ឈ្មោះ ម៉ិល ម៉ៅ យុវជននៅមន្ទីរពេទ្យ ព. ១៧ នៅទីក្រុងភ្នំពេញ
ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន១១ទំព័រ ជារបស់ឈ្មោះ ម៉ិល មឿន ជាយុវជននៅមន្ទីរពេទ្យ ព. ១៧ នៅទីក្រុងភ្នំពេញ ។ តាមរយៈចម្លើយសារភាពនៅក្នុងឯកសារនេះ (J000៤១) បានបង្ហាញអំពីសកម្មភាពរបស់ ម៉ិល ម៉ៅ ដែលទទួលផែនការពី នៅ ដែលជាប្រធានពេទ្យ ភូមិភាគបស្ចិម និង សៀ អនុប្រធានពេទ្យ ភូមិភាគមស្ចឹម ឲ្យយកថ្នាំចាក់មកពីពិសោធន៍លើអ្នកជំងឺ នៅឆ្នាំ១៩៧៦ ដល់ ឆ្នាំ ១៩៧៨ ។ មឿន មានការជាប់ពាក់ព័ន្ធជាមួយមនុស្សចំនួន១៦នាក់ ថាជាអ្នកចូលរួមសហការណ៍គ្នាដើម្បីរៀបចំពិសោធន៍ថ្នាំចាក់សម្លាប់អ្នកជំងឺដែលបានសម្រាកព្យាបាលខ្លួននៅក្នុងមន្ទីរពេទ្យ ។ ឯកសារនេះ មិនបានបង្ហាញអំពីឈ្មោះ ម៉ិល ម៉ៅ ត្រូវបានចាប់ខ្លួន និងសម្លាប់នៅថ្ងៃណាទេ ប៉ុន្តែយើងឃើញមានការចុះឯកសារនេះមានសរសេរឈ្មោះ និងចុះហត្ថលេខាពីអ្នកសួរចម្លើយ (កម្មាភិបាលខ្មែរក្រហម) ចំនួន២រូបគឺឈ្មោះ ផូ និងឡាក់ ដែលបានកត់ត្រាថ្ងៃសួរចម្លើយ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ ១៩៧៧ ។ សេចក្ដីបញ្ជាក់លើចម្លើយលើកទីមួយ របស់ឈ្មោះ ម៉ិល ម៉ៅ អំពីការទាក់ទងជាមួយឈ្មោះ សៀន ។
ខាងក្រោមជាចម្លើយសារភាពរបស់ ម៉ិល មឿន៖
ខ្ញុំឈ្មោះ ម៉ិល ម៉ៅ ភេទប្រុស អាយុ ៤១ឆ្នាំ មានស្រុកកំណើតនៅភូមិធ្លក ឃុំធ្លកវាន ស្រុកកំពង់ត្រឡាចលើ តំបន់៣១ ។ ម៉ៅ ជាយុវជននៅមន្ទីរពេទ្យ ព. ១៧ នៅទីក្រុងភ្នំពេញ។ នៅឆ្នាំ ១៩៦៦ ដល់ឆ្នាំ ១៩៦៧ ម៉ៅ បានឃើញឪពុករបស់ខ្លួនឈ្មោះ មឿន បានជាប់ពាក់ព័ន្ធជាមួយទាហាន (សក្ដិ៤) ម្នាក់ឈ្មោះ ធិញ ។ ពួកគេទាំងពីរនាក់នេះបានជួបគ្នានៅបន្ទាយមួយកន្លែងនៅក្បាលថ្នល់ ។ វេលាថ្ងៃមួយ ធិញ បានទៅជួបជុំគ្នា និងស៊ីផឹកនៅផ្ទះរបស់ មឿនដោយផ្ទាល់ ។ បន្ទាប់ពី អ្នកទាំងពីរបានជួបគ្នា មិនបានយូរប៉ុន្មាន ពួកគេតែងតែបបួលគ្នាដើរចេញទៅក្រៅបាត់ៗ ប៉ុន្តែមិនដឹងទៅកន្លែងណាទេ ។ ពួកគេទាំងពីរនាក់មានភាពស្និទ្ធស្នាលនឹងគ្នាណាស់ ។ ក្នុងឆ្នាំដដែល ម៉ៅ បាននិយាយថាឪពុករបស់ខ្លួនមានការជាប់ទាក់ទងជាមួយមនុស្ស៥នាក់ទៀត រួមមានឈ្មោះ ឆាយ ជាប្រធានឃុំធ្លកវាន ស្រុក ១២ តំបន់ ៣១ ចំណែក តាំង, ពត និងសាន ជាកសិករចាស់នៅភូមិដំណាក់ធ្លក ស្រុក ១២ ដូចគ្នា ។
នៅឆ្នាំ ១៩៧០ ម៉ៅ បានដឹងតាមរយៈឪពុករបស់ខ្លួនថា គាត់និងអ្នកទាំង៥នាក់នេះជាខ្សែគិគិញរបស់ ធិញ ដែលមានមុខតំណែងសក្ដិ៤ ។ បន្ទាប់មកក្នុងឆ្នាំដដែល មឿន មិនចង់ឲ្យម៉ៅ ចូលធ្វើជាបដិវត្តទេ ព្រោះពេលនោះអ្នកធ្វើបដិវត្តមានចំនួនតិចជាងអ្នកចូលបម្រើក្នុងជួរទាហាន ។ មឿន ក៏ចាត់តាំងម៉ៅ ឲ្យធ្វើជាអ្នកយកការអំពីអ្នកធ្វើបដិវត្តទាំងនោះ និងបានរាយការណ៍ទៅកាន់ឪពុករបស់ខ្លួន ។ បន្ទាប់មក មឿន និងអ្នកទាំង៥នាក់ ទៀតបានរាយការណ៍អំពីសកម្មភាពរបស់អ្នកបដិវត្តទាំងអស់នោះឲ្យ ធិញ បានដឹងភ្លាមៗ ដោយមិនចាំបង្អង់យូរឡើយ។ ប្រហែលជាក្នុងខែសីហា ឆ្នាំ១៩៧១ អំឡុងពេលទៅស្ទួចត្រីនៅបឹងធ្លក វាន ម៉ៅ បានជួបនឹងកងទ័ពបដិវត្តមួយក្រុមនៅក្នុងវត្តឈូកចាស់ ។ បន្ទាប់ពី ម៉ៅ ឃើញដូច្នេះក៏បានរាយការណ៍ឲ្យឪពុករបស់ខ្លួនបានដឹងអំពីសកម្មភាពដែលខ្លួនបានជួប ហើយ មឿន បាននាំដំណឹងនេះទៅប្រាប់ ធិញ។ លុះស្អែកពេលព្រឹក ទាហានក៏ផ្លោងកាំភ្លើងធំជាច្រើនគ្រាប់មកលើវត្តឈូកដែល ម៉ៅ បានរាយការណ៍ប្រាប់ទៅកាន់ឪពុកខ្លួននោះ ។
នៅឆ្នាំដដែល មឿន ចង់ឲ្យ ម៉ៅ បួសរៀននៅវត្តឈូក ព្រោះខ្លួនមិនចង់ឲ្យកូនចូលបម្រើក្នុងជួរបដិវត្តឡើយ ។ មួយវិញទៀតដើម្បីឲ្យ ម៉ៅ រួចផុតពីការសម្លាប់របស់កងទ័ពបដិវត្តទាំងអស់នោះ ។ មឿន បាននិយាយថា ខ្លួនចង់បណ្ដុះចំណេះដឹងដល់កូនដោយចាប់ផ្ដើមពីការបួសរៀនឲ្យមានចំណេះដឹងខ្ពង់ខ្ពស់ ។ បន្ទាប់មក មឿន នឹងស្នើទៅកាន់ ធិញ ឲ្យម៉ៅ ចូលធ្វើជាទាហានតែម្ដង ។ នៅក្នុងឆ្នាំដដែល ម៉ៅ បានអប់រំមនុស្សចំនួន៥នាក់ ។ ក្នុងចំណោមអ្នកទាំង៥ ម៉ៅ បាននាំមនុស្សចំនួន៣នាក់យកទៅឲ្យឪពុករបស់ខ្លួនជាអ្នកដឹកនាំ ។ អ្នកទាំង៣នាក់ត្រូវ មឿន បញ្ជូនឲ្យទៅធ្វើជាទាហាននៅបន្ទាយមួយកន្លែងហៅថាបន្ទាយក្បាលថ្នល់ ។ បើ២នាក់ទៀត គឺឲ្យនៅធ្វើសកម្មភាពផ្ទាល់ជាមួយ ម៉ៅ ដោយឈ្មោះ ធឿន ដកចេញពីយោធាស្រុក ១២ ឲ្យទៅធ្វើជាប្រធានកងឈ្លប នៅឃុំឈូកស ស្រុក ១២ និងម៉េត ដកចេញពីយោធាស្រុក ១២ ឲ្យទៅធ្វើជាអនុប្រធានកងឈ្លប ឃុំឈូកស ស្រុក ១២ ដែរ ។
នៅចុងឆ្នាំ១៩៧២ ម៉ៅ បានសឹកពីការបួសរៀន ហើយបានត្រឡប់ទៅជួយធ្វើស្រែចម្ការឪពុកម្ដាយនៅផ្ទះវិញ ។ បន្ទាប់មក នៅដើមឆ្នាំ ១៩៧៣ ឆាយ បានទៅជួបជាមួយ ម៉ៅ និងមឿន ដល់ផ្ទះ ។ មឿន ក៏បានបញ្ជូន ម៉ៅ ឲ្យទៅធ្វើសកម្មភាពការងារជាមួយឆាយដូចដើមវិញ ព្រោះ ឆាយ ជាខ្សែគិញរបស់ធិញ ដូចគ្នាទៅនឹងខ្លួនដែរ។ មឿន ពេលនោះមានមុខតំណែងមួយទៀត គឺធ្វើជាប្រធានឃុំធ្លក ។ មុនដំបូងឆាយឲ្យ ម៉ៅ ធ្វើជានីរសារ នៅមន្ទីរឃុំធ្លក ។ ក្នុងពេលនោះ ធឿន និងម៉េត គឺនៅមន្ទីរឃុំធ្លកជាមួយនិង ម៉ៅដែរ ។ ក្នុងឆ្នាំដដែល ឆាយបានចាត់តាំង ម៉ៅ, ធឿន និងម៉េត បានរត់ចោលសមរភូមិនៅពេលកងឈ្លបប្រយុទ្ធគ្នាជាមួយទាហាននៅផ្សារត្រាច ។ ពេលនោះទាហាន បានបាញ់ចំយោធាស្រុក១២ ម្នាក់ដែលកំពង់សម្រាកលង់លក់ទាំងមិនបានដឹងខ្លួនទាល់តែសោះ។
នៅដើមឆ្នាំ១៩៧៤ ឆាយ បានចាត់តាំង ម៉ៅ, ធឿន និងម៉េត ឲ្យទៅធ្វើយោធាស្រុក ១២ ។ ឆាយបានឧទ្ទេសនាមអ្នកទាំងបីនាក់ឲ្យទៅធ្វើសកម្មភាពជាមួយ ឈ្មោះ ម៉ៃ ដែលជាប្រធានយោធាស្រុក ១២ ។ ពួកគេទាំងបីនាក់បានជួបជាមួយ ម៉ៃ នៅអង្គភាពយោធាស្រុក ១២ និងចូលរួមប្រជុំដាក់ផែនការឲ្យកសាងកម្លាំងនៅក្នុងយោធាស្រុក ១២ ។ បន្ទាប់ពី ទទួលផែនការហើយ ម៉ៅ បានកសាងយោធាម្នាក់ឈ្មោះ សៀន- យុទ្ធជនយោធាស្រុក ១២ ។ ក្នុងពេលនោះ ម៉ៅ បានឲ្យ ម៉ៃ ជាដឹកនាំ សៀន ក្នុងការធ្វើសកម្មភាព។ តាំង និងសៀន ឲ្យចូលធ្វើជាទាហាន ។ ក្នុងការធ្វើទាហាននេះ សៀន បានរត់ភៀសខ្លួនបាត់ៗជាញឹកញាប់ ។
នៅឆ្នាំ១៩៧៥ ម៉ៃ បានទទួលខុសត្រូវយោធាស្រុក ១២ ផង និង សន្តិសុខស្រុក ១២ ផង ។ ចំណែកម៉ៅ, ធឿន និងម៉េត ធ្វើជាអ្នកការពារអ្នកទោសនៅសន្តិសុខ ដែលម៉ៃ បានកាន់កាប់នោះ។ ក្រោយថ្ងៃរំដោះទីក្រុងភ្នំពេញ ម៉ៃ បានចាប់វាយសួរចម្លើយខ្មាំងនិងបាននាំខ្មាំងទាំងនោះឲ្យឆ្លើយសារភាពទៅកម្លាំងបដិវត្ត ។ មុនពេលយកអ្នកទោសយកទៅសម្លាប់ ម៉ៃ, ធឿន និងម៉េត បានចាប់រំលោភនារីម្នាក់ដែលជាអ្នកទោស ។ ក្នុងឆ្នាំដដែល អ្នកទាំងបី បានត្រឡប់មកធ្វើជាឈ្លបឃុំវានវិញ ។ ចំណែក ម៉ៅ ត្រូវនៅធ្វើការជាប់រហូតជាមួយនិងម៉ៃ។
នៅឆ្នាំ ១៩៧៦ តាមការចាត់តាំងរបស់អង្គការ ម៉ៃ បានចាត់តាំងឲ្យ ម៉ៅ ទៅរៀនបច្ចេកទេសពេទ្យនៅមន្ទីរពេទ្យភូមិភាគបស្ចិម ។ មុនពេលចេញទៅរៀន ម៉ៃ បានឧទ្ទេសនាមឲ្យ ម៉ៅ ទាក់ទងធ្វើសកម្មភាពជាមួយមនុស្សពីរនាក់ឈ្មោះ នៅ ដែលជាប្រធានពេទ្យ ភូមិភាគបស្ចិម និង សៀ អនុប្រធានពេទ្យ ភូមិភាគមស្ចិម ។ មុនដំបូង ម៉ៅ បានស្នាក់នៅមន្ទីរតំបន់ ៣១ ចំនួន១៥ថ្ងៃ ទើបត្រឡប់ទៅមន្ទីរពេទ្យ ភូមិភាគបស្ចិមវិញ ។ ម៉ៅ ពេលនោះបានភ្ជាប់ខ្សែរយៈជាមួយ សៀ និងនៅ ។ ក្នុងឆ្នាំដដែល សៀ និងនៅ បានណែឲ្យ ម៉ៅ ឲ្យចាក់ថ្នាំសម្លាប់មនុស្សជាបណ្ដើរៗ ព្រោះ នៅ និងសៀ គិតឃើញថាសភាពការណ៍មានលក្ខណៈមិនល្អ តទៅថ្ងៃមុខនឹងមានការធ្វើបដិវត្តជាមិនខាន ។ ម៉ៅ ក៏បានយកថ្នាំនោះមកចាក់លើអ្នកជំងឺចំនួនពីរនាក់ធ្វើឲ្យប្រតិកម្មថ្នាំ ប៉ុន្តែសំណាងល្អមានពេទ្យនៅជិតនោះជួយទាន់ពេលវេលាទើបពួកគាត់មិនបានស្លាប់ ។
នៅខែមករា ឆ្នាំ១៩៧៧ សៀ និង នៅ បានប្រើ ម៉ៅ ឲ្យយកថ្នាំទឹកចំនួនបីអំពូលឲ្យយកមកចាក់សម្លាប់អ្នកជំងឺ ។ ថ្នាំបីអំពូលនេះ ម៉ៅ មិនបានចាក់ភ្លាមៗនោះទេ ។ នៅខែកុម្ភៈ ឆ្នាំ ១៩៧៧ ម៉ៅ បានត្រៀមផ្លាស់ប្ដូរទៅរៀនបច្ចេកទេសពេទ្យនៅ ព. ១៧ ។ មុនពេលផ្លាស់ទៅ ម៉ៅ ត្រូវទំនាក់ទំនងធ្វើសកម្មភាពជាមួយឈ្មោះ សី ជាប្រធាន ព.១៧ ជាមុនសិន។ លុះពេលទៅដល់ ម៉ៅ មិនហ៊ាននិយាយជាមួយ សី ទេ ព្រោះគិតថាខ្លួនជា យុទ្ធជន ។ ពេលនោះ ម៉ៅ ក៏បានយកថ្នាំចាក់ទាំងបីអំពូលនោះដាក់មកតាមខ្លួនដែរ ។ ម៉ៅ មកនៅ ព. ១៧ បានមួយរយៈ ឮសូរថានៅពេទ្យ ព. ១៧ មានការបំពុលមនុស្សជាញឹកញាប់ណាស់។
នៅខែមីនា ឆ្នាំ ១៩៧៧ ទំនេរពីការពិសោធន៍ថ្នាំ ម៉ៅ បានទៅជួយចិតបន្លែ នៅកន្លែងដាំស្ល ។ ម៉ៅ មើលឃើញម្សៅម៉ដ្ឋមួយចាន ក៏លើកយកមកហិត ស្រាប់តែធុំក្លិនប្រភេទថ្នាំម្យ៉ាងមានឈ្មោះថា ដេ.ដេ.តេ ។ ម៉ៅ ឆ្ងល់យ៉ាងខ្លាំង ហើយសួរទៅកាន់ទៀង ជាអ្នកដាំស្លថា ម្សៅ អ្វី? ទៀង ឆ្លើយថា ម្សៅមី ។ ម៉ៅបានសួរ ទៀង ទៀតថា ដូចមិនមែនម្សៅមីទេ ក្លិននេះគេហៅម្សៅ ដេ. ដេ. តេ ។ ទៀង បាននិយាយថា បើដឹងហើយកុំមាត់ ។ ទៀង និយាយជាមួយ ម៉ៅ មានរឿងអីត្រូវខ្លាច បើនេះជាការសម្រេចរបស់ថ្នាក់លើបញ្ជាឲ្យយើងធ្វើទៅហើយ ។ ម៉ៅ នៅតែឆ្ងល់ ហើយបានសួរទៅកាន់ទៀង ទៀតថា លើឯណា? ទៀង ប្រាប់ថា ខាងលើមានឈ្មោះ សី ជាប្រធានពេទ្យ ព. ១៧ ។ ការសន្ទនារវាង ទៀង និងម៉ៅ ត្រូវបានបញ្ចប់។ អ្នកទាំងពីរក៏បានយកថ្នាំ ដេ. ដេ. តេ នេះដាក់ចូលទៅក្នុងឆ្នាំងសម្លរបស់អ្នកជំងឺ ។ បន្ទាប់ពីអ្នកជំងឺហូបសម្លនោះរួច ស្រាប់តែមានការៈក្អួតអង្អោរ ប៉ុន្តែពុំមាននរណាម្នាក់ស្លាប់នោះទេ ។ នៅក្នុងមន្ទីរពេទ្យមានភាពចលាចល លី ដែលជាប្រធានពេទ្យ ព. ១៧ បានចុះមកមើលផ្ទាល់ រួចបាននិយាយថា អ្នកជំងឺពុលនេះមិនមែនមកពីថ្នាំបំពុលទេ គឺមកពីស្លប៉េងបោះខ្ចី គួបផ្សំជាមួយបន្លែ និងផ្លែឈើជាច្រើនប្រភេទទៀត ។ ក្រោយមក ប្រហែលក្នុងខែមេសា និងខែឧសភា ឆ្នាំ ១៩៧៧ ទៀង និងម៉ៅ បាននាំគ្នាយកម្សៅ ដេ ដេ តេ នេះដាក់ចូលក្នុងឆ្នាំងសម្លរបស់អ្នកជំងឺចំនួន៣ដងទៀត ។
នៅខែ មិថុនា ឆ្នាំ ១៩៧៧ ម៉ៅ បានស្គាល់ខ្សែរយៈចំនួនបីនាក់បន្ថែមទៀត ឈ្មោះ សុង (ប្រុស) យាមនៅខាងមុខមន្ទីរពិសោធន៍ ។ ចំណែក២នាក់ទៀតជានារី ឈ្មោះ រ៉េត ជាប្រធានមន្ទីរមន្ទីរពិសោធន៍ និង ទា្រង ជាប្រធានអាគារជាន់ទី១ ។ ពេលនោះទ្រាំង បានប្រាប់ឲ្យម៉ៅ ទៅចាក់ថ្នាំអ្នកជំងឺជាមួយគ្នា ចំពេលដែល ម៉ៅ មានភារិកិច្ចជាមួយអគារដែល ទ្រាំង បានប្រាប់ស្រាប់ ។ អ្នកទាំងពីរក៏នាំគ្នាយកថ្នាំទៅចាក់ថ្នាំសម្លាប់អ្នកជំងឺ តាមការចាត់តាំងរបស់ សៀ និងនៅ ។ ម៉ៅ បានចាក់ថ្នាំឲ្យអ្នកជំងឺ ហើយបានប្រតិកម្មថ្នាំចំនួនមួយដង ប៉ុន្តែមិនមាននរណាស្លាប់ទេ ។ ក្នុងខែឆ្នាំដដែល ទ្រាំង បានឲ្យ ម៉ៅ យកមេថ្នាំដែលពិសោធន៍មកចាក់ឲ្យ ឈ្មោះ សុង និងរ៉េត ។ ថ្នាំនេះមុននឹងយកទៅចាក់ត្រូវលាយជាមួយទឹក ហើយយកទៅចាក់សម្លាប់អ្នកជំងឺ ។ ម៉ៅ បានធ្វើតាមការណែនាំ និងបានយកថ្នាំនោះ ឲ្យនារីទ្រាំង លាយមេថ្នាំ ជាមួយទឹក ។ បន្ទាប់ពីលាយថ្នាំរួចរាល់ នារីទ្រាំង បានឲ្យ ម៉ៅ យកទៅចាក់ឲ្យអ្នកជំងឺ ។ បន្ទាប់ពី ចាក់ថ្នាំរួចធ្វើឲ្យអ្នកជំងឺមានប្រតិកម្មថ្នាំចំនួន៩នាក់ ។ ក្រោយមក សកម្មភាពចាក់ថ្នាំសម្លាប់អ្នកជំងឺនេះត្រូវបានបែកធ្លាយ ហើយបានផ្អាកមួយរយៈពេល ។
អង្គការបានដឹងសភាពការ និងបានចាប់ខ្លួន ម៉ិល ម៉ៅ
នៅខែធ្នូ ឆ្នាំ ១៩៧៧ ម៉ៅ បានយកថ្នាំដែលនៅសេសសល់ពី សៀ និងនៅ កាលពី នៅមន្ទីរពេទ្យភូមិភាគបស្ចិម មកចាក់សម្លាប់អ្នកជំងឺទៀត ប៉ុន្តែត្រូវអង្គការតាមដានដឹងសកម្មភាពចាក់ថ្នាំនេះត្រូវបានបញ្ចប់។ បន្ទាប់មក អង្គការបានចុះមកត្រួតពិនិត្យឃើញថា ជាថ្នាំចាក់សម្លាប់អ្នកជំងឺ ហើយបានចាប់ខ្លួនម៉ៅទៅសួរចម្លើយ៕
អត្ថបទដោយ៖ ជីម សុខគា
កំណែអក្ខរាវិរុទ្ធដោយ៖ សូ ហ្វារីណា