ម៉ុម សំបូរ៖ អតីតកងការពារមន្ទីរក-៦

នៅឆ្នាំ១៩៧៦ សំបូរ ត្រូវចាត់តាំងឲ្យទៅធ្វើជាកងការពារមន្ទីរក-៦ នៅស្តាតអូឡាំពិក។ កងការពារនៅពេលនោះ គឺគាត់ចាំយាមផ្លូវចេញចូលមន្ទីរ។ ម៉ុម សំបូរ[1] អាយុ៤០ឆ្នាំ (២០០១) មានបងប្អូនប្រាំមួយនាក់ (ស្រីម្នាក់)។ សំបូរ មានទីកន្លែងកំណើត និងរស់នៅភូមិតាលាក់ខាងជើង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហម ចូលគ្រប់គ្រង់នៅភូមិតាលាក់ខាងជើង។ សំបូរ ត្រូវបែកចេញពីឪពុកម្ដាយ ចូលធ្វើការងារក្នុងកងកុមារ នៅខ្ពបអំពិល។ ពេលនោះគាត់ចូលរួមក្នុងកងវរសេនាធំ (មិនចាំលេខ) មានសមាជិកទាំងអស់ចំនួន១០០នាក់ ហើយក្នុងមួយកងវរសេនាធំនោះគឺបែងចែកចេញជាបីកងវរសេនាតូចទៀត។ នៅពេលដែល សំបូរ ដឹងថាគាត់នឹងត្រូវឃ្លាតពីគ្រួសារ ក្នុងចិត្តរបស់គាត់គឺមានចិត្តនឹករឭកដល់ឪពុកម្ដាយរបស់គាត់ជាមុន។ ពេលនោះថ្វីត្បិតតែគ្រួសារត្រូវបែកបាក់គ្នា ប៉ុន្តែកូនមិនហ៊ានបង្ហាញអារម្មណ៍នឹករឭកឪពុកម្ដាយ ចំណែកឪពុកម្ដាយក៏មិនហ៊ានបង្ហាញថាអាណិតកូន ចេញមកខាងក្រៅនោះទេ ព្រោះខ្លាចអង្គការចោទថាប្រឆាំងនឹងបញ្ជា។ ពេលដែលចេញទៅធ្វើការងារនៅក្នុងកងកុមារ សំបូរ មិនសូវបានទៅសួរសុខទុក្ខឪពុកម្ដាយញឹកញាប់នោះទេ ទាល់តែការប្រជុំធំ (ថ្ងៃ១០, ថ្ងៃ២០) ឬមានកម្មវិធីបុណ្យ ទើបគ្រួសារបានជួបគ្នា។
នៅក្នុងរបបខ្មែរក្រហម ការងារដែលអង្គការចាត់តាំងឲ្យកងកុមារធ្វើដំបូងឡើយគឺ រំលាយដីដំបូក, រែកដីដំបូកយកទៅដាក់ក្នុងស្រែ, ប្រមូលអាចម៍គោ, កាប់ និងចិញ្ច្រាំទន្រ្ទានខេត្តសម្រាប់ធ្វើជី។ ការងារទាំងអស់នោះ គឺធ្វើទៅតាមផែនការដែលអង្គការចាត់តាំងមក។ ជារៀងរាល់ព្រឹក សំបូរ ត្រូវក្រោកចន្លោះពីម៉ោងបួន ឬម៉ោងប្រាំព្រឹក ដើម្បីទៅធ្វើការងារ។ ក្រៅពីការធ្វើការងារ កុមារទាំងនោះក៏ទទួលបានការរៀនអក្សរខ្លះដែរពីសំណាក់គ្រូបង្រៀនរបស់អង្គការ ប៉ុន្តែការរៀននោះគឺក្នុងមួយថ្ងៃរៀនត្រឹមតែអក្សរពីរ ទៅបីតួប៉ុណ្ណោះ។ អង្គការ តែងតែចាត់តាំងឲ្យមានគ្រូម្នាក់ដឹកនាំកុមាររៀនអក្សរ បន្ទាប់ពីហូបអាហារថ្ងៃត្រង់រួចរយៈពេលមួយម៉ោង ទៅពីរម៉ោង។ សំបូរ ស្ថិតក្នុងវ័យកុមារអាយុ១៣ឆ្នាំ គឺជាវ័យមួយដែលត្រូវការក្រេបជញ្ជក់យកចំណេះដឹងពីការរៀនសូត្រ ប៉ុន្តែរបបខ្មែរក្រហមបែរជាកាត់បន្ថយស្ទើរតែលុបបំបាត់ការអប់រំចោល ដូច្នេះហើយ សំបូរ មិនមានចំណេះវិជ្ជាជ្រៅជ្រះឡើយ គ្រាន់តែអាចអានអក្សរបានមួយចំនួន។
គ្រូបង្រៀននៅក្នុងរបបខ្មែរក្រហម គឺមិនសូវជាអ្នកដែលមានសញ្ញាបត្រ ឬជាអ្នកដែលមានវិជ្ជាជីវៈជាគ្រូបង្រៀននោះទេ ភាគច្រើនគឺជាប្រជាជនដែលមានចំណេះបន្តិចបន្តួច អាចសរសេរ និងអានអក្សរបានខ្លះៗ អង្គការក៏ចាត់តាំងឲ្យទៅបង្រៀនក្មេងៗ។ សំបូរ បានបញ្ជាក់ថា៖ “នៅក្នុងរបបខ្មែរក្រហម អ្នកចេះដឹងត្រឹមត្រូវ មិនបានមកគ្រប់គ្រងកុមារឡើយ។ ជំនាន់នោះគឺត្រូវការតែអ្នកដែលស្មោះត្រង់ និងជាអ្នកដែលពូកែធ្វើការងារពលកម្មប៉ុណ្ណោះ ទោះបីជាមិនចេះអក្សរក៏អាចមានតួនាទីធំដែរ”។ ចំពោះរបបអាហារដែល សំបូរ ទទួលបាននៅក្នុងរបបខ្មែរក្រហម គឺមានតែបបររាវ លាយជាមួយនឹងសម្លដើមចេក, សម្លត្រកួន និងសម្លព្រលឹត។ កុមារមួយចំនួនធំដែលហូបបបរមិនឆ្អែត គឺតែងតែលួចលាក់ទុករបស់ហូបបន្ថែម ឬលួចរត់ទៅផ្ទះជួបជាមួយឪពុកម្ដាយ នៅពេលដែលអង្គការចាប់បាន អ្នកទាំងនោះគឺត្រូវអង្គការធ្វើទារុណកម្ម ប្រើហិង្សា ដូចជាត្រូវទាត់-ធាក់ ថែមទាំងប្រើឲ្យរែកដីលើសពីថ្ងៃធម្មតា។ សំបូរ មិនដែលហ៊ានធ្វើខុសពីវិន័យរបស់អង្គការឡើយ ព្រោះគាត់ខ្លាចអង្គការធ្វើបាបរូបគាត់។
នៅឆ្នាំ១៩៧៦ សំបូរ ត្រូវចាត់តាំងឲ្យទៅធ្វើជាកងការពារនៅមន្ទីរក-៦ ស្តាតអូឡាំពិក។ កងការពារនៅពេលនោះ គឺគាត់ចាំយាមផ្លូវចេញចូលមន្ទីរ ហើយបែកចែកជាបីវេន គឺវេនព្រឹក, វេនថ្ងៃ និងវេនល្ងាច ហើយក្នុងមួយវេនគឺមានអ្នកយាមម្នាក់។ វេនព្រឹកចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់, ចំណែកវេនថ្ងៃ គឺចាប់ពីម៉ោង១២ថ្ងៃត្រង់ ដល់ម៉ោង៦ល្ងាច, រីឯវេនល្ងាច ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១២យប់។ ពេលគាត់ធ្វើការងារជាកងការពារនៅស្តាតអូឡាំពិក គាត់បានស្គាល់មេដឹកនាំរបបខ្មែរក្រហមធំៗចំនួនពីរនាក់គឺ ប៉ុល ពត[2] និង តាម៉ុក[3] ពេលដែលមេដឹកនាំទាំងពីរនាក់នោះចូលទៅប្រជុំនៅក្នុងមន្ទីរ។ សំបូរ ធ្វើការងារនៅមន្ទីរក-៦ តាំងពីឆ្នាំ១៩៧៦ រហូតដល់ឆ្នាំ១៩៧៩ ជាឆ្នាំដែលរបបខ្មែរក្រហមដួលរលំ។
នៅក្នុងរបបខ្មែរក្រហម បងប្អូនជីដូនមួយរបស់ សំបូរ ចំនួនប្រាំបីនាក់ ត្រូវអង្គការចាប់យកទៅសម្លាប់ចោលនៅមន្ទីរសន្តិសុខ ក្រាំងតាចាន់។ បងប្អូនជីដូនមួយរបស់គាត់ទាំងប្រាំបីនាក់នោះ ត្រូវរាប់បញ្ចូលទៅក្នុងប្រជាជនថ្មី ព្រោះតែអ្នកទាំងនោះមានតួនាទីជាគ្រូពេទ្យនៅក្នុងរបបសង្គមរាស្រ្តនិយម។ សំបូរ បានបញ្ជាក់បន្ថែមថា នៅក្នុងរបបខ្មែរក្រហម ប្រជាជនទាំងអស់មិនមានសិទ្ធិសេរីភាពឡើយ សូម្បីតែការនិយាយស្ដីក៏ត្រូវមានការប្រុងប្រយ័ត្ន ព្រោះតែពេលនោះអង្គការតែងតែចាប់ថ្នាក់ប្រជាជនណាដែលនិយាយមិនល្អពីអង្គការយកទៅកសាង, ធ្វើទារុណកម្ម ឬសម្លាប់។ ហេតុការណ៍ទាំងអស់នេះ បានគំរាមកំហែងប្រជាជនជាប់ជានិច្ច ប្រជាជនតែងតែនិយាយខុសពីការពិត ព្យាយាមលើកសរសើរពីអង្គការ ទាំងដែលរបបនោះមិនមានចំណុចល្អដែលគួរឲ្យលើកសរសើរឡើយ៕
អត្ថបទដោយ នេន ស្រីមុំ
[1] ឯកសារលេខ TKI0020, ម៉ុម សំបូរ (ជាអតីតកុមារការពារនៅមន្ទីរក-៦), បទសម្ភាសដោយ គឹម កែវកន្និដ្ឋា, នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០០១, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។
[2] ផេង ពង្សរ៉ាស៊ី និងអ្នកនិពន្ធឯទៀត, ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទីពីរ (ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា, ២០២០) ទំព័រ ៦, “ប៉ុល ពត (ឈ្មោះដើម សាឡុត ស) ប៉ុល ពត កើតនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៩២៥ ត្រូវ នឹងឆ្នាំឆ្លូវ នៅស្រុកស្ទោង ខេត្តកំពង់ធំ។ ប៉ុល ពត រៀបការជាមួយ ខៀវ ប៉ុណ្ណារី នៅឆ្នាំ១៩៥៦។ នៅឆ្នាំ១៩៦០ ប៉ុល ពត មានឋានៈទីបីនៅក្នុងបក្សពលករកម្ពុជា ហើយត្រូវបានតែងតាំងជាអនុលេខាបក្សទីពីរក្នុងឆ្នាំ១៩៦១ និងជាលេខាបក្សក្នុងឆ្នាំ១៩៦៣។ ក្រោយមក ប៉ុល ពត បានដឹកនាំកងទ័ពខ្មែរក្រហមធ្វើសង្រ្គាមប្រឆាំងនឹងរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់។ ប៉ុល ពត បានក្លាយជានាយករដ្ឋមន្រ្តីរបស់កម្ពុជាប្រជាធិបតេយ្យនៅឆ្នាំ១៩៧៦ ហើយបានលាលែងពីតំណែងនៅឆ្នាំ១៩៧៩។ ទោះជាយ៉ាងណាក៏ដោយ ក៏ ប៉ុល ពត នៅតែជាមេដឹកនាំដ៏មានឥទ្ធិពលរបស់ខ្មែរក្រហមដដែល។ ប៉ុល ពត រស់នៅនិរទេសខ្លួនភាគច្រើននៅក្នុងទឹកដីរហូតដល់ថ្ងៃទទួលមរណភាព នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៨។ សាកសពរបស់ ប៉ុល ពត ត្រូវបានបូជានៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៩៨។”
[3] ដូចខាងលើ, ទំព័រ ៧២, “តាម៉ុក (ឈ្មោះដើម ឈិត ជឿន) តាម៉ុក កើតនៅឆ្នាំ១៩២៦ នៅខេត្តតាកែវ។ តាម៉ុក បានបួសរៀនអស់ជាច្រើនឆ្នាំ និងបានរៀបការជាមួយប្អូនជីដូនមួយរបស់ខ្លួនឈ្មោះ អ៊ុក ឃឹម ហើយមានកូនបួននាក់។ នៅឆ្នាំ១៩៤៩ តាម៉ុក គឺជាប្រធានខ្មែរឥស្សរៈស្រុកក្នុងខេត្តតាកែវ។ តាម៉ុក បានចូលជាសមាជិកបក្សកុម្មុយនីស្តនៅឆ្នាំ១៩៦៣។ ពីឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៧៨ តាម៉ុកគឺជាលេខាភូមិភាគនិរតី។ នៅខែវិច្ឆិកា ឆ្នាំ១៩៧៨ តាម៉ុក ត្រូវបានតែងតាំងជាអនុលេខាទីពីរបក្សកុម្មុយនីស្តកម្ពុជា។ បន្ទាប់ពីដួលរលំរបបកម្ពុជាប្រជាធិបតេយ្យ តាម៉ុក មិនដែលស្នើសុំការលើកលែងទោស ហើយមិនដែលមានបំណងចុះចូលជាមួយរដ្ឋាភិបាលទេ។ តាម៉ុក ត្រូវបានចាប់ខ្លួនដោយកងទ័ពរដ្ឋាភិបាល នៅក្បែរព្រំដែនថៃ នៅខែមីនា ឆ្នាំ១៩៩៩ និងបញ្ជូនមកដាក់ក្នុងមន្ទីរឃុំឃាំងរង់ចាំការកាត់ទោស។ តាម៉ុក ស្លាប់ដោយជំងឺ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០០៦។”