មិន ផាត៖ រៀបរាប់អំពីរឿងរ៉ាវជីវិតក្នុងរបបខ្មែរក្រហម និងស្ថានភាពសុខភាពបច្ចុប្បន្ន

ខ្ញុំឈ្មោះ មិន ផាត អាយុ៦១ឆ្នាំ ទីកន្លែងកំណើតស្ថិតនៅភូមិធ្មា ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ ទីលំនៅបច្ចុប្បន្នរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុករបស់ខ្ញុំឈ្មោះ ណុប(ស្លាប់) និងម្តាយឈ្មោះ ឆៀវ កេង(ស្លាប់) ខ្ញុំមានបងប្អូនបង្កើតចំនួន៦នាក់។ កាលពីកុមារ ខ្ញុំមិនសូវរៀនបានច្រើននោះទេ ដោយសារត្រូវធ្វើការងាររកចំណូលជួយគ្រួសារទើបខ្ញុំត្រូវឈប់រៀន។ ក្នុងឆ្នាំ ១៩៧០ កើតមានរបបមួយដែលដឹកនាំដោយ លន់ នល់ ក្នុងឆ្នាំនោះ ខ្ញុំមានអាយុប្រហែល៦ឆ្នាំ ខ្ញុំមិនទាន់ដឹងរឿងរ៉ាវកើតឡើងនៅក្នុងប្រទេសនោះទេ គ្រាន់តែធ្លាប់ឮចាស់ៗនិយាយគ្នាពីសង្គ្រាមទម្លាក់គ្រាប់បែក។
ក្នុងឆ្នាំ ១៩៧៥ ចូលដល់របបខ្មែរក្រហម។ ក្នុងឆ្នាំនោះ ខ្ញុំមានអាយុប្រហែល១១ឆ្នាំ ខ្មែរក្រហមបានចូលមកដល់ភូមិស្រុក ដែលខ្ញុំរស់នៅនិងបានជម្លៀសប្រជាជនចេញពីភូមិស្រុក ប្រជាជនខ្លះត្រូវបានខ្មែរក្រហមចាត់ចូលជាកងកុមារ ខ្លះជាកងចល័ត។ ខ្ញុំត្រូវបានខ្មែរក្រហមចាត់ចូលជាកងកុមារ ដោយប្រើខ្ញុំឱ្យធ្វើការរាល់ថ្ងៃដូចជារើសអាចម៍គោ កាប់ស្លឹកទន្ទ្រានខែត្រ យកទៅធ្វើជាជីដាក់ស្រែ ជួនកាលខ្មែរក្រហមបានប្រើខ្ញុំរែក ដី និងរែកជីដាក់ស្រែ។ ចំពោះការហូបចុកក្នុងរបបខ្មែរក្រហម ខ្ញុំមិនសូវទទួលបានអាហារគ្រប់គ្រាន់នោះទេ ដោយខ្មែរក្រហមបានឱ្យហូបពីរពេលក្នុងមួយថ្ងៃ ការហូបចុកមិនគ្រប់គ្រាន់ការងារលើសកម្លាំង ធ្វើឱ្យប្រជាជនភាគច្រើនត្រូវឈឺស្លាប់ក៏មាន។ ខ្ញុំធ្លាប់ឃើញខ្មែរក្រហមមួយក្រុមបានចាប់ប្រជាជនដែលកំពុងធ្វើការងារ ប្រាប់ថា ទៅរៀនសូត្រ តែខ្ញុំមិនដែលឃើញគាត់ត្រឡប់មកវិញនោះទេ។ ក្នុងរបបខ្មែរក្រហមនោះ ខ្ញុំក៏ធ្លាប់ឃើញខ្មែរក្រហមប្រើឱ្យប្រជាជនជីករណ្ដៅធំៗ រួចហើយខ្មែរក្រហមបានយកដងចបវាយមនុស្សទម្លាក់ក្នុងរណ្តៅ។ បើនិយាយពីការរៀបការក្នុងរបបខ្មែរក្រហមវិញ អ្នកខ្លះមិនស្គាល់គ្នាផង ក៏ត្រូវខ្មែរក្រហមបង្ខំឱ្យធ្វើការប្តេជ្ញាចិត្តយកគ្នាជាប្តីប្រពន្ធ។ រហូតដល់ឆ្នាំ ១៩៧៩ ក៏កើតមានសង្គ្រាមវៀតណាមវាយចូលមក ខ្ញុំបានភៀសខ្លួនចូលក្នុងព្រៃអស់ជាច្រើនខែ ធ្វើដំណើរយប់កន្លែងណាដេកកន្លែងនោះ ដោយគ្មានគោលដៅ។ សង្គ្រាមចេះតែបន្តខ្ញុំត្រូវរស់នៅក្នុងព្រៃ ដោយធ្វើដំណើរទៅណាក៏ឃើញតែសាកសពមនុស្សស្លាប់ពាសពេញព្រៃ។ ក្រោយមកខ្ញុំទទួលដំណឹងថាសង្រ្គាមបានបញ្ចប់ ខ្ញុំនិងគ្រួសារបាននាំគ្នាត្រឡប់មករកភូមិស្រុកវិញ គ្រួសាររបស់ខ្ញុំប្រកបមុខរបរជាកសិករធ្វើស្រែចម្ការរហូតដល់បច្ចុប្បន្ន។ ក្នុងឆ្នាំ ១៩៨៣ ឪពុកម្ដាយខ្ញុំបានរៀបចំទុកដាក់ខ្ញុំឱ្យមានគ្រួសារ ហើយចាប់ផ្តើមប្រកបមុខរបរជាកសិករ ធ្វើស្រែចម្ការ។ រហូតឆ្នាំ២០០០ខ្ញុំជាមួយប្រពន្ធបានផ្លាស់ប្តូរទីលំនៅមករស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ នៅពេលដែលខ្ញុំបានមករស់នៅភូមិបាក់នឹមពីដំបូងមានការលំបាកជាខ្លាំងក្នុងការប្រកបមុរបរធ្វើស្រែ ចម្ការដោយសារតែភូមិបាក់នឹមសម្បូរទៅដោយ ព្រៃឈើក្រាស់ៗមានសត្វកាចសាហាវជាច្រើន និងសម្បូរទៅដោយមូសដែកគោលញីដែលបណ្តាលឱ្យកើតជំងឺគ្រុញចាញ់។ រហូតមកដល់ពេលបច្ចុប្បន្នខ្ញុំបន្តប្រកបមុខរបរធ្វើស្រែ និងដើររកអុសនៅតាមភ្នំមកធ្វើធ្យូងលក់។
ចំពោះស្ថានភាពសុខភាពសព្វថ្ងៃ ខ្ញុំមានជំងឺដូចជា៑ ជំងឺលើសឈាម ជំងឺឬសដូងបាត។ កត្តាដែលធ្វើឱ្យខ្ញុំកើតមានជំងឺខាងលើនេះគឺបណ្តាលមកពី កាលខ្ញុំនៅពីកុមារភាពប្រទេសកើតសង្គ្រាមឥតឈប់ធ្វើឱ្យ ខ្ញុំហូបចុកមិនគ្រប់គ្រាន់ និងកង្វះអាហាររូបត្ថម្ភ។ មួយវិញទៀត រហូតមកដល់ពេលបច្ចុប្បន្ននេះខ្ញុំមានអាយុកាន់តែច្រើន។ កន្លងមកក្នុងឆ្នាំ២០២៣ ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជាបានដឹកនាំក្រុមគ្រូពេទ្យជំនាញ ចុះមកពិនិត្យសុខភាពជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងភូមិបាក់នឹម ពេលនោះ ខ្ញុំក៏បានចូលរួមក្នុងកម្មវិធីពិនិត្យសុខភាពដែលរៀបចំដោយក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ថែមទាំងមានការចែកជូនកូនសៀវភៅ សុខភាព ដែលមានរៀបរាប់អំពីជំងឺទាំង១០ប្រភេទ ដោយក្នុងសៀវនោះផ្តល់សារប្រយោជន៍ចំណេះដឹងអំពីសុខភាពជាច្រើនដល់រូបខ្ញុំនិងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដទៃទៀតនៅក្នុងភូមិ។ សព្វថ្ងៃនេះ ខ្ញុំមិនបានទៅព្យាបាលជំងឺឆ្ងាយនោះទេ ខ្ញុំព្យាបាលនៅក្នុងភូមិស្រុកដែលខ្ញុំរស់នៅហើយគ្រូពេទ្យនៅតាមភូមិបានចាក់ថ្នាំ និងផ្សំថ្នាំលេបដល់ខ្ញុំ។[1]
អត្ថបទដោយ ផាត់ ពន្លក
[1]មិន ផាត ៖ សម្ភាសន៍ផ្ទាល់មាត់,«សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងអំពីស្ថានភាពជំងឺបច្ចុប្បន្ន» សម្ភាសន៍ដោយ ៖ ផាត ពន្លក នៅឆ្នាំ២០២៥,មជ្ឈមណ្ឌលសះស្បើយបាក់នឹម មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពត