មល់ វី ៖ អ្នកដែលចាកចេញពីភូមិ ត្រូវបានចាត់ទុកជាបណ្ដាញរបស់ខ្មែរក្រហម

យោធាខ្មែរក្រហមដើរចូលទីក្រុងភ្នំពេញ បន្ទាប់ពីរំដោះបានពីរបបសាធារណរដ្ឋខ្មែរនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។​ រូបថតពីទស្សនាវដ្តីស្វែងរកការពិតលេខ ៣០៤ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

មល់​ វី[1] ភេទ​ស្រី​ អាយុ​៥៣ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ភូមិពោធិ៍​ ឃុំ​ពោធិ៍​ ស្រុក​កំពង់​លែង​​ ខេត្ត​កំពង់​ឆ្នាំង​។​ ​ សព្វ​ថ្ងៃ វី ​រស់​នៅ​ក្នុង​ភូមិ​យាង​ជើង​ ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្តរ​មាន​ជ័យ​។

វី​ បាននិយាយថា៖ “ខ្ញុំ​មាន​បង​ប្អូន​បង្កើត​ចំនួន​១៤នាក់​ (​ស្រីចំនួន​​៧នាក់)​​​​។​ ឪពុក​ម្ដាយ​ខ្ញុំ​ប្រកប​មុខ​របរ​ជា​កសិករ​ ដើម្បី​​ផ្គត់​ផ្គង់​ជី​វភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​។​ ក្រៅ​ពី​ការ​ងារ​ស្រែ​ចម្ការ ​ឪពុក​ម្ដាយ​ខ្ញុំ​​មិន​បាន​ធ្វើ​ការ​​ងារ​អ្វី​ផ្សេង​ទៀត​នោះ​ទេ​។​ ការ​ចង​ចាំ​របស់​ខ្ញុំ​នៅ​ចន្លោះ​ឆ្នាំ​​​១៩៧០ដល់​​ឆ្នាំ​១៩៧៥​ គឺ​​ជា​​កុមារ​ភាព​ដែល​រស់​នៅ​ជាមួយ​ឳពុកម្តាយ​​។​

ខ្ញុំនៅ​​ចាំ​បាន​ថា​ ការ​រស់​នៅ​របស់​ប្រជាជន​​មាន​ការ​ផ្លាស់​ប្តូរ​ ចាប់​តាំង​ពី​ខ្មែរ​ក្រហម​ទទួល​បាន​ជ័យ​ជម្នះនៅ​ថ្ងៃ​ទី​១៧​ ខែ​មេសា​ ឆ្នាំ​១៩៧៥​​។​ ប្រជាជន​រស់​នៅ​តាម​សហករណ៍​ត្រូវ​ធ្វើ​ការ​រួម និង​ហូប​រួម​គ្នា​​។ លើស​​ពី​នេះ​ កុមារ​មិន​បាន​ទទួល​ការ​សិក្សា​រៀន​សូត្រ​ ដោយ​ត្រូវ​ធ្វើ​ការ​ងារ​ឆ្ងាយ​ពី​ឪពុក​ម្ដាយ​។​

ចំណែក​ឯការ​ហូប​ចុក​វិញ យើងបាន​ជួបប្រទះនូវ​​ការ​ខ្វះ​ខាតយ៉ាង​ខ្លាំង។ ខ្ញុំ​​មិន​ដែល​បាន​ទទួល​បាយ​ហូប​គ្រប់​គ្រាន់​ទាល់​តែ​សោះ​។​ ថ្ងៃ​មួយ​​ ម្ដាយ​ខ្ញុំ​បាន​ដាំ​បបរ​ឲ្យ​កូនៗ​ហូប​ ដោយ​ក្នុង​បបរ​ឃើញ​សុទ្ធ​តែ​គល់​ចេក​លាយ​ឡំជា​មួយ​គ្រាប់​អង្ករបន្តិច​បន្តួច​តែ​ប៉ុណ្ណោះ​។​ រី​ឯសម្ល​ភាគ​ច្រើន ​ស្ល​ជា​មួយ​សត្វ​ចៀសដែលជា​ប្រភេទ​សត្វ​បង្គួយ​ភ្នំ​។​ ជំនាន់​នោះ​ ខ្ញុំ​ហូប​អាហារណាដែលអាចរស់បាន ដោយសារតែ​ភាព​​ខ្សត់ខ្លាំង​​​​។​ សូម្បី​តែ​អំបិល ​ក៏មិន​អាចរកបាន​សម្រាប់ការ​​ហូប​ចុក​នោះ​ដែរ​។​ នៅ​ពេល​ធ្វើ​ម្ហូប​ម្ដងៗ​ ម្ដាយ​ខ្ញុំ​បាន​យក​ផេះ​ទៅ​លាយ​ជាមួយ​ទឹក និង​ទុក​ឲ្យ​រងទឹក​ប្រែ​ជា​ថ្លា​មក​វិញ ​ទើប​យក​ទៅ​ស្ល​។ ការ​ធ្វើ​បែប​នេះ​ គឺ​ដើម្បី​ធ្វើ​ឲ្យ​ទឹក​មាន​​ជាតិ​ប្រៃ​។​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ​ប្រជាជន​កាន់​តែ​ជួប​នូវ​ទុក្ខ​លំបាក​កាន់​តែ​ខ្លាំង​ឡើង​។​ ខ្មែរ​ក្រហម​មិន​ដែល​អើ​ពើ​ពី​ទុក្ខ​លំបាក​របស់​ប្រជាជន​នោះ​ទេ​។​

លុះ​ដល់​ឆ្នាំ​១៩៧៩​ នៅ​ពេល​ដែល​កង​ទ័ព​រដ្ឋា​ភិបាល​កម្ពុជា​ និង​កង​ទ័ព​ស្ម័គ្រ​ចិត្ត​វៀត​ណាម​បាន​ចូល​មក​រំដោះ​ប្រជាជន​ខ្មែរ​ពី​របប​​ខ្មែរ​ក្រហម​ គ្រួសារ​ខ្ញុំ​ក៏​បាន​ត្រលប់​ទៅ​រស់​នៅ​ផ្ទះ​​​វិញ​។​ ឪពុក​ម្ដាយ​ខ្ញុំ​បាន​រៀប​ចំ​បោស​សម្អាត​ទី​ធ្លា​ផ្ទះ​ និង​ចាប់​ផ្ដើម​នាំ​គ្នា​ធ្វើ​ស្រែ​ចិញ្ចឹម​ជីវិត​។​ ខ្ញុំ​បាន​បន្ត​រស់​នៅ​ជា​មួយ​ឪពុក​ម្ដាយ​រហូត​ដល់​ឆ្នាំ​១៩៨៥។ នៅក្នុង​ឆ្នាំ​នោះ​ បង​ស្រី​ជីដូន​មួយឈ្មោះ ផាន​​ ​ដែល​បាន​រស់​នៅ​ជា​មួយ​ខ្មែរ​ក្រហម បាន​​វិល​ត្រលប់​មក​លេង​ផ្ទះ​នៅ​ឯ​ស្រុក​កំណើត​។​ នៅ​ពេល​ខ្ញុំ​បាន​ឮ​ដំណឹង​ភ្លាម​ ដោយ​ក្ដី​នឹក​រឭក ​ខ្ញុំ​ក៏​បាន​សុំ​ម្ដាយ​ទៅ​សួរសុខទុក្ខ និងស្នាក់នៅ​​ជា​មួយ​បង​ស្រី​ចំនួន​មួយ​យប់​។​ ខ្ញុំ​ និង​បង​ផាន​ ក៏​បាន​និយាយ​​គ្នា​លេង​តាម​របៀប​បង​ប្អូន​ដែល​បាន​បែក​គ្នា​យូរ​ឆ្នាំ​។​

​ក្នុង​ខណៈ​ពេល​នោះ​ ខ្ញុំ​បាន​និយាយ​រៀប​រាប់​ពី​ទុក្ខ​​លំបាក​របស់​គ្រួសារ​ រួម​ទាំង​ប្រជាជន​ដែល​​រស់​នៅ​ក្រោម​ការ​គ្រប់​គ្រង់​របស់​កង​ទ័ព​វៀត​ណាម​។​ ​ស្ថាន​ភាព​នៅ​ក្នុង​ភូមិ​ ត្រូវ​បាន​កង​ទ័ព​វៀត​ណាម​លុក​លុយ​ ហើយ​​បាន​ធ្វើ​បាប​ប្រជាជន ​តាម​រយៈ​ការ​​ចាប់​សត្វ​គោ​ មាន់​ ទា​ យក​ទៅ​ស៊ី​ដោយ​គ្មាន​ការ​អនុញ្ញាត​។​ លើស​ពី​នេះ​ទៅ​ទៀត​ ស្រី​ក្រមុំៗ​នៅ​ក្នុង​ភូមិ ​ក៏​ត្រូវ​បាន​កង​ទ័ព​វៀត​ណាម​ចាប់​បង្ខំ​ និង​វាយ​ធ្វើ​បាប​យ៉ាង​ព្រៃ​ផ្សៃ​។​ នៅ​ពេលដែល​​បង​ផាន​បាន​ឮ​បែប​នេះ ​គាត់​ក៏​បាន​បបួល​ខ្ញុំ​ទៅ​នៅ​ជាមួយ​ខ្មែរ​ក្រហម​នៅ​ក្នុង​ព្រៃ​មួយ​កន្លែង ដែល​​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​។​

លុះ​ដល់​ថ្ងៃ​ដែល​បង​ផាន​ ត្រលប់​ទៅ​វិញ​​ ខ្ញុំ​បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ភូមិ​កំណើត ដើម្បី​​ទៅ​រស់​នៅ​ក្នុង​ព្រៃ​ជា​មួយ​ខ្មែរ​ក្រហម​។​ នៅ​ពេលដែល​​ខ្ញុំ​ធ្វើ​ដំណើរ​មក​ដល់​បន្ទាយ​របស់​ខ្មែរ​ក្រហម​មួយ​កន្លែង​ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ទួល​ប្រាសាទ​ ស្រុក​កំពង់​លែង​ ខ្ញុំ​​​បាន​ចូល​នៅ​ក្នុង​ក្រុម​នារី​ៗ ​ដែល​ក្រុម​នីមួយៗ​មាន​គ្នាពី​១០​ទៅ​១២នាក់​។​ ជា​រៀង​រាល់​ថ្ងៃ ការ​ងារ​ដែល​ខ្ញុំ​ធ្វើ​នៅ​ក្នុង​ក្រុម​នារី គឺការ​​បោស​សម្អាត​កន្លែង​ស្នាក់​នៅ​ និង​ទី​ធ្លា​បន្ទាយ​ រួម​ទាំង​ធ្វើ​ម្ហូប​អាហារ​សម្រាប់​កង​ទ័ព​។​ ​ថ្ងៃ​មួយ​ ខ្ញុំបាន​​ត្រូវ​របួស​កដៃ​ដោយ​សារ​ការ​ធ្វេស​ប្រហែស​ អំឡុង​ពេល​ខ្ញុំ​កាន់​កាំ​ភ្លើង។​ ខ្ញុំ​​បាន​យក​ដៃ​ម្ខាង​ទៅ​បិត​ចំ​ពី​មុខ​កាណុង​កាំភ្លើង​ ទើប​ធ្វើ​ឲ្យ​រាកៃ ​បណ្ដាល​ឲ្យខ្ញុំ​ដាច់​កដៃ​មួយ​ចំហៀង​។​ បន្ទាប់​ពី​ខ្ញុំ​ត្រូវ​របួស​ ​ក្រុម​គ្រូពេទ្យ​នៅ​ក្នុង​បន្ទាយ​​​បាន​​ព្យាបាល​ និង​​មើល​ថែខ្ញុំ​រហូត​ដល់​ជា​សះ​ស្បើយ​។​ ​

អំឡុង​ពេល​ខ្ញុំ​រស់​នៅ​ក្នុង​ព្រៃ​ ខ្ញុំ​ពិត​ជា​មាន​ការ​នឹករឭក​ទៅ​ដល់​ឪពុក​ម្ដាយ​ខ្ញុំ​ជា​ខ្លាំង​ ប៉ុន្តែ​មិន​អាច​ត្រលប់​ចូល​ទៅ​ក្នុង​ភូមិ​កំណើត​វិញ​បាន​នោះ​ទេ។​ នៅ​ជំនាន់​នោះ​ ​អ្នកដែល​ចាក​​ចេញ​ពី​ភូមិ​ត្រូវ​​បាន​​ចាត់​ទុកថា​ជា​បណ្ដាញ​របស់​ខ្មែរ​ក្រហម​ទាំង​អស់​។​ ដោយសារ​តែ​​មិន​អាច​ទៅ​ជួប​ឪពុក​ម្ដាយ​បាន​ ខ្ញុំ​ក៏​សរសេរ​សំបុត្រ​ផ្ញើ​ទៅ ​ដោយ​នៅ​ក្នុង​សេចក្ដី​សំបុត្រ​នោះ​សរសេរ​ថា៖​ “​កូន​សុខ​សប្បាយ​ទេ​។​ ពុក​ម៉ែ ​កុំ​បារម្ភពី​កូន​អី។”​ ខ្ញុំ​មិន​បាន​ប្រាប់​អំពី​ហេតុ​ការណ៍​ដែល​​ខ្ញុំ​ត្រូវ​របួស​ដាច់​ដៃនោះ​​ទេ​។ ខ្ញុំ​មិន​ចង់​ឲ្យ​ឪពុកម្តាយ​​​ព្រួយ​បារម្ភ​ និង​ខ្វាយ​ខ្វល់​ពី​ខ្ញុំ​ច្រើន។ ខ្ញុំ​ខ្លាច​ឪពុក​ម្ដាយ​ពិបាក​ចិត្ត​។

រហូត​ដល់​ឆ្នាំ​១៩៨៧​ ខ្ញុំ​​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​អន្លង់​វែង​ ក្នុង​វ័យ​២០​ឆ្នាំ​។​ បន្ទាប់​ពី​ធ្វើដំណើរ​ទៅ​ដល់​អន្លង់​វែង ​កម្លាំង​ខ្ញុំ​បាន​នាំ​គ្នា​បន្ត​ឡើង​ទៅ​ដល់​លើ​ភ្នំ​ដង​រែក​ដើម្បី​រក​កន្លែង​ស្នាក់​នៅ​។​ ខ្ញុំរស់​នៅ​លើ​ភ្នំ​ដង​រែក។ ​រយៈ​ពេល​មួយ​ឆ្នាំ​ក្រោយមក​ ខ្ញុំ​ក៏​បាន​រៀប​ការជាមួយ​ប្ដី​ខ្ញុំ​ ដែល​ជា​កង​ទ័ពខ្មែរក្រហម​ដែរ​។ ក្រោយ​ពី​រៀប​ការរួច​ ខ្ញុំ​និង​ប្ដី​បាន​រស់​នៅ​ជា​មួយ​គ្នា ហើយ​​លែង​ទៅ​ធ្វើ​ការ​អ្វី​ទៀត​ហើយ​។​

រហូត​ដល់​ឆ្នាំ​១៩៨៩​ ខ្ញុំ​មាន​កូន​ស្រី​ម្នាក់។​​ ស្របពេលជាមួយគ្នា​នេះ​ដែរ តាម៉ុក​​​បាន​ប្រកាស​ឲ្យ​ប្រជាជន​ដែល​រស់​នៅ​តាម​ព្រំ​ដែន​ថៃ ​ចុះ​មក​រស់​នៅ​តំបន់​អន្លង់​វែង​វិញ​។​ ខ្ញុំ​​រួម​ទាំង​ប្រជាជន​ទាំង​អស់​ មាន​ការ​សប្បាយ​ចិត្ត​ជា​ខ្លាំង ​ដែល​បាន​ត្រលប់​មក​រស់​នៅ​លើ​ទឹក​ដី​របស់​ខ្មែរ​វិញ​។​ ចាប់​តាំង​ពី​ពេល​នោះ​មក​​ ខ្ញុំ​បាន​តាំង​ទី​លំនៅ​ក្នុងភូមិ​យាង​ជើង​ រហូត​មក​ដល់​បច្ចុប្បន្ន​៕​”

អត្ថបទដោយ លី សុខឃាង


[1] មេក វិន សម្ភាសន៍ជាមួយ មល់ វី នៅ​ក្នុងភូមិយាងជើង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្តឧត្តរមានជ័យ នៅឆ្នាំ​២០២៥។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin