កងឈ្លបហៅឪពុកខ្ញុំទៅជីករណ្ដៅ

មិន រ៉ា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅខេត្តត្បូង (២០២៤)។ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

(ត្បូងឃ្មុំ)៖ នៅពេលមួយ កងឈ្លបបីនាក់បានទៅផ្ទះរបស់ រ៉ា ហើយបានហៅឪពុករបស់គាត់ទៅធ្វើការដោយនិយាយថា៖ “សមមិត្ត! ទៅធ្វើការជាមួយយើង។” ខាងក្រោមនេះ គឺជាដំណាលសាច់រឿងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ ដែលរស់នៅក្នុងខេត្តត្បូងឃ្មុំ។

មិន រ៉ា អាយុ៥៥ឆ្នាំ មានទីកន្លែងកំណើតនៅភូមិវាល ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ) និងបច្ចុប្បន្នរស់នៅភូមិក្រែកជើង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ រឿងរ៉ាវដែលដក់ជាប់នៅក្នុងចិត្តរបស់ រ៉ា តាំងពីរបបខ្មែរក្រហម រហូតមកដល់ពេលបច្ចុប្បន្ននេះ គឺការដែលកងឈ្លបបាននាំឪពុករបស់គាត់ទៅជីករណ្ដៅ។ បន្ទាប់ពីកងឈ្លបនាំឪពុករបស់រ៉ា ទៅបាត់ ម្ដាយរបស់របស់គាត់តែងតែនឹករឭក និងព្រួយបារម្ភពីសុវត្ថិភាពរបស់ប្ដី ព្រោះខ្លាចអង្គការសម្លាប់ប្ដីរបស់គាត់ចោល។

ឪពុករបស់ រ៉ា បាននិយាយប្រាប់ក្រុមគ្រួសារថា មុនដំបូងពេលដែលកងឈ្លបនាំរូបគាត់ទៅនោះ គាត់ត្រូវបានចាត់តាំងឲ្យជីករណ្ដៅ។ ចំពោះរូបគាត់ និងប្រជាជនដែលនៅជីករណ្ដៅទាំងអស់នោះ គឺមិនមាននរណាម្នាក់ដឹងពីផែនការរបស់អង្គការឡើយ ថាតើរណ្ដៅនោះជីកឡើងដើម្បីអ្វី។ ថ្វីត្បិតតែមិនមាននរណាម្នាក់ដឹងក៏ពិតមែន គ្មាននរណាហ៊ានសួរនាំអង្គការឡើយ។ កម្មករទាំងអស់ ត្រូវជីករណ្ដៅជាបន្តបន្ទាប់ ពីមួយរណ្ដៅទៅមួយរណ្ដៅ រហូតដល់ពេលមួយទើបដឹងថា រណ្ដៅទាំងអស់នោះ គឺជីកសម្រាប់ដាក់សាកសពរបស់ប្រជាជន។

នៅក្នុងរបបខ្មែរក្រហម រ៉ា មានអាយុប្រាំឆ្នាំ ហើយពេលនោះ អង្គការចាត់តាំងឲ្យគាត់ឃ្វាលសត្វគោ និងសត្វក្របី នៅភូមិវាល ឃុំកណ្ដាលជ្រុំ ស្រុកពញាក្រែក។ ក្រៅពីនោះ គាត់ឆ្លៀតពេលជួយមើលថែប្អូនរបស់គាត់ ព្រោះ ម្ដាយរបស់គាត់ទើបតែសម្រាលប្អូនរបស់គាត់រួច។ ម្ដាយរបស់ រ៉ា ត្រូវបានអង្គការចាត់តាំងឲ្យកិនស្រូវ និងរែងអង្ករ។ ការងារទាំងនេះ គឺសម្រាប់ស្រ្តីៗដែលទើបតែសម្រាលកូនរួចថ្មីៗ។

នៅក្នុងរបបខ្មែរក្រហម ប្រជាជនទាំងអស់មិនថាចាស់ ឬក្មេង អង្គការឲ្យហូបបាយរួមគ្នា តុបាយរៀបជាជួរវែងៗ អង្គុយបន្តគ្នា។ នៅក្នុងមួយសប្ដាហ៍ អង្គការផ្ដល់បាយឲ្យប្រជាជនហូបមួយថ្ងៃ ហើយក្រៅពីនោះ គឺមានតែបបររាវ លាយជាមួយសម្លម្ជូរត្រកួន និងព្រលឹត មានសាច់បន្តិចបន្តួច។ ក្នុងសម្លមួយចាន ត្រូវហូបគ្នាចំនួនបួន ទៅប្រាំនាក់។

សព្វថ្ងៃនេះ រ៉ា មានជំងឺលើសសម្ពាធឈាម, លើសជាតិអាស៊ីត និងខ្វះជាតិស្ករ។ អាការនៃជំងឺរបស់គាត់ជាប្រចាំគឺ ចុកដៃ-ជើង, វិលមុខ និងកម្លាំងចុះខ្សោយ។ រ៉ា តែងតែទៅពិនិត្យតាមដានសុខភាពរបស់គាត់ជាប្រចាំ នៅមណ្ឌលសុខភាពស្រុក៕

សម្ភាសន៍ដោយ៖ ម៉េត ណាត ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin