មុំ ណាំ៖ ខ្ញុំបានធ្វើឲ្យបុរសម្នាក់ស្លាប់ដោយសារតែការចាក់ថ្នាំរបស់ខ្ញុំ

«…ខ្ញុំមកភ្នំពេញជាមួយនារីៗប្រហែល២០០នាក់។ មកដល់ភ្នំពេញភ្លាម អង្គការចាត់តាំងខ្ញុំឲ្យធ្វើពេទ្យនៅមន្ទីរពេទ្យមួយស្ថិតនៅភាគខាងជើងវត្តភ្នំ។ នៅទីនោះ ខ្ញុំបានធ្វើឲ្យបុរសម្នាក់ស្លាប់ដោយសារតែការចាក់ថ្នាំរបស់ខ្ញុំ។ គាត់មានជំងឺគ្រុញចាញ់។ ខ្ញុំមិនមានការតក់ស្លុតអ្វីបន្តិចទេ ទោះបីជាដឹងថាបុរសម្នាក់នោះបានស្លាប់ដោយសារតែការធ្វេសប្រហែសរបស់ខ្ញុំក៏ដោយ។ ខ្ញុំបានទម្លាក់កំហុសគ្រប់យ៉ាងទៅលើប្រធានរបស់ខ្ញុំឈ្មោះ ដារ៉ា ដែលគាត់បានបណ្តោយឲ្យខ្ញុំចាក់ថ្នាំឲ្យបុរសម្នាក់នោះ។» នេះជាសម្តីរបស់ មុំ ណាំ អាយុ៦៣ឆ្នាំ រស់នៅភូមិបេង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ក្នុងពេលផ្តល់បទសម្ភាស កាលពីខែមករា ឆ្នាំ២០២២។[1]
កើតក្នុងត្រកូលក្រីក្រមួយក្នុងភូមិបេង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ណាំ មិនដែលបានរៀនសូត្រឡើយ។ គាត់ស៊ីឈ្នួលដកសំណាប ស្ទូង និងច្រូតស្រូវឲ្យអ្នកភូមិជាមួយគ្នា ដើម្បីរកចំណូលខ្លះចិញ្ចឹមឪពុកម្តាយ។ ណាំ មានបងប្អូន៥នាក់។ បងប្រុសទាំង៤របស់ ណាំ បានស្ម័គ្រចិត្តចូលបម្រើក្នុងកងកម្លាំងបដិវត្តន៍ និងបានចាកចេញពីផ្ទះសម្បែងទៅរស់នៅជាមួយកងកម្លាំងនៅក្នុងព្រៃ។ ក្រោយថ្ងៃជ័យជំនះរបស់ខ្មែរក្រហមក្នុងខែមេសា ឆ្នាំ១៩៧៥ ណាំ ត្រូវប្រធានកងពលខ្មែរក្រហមម្នាក់ នាំយកទៅកាន់ខេត្តស្ទឹងត្រែងដើម្បីដាំដំណាំ និងដាំកប្បាស។ នៅទីនោះបានប្រហែលមួយឆ្នាំ ណាំ ត្រូវអង្គការផ្លាស់ប្តូរឲ្យមកកាន់ខេត្តកំពង់ចាមវិញ។ ប៉ុន្មានខែក្រោយមក គាត់ក៏ត្រូវបានចាត់តាំងឲ្យមកធ្វើជាកម្មករស្រែអំបិលនៅខេត្តកំពត ជាកន្លែងដែលគាត់ធ្វើការ និងស្នាក់នៅយូរជាងពេលមុនៗ និងជាកន្លែងចុងក្រោយដែលគាត់បានរត់ភៀសខ្លួនទៅកាន់ខេត្តកំពង់ស្ពី និងពោធិ៍សាត់ នៅចុងឆ្នាំ១៩៧៨។
ណាំ មានអនុស្សាវរីយ៍ជូរចត់ច្រើនក្នុងពេលដែលគាត់ធ្វើការនៅស្រែអំបិល រួមទាំងការធ្វើការហួសកម្លាំង ការស្នាក់នៅ ការបែកបាក់ក្រុមគ្រួសារ និងការបំបិទសិទ្ធិសេរីភាព។ ភ្លាមៗបន្ទាប់ការដួលរលំរបបខ្មែរក្រហម ណាំ និងកម្មករស្រែអំបិលដែលសុទ្ធតែស្រីៗឯទៀត បានរត់ភៀសខ្លួនតាមការនាំផ្លូវពីកម្មាភិបាលខ្មែរក្រហមដែលមានតួនាទីជា ប្រធាន «ឃ» ម្នាក់ កាត់តាមភ្នំច្រមុះជ្រូកនិងភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពី រហូតដល់ខេត្តពោធិ៍សាត់។ ណាំ បានចំណាយពេលជាងពីរខែក្នុងការត់ភៀសខ្លួន និងការវិលត្រឡប់មកកាន់ស្រុកកំណើតវិញនៅដើមឆ្នាំ១៩៧៩។ មកដល់ស្រុកកំណើត ណាំ ត្រូវឪពុកម្តាយឲ្យរៀបការជាមួយបងប្អូនជីដូនមួយរបស់គាត់ ហើយបានរួមរស់ជាមួយគ្នារហូតដល់សព្វថ្ងៃ។ ណាំ មិនមានកូនទេ។ គាត់រស់នៅជាមួយប្តីរបស់គាត់តែពីរនាក់ នៅក្នុងផ្ទះតូចល្មមមួយក្នុងភូមិបេង ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ប្តីរបស់ ណាំ បានធ្លាក់ខ្លួនឈឺ និងថ្លង់រហូតដល់សព្វថ្ងៃ។ ការរស់នៅរបស់ ណាំ និងប្តី គឺត្រូវពឹងពាក់លើកម្លាំងផ្ទាល់ខ្លួន និងអំណោយពីបងប្អូននិងអ្នកជិតខាង។
ខាងក្រោម ជាសម្តីរបស់ មុំ ណាំ៖
«ឪពុកម្តាយខ្ញុំស្លាប់អស់ហើយ គឺស្លាប់ជំនាន់នេះទេ។ ម្តាយស្លាប់ដោយសារខ្យល់គរ ហើយឪពុកស្លាប់ដោយចាស់ជរា។ ខ្ញុំគ្មានកូននឹងគេទេ។ ខ្ញុំមានបងប្អូន៥នាក់។ បងប្រុសច្បង និងបងប្រុសបន្ទាប់របស់ខ្ញុំ ស្លាប់ក្នុងពេលប្រយុទ្ធគ្នានៅសមរភូមិត្រពាំងព្រាមកាលពីជំនាន់ប៉ុលពត។ បងប្រុសម្នាក់ទៀត ស្លាប់ក្នុងជំនាន់នេះទេគឺកាលពី៩ឆ្នាំមុន។ ខ្ញុំមិនដែលបានរៀនសូត្រនឹងគេទេ។ នៅពីតូចខ្ញុំដើរស៊ីឈ្នួលដកកណ្តាប់ និងស្ទូងឲ្យគេ។ នៅអាយុ១២ឆ្នាំ ផ្ទះរបស់ខ្ញុំត្រូវបំផ្លាញដោយការទម្លាក់គ្រាប់បែក។ យើងក្រណាស់! យើងស្នាក់នៅក្នុងកូនខ្ទមមួយប៉ុនរោងបាយខ្ញុំសព្វថ្ងៃនេះ។ នៅអាយុ១៥ឆ្នាំ គេមកយកខ្ញុំចេញពីផ្ទះទៅ។ ពេលនោះគឺបន្ទាប់ពីខែមេសា ១៩៧៥ ខ្ញុំត្រូវមេៗដែលជាកម្មាភិបាលពេទ្យ និងប្រធានកងពល មកស្នើសុំខ្ញុំយកទៅធ្វើការនៅស្ទឹងត្រែង។ ខ្ញុំដាំពោត សណ្តែក ធ្វើជី និងដាំកប្បាស។ ខ្ញុំបានហូបឆ្អែតៗរាល់ថ្ងៃ។ ខ្ញុំត្រូវកម្មាភិបាលធំៗឲ្យធ្វើប្រវត្តិរូប។ ខ្ញុំធ្វើប្រវត្តិរូបលើកទីមួយហើយសម្រាប់ជីវិតខ្ញុំ។ គេសួរខ្ញុំថាមានបងប្អូនប៉ុន្មាននាក់ និងធ្វើអ្វីខ្លះ? ខ្ញុំប្រាប់ថា បងប្អូនខ្ញុំប្រាំនាក់ធ្វើការក្នុងរបបនោះ (ខ្មែរក្រហម) ទាំងអស់។ បងគេបង្អស់ ធ្វើជាមេបញ្ជាការកងទ័ពខ្មែរក្រហម។ បងបន្ទាប់ ធ្វើជាប្រធាន «ឃ» ហើយបងទី៣ ធ្វើជាអនុប្រធាន «ឃ»។ ខ្ញុំនៅស្ទឹងត្រែងអស់រយៈពេលជាងមួយឆ្នាំ ទើបត្រូវអង្គការផ្លាស់ប្តូរឲ្យមកធ្វើការនៅកំពង់ចាម មុនពេលដែលខ្ញុំអង្គការផ្លាស់ប្តូរម្តងទៀត មកកាន់ភ្នំពេញ។
ខ្ញុំមកភ្នំពេញជាមួយនារីៗប្រហែល២០០នាក់។ មកដល់ភ្នំពេញភ្លាម អង្គការចាត់តាំងខ្ញុំឲ្យធ្វើពេទ្យនៅមន្ទីរពេទ្យមួយស្ថិតនៅភាគខាងជើងវត្តភ្នំ។ នៅទីនោះ ខ្ញុំបានធ្វើឲ្យបុរសម្នាក់ស្លាប់ដោយសារតែការចាក់ថ្នាំរបស់ខ្ញុំ។ គាត់មានជំងឺគ្រុញចាញ់។ ខ្ញុំមិនមានការតក់ស្លុតអ្វីបន្តិចទេ ទោះបីជាដឹងថាបុរសម្នាក់នោះបានស្លាប់ដោយសារតែការធ្វេសប្រហែសរបស់ខ្ញុំក៏ដោយ។ ខ្ញុំបានទម្លាក់កំហុសគ្រប់យ៉ាងទៅលើប្រធានរបស់ខ្ញុំឈ្មោះ ដារ៉ា ដែលគាត់បានបណ្តោយឲ្យខ្ញុំចាក់ថ្នាំឲ្យបុរសម្នាក់នោះ។ ខ្ញុំនៅធ្វើការនៅក្នុងមន្ទីរពេទ្យនៅភ្នំពេញបានតែមួយខែទេ ក៏ត្រូវអង្គការបញ្ជូនខ្ញុំឲ្យមកធ្វើជាកម្មករស្រែអំបិលនៅខេត្តកំពតបន្តទៀត។ ខ្ញុំគិតថា ប្រហែលជាខ្ញុំបានប្រព្រឹត្តកំហុសហើយ បានជាអង្គការបញ្ជូនខ្ញុំមកឆ្ងាយយ៉ាងដូច្នេះ។ ខ្ញុំ និងយុវនារីជាច្រើននាក់ទៀត បានជឹះរថភ្លើងចេញពីភ្នំពេញ ឆ្ពោះមកកាន់ខេត្តកំពត។ ទៅដល់ស្រែអំបិលខេត្តកំពត ខ្ញុំត្រូវគេ (អង្គការ) ឲ្យធ្វើប្រវត្តិរូបម្តងទៀត។ គេសួរសំណួរខ្ញុំដដែលដូចកាលពីនៅស្ទឹងត្រែងអ៊ីចឹង ហើយខ្ញុំនៅតែឆ្លើយប្រាប់អង្គការដូចដែលខ្ញុំបានប្រាប់កាលពីខ្ញុំនៅធ្វើការឯខេត្តស្ទឹងត្រែងដែរ។ កម្មករស្រែអំបិលទាំងអស់មានអាយុមិនដូចគ្នាទេ។ អ្នកខ្លះចាស់ជាងខ្ញុំ ខ្លះក្មេងជាងខ្ញុំ។ នៅទីនោះ យើងបានហូបចុកគ្រប់គ្រាន់ តែយើងពិបាករឿងធ្វើការហួសកម្លាំង។ ជារៀងរាល់ល្ងាច តែងតែមានការប្រជុំកើតឡើងដើម្បីទិតៀនគ្នាពីរឿងធ្វើការងារ។ ខ្ញុំត្រូវគេស្តីបន្ទោសរាល់ថ្ងៃ ព្រោះខ្ញុំតូចជាងគេ ហើយខ្ជិលថែមទៀត។ ក្រៅពីខ្ញុំ ក៏មានអ្នកផ្សេងទៀតដែរដែលត្រូវស្តីបន្ទោស។ ដោយសារតែការស្តីបន្ទោសនេះ នារីម្នាក់បានចងករសម្លាប់ខ្លួននៅក្នុងឃ្លាំងអំបិល។ ម្នាក់នោះមានស្រុកកំណើតនៅ(ខេត្ត)កំពង់ស្ពឺ។ ជារៀងរាល់ថ្ងៃ ខ្ញុំសង្កេតឃើញមានឡានធំៗចំនួនពីរគ្រឿង តែងតែចូលមកដឹកអំបិលចេញទៅ ប៉ុន្តែខ្ញុំមិនដឹងថាឡាននោះដឹកអំបិលចេញទៅណាឡើយ។ កម្មករស្រែអំបិលទាំងអស់ សុទ្ធតែនារី។ នៅពេលបានឃើញអ្នកបើកឡានចូលមកដឹកអំបិលជាបុរស ពួកយើងនាំគ្នាឈរមើលគ្រប់គ្នា។ ខ្ញុំស្នាក់នៅជាមួយកម្មករម្នាក់ទៀតក្នុងបន្ទប់មួយ។ យើងគ្មានមុងភួយដណ្តប់ទេ។ ស្ទើរតែរាល់យប់ យើងតែងតែងើបពីម៉ោង១យប់ទៅចាប់ត្រីដើម្បីទុកធ្វើម្ហូបប្រចាំថ្ងៃ ហើយត្រឡប់មកដេកវិញនៅម៉ោងប្រហែលជិតបីទៀបភ្លឺ។ នៅម៉ោង៦ព្រឹក យើងងើបឡើងតាមសម្លេងជួង ទៅធ្វើការនៅក្នុងស្រែអំបិល រហូតដល់ម៉ោង១១កន្លះ ទើបសម្រាកហូបបាយ។ ម៉ោង១២ថ្ងៃត្រង់ យើងចាប់ផ្តើមការងារទៀតរហូតដល់៤រសៀលទើបឈប់សម្រាកអាហារពេលល្ងាច។ បន្ទាប់ពីបាយល្ងាចរួច យើងបានសម្រាកតែប្រមាណ២ម៉ោងប៉ុណ្ណោះ ក៏ត្រូវចេញទៅធ្វើការនៅពេលយប់ទៀត តាមសម្លេងជួងដែលបានបន្លឺឡើង។ នៅវេលាម៉ោង៨យប់ ទើបយើងទាំងអស់គ្នាបានឈប់សម្រាក។ តាំងពីខ្ញុំចូលធ្វើការនៅស្រែអំបិលមក ខ្ញុំមិនដែលឃើញនរណាមកទស្សនកិច្ចនៅក្នុងស្រែអំបិលឡើយ ហើយក៏មិនដែលឃើញមានការចាប់ខ្លួននារីស្រែអំបិលណាម្នាក់យកទៅកសាង ឬសម្លាប់ដែរ។ ខ្ញុំធ្វើការនៅស្រែអំបិល បានតែរយៈពេលជិតមួយឆ្នាំប៉ុណ្ណោះ ក៏ត្រូវរត់ភៀសខ្លួនទៅកាន់ខេត្តកំពង់ស្ពី និងខេត្តពោធិ៍សាត់ តាមការនាំផ្លូវរបស់កម្មាភិបាលខ្មែរក្រហមម្នាក់ដែលជាប្រធាន «ឃ»។ ដំបូងឡើង ខ្ញុំភៀសខ្លួនទៅកាន់ភ្នំច្រមុះជ្រូក រួចបន្តទៅភ្នំឱរ៉ាល់។ ការធ្វើដំណើររបស់ខ្ញុំ គឺចំណាយពេលអស់រយៈពេល១៥ថ្ងៃ។ ពូប្រធាន «ឃ» ម្នាក់មិនស្គាល់ឈ្មោះ បាននាំផ្លូវពួកយើងឡើងភ្នំ និងចុះភ្នំមកកាន់ស្រុកកំណើត។ គាត់មានត្រីវិស័យមួយដែលអាចមើលទិសដៅដឹង ហើយនាំពួកយើងមកផ្ទះ។ មកដល់ស្រុកកំណើត ខ្ញុំបានជួបជុំគ្រួសារ និងបានរៀបការជាមួយប្តីរបស់ខ្ញុំដែលត្រូវជាបងប្អូនសាច់ខាងម្តាយខ្ញុំ។ ពួកយើងបានរស់នៅជាមួយគ្នារហូតដល់សព្វថ្ងៃនេះ តែយើងគ្មានកូននឹងគេទេ។ សព្វថ្ងៃ យើងរស់នៅតាមកម្លាំងរបស់យើង និងមានបងប្អូននិងអ្នកជិតខាងជួយខ្លះៗ»។
ដោយ ផេង ពង្សរ៉ាស៊ី
[1] ម៉ុំ ណាំ (នារីពេទ្យ និង កម្មករស្រែអំបិលក្នុងរបបខ្មែរក្រហម), បទសម្ភាសដោយ ផេង ពង្សរ៉ាស៊ី, ២៤ មករា ២០២៤។ ណាំ បានរៀបរាប់ពីជីវិតកំសត់របស់គាត់តាំងពីរបបខ្មែរក្រហម រហូតមកដល់សព្វថ្ងៃ។ រស់ក្នុងជីវភាពក្រីក្រ គ្មានបងប្អូន ណាំ នៅតែមិនទទួលខុសថាគាត់បានធ្វើឲ្យមនុស្សម្នាក់ស្លាប់ក្នុងដៃរបស់គាត់ឡើយ។ គាត់បាននិយាយយ៉ាងស្ងៀមស្ងាត់ថា កំហុសនេះ គឺមកពីប្រធានរបស់គាត់។