ឯកសារចម្លើយសារភាព ឈ្មោះ មុំ សាវឿន ហៅ មុំ មុនី កងពល២៩០

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ខ្ញុំឈ្មោះ មុំ សាវឿន ហៅ មុំ មុនី[1] ភេទប្រុស អាយុ២៧ឆ្នាំ នៅលីវ។ ខ្ញុំកើតនៅភូមិបារាយណ៍ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ តំបន់២២ ខេត្តកំពង់ចាម។ នៅឆ្នាំ១៩៦៨ ខ្ញុំបានចូល សេអ៊ីអា ដំបូង តាមរយៈ ឈ្មោះ លឹម។ លឹម បានអប់រំខ្ញុំឲ្យប្រឆាំងនឹងខ្មែរក្រហម។ ក្រោយមកនៅឆ្នាំ១៩៧១ ខ្ញុំបានចូលបម្រើនៅជួរកងទ័ព ហើយបានធ្វើសកម្មភាពក្បត់នឹងអង្គការរហូតត្រូវបានអង្គការចាប់ខ្លួន យកមកមន្ទីរស-២១ ខែកុម្ភៈ ឆ្នាំ១៩៧៧។

សង្ខេបសកម្មភាពក្បត់ពីឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧៧

នៅឆ្នាំ១៩៧១ ខ្ញុំបានចូលទ័ពស្រុកដំបូង តាមរយៈឈ្មោះ ថារី។ ពេលនោះ អង្គការបានដាក់ផែនការឲ្យខ្ញុំទៅវាយនៅសមរភូមិស្ពានលេខ១។ បង ថារី បានណែនាំខ្ញុំ ឲ្យយកកាំភ្លើងអង្គការ យកទៅដុតនៅក្នុងព្រៃអស់ចំនួន៤ដើម។

នៅឆ្នាំ១៩៧២ ខ្ញុំបានផ្លាស់មកនៅជាមួយ បងសុគុណ។ បងសុគុណ បានហៅខ្ញុំប្រជុំដាក់ផែនការជាមួយឈ្មោះ សេង, សុផល, សាវឿន ប្រឆាំងជាមួយសកម្មភាពអង្គការ។ បើអង្គការឲ្យទៅវាយនៅសមរភូមិឈើកាច់ កុំទៅវាយ គឺត្រូវបំផ្លាញសម្ភាររបស់អង្គការវិញ។ ពេលនោះខ្ញុំបានដុតបំផ្លាញកាំភ្លើងរបស់អង្គការ ឆេះអស់ចំនួន៣ដើម។

នៅឆ្នាំ១៩៧៣ អង្គការបានចាត់ឲ្យខ្ញុំទៅវាយនៅសមរភូមិពាមបាណាមវិញ។ នៅពេលវាយបែកភូមិបាណាម ខ្ញុំបានដុតម៉ាស៊ីនកាណូតអស់ចំនួន២គ្រឿង និងបានបាញ់សម្លាប់ប្រជាជនអស់ចំនួន២នាក់។ បន្ទាប់មក បងសុគុណ បានណែនាំខ្ញុំឲ្យទៅដុតផ្ទះប្រជាជននៅភូមិចាក់ខ្លាញ់បន្តទៀត។ ខ្ញុំ, សឿន និង សេង បានដុតផ្ទះប្រជាជនឆេះអស់ចំនួន៨ខ្នង។ បន្ទាប់មក​ អង្គការបានចាត់តាំងឲ្យខ្ញុំទៅវាយនៅ ភូមិភាគនិរតី ហើយខ្ញុំក៏បានរត់ចោលសមរភូមិតែម្តង។

នៅឆ្នាំ១៩៧៤ ខ្ញុំត្រូវបានអង្គការ ចាត់តាំងឲ្យចូលទៅសមរភូមិជាច្រើនកន្លែង ដូចជា សមរភូមិព្រែកដាច់, សមរភូមិសំរោងក្អែ ជាប់ថ្នល់ជាតិ, សមរភូមិព្រៃកណ្តៀង និង សមរភូមិពីថ្នល់ជាតិលេខ១៥ ទៅព្រៃវែងជាដើម។ បងសុគុណ បានណែនាំថា បើអង្គការចាត់តាំងឲ្យ ទៅវាយនៅកន្លែងណា យើងកុំទៅ។ ដូច្នេះខ្ញុំមិនបានទៅវាយនៅសមរភូមិទេ។ ខ្ញុំបានមកសម្រាកនៅក្នុងព្រៃ ព្រមទាំងណែនាំឲ្យទាហានផ្សេងទៀត រត់ចោលសមរភូមិទៀតផង។ នៅឆ្នាំ១៩៧៤ដដែល បងសុគុណ បានស្លាប់នៅក្នុងសមរភូមិព្រៃវែង នៅសល់តែ ខ្ញុំ, សាវឿន, សារិន, សិទ្ធ, រឿង និង សេង ប៉ុណ្ណោះ ប៉ុន្តែយើងនៅតែបន្តសម្មភាពក្បត់តទៅទៀត។

នៅឆ្នាំ១៩៧៥ អង្គការបានចាត់តាំងឲ្យខ្ញុំទៅវាយនៅសមរភូមិជ្រោយជ្រែ ជាប់ដងទន្លេមេគង្គ។ ខ្ញុំនិង សេង បាននិយាយគ្នា បើអង្គការចាត់តាំងឲ្យចុះវាយសមរភូមិណា យើងត្រូវបំផ្លាញនិងកម្ទេចសម្ភាររបស់អង្គការនៅសមរភូមិនោះ។ ពេលនោះ ខ្ញុំ, សាវឿន, សេង និង សិទ្ធ បានដុតកាំភ្លើងបេ៤១ អស់ចំនួន១២គ្រាប់, គ្រាប់បែក បេ៥២អស់ចំនួន៥ឡាំង និង មីនបញ្ជាចំនួន៣គ្រាប់ បោះចូលទៅក្នុងព្រែកពាមស្តី។ បន្ទាប់មកឈ្មោះ សារ៉េត បានទាក់ទងមកខ្ញុំ និងអប់រំខ្ញុំឲ្យចូលរួមសកម្មភាពបំផ្លាញអង្គការជាមួយគាត់។ សកម្មភាពដែលបានបំផ្លាញអង្គការនោះមានដូចជា យកគ្រាប់អាការ៣ធុង និង ខ្សែទូរសព្ទចំនួន៥ដុំ យកទៅដុតចោលនៅក្នុងព្រៃក្បែរមាត់ទន្លេ, លួចដុតផ្ទះថ្មរបស់ប្រជាជននៅអ្នកលឿងអស់ចំនួន៦ខ្នង និងដុតនៅពាមបាណមអស់ចំនួន៥ខ្នងទៀត។ ក្រោយមក ភ្នំពេញត្រូវបានរំដោះនៅខែមេសា ឆ្នាំ១៩៧៥។​[2]បន្ទាប់ពីភ្នំពេញត្រូវបានបោសសម្អាតរួច ទាហានទាំងអស់មិនមានការងារអ្វីធ្វើទៀតទេ។ អង្គការបានចាត់តាំងឲ្យទាហានទាំងអស់មកជួយកងចល័តធ្វើស្រែ ឬធ្វើការងារផ្សេងៗទៀត។

ចំណែកខ្ញុំវិញ ត្រូវបានអង្គការចាត់តាំងឲ្យមកធ្វើស្រែ និងលើកការដ្ឋាននៅអ្នកលឿង។ ពេលនោះ ខ្ញុំនិង ផាត់, យ៉េន, សាប៉ន, ធី, ថុល អត់ទៅលើកនៅការដ្ឋានទេ យើងគិតតែនាំគ្នាគប់គ្រាប់បែកចូលទៅក្នុងទឹកដើម្បីយកត្រី, គិតតែនាំគ្នាបាញ់សត្វនៅក្នុងព្រៃ, ណែនាំយុវជនកម្មាភិបាល ឲ្យប្រឆាំងសមូហភាពដើម្បីទាមទារឲ្យតម្លើងអង្ករឲ្យបានគ្រប់គ្រាន់ និងប្រឆាំងជាមួយផែនការរបស់បក្ស។ បើប្រជាជនណាឈឺ ក៏ដាក់អង្រឹង សែងយកទៅធ្វើការដែរ។

នៅខែសីហា ឆ្នាំ១៩៧៥ សារ៉េត បានហៅខ្ញុំ និងឈ្មោះ ផាត់ ទៅប្រជុំនៅក្រោយមន្ទីរកងវរសេតូច ទាំងយប់ នៅវេលាម៉ោង៧ រហូត ដល់ម៉ោង ៩ ជាមួយអ្នកមានតួនាទីធំចំនួន៩នាក់ទៀត។ បន្ទាប់មក សារ៉េត បានផ្សព្វផ្សាយពីផែនការដូចតទៅ៖ ទី១ ត្រូវធ្វើសកម្មភាពប្រឆាំងអង្គការ។ ទី២ ត្រូវធ្វើសកម្មភាពទាក់ទងពី អង្គភាពមួយទៅអង្គភាពមួយទៀត។ ទី៣ ធ្វើសកម្មភាពវាយលុកតាមមុខសញ្ញា។ មុខសញ្ញាទី១ មានបង ឈូក វាយចូលទីក្រុងព្រៃវែង វាយបកតាមថ្នល់ជាតិលេខ១៥ មកចាប់ដៃអង្គភាពកងពលលេខ២៩០ ហើយឆ្លងទន្លេទៅត្រើយម្ខាង វាយឡើងតាមថ្នល់ជាតិ ទៅចាប់ដៃអង្គភាពកងពលលេខ១៧០។[3]ទន្ទឹមនេះ ចក្រី ទទួលខុសត្រូវដឹកនាំបញ្ជាការកងពលលេខ១៧០ និង ២៩០ ដណ្តើមទីក្រុងភ្នំពេញ និងជុំវិញទីក្រុងភ្នំពេញ។ ឈ្មោះ ខេន វាយចូលភ្នំពេញតែម្តង។ មុខសញ្ញាទី២ មានបង សឿង វាយឡើងតាមថ្នល់ជាតិអូរាំងឪ ឆ្លងទៅត្រើយម្ខាង ឆ្ពោះទៅកំពង់ចាម វាយបកតាមមាត់ទន្លេ មេកុង ចូលមកទីក្រុងតែម្តង និងចាប់ដៃជាមួយ កងពល២៩០ និងកងពល១៧០ អង្គភាពតំបន់២៤ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៧៦។

នៅឆ្នាំ១៩៧៦ អង្គការក៏បានមកចាប់ខ្លួនកម្មាភិបាលក្បត់ មានឈ្មោះ យឹន, ខឿន, តុម៉ា, សម្ងាត់, ពេញ, ចាក់ក្រី, សារាត់ និង ឈូក។ ទោះបីជាយ៉ាងនេះ ក៏នៅមានឈ្មោះ វង់ នាទីអនុវរសេនាធំ២៩០ និង ឈ្មោះ សាវ៉ាន់ ប្រធានវរសេនាតូច បន្តធ្វើសកម្មភាពប្រឆាំងផែនការរបស់អង្គការ។ នៅខែកុម្ភៈ ឆ្នាំ១៩៧៧ ខណៈពេលដែលខ្ញុំកំពុងធ្វើការនៅវាលស្រែ អង្គការក៏បានមកចាប់ខ្លួនខ្ញុំតែម្តង៕

អត្ថបទដោយ៖ ថុន ស្រីពេជ្រ


[1] ឯកសារចម្លើយសារភាពលេខ D00461 មានចំនួន៨៩ទំព័រ

[2] ផេង ពង្សរ៉ាស៊ី, កិច្ចសម្ភាសជាមួយអ្នករស់រានមានជីវិត ឈ្មោះ ឆន ម៉ន, យោធាខ្មែរក្រហម ភូមិភាគបូព៌ា

[3] ដារ៉ារដ្ឋ មេត្តា. ទស្សនវដ្តីស្វែងរកការពិតលេខ ២២៦ ខែតុលា ឆ្នាំ២០១៨, ឯកសារចម្លើយសារភាព J០០០៤១

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin