មាំង ហ៊ិន៖ ប្រពន្ធរបស់អនុប្រធានសហករណ៍រាមសេនា

មាំង ហ៊ិន មានអាយុ ៧០ឆ្នាំ (គិតក្នុងឆ្នាំ២០០៦) មានស្រុកកំណើត និងរស់នៅភូមិបវេល ឃុំបួវិល ស្រុកបវេល (ពីមុនហៅស្រុកមង្គលបូរី) ខេត្តបាត់ដំបង។ ហ៊ិន មានប្តីឈ្មោះ អែ រ៉ូន មានតួនាទីជាអនុប្រធានសហករណ៍ ក្នុងតំបន់៣ ដែលបាត់ខ្លួននៅភូមិល្វាក្នុងរបបខ្មែរក្រហម។[1]

ហ៊ិន មានកូនចំនួនបាំ្រនាក់ ក្នុងនោះកូនប្រុសទី១ ឈ្មោះ រ៉យ, កូនប្រុសទី២ ឈ្មោះ​ អ៊ឺត, កូនស្រីទី៣ ឈ្មោះ ធា, កូនប្រុសទី៤ ឈ្មោះ ធុត និងកូនប្រុសទី៥ ឈ្មោះ ថិ។ នៅរបបខ្មែរក្រហម កូនទី១ ឈ្មោះ រ៉យ ដែលមានអាយុ ១៥ឆ្នាំ បានចូលធ្វើជានីរសារខាងយោធានៅតំបន់ព្រំដែនប្រទេសកម្ពុជា-ថៃ។ នៅចុងឆ្នាំ១៩៧៧ កូនប្រុសរបស់ហ៊ិន ឈ្មោះ រ៉យ បានចុះឈ្មោះចូលធ្វើពេទ្យនៅមន្ទីរព-២ ស្ថិតនៅទីរួមខេត្តបាត់ដំបង បន្ទាប់ពីធ្វើការអស់រយៈពេលជិតមួយឆ្នាំ កូនប្រុសរបស់ហ៊ិន បានបាត់ខ្លួន។ ហ៊ិន ចងចាំថា រ៉យ មានសម្បុរខ្មៅ និងមានសក់បះច្រូង។ នៅពេលរបបខ្មែរក្រហមដួលរលំ មានអ្នកពិការម្នាក់ដែលធ្លាប់ព្យាបាលនៅមន្ទីរពេទ្យនោះ បានមកប្រាប់ ហ៊ិន ថាកូនរបស់គាត់ត្រូវបានខ្មែរក្រហមចងខ្សែ និងដឹកទៅជាមួយមនុស្សជាង៣០នាក់ផ្សេងទៀត។ កូនទី២ ឈ្មោះ អ៊ឺត ធ្វើការក្នុងពេទ្យយោធាភូមិអន្លង់សណ្ដាន់ ស្ថិតនៅទិសខាងលិចភូមិល្វាក្នុងរបបខ្មែរក្រហម។ អំឡុងទសវត្សរ៍ឆ្នាំ១៩៨០ អ៊ឺត បានទៅរស់នៅសហរដ្ឋអាមេរិក និងបានមកលេងគាត់តែម្តងប៉ុណ្ណោះ។ ហ៊ិន រស់នៅជាមួយកូនស្រីទី៣ ​ចំណែកកូនទី៤ ធ្វើស្រែចម្ការ និងកូនទី៥ ទៅធ្វើការនៅប្រទេសថៃ។

នៅរបបសង្គមរាស្ត្រនិយម ហ៊ិន បានរៀបការជាមួយប្តីតាមប្រពៃណី។ ហ៊ិន ថាប្តីរបស់គាត់ មានអាយុច្រើនជាងគាត់ប្រាំមួយឆ្នាំ។ នៅឆ្នាំ១៩៧២ ប្តីរបស់ហ៊ិន បានចូលព្រៃនៅខាងកំពីងពួយ ភូមិជ្រោយស្នា ដែលមានប្រធានឈ្មោះ តាយ៉ៃ។ បន្ទាប់ពីចូលព្រៃបានមួយខែ ប្តីរបស់ហ៊ិន បានឲ្យខ្សែរយៈខ្មែរក្រហមមកហៅប្រពន្ធកូនចូលព្រៃជាមួយ។ ប្តីរបស់ហ៊ិន​​ រស់នៅតំបន់រំដោះ និងធ្វើជាកម្មាភិបាលខ្មែរក្រហម និងមានតួនាទីជាគណៈសហករណ៍នៅកំពីងពួយ ភូមិជ្រោយស្នា ដឹកនាំប្រជាជនមួយក្រុមដែលមានចំនួនប្រហែល៥០គ្រួសារ និងរស់នៅតាមខ្ទម ធ្វើស្រែចម្ការ និងដាំបន្លែបង្ការ។ ក្រោយមក គឺមានយន្តហោះមកទម្លាក់គ្រាប់បែកធ្វើឲ្យ ហ៊ិន និងកូនៗភៀសខ្លួនទៅរស់នៅភូមិកប់ចិន ជិតព្រៃធំ។ ហ៊ិន និយាយថា គាត់ត្រូវបរទេះពីមួយកន្លែងទៅមួយកន្លែង និងពីជំរំមួយទៅជំរំមួយទៀត ដើម្បីគេចពីការទម្លាក់គ្រាប់បែក។ ហ៊ិន មិនបានធ្វើស្រែចម្ការអ្វីនោះទេ ដូច្នេះអង្គការខ្មែរក្រហមយកអង្ករមកពីតំបន់ផ្សេងចែកឲ្យប្រជាជនហូប។

នៅឆ្នាំថោះ (ឆ្នាំ១៩៧៥) ប្រជាជនត្រូវហូបរួមនៅរោងសហករណ៍ ដោយដាំបបរមួយខ្ទះធំ និងដាក់អង្ករតែបីទៅបួនកំប៉ុងប៉ុណ្ណោះ។ ខ្មែរក្រហមបានចាប់ផ្សឹកព្រះសង្ឃ និងមិនឲ្យមានវត្តអារាមនោះទេ។ បន្ទាប់ពីសម្រាលកូនរួច ហ៊ិន ត្រូវអាំងភ្លើង និងមើលថែកូនៗនៅផ្ទះ។ ដោយសារ ហ៊ិន ជាប្រពន្ធរបស់អនុសហករណ៍ ដូច្នេះគាត់មានការហូបចុកគ្រប់គ្រាន់។ ហ៊ិន និយាយថា ប្រធានសហករណ៍បានចែកឆ្នាំងឲ្យគាត់ដាំបាយនៅផ្ទះ។ ក្រៅពីមើលថែកូន ហ៊ិន ត្រូវដេរសម្លៀកបំពាក់រហែក និងជួនកាល គាត់ស្នើសុំខោអាវថ្មីពីប្រធានសហករណ៍បានតែមួយសម្រាប់ប៉ុណ្ណោះ។ ចំណែក ប្តីរបស់ហ៊ិន ដែលជាអ្នកគ្រប់គ្រងខោអាវចែកប្រជាជនក្នុងសហករណ៍នោះ មិនដែលហ៊ានកិបកេងនោះទេ។

នៅខែកក្កដា ឆ្នាំ១៩៧៧ ប្តីរបស់ហ៊ិន ត្រូវបាននីរសាររបស់គណៈស្រុកបវេល ឈ្មោះ តាអឿន មកហៅទៅរៀនសូត្រ និងប្រជុំជីវភាព។ ហ៊ិន និយាយថា ប្តីរបស់គាត់ គ្មានផ្តាំផ្ញើអ្វីនោះទេ គឺទៅចូលរួមដូចរាល់ដង។ បីថ្ងៃក្រោយមក ហ៊ិន ដែលកំពុងរងចាំប្តី ស្រាប់តែឃើញមានកម្មាភិបាលមកពីតំបន់ផ្សេង មកជំនួសការងាររបស់ប្តី និងឲ្យគាត់និងកូនៗទៅរស់នៅសហករណ៍ផ្សេង។ ហ៊ិន ថាកម្មាភិបាលនោះមិនមែនជាអ្នកមូលដ្ឋាននោះទេ។

បន្ទាប់មក ហ៊ិន ត្រូវខ្មែរក្រហមបញ្ជាឲ្យធ្វើការគ្មានពេលសម្រាក ដោយត្រូវទៅក្រងស្បូវទាំងមានផ្ទៃពោះចំនួនប្រាំពីរខែ។ ពីរខែក្រោយមក កូនប្រុសច្បងដែលធ្វើការនៅមន្ទីរព-២ បានបាត់ខ្លួន។ មិនយូរប៉ុន្មាន មានការប៉ះទង្គិចនៅភូមិល្វា ដែលមានកងទ័ពមួយចំនួនមកពីខាងភូមិពីងពង។ ហ៊ិន បាននាំកូនរត់គេចទៅរស់នៅភូមិវាលស្រែ។ ក្រោយពីសម្រាលកូនរួចបានបីខែ ខ្មែរក្រហមឲ្យ ហ៊ិន ទៅកិនអង្ករ និងច្រូតស្រូវរហូតដល់ខែមាឃ។ ចំណែកកូនតូចៗត្រូវផ្ញើឲ្យនៅជាមួយយាយនៅរោងកុមារ។ ហ៊ិន ត្រូវទៅធ្វើការទាំងមានជំងឺគ្រុនចាញ់ និងគ្មានថ្នាំព្យាបាល។

នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានចូលមកប្រទេសកម្ពុជា។ ហ៊ិន និងកូនតូចៗរត់ទៅព្រៃស្តុក ជាមួយកូនពៅមានអាយុ៣ឆ្នាំ និងសម្រាកនៅសហករណ៍បវេល។ ហ៊ិន បានប្រមូលចានឆ្នាំង និងស្រូវអង្ករ គេចខ្លួនទៅខាងលិចភូមិល្វា។ កន្លងហួសអស់ជាច្រើនឆ្នាំ ហ៊ិន មានអារម្មណ៍អស់សង្ឃឹម និងគិតថាប្តីប្រហែលជាស្លាប់បាត់ទៅហើយ។ ហ៊ិន និយាយថា មុនបាត់ប្តី គឺមានអ្នកដែលធ្លាប់ទៅរៀនជាមួយប្តីជាច្រើននាក់បានបាត់ខ្លួនផងដែរ។ គាត់បន្តថា បន្ទាប់មកពីធ្វើការ ប្តីរបស់គាត់មិនបាននិយាយអ្វីច្រើនទេ។

នៅពេល ហ៊ិន រំឭកពីរបបខ្មែរក្រហម គាត់និយាយថា គាត់ត្រូវរស់នៅក្នុងព្រៃយ៉ាងលំបាក ហើយសោកស្ដាយដែលកូនទី៤ និងកូនទី៥ មិនដែលស្គាល់មុខឪពុករបស់ខ្លួន។ នៅរបបខ្មែរក្រហម ហ៊ិន បានបាត់បង់ប្តី, កូនប្រុសម្នាក់ និងក្មួយជាច្រើននាក់។ ហ៊ិន នៅតែមិនដឹងមូលហេតុអ្វីបានជាប្តីបាត់ខ្លួននោះទេ៕

[1] ឯកសារលេខ BBI០០៤២. (២០០៦). សម្ភាសជាមួយ មាំង ហ៊ិន ដោយ ឡុង ដានី នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០០៦. មជ្ឈមណ្ឌលឯកសារកម្ពុជា.


អត្ថបទដោយ ស្រ៊ាង លីហ៊ួរ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin