាលនិងចាក់ថ្នាំឱ្យគាត់។

ឆាយ ស៊ិន[4] អាយុ៦១ឆ្នាំ មានស្រុកកំណើតនៅស្រុកសៀមរាប ខេត្តសៀមរាប។  ឆាយ ស៊ិន ត្រូវបានជ្រើសរើសជានីរសាររបស់ ឆឹង គឺជាគណៈស្រុកចុងកាល់។  ឆាយ ស៊ិន បានរៀបរាប់អំពីតួនាទីរបស់ខ្លួនជានីរសារថា«ខ្ញុំយកសំបុត្រ ពីស្រុកទៅចែកតាមភូមិមួយចំនួនដូចជាភូមិជើងទៀន ភូមិឆ្លក ភូមិត្រាំកង់ និងភូមិពង្រដោយជិះកង់ផលិតនៅចិន ហើយជួនកាលជិះសេះប្រសិនបើផ្លូវឆ្ងាយហើយមានខ្សាច់ច្រើន។ សំបុត្រនោះគឺត្រូវបិតភ្ជិតដោយមានសរសេរឈ្មោះតំបន់ដែលត្រូវយកទៅប្រគល់នៅពីលើសំបុត្រនោះ»។ ក្រៅពីនីរសារ ឆាយ ស៊ិន ត្រូវបានចាត់តាំងឱ្យធ្វើជាអ្នកយាមគុកនៅវត្តចុងកាល់និងត្រូវចាត់តាំងបន្តទៀតជាអ្នកដាំបាយឱ្យអ្នកទោសហូប។

ទូច ឈាង[5] អាយុ៥៩ឆ្នាំ មានស្រុកកំណើត ស្រុកពួក ខេត្តសៀមរាប។ ទូច ឈាង ធ្វើនីរសារ របស់តាប៉េង ដែលជាប្រធានវរសេនាធំ៨១២ ដែលមានបន្ទាយនៅក្បែរវត្តល្អក់ ខេត្តសៀមរាប។ អ្នកនាំសារនៅពេលនោះមានមធ្យោបាយពីរគឺជិះកង់ និងជិះសេះ។

ញ៉ឹក ជិន[6] អាយុ៧២ឆ្នាំ មានស្រុកកំណើត នៅខេត្តព្រៃវែង។  ញ៉ឹក ជិន បានរំឭកថា«នៅឆ្នាំ១៩៧៥ ខ្មែរក្រហមចាត់តាំងខ្ញុំធ្វើជានីរសារ។ ខ្ញុំត្រូវខ្មែរក្រហមប្រើឱ្យរត់សំបុត្រពីភូមិតាហ៊រ ទៅស្រុកទាំងយប់អធ្រាត្រ ពេលនោះខ្ញុំភ័យខ្លាចទាហាន លន់ នល់  បាញ់សម្លាប់ខ្លាំងណាស់ប៉ុន្តែខ្ញុំមិនហ៊ានប្រកែកឡើយ»។

ម៉ិល ឈួន[7] អាយុ៦១ឆ្នាំ មានស្រុកកំណើតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ នៅឆ្នាំ១៩៧៥ នៅពេលខ្មែរក្រហមវាយដាច់ទីក្រុងភ្នំពេញខ្មែរក្រហមបានចាត់តាំង ម៉ិល ឈួន ធ្វើជានីរសាររបស់​តាប្រាន។ តាប្រាន ​គាត់មានតួនាទីគឺជាគណៈស្រុកមកពីភូមិភាគនិរតី។ ការងាររបស់ ម៉ិល ឈួន នៅពេលនោះគឺធ្វើជាអ្នករត់សំបុត្រដោយជិះសេះ និងមានកាំភ្លើងមួយដើមសម្រាប់ការពារខ្លួន។​ ម៉ិល ឈួន មិនដែលដឹងអំពីខ្លឹមសារនៅខាងក្នុងសំបុត្រទេដោយសារមានការវេចខ្ចប់ស្រោមសំបុត្រយ៉ាងជិតល្អ។ ពេលទំនេរពីការរត់សំបុត្រ ម៉ិល ឈួន ធ្វើជាអ្នកដឹកស្បៀងអង្ករពីឃ្លាំងនៅក្នុងស្រុកដាក់តាមសហករណ៍។

មិត្តច្រឹក  នីរសារ របស់ សៅ គា ដែលចាត់តាំងសម្រាប់ឱ្យយកព័ត៌មានដែលទទួលបានទាក់ទងទៅកន្លែងនារី យ៉ាន នៅតាខ្មៅ និង នារីខុន នៅរោងចក្រថ្មពិលចក្រអង្រែ ទៅកន្លែងពេទ្យតំបន់២៥និងសង្កាត់ព្រែកថ្មី ពីកងនោះផ្ទាល់ដោយក្ដាប់សភាពការណ៍ ព្រមទាំងឃ្លាំងសម្ភារដើម្បីលួចបញ្ចេញចែកទៅក្រៅ[8]

ម៉េង ហាក់ គឺជាយុទ្ធជននៅក្នុងវរសេនាតូចពិសេស៧០៤ គាត់ត្រូវបានចាត់តាំងឱ្យចាប់ កុយ ធួន លេខាភូមិភាគឧត្ដរ ដែលស្នាក់នៅខាងជើងវត្តភ្នំ។ ម៉េង ហាក់ លើកឡើងថា«ទម្រាំចាប់កុយ ធួន បានត្រូវចំណាយពេលពីរថ្ងៃមួយយប់ពីព្រោះ កុយ ធួន មាននីរសារការពារច្រើនណាស់»។[9]

[..]ភាគច្រើននៃអ្នកសួរចម្លើយនិងអ្នកធ្វើឯកសារ ធ្លាប់បានចូលរួមធ្វើសង្គ្រាមក្នុងអំឡុងឆ្នាំ១៩៧0ដល់ឆ្នាំ១៩៧៥ ដោយបម្រើជានីរសារដែលជាការងារប្រកបដោយគ្រោះថ្នាក់និងគួរឱ្យគោរព[10]

អ្នកភូមិមួយចំនួនថែមទាំងធ្វើជានីរសារឱ្យខ្មែរក្រហមទៀតផង។ មាន អេន ដែលជាអ្នកភូមិម្នាក់នៅស្រុកអន្លង់វែងបានរំឭកថា៖ […] អ្នកភូមិបានជួយរៀបចំដំណើររបស់ខ្ញុំទៅកាន់ភ្នំដងរែក។ ខ្មែរក្រហមមានចារកិច្ចរបស់ខ្លួននៅក្នុងភូមិ។ ប្រសិនបើកងទ័ពវៀតណាមចុះមកពិនិត្យ នៅក្នុងភូមិនៅម៉ោង១រសៀល អ្នកភូមិនឹងឱ្យការណ៍ទៅខ្មែរក្រហមដែលនឹងចាកចេញពីភូមិនៅម៉ោង១២ ថ្ងៃត្រង់ដើម្បីចៀសវាងពីការប្រឈមមុខដាក់គ្នាជាមួយកងទ័ពវៀតណាម[11]

តាមរយៈបទសម្ភាសន៍និងប្រភពឯកសារផ្សេងៗ បានឱ្យដឹងថាតួនាទីនីរសារគឺធ្វើតាមការចាត់តាំងរបស់អង្គភាពជាក់ស្ដែងនិងផ្សេងៗគ្នា ដូចជាធ្វើជាអ្នករត់សំបុត្រ យកការណ៍  បើកឡាន អ្នកព្យាបាលជំងឺ(ប្រសិនជាចេះ) អ្នកការពារ  អ្នកដាំបាយឬភ្លក់បាយម្ហូប  ជាអ្នកយាមគុក និងដឹកស្បៀងអង្ករពីឃ្លាំងនៅស្រុកដាក់តាមសហករណ៍ ដែលការងារមួយចំនួនប្រកបដោយគ្រោះថ្នាក់ដល់អាយុជីវិតព្រមទាំងខ្មែរក្រហមគិតថាជាការងារគួរឱ្យគោរព។

អត្ថបទដោយ ដារ៉ារដ្ឋ មេត្តា


[1] សាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូងនៃ អ.វ.ត.ក.សំណុំរឿង០០២/០២ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨/សាធារណៈ  ទំព័រ ៤៧៩ដល់ទំព័រ៤៨០។

[2] ឯកសារ SHH39224 បទសម្ភាសន៍ កែវ សុភ័ន,២០២១។

[3] រី លក្ខិណា«ឌុច ចាន់ថា» ៖ អតីតនីរសារគណៈតំបន់២ ភូមិភាគពាយព្យ  ទស្សនាវដ្ដីស្វែងរកការពិត,លេខ១៩៩,ខែកក្ដដា,ឆ្នាំ២០១៦ ទំព័រ២៦។

[4] ឃាង សេងហឿន«ឆាយ ស៊ិន»៖ អតីតនីរសារគណៈស្រុកចុងកាល់ ទស្សនាវដ្ដីស្វែងរកការពិត,លេខ២១៥,ខែវិច្ឆិកា,ឆ្នាំ២០១៧ ទំព័រ២០ដល់ទំព័រ២១។

[5] ហ៊ាន ពិសី «ទូច ឈាង »៖ នីរសារកងវរសេនាធំ៨១២ ទស្សនាវដ្ដីស្វែងរកការពិត,លេខ២៥៦,ខែមេសា,ឆ្នាំ២០២១ ទំព័រ១៤។

[6] អ៊ីវ ធាវី«ញ៉ឹក ជិន»៖ នីរសារនិងប្រធានកងក្នុងរបបខ្មែរក្រហម ទស្សនាវដ្ដីស្វែងរកការពិត,លេខ២៧៨,ខែកុម្ភៈ,ឆ្នាំ២០២៣ ទំព័រ១៥។

[7] ហ៊ាន ​ពិសី«ម៉ិល ឈួន»៖ នីរសារ ទស្សនាវដ្ដីស្វែងរកការពិតមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង,លេខពិសេស ឆ្នាំ២០២៣ ទំព័រ១៩។

[8] ចម្លើយសារភាពឯកសារ D១៦៦៤៨ បញ្ជាក់អំពីសកម្មភាពរបស់ សៅ គា  គ្មានទំព័រ។

[9] ហ៊ុយ វណ្ណៈ កងពលខ្មែរក្រហមលេខ៧០៣:ជ័យជម្នះឆ្ពោះទៅការបំផ្លាញខ្លួនឯង,មជ្ឈមណ្ឌលឯកសារកម្ពុជា,២០០៣, ទំព័រ៧៦។

[10] ដេវីត ឆេនជល័រ ប្រែសម្រួលភាសាខ្មែរ សួ ប៊ុនស៊ូ  សំឡេងពីមន្ទីរ ស-២១ ភាពព្រឺខ្លាច និងប្រវត្តិក្នុងគុកសម្ងាត់របស់ ប៉ុល ពត ទំព័រ៣២។

[11] ឌី ខាំបូលី,គ្រីស្តូហ្វ័រ ឌៀរីង ប្រែសម្រួលដោយ ម៉ែន ពិចិត្រ ប្រវត្តិសាស្រ្តសហគមន៍អន្លង់វែង តំបន់កាន់កាប់ចុងក្រោយរបស់ចលនាខ្មែរក្រហម,មជ្ឈមណ្ឌលឯកសារកម្ពុជា សហការជាមួយ ក្រសួងទេសចរណ៍,២០១៤,ទំព័រ៨៧។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin