ក្នុងរបបខ្មែរក្រហមការរស់នៅលំបាកគ្មានអ្វីប្រៀបបាន
(ស្វាយរៀង) ៖ អ្នកនៅរស់រានមានជីវិតពីរបបខ្មែរក្រហម មុំ ផាន់ណា អាយុ ៦១ឆ្នាំ ជាមន្រ្តីប៉ូលីសចូលនិវត្តន៍ រស់នៅភូមិកៀនសាំង សង្កាត់ស្វាយរៀង ខេត្តស្វាយរៀង។ មុំ ផាន់ណា រៀបរាប់ថារបបខ្មែរក្រហមជារបបឃោរឃៅ និងសម្លាប់មនុស្សស្លូតត្រង់ដោយគ្មានកំហុស ព្រមទាំងបានប្រើប្រជាជនឲ្យធ្វើការធ្ងន់ៗហួសកម្លាំង គ្មានពេលសម្រាក ពុំមានរបបអាហារគ្រប់គ្រាន់ និងលំបាករកអ្វីមកប្រៀបពុំបាន។
មុំ ផាន់ណា ក្នុងរបបខ្មែរក្រហមមានអាយុប្រហែល១២ឆ្នាំ ត្រូវបានជម្លៀសជាមួយគ្រួសារឲ្យទៅរស់នៅឯខេត្តពោធិ៍សាត់។ នៅខេត្តពោធិ៍សាត់ ប្រធានសហករណ៍បានប្រើ មុំ ផាន់ណា ឲ្យមើលគោក្របី បន្ទាប់មកប្រើឲ្យច្រូតស្រូវ រែកដី និងជីកប្រឡាយ លើកទំនប់ដែលមានជម្រៅ ៣ម៉ែត្រ និងទទឹង៥ទៅ៦ម៉ែត្រ។ មុំ ផាន់ណា លើកឡើងថាការងារលើកទំនប់ជាការងារធ្ងន់សម្រាប់គាត់ដែលមានវ័យក្មេង ការលំបាកពិតជារកអ្វីមកប្រៀបពុំបាន និងបានចងចាំរហូតដល់សព្វថ្ងៃ រីឯការបរិភោគវិញគឺមិនគ្រប់គ្រាន់ទេ ហូបបបរលាយជាមួយត្រកួន ជួនកាលបានបាយ ហូបរួមគ្នាក្នុងសហករណ៍ និងមានកំណត់ ចំណែកការស្លៀកពាក់គឺ ខោខ្មៅ និងអាវខ្មៅ។ មុំ ផាន់ណា ធ្លាប់មានជំងឺគ្រុនចាញ់ទទួលបានការព្យាបាលដោយថ្នាំអាចម៍ទន្សាយដែលផ្សំឡើងពីថ្នាំខ្មែរ។ មុំ ផាន់ណា ថ្លែងថា សហករណ៍ដែលគាត់រស់នៅអ្នកជំងឺភាគច្រើនកើតជំងឺគ្រុនចាញ់ ទទួលបានការព្យាបាលតែប្រភេទថ្នាំដែលបានផ្សំឡើងពីឫសឈើ មើមរុក្ខជាតិ និងសំបកស្តៅប៉ុណ្ណោះ។ មុំ ផាន់ណា បានឃើញការរៀបការក្នុងរបបខ្មែរក្រហម។ មុំ ផាន់ណា ឲ្យដឹងថាពិធីរៀបការពេលនោះជាការរៀបការដោយបង្ខំ បុរសស្រ្តី ត្រូវបានអ្នកដឹកនាំសហករណ៍ផ្សំផ្គុំដោយគ្មានការស្ម័គ្រចិត្តឬដឹងខ្លួនជាមុន។ បងប្រុសរបស់ មុំ ផាន់ណា ព្រឹកឡើងត្រូវបានទាហានខ្មែរក្រហមប្រាប់ថា ដល់ថ្ងៃត្រូវបេ្តជ្ញាចិត្ត ដែលជាពិធីរៀបការ ដោយមិនឲ្យដឹងខ្លួនជាមុន។ មុំ ផាន់ណា បានរៀបរាប់ពីការរៀបការនោះថា មានចំនួន១៥ ទៅ១០០ គូ បុរសស្រី្ត ត្រូវបានឲ្យអង្គុយលើតុវែងមួយ ស្លៀកសំលៀកបំពាក់ ខោខ្មៅ អាវខ្មៅ និងស្បែកជើងកង់ឡាន បន្ទាប់មកអ្នករៀបចំពិធីក៏បានឲ្យបុរសស្រី្ត ដែលបានចូលរួមឡើងបេ្តជា្ញចិត្តម្តង១គូៗ។ មុំ ផាន់ណា បន្តថាកម្មវិធីមានរយៈពេលខ្លី គ្មានសាច់ញាតិទាំងសងខាងចូលរួមនោះទេ។ ពេលពិធីរៀបការចប់ បុរសស្រី្ត ទាំងនោះបានក្លាយជាប្តីប្រពន្ធដែលអង្គការបានរៀបចំឲ្យ បើមានប្តីប្រពន្ធណាដែលមិនចុះសំរុងគ្នានឹងត្រូវយកទៅអប់រំ តែប្រសិនបើនៅតែមិនស្តាប់នឹងត្រូវសម្លាប់ចោល។ បច្ចុប្បន្ន មុំ ផាន់ណា មានជំងឺភ្នែក និងធ្លាប់មានជំងឺគ្រុនចាញ់ ជំងឺក្រពេះ ព្រមទាំងជំងឺពោះវៀន។
មុំ ផាន់ណា ជាញឹកញាប់បាននិយាយរឿងរ៉ាវសម័យខ្មែរក្រហមប្រាប់ទៅអ្នកជំនាន់ក្រោយ។ មុំ ផាន់ណា មិនចង់ឲ្យក្មេងៗជួបប្រទះរបបដែលគាត់បានឆ្លងកាត់ទេ។ មុំ ផាន់ណា ថ្លែងថា គ្មានសម័យណាសប្បាយដូចសម័យបច្ចុប្បន្ននេះទេ។
សម្ភាសន៍ដោយ ហម សារឿន នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ អេង សុខម៉េង