ការជម្លៀសចាកឆ្ងាយពីស្រុកកំណើត (១៩៧៥-១៩៧៩)

ប្រជាជននៅតាមទីក្រុង និងទីប្រជុំជនភាគច្រើនជឿជាក់ថា ខ្លួននឹងរស់នៅប្រកបដោយសុខសន្ដិភាព ក្រោមការគ្រប់គ្រងរបស់មេដឹកនាំថ្មីរបស់ខ្លួន ហើយប្រជាជនគ្រប់រូបនឹងពួតដៃគ្នាធ្វើការដើម្បីបង្រួបបង្រួមជាតិ។ ផ្ទុយទៅវិញពីរឬបីម៉ោងបន្ទាប់ពីកាន់កាប់បានទីក្រុងភ្នំពេញ កងទ័ពខ្មែរក្រហមបានចាប់ផ្ដើមបាញ់រះទៅលើអាកាសជាសញ្ញាបង្ខំឲ្យប្រជាជនចាកចេញពីស្រុកកំណើត។ ប្រជាជនត្រូវបានជូនដំណឹង ជាទូទៅតាមរយៈស្នូរកាំភ្លើង ថាខ្លួនត្រូវតែចាកចេញពីផ្ទះសម្បែងរបស់ខ្លួនភ្លាមៗ[1]។ ខាងក្រោមនេះជាសាច់រឿង៖

ឈ្មោះ មុំ ឆក[2] អាយុ៨២ឆ្នាំ ភេទស្រី ទីកន្លែងកំណើតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្នរស់នៅភូមិក្រវៀនធំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឆក មានបងប្អូន ១០នាក់ (ស្រី២នាក់ និងប្រុស៨នាក់) តែស្លាប់អស់២នាក់ ប្រុសម្នាក់ និងស្រីម្នាក់ នៅសល់៨នាក់ ឆក ជាកូនទី២។ ឆក មានកូនចំនួន១០នាក់ ស្លាប់អស់២នាក់។ សព្វថ្ងៃនៅសល់កូនតែ៨នាក់ទេ។ ឪពុកឈ្មោះ មុំ កែវ ស្លាប់នៅស្រុកសំបុកសបូរ ខេត្តក្រចេះ កាលពីជំនាន់ ប៉ុល ពត។ ចំណែកម្ដាយឈ្មោះ ឡុង ទុំ ស្លាប់ពេលរំដោះមកវិញ។ រីឯបងប្រុស ស្លាប់ដោយសារដាច់បាយនៅក្នុងរបបខ្មែរក្រហម។ ស្វាមីឈ្មោះ អួច តិច គាត់មានអាយុ ៩២ឆ្នាំ។ កាលពីកុមារភាព ឆក មិនបានរៀនសូត្រទេ ពីព្រោះគ្មានសាលារៀនដូចសម័យឥឡូវ។ ប្រសិនបើចង់រៀនមានតែរៀននៅតាមវត្តអារាមជាមួយព្រះសង្ឈ។

នៅឆ្នាំ១៩៧០ ក្នុងរបប លន់ នល់ ដែលមានការគាំទ្រពីទាហានអាមេរិកាំង បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ចេញពីព្រះប្រមុខរដ្ឋ ហើយក៏មានសង្រ្គាមកើតឡើង។ ពេលនោះ ឆក និងគ្រួសារបានរត់ចេញពីភូមិក្រវៀនធំទៅនៅភូមិត្រមូង ស្រុកមេមត់អស់រយៈពេលជាង៣ឆ្នាំ។ ពេល ឆក រត់ចេញពីភូមិក្រវៀនធំ ទៅភូមិត្រមូងក៏មានយន្ដហោះអាមេរិកាំងទម្លាក់គ្រាប់បែកចំប្រជាជនបណ្ដាលឲ្យស្លាប់ចំនួនពីរនាក់។ អ្នកដែលយន្ដហោះទម្លាក់គ្រាប់បែកត្រូវនោះ ដោយសារតែរត់ចូលក្នុងរណ្ដៅត្រង់សេមិនទាន់ ទើបត្រូវគ្រាប់ធ្លាក់ចំហើយក៏ស្លាប់។ នៅថ្ងៃមួយមានទ័ពយៀកកុងបានចូលមកក្នុងភូមិត្រមូង ពេលនោះទាហានអាមេរិកាំងបានឃើញ ហើយក៏បានទម្លាក់គ្រាប់ជាបន្ដបន្ទាប់ទៅលើទ័ពយៀកកុង។ ទ័ពយៀកកុងក៏បាននាំគ្នារត់ចូលក្នុងព្រៃលាក់ខ្លួនតាមបណ្ដោយព្រំដែន។ នៅជំនាន់អាមេរិក ប្រជាជននៅក្នុងភូមិមិនបានធ្វើការងាររួមគ្នាទេ(ធ្វើការងាររៀងៗខ្លួន)។ ប៉ុន្ដែនៅជំនាន់អាមេរិកាំងប្រជាជននៅក្នុងភូមិទាំងអស់នៅតែប្រកបរបរធ្វើស្រែចម្ការដូចដើម។ បើនិយាយពីស្រូវអង្ករវិញគ្មានការខ្វះខាតអ្វីទេ។ ឆក បានត្រៀមស្រូវអង្ករទុកសម្រាប់ពេលមានអាសន្នកើតឡើង។ ប៉ុន្ដែចៃដន្យស្រូវអង្ករដែលត្រៀមទុកទាំងអស់នោះ ក៏ត្រូវបានភ្លើងឆេះខ្ទេចគ្មាននៅសល់ទេ។ ឆក មិនដឹងថាខាងអាមេរិកាំងទម្លាក់គ្រាប់ចំ ឬក៏ទ័ពយៀកកុងលួចដុត។

ក្រោយមក ឆក និងគ្រួសារ ចេញពីភូមិត្រមូងត្រឡប់ទៅកាន់ភូមិក្រវៀនធំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តកំពង់ចាមវិញ។ ក្នុងអំឡុងពេលនោះ ឆក បានឮអ្នកភូមិថាមានយន្ដហោះមួយគ្រឿងបានធ្លាក់ឆេះនៅខាងជើងភូមិក្រវៀនធំ តែ ឆក មិនដឹងថាយន្ដហោះអាមេរិកាំង ឬរបស់ទ័ពយៀកកុងទេ។ មិនបានយូរប៉ុន្មានរបប លន់ នល់ ក៏បានដួលរ​លំ ហើយក៏មានរបបមួយទៀតកើតឡើងប្រជាជនតែងតែហៅថា របបខ្មែរក្រហម។ ឆក នៅភូមិក្រវៀនធំ បានរយៈពេលជាង២ឆ្នាំក៏មានទ័ពខ្មែរក្រហមចូលមកក្នុងភូមិក្រវៀនធំ។

បន្ទាប់មកចូលដល់ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមក៏បានជម្លៀស ឆក និងគ្រួសារចេញពីភូមិក្រវៀនធំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តកំពង់ចាម ឲ្យទៅនៅភូមិខ្ជាយ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តកំពង់ចាម។ ឆក រស់នៅភូមិខ្ជាយបាន១ខែក៏ជម្លៀសចេញពីភូមិខ្ជាយទៅភូមិតាម៉ៅ ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តកំពង់ចាម។ ពេល ឆក ជម្លៀសទៅហត់ហើយគ្មានបាយហូបទេ កងទ័ពខ្មែរក្រហមបាននិយាយថា”ខំធ្វើដំណើរទៅមុខទៀត”។ ឆក ចេះតែរត់ទៅរហូតកងទ័ពខ្មែរក្រហម បាននិយាយថាទៅដល់មុខមានបាយហូបគ្រប់គ្រាន់ហើយ ឆក ធ្វើដំណើរទៅរហូតដាច់ពីភូមិមួយទៅភូមិមួយ ដាច់ពីស្រុកមួយទៅស្រុកមួយទៀត ទើបខ្មែរក្រហម បើកបបរឲ្យមួយវែក។ ឆក ត្រូវកងទ័ពខ្មែរក្រហមជម្លៀសទៅដល់ភូមិជឹងនាយភ្នំប្រាំពាន់ ស្រុកសំបូរ ខេត្តក្រចេះ។ បងប្រុស ឆក ម្នាក់បានស្លាប់នៅទីនោះ ដោយសារដាច់បាយ។ នៅទីនោះ កងទ័ពខ្មែរក្រហមបានឲ្យប្រជាជនធ្វើស្រែ និងចម្ការដូចសត្វធាតុគ្មានបានឈប់សម្រាកទេ។ ពេលព្រលឹមស្រាងៗម៉ោង៤ព្រឹកត្រូវងើបឲ្យទាន់ ហើយកងទ័ពខ្មែរក្រហមបានឲ្យប្រជាជនទាំងអស់គ្នាមកប្រជុំជួរ ពេលមកជួបជុំគ្នាអស់ហើយបានចេញទៅធ្វើការងាររៀងៗខ្លួន។

ប្រសិនបើយើងងើបមិនទាន់ យើងច្បាស់ជាត្រូវកងទ័ពខ្មែរក្រហមផ្ដាច់របបអាហារ។ បើអាហារហូបចុកវិញមិនគ្រប់គ្រាន់ទេ ហូបតែបបរក្នុងម្នាក់ទទួលបានបបរតែមួយវែកប៉ុណ្ណោះ។ ពេលឃ្លានខ្លាំងក៏នាំគ្នាទៅរកលួចជីកដំឡូងទឹក ឬចាប់ត្រីយកមកហូប បានដំឡូង ត្រីមក ហើយយើងត្រូវលួចលាក់ពីភ្នែកកងទ័ពខ្មែរក្រហមកុំឲ្យឃើញ បើពុំនោះទេច្បាស់ជាត្រូវកងទ័ពខ្មែរក្រហមចាប់ធ្វើបាប អប់រំ។ កងទ័ពខ្មែរក្រហមបានដាក់កំណត់ឲ្យ ឆក បិទប្រព័ន្ធភ្លឺស្រែក្នុងមួយថ្ងៃធ្វើយ៉ាងណាឲ្យបាន១០ម៉ែត្រ។ ឆក នៅភូមិជឹង ស្រុកសំបូរ បាន២ខែក៏ត្រូវកងទ័ពខ្មែរក្រហមជម្លៀសចេញពីភូមិជឹងឲ្យធ្វើដំណើរតាមអូរតាណឹងឡើងកាណូតដែលមានបីជាន់។ នៅក្នុងកាណូតនោះមានមនុស្សជិះច្រើនណាស់។ ចំណែកប្ដី ឆក កងទ័ពខ្មែរក្រហមឲ្យធ្វើការងារខាងសាងសងផ្ទះបែកចេញពី ឆក ហើយ ឆក នៅធ្វើការងារខាងសហករណ៍មានថ្ងៃមួយប្ដី ឆក ឈឺហើមមួយកំណាត់ខ្លួន កងទ័ពខ្មែរក្រហមបានយកថ្នាំឲ្យលេប ហើយថ្នាំនោះដូចអាចម៍ទន្សាយ ប្ដី ឆក មិនបានយកមកលេបទេ ប្ដី ឆក យកទៅលាក់ទុក។

បន្ទាប់មកម្ដាយរបស់ ឆក ត្រូវខ្មែរក្រហមជម្លៀសទៅខាងភូមិសំបុក ស្រុកសំបូរ តែនៅតំបន់ផ្សេងមិនឲ្យនៅជួបជុំកូនចៅ សូម្បីតែប្ដីរបស់ ឆក។ ម្ដាយ ឆក នៅទីនោះបានប្រហែលជា២ខែក៏ត្រូវខ្មែរក្រហមជម្លៀសទៅខាងស្វាយជ្រះវិញ។ ចំណែកឯឪពុក ឆក បានស្លាប់នៅស្រុកសំបូរ ពេលនោះកងទ័ពខ្មែរក្រហមបានឲ្យគាត់ទៅធ្វើធ្នួសដាក់ត្រី(ធ្នួសដាក់ដាយចាប់ត្រី)ទៅក៏ស្លាប់នៅទីកន្លែងនោះ ឆក មិនដឹងថាឪពុកស្លាប់ដោយសារអ្វីទេ។ រហូតដល់សព្វថ្ងៃនេះ ឆក តែមិនដឹងថាឆ្អឹងរបស់គាត់នៅកន្លែងណាផង។ រីឯកូនរបស់ ឆក បីនាក់ទៀតបានចូលធ្វើការខាង យោធាពីរនាក់ ហើយម្នាក់ទៀតធ្វើការខាងកងកុមារ។ ទាំងប្ដី និងកូនៗរបស់ ឆក មិនបាននៅជាមួយគ្នាទេ បែកគ្នាគ្មានសល់។

បន្ទាប់មក ឆក ត្រូវកងទ័ពខ្មែរក្រហមជម្លៀសចេញពីស្រុកសំបូរ ខេត្តក្រចេះ ឡើងតាមថ្មគ្រែដោយជិះកាណូតចេញទៅខាងស្ទឹងត្រង់ រហូតមកដល់ខេត្តកំពង់ចាមវិញ។ ពេល ឆក ទៅដល់ខេត្តកំពង់ចាម ឆក នៅក្នុងស្រុកចំការលើសង្កាត់ស្វាយទាប។  ឆក បានធ្វើដំណើររហូតទៅដល់កន្លែងមួយដែលមានឈ្មោះថា ភូមិត្រើង នៅខាងស្រុកចំកាលើ ខេត្តកំពង់ចាម ហើយក៏បានជួបជាមួយកងទ័ពយៀកកុង។

ក្រោយពីបានជួបកងទ័ពយៀកកុងរួចមក ឆក ក៏បានជួបជាមួយប្ដី និងកូនវិញ នៅស្រុកចំកាលើខ្មែរក្រហមបានឲ្យ ឆក ច្រូតកាត់ស្រូវបានជា២ខែ ក៏ទទួលដំណឹងថាកងទ័ពខ្មែរក្រហមបានដួលរលំ។ ប្រជាជាននៅក្នុងស្រុកចំកាលើបានប្រាប់ ឆក ថាបើត្រឡប់ទៅស្រុកកំណើតវិញមានអ្នកហៅជិះឡានសូមបងកុំជិះឲ្យសោះប្រយ័ត្នមិនបានទៅដល់ស្រុកកំណើតវិញ។ ពេលនោះក៏មានយន្ដហោះមួយគ្រឿងបានហោះមកប្រកាសឲ្យប្រជាជនដែលមកពីបណ្ដាស្រុកផ្សេងៗ សូមត្រឡប់ទៅស្រុកកំណើតវិញចុះ។ ពេលបានឮបែបនេះ ឆក ក៏ប្រញាប់មកភ្លាម ព្រោះបើនៅយូរច្បាស់ជាត្រូវកងទ័ពខ្មែរក្រហមវាយចោល ហើយរណ្ដៅកងទ័ពខ្មែរក្រហមបានកាប់ទុករួចជាស្រេចសម្រាប់វាយមនុស្សទម្លាក់ចូលទៅក្នុងរណ្ដៅនោះ។ ពេលធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញ ឆក ប្រទះឃើញមានសាកសពមនុស្សស្លាប់ច្រើនណាស់។ ជាពិសេសនៅមាត់ឃ្មង់ និងបុសតាកុក ជិតឃុំដារស្លាប់ឡើងហៀរ។ ឆក ធ្វើដំណើរប្រហែលជា១ខែ ទើបមកដល់ស្រុកកំណើតវិញ។

បន្ទាប់មក ឆក ក៏ចូលក្នុងភូមិក្រវៀនធំភ្លាម ហើយកូនៗ ឆក ក៏គ្មានជួបគ្រោះថ្នាក់អ្វីទេ។ ក្នុងភូមិគ្មានស្រូវអង្ករហូបទេ ឆក បានទៅដើររើសកស្រូវនៅខាងស្រុកមេមត់ ឃុំដារ ដេកនៅតាមផ្លូវប្រហែលមួយយប់ពីរបានត្រឡប់មកផ្ទះវិញ៕

អត្ថបទដោយ៖ វន បុប្ផា

[1] ដកស្រង់ចេញពីសៀវភៅប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) បោះពុម្ពលើកទី២ ទំព័រ១៤,១៥ ។

[2] មជ្ឈមណ្ឌលឯកសារកម្ពុជានៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ សម្ភាសន៍ជាមួយឈ្មោះ មុំ ឆក ភេទស្រី អាយុ៨២ឆ្នាំ។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin