មិន ឌៀម៖ សាច់រឿងសង្ខេបនៅក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ មិន ឌៀម មានអាយុ ៥២ឆ្នាំ។ ខ្ញុំមានទីកន្លែងកំណើតស្ថិតនៅភូមិធ្មា ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ សព្វថ្ងៃ ខ្ញុំមានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ខ្ញុំមានបងប្អូនបង្កើតចំនួន៦នាក់។ កាលពីកុមារភាព ខ្ញុំមិនបានចូលរៀននៅតាមសាលានោះទេដោយសារ ខ្ញុំកើតជំនាន់ លន់ នល់។
នៅក្នុងឆ្នាំ១៩៧៥ ស្ថិតរបបខ្មែរក្រហម ក្រុមគ្រួសាររបស់ខ្ញុំត្រូវបានខ្មែរក្រហមបានជម្លៀសចេញពីផ្ទះដើម្បីទៅធ្វើការងារនៅកន្លែងផ្សេង។ ក្នុងរបបខ្មែរក្រហម ខ្ញុំទៅធ្វើការងារជាមួយឪពុករបស់ខ្ញុំជារៀងរាល់ថ្ងៃ។ ឪពុករបស់ខ្ញុំត្រូវខ្មែរក្រហមប្រើធ្វើជាង ធ្វើរោងសម្រាប់កងចល័តស្នាក់នៅ។ ចំពោះការហូបចុកវិញ ខ្ញុំមិនមានអាហារគ្រាប់គ្រាន់នោះទេ។ នៅក្នុងឆ្នាំ១៩៧៩ កងទ័ពខ្មែរក្រហមបានប្រយុទ្ធគ្នាជាមួយកងទ័ពវៀតណាម ខ្ញុំនិងក្រុមគ្រួសារបានធ្វើដំណើរចេញពីកន្លែងធ្វើការងារ ហើយរត់ចូលព្រៃជាមួយប្រជាជនដទៃទៀតជាច្រើន។ នៅតាមផ្លូវធ្វើដំណើរ ខ្ញុំប្រទះឃើញមានប្រជាជនខ្មែរស្លាប់តាមផ្លូវជាច្រើន មានទាំងកុមារ និងមនុស្សចាស់។ រហូតដល់ចុងឆ្នាំ១៩៧៩ ខ្ញុំបានវិលត្រឡប់មកស្រុកកំណើតវិញ និងបានប្រកបមុខរបរជាកសិករ។ ក្នុងឆ្នាំ១៩៨០ ឪពុកម្តាយខ្ញុំ បានបញ្ជូនខ្ញុំឱ្យរៀនត្រឹមថ្នាក់ទី១ ដោយសារតែកត្តាជីវភាពគ្រួសារ។
សព្វថ្ងៃនេះខ្ញុំមានជំងឺប្រចាំកាយដូចជា ជំងឺសន្លាក់ដៃជើង ជំងីលើសឈាម។ កាលពីប៉ុន្មានឆ្នាំមុនខ្ញុំមានជំងឺគ្រុនចាញ់ ខ្ញុំបានព្យាបាលជំងឺនេះជាសះស្បើយហើយ នៅតែជំងឺសន្លាក់ដៃជើង និងលើសឈាមដែលខ្ញុំនៅបន្តលេបថ្នាំជាប្រចាំ។ ចំពោះការព្យាបាលជំងឺ ខ្ញុំបានទៅមន្ទីរពេទ្យតាមភូមិ ខ្ញុំមិនធ្លាប់ទៅព្យាបាលនៅតាមមន្ទីរពេទ្យធំៗ នោះទេ ដោយសារកត្តាជីវភាពគ្រួសារមិនមានថវិកាសម្រាប់ព្យាបាល។ ជាចុងក្រោយខ្ញុំសូមអរគុណក្រុមការងារនៃមជ្ឈមណ្ឌឯកសារកម្ពុជា ដែលបានចុះមកសួរសុខទុក្ខដល់រូបខ្ញុំ៕
សម្ភាសន៍ និងអត្ថបទដោយ ផាត ពន្លក