ឪពុកម្ដាយ និងប្អូនចំនួន៦នាក់ត្រូវអង្គការចាប់ខ្លួន

មុំ ស្រីលាក់ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅខេត្តត្បូងឃ្មុំ (២០២៤)។ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

(ត្បូងឃ្មុំ)៖ រឿងរ៉ាវដែលធ្វើឲ្យ ស្រីលាក់ មិនអាចភ្លេចបានពីរបបខ្មែរក្រហមនោះគឺ អង្គការបានចាប់ខ្លួនឪពុកម្ដាយរបស់គាត់យកទៅ ព្រោះតែគាត់ទាំងពីរមានតួនាទីជាទាហាននៅក្នុងរបប លន់ នល់។ មុំ ស្រីលាក់ អាយុ៦៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្រែកជើង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

នៅឆ្នាំ១៩៧៥ គាត់ត្រូវបានអង្គការចាត់តាំងឲ្យធ្វើការងារនៅក្នុងកងចល័ត ដោយត្រូវទៅធ្វើការងារឆ្ងាយពីផ្ទះសំបែង ឆ្ងាយពីឪពុកម្ដាយ និងបងប្អូន។ នៅអំឡុងពេលនោះ ខ្មែរក្រហមព្យាយាមតាមដានស្រាវជ្រាវរកអ្នកធ្លាប់ធ្វើជាទាហាននៅក្នុងរបប លន់ នល់ ហើយក៏ដឹងថាឪពុកម្ដាយរបស់ ស្រីលាក់ គឺជាអតីតទាហាន លន់ នល់។ បន្ទាប់ពីខ្មែរក្រហមដឹងភ្លាម ក៏បានចាត់ឲ្យកងឈ្លបទៅចាប់ខ្លួនសមាជិកគ្រួសាររបស់ ស្រីលាក់ យកទៅទាំងអស់ ដែលក្នុងនោះមានឪពុកម្ដាយ និងប្អូនរបស់គាត់ចំនួនប្រាំមួយនាក់ទៀត។ ស្រីលាក់ មិនបានឃើញកងឈ្លបទៅចាប់សមាជិកគ្រួសាររបស់គាត់ផ្ទាល់នឹងភ្នែកឡើយ ព្រោះតែពេលនោះគាត់ចេញទៅធ្វើការងារនៅក្នុងកងចល័ត។ រហូតដល់ពេលត្រលប់មកភូមិវិញ ទើបគាត់បានដឹងព័ត៌មានទាំងអស់នេះ តាមរយៈប្រជាជនដែលរស់នៅសហករណ៍ជាមួយគាត់និយាយប្រាប់។

ស្រីលាក់ ត្រូវរស់នៅលាក់ប្រវត្តិរូប ព្រោះអង្គការតែងតែព្យាយាមស្រាវជ្រាវស្វែងរកសមាជិកគ្រួសារដែលធ្វើជាទាហាននៅក្នុងរបប លន់ នល់ ជានិច្ច។ ស្រីលាក់ តែងតែទទួលបានការអាណិត និងជួយពីប្រជាជនដែលរស់នៅជាមួយ ព្រោះតែអ្នកទាំងនោះមើលឃើញថាគាត់ជាមនុស្សស្រី ហើយសមាជិកគ្រួសារក៏ត្រូវចាប់ខ្លួនទាំងអស់។  នៅក្នុងរបបខ្មែរក្រហម ស្រីលាក់ ត្រូវបានអង្គការបង្ខំឲ្យគាត់រៀបការ ប៉ុន្តែនៅពេលនោះគាត់ប្រកែកមិនព្រម ព្រោះតែគាត់ឈឺគ្រុនចាញ់។ សភាពរាងកាយរបស់គាត់ ទ្រុឌទ្រោម គ្មានកម្លាំងកំហែង ដូច្នេះហើយអង្គការក៏មិនបង្ខំបន្តទៀត។

នៅក្នុងរបបខ្មែរក្រហម ស្ថានភាពរបស់ប្រជាជនម្នាក់ៗគឺមានទុក្ខលំបាកប្រហាក់ប្រហែលគ្នា ទាំងការរស់នៅ និងការហូបចុក។ ការរស់នៅ គឺត្រូវស្នាក់រួមគ្នាជាសហករណ៍ ទោះបីជាមានផ្ទះផ្ទាល់ខ្លួន ក៏ត្រូវតែចាកចេញពីផ្ទះទៅស្នាក់នៅក្នុងសហករណ៍ដែរ។ សម្ភារប្រើប្រាស់មិនសម្បូរបែប ត្រូវប្រើប្រាស់ដោយរឹតត្បិត សូម្បីតែសម្លៀកបំពាក់ទាល់តែរកកន្លែងប៉ះលែងឃើញ ទើបបោះចោល។ ចំពោះរបបអាហាររបស់ប្រជាជន គឺទទួលបានតែបបរដែលមានទឹកច្រើនជាងគ្រាប់អង្ករ គ្មានរសជាតិ គ្មានសារធាតុចិញ្ចឹមដល់សារពាង្គកាយទេ។ នៅក្នុងអំឡុងពេលនោះ មានគ្រូពេទ្យប៉ុន្តែគ្មានជំនាញព្យាបាលតាមវិជ្ជាជីវៈ។ ប្រជាជនជាច្រើន ត្រូវស្លាប់ដោយសារការព្យាបាលមិនត្រឹមត្រូវ និងគ្មានថ្នាំផ្គត់ផ្គង់។ នៅពេលមានជំងឺ ប្រជាជនមួយចំនួនព្យាយាមរកការព្យាបាលខ្លួនឯង ដោយមិនពឹងផ្អែកលើគ្រូពេទ្យ​ ព្រោះមិនទុកចិត្ត។

នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមបញ្ចប់ទៅ ស្រីលាក់ ត្រូវផ្លាស់ប្ដូរចេញពីភូមិក្រែកជើង ទៅរស់នៅជំរំនៅលើភ្នំដងរែក។ ស្រីលាក់ រស់នៅទីនោះអស់រយៈប្រាំឆ្នាំ រហូតដល់គាត់មានស្វាមី ទើបត្រលប់មករស់នៅភូមិក្រែកជើង ដល់ពេលបច្ចុប្បន្ន៕

សម្ភាសន៍ដោយ៖ ម៉េត ណាត ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin