មុំ សេត៖ «កងកាត់ដេរខោអាវកងទ័ពខ្មែរក្រហម»

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ខ្ញុំឈ្មោះ មុំ សេត​ និងមានឈ្មោះបដិវត្តន៍ហៅ អឿន អាយុ៥២ឆ្នាំ (គិតត្រឹមឆ្នាំ២០០៣) មានទីកន្លែងកំណើតនៅភូមិពង្រ ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំចូលបម្រើបដិវត្តន៍ ចាប់តាំងពីឆ្នាំ១៩៧១មកម្លេះ។ បន្ទាប់ពីមានរដ្ឋប្រហារ លន់ នល់ ទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ចេញពីអំណាច អ្នកភូមិជាច្រើនបានចូលរួមបាតុកម្មដង្ហែ ទៅទីរួមខេត្តកំពង់ចាម ប៉ុន្តែត្រូវបានបង្រ្កាបដោយទាហាន លន់ នល់។ អ្នកភូមិដែលចូលរួមបាតុកម្ម បានរត់ត្រឡប់មកភូមិវិញ។ មិនយូរប៉ុន្មាន នៅចន្លោះចុងឆ្នាំ១៩៧០ និងដើមឆ្នាំ១៩៧១, កងទ័ពខ្មែរក្រហមត្រូវបានបញ្ចូនចូលមកក្នុងភូមិជាបន្តបន្ទាប់។ កងទ័ពខ្មែរក្រហម តែងតែសុំផ្ទះអ្នកភូមិដើម្បីស្នាក់អាស្រ័យ។ នៅពេលដែលទទួលបានដំណឹងអំពីការឈរជើងរបស់កងទ័ពខ្មែរក្រហម, ទាហាន លន់ នល់ បើកការវាយប្រហារតាមផ្លូវអាកាស និងការបាញ់ផ្លោងគ្រាប់ជាមុន ទើបបញ្ជូនទាហានថ្មើរជើងចូលក្នុងភូមិដើម្បីវាយបណ្ដេញកងទ័ពខ្មែរក្រហមចេញពីភូមិ និងដាក់កម្លាំងឈរជើងការពារកុំឲ្យកងទ័ពខ្មែរក្រហមវិលត្រឡប់មកវិញ។

នៅឆ្នាំ១៩៧១ កងទ័ពខ្មែរក្រហម ត្រូវបានបញ្ជូនវាយប្រយុទ្ធជាមួយទាហាន លន់ នល់ កាន់តែច្រើនឡើង និងបានរំដោះភូមិរបស់ខ្ញុំរស់នៅ។ ខ្ញុំបន្តរស់នៅជាធម្មតា នៅតំបន់រំដោះខ្មែរក្រហម។ ក្រោយមកទៀត ខ្ញុំ និងមិត្តភ័ក្រ្តនារីផ្សេងទៀត បានស្ម័គ្រចិត្តចូលបម្រើបដិវត្តន៍។ ទោះបីជាស្ម័គ្រចិត្ត ឬមិនស្ម័គ្រចិត្ត, ខ្ញុំ និងអ្នកផ្សេងទៀតក៏គ្មានជម្រើសអ្វីផ្សេងទៀតផងដែរ ពីព្រោះយើងរស់នៅតំបន់រំដោះខ្មែរក្រហម ហើយត្រូវតែចូលរួមបដិវត្តន៍។ នៅឆ្នាំ១៩៧២ ខ្ញុំត្រូវបានដាក់ឲ្យធ្វើជាប្រធានកងនារី នៅស្រុកចំការលើ។ បន្ទាប់មកទៀត ខ្ញុំត្រូវបានផ្លាស់មកធ្វើការងារជាអ្នកកាត់ដេរខោអាវកងទ័ពខ្មែរក្រហមនៅខេត្តកំពង់ធំ។ តា ប្រុក គឺជាប្រធានគ្រប់គ្រងរួមដែលក្នុងនោះកងកាត់ដេរខោអាវកងទ័ពគឺនៅក្រោមការគ្រប់គ្រងរបស់គាត់ផងដែរ។ នៅពេលនោះ មានតែអ្នកភូមិចំនួន២នាក់តែប៉ុណ្ណោះ ដែលបានទៅធ្វើការនៅកំពង់ធំ។ អ្នកទី១ គឺជារូបខ្ញុំ ហើយអ្នកទី២ មានឈ្មោះមិត្ត ម៉ុត ដែលបានស្លាប់ក្នុងរបបខ្មែរក្រហម។​ អង្គភាព១៦ គឺជាអង្គភាពកាត់ដេរខោអាវកងទ័ព ដែលមានតែមិត្តនារីៗ ចំនួន៣០នាក់, មិនមានបុរសនោះទេ។ ការងារកាត់ដេរខោអាវនៅពេលនោះ គឺពិតជាពិបាកខ្លាំងដែរ។ ខ្ញុំត្រូវធ្វើការកាត់ដេរខោអាវ តាំងពីព្រលឹមដល់ព្រលប់។ នៅពេលដែលមានសំឡេងគោះជួង, ខ្ញុំនិងអ្នកផ្សេងទៀត អាចសម្រាកហូបបបររាវថ្ងៃត្រង់ ហើយបន្តចុះទៅធ្វើការវិញទៀត។ ខ្ញុំបន្តការងាររហូតដល់ម៉ោង៥ល្ងាច ទើបបានឈប់សម្រាក។ បន្ទាប់ពីកងទ័ពខ្មែរក្រហមវាយយកឈ្នះ និងរំដោះទីតាំងជាបន្តបន្ទាប់ អង្គភាពរបស់ខ្ញុំត្រូវបានផ្លាស់ពីកន្លែងមួយទៅកន្លែងមួយ មានដូចជា កំពង់ថ្ម, តាំងក្រសាំង និងព្រែកតាមាក់។ នៅឆ្នាំ១៩៧៣ ខ្ញុំរៀបការប្ដីឈ្មោះ រ៉េត ដែលធ្វើជាកងទ័ពជើងគោក ផ្នែកដឹកជញ្ជូន។ បើទោះបីជារៀបការប្ដីហើយយ៉ាងណាក្ដី, ខ្ញុំនៅតែបន្តធ្វើការងារនៅកងកាត់ដេរខោអាវកងទ័ពដដែលរហូតដល់ឆ្នាំ១៩៧៥។

បន្ទាប់ពីកងទ័ពខ្មែរក្រហមវាយចូលកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥, ខ្ញុំត្រូវបានផ្លាស់មកអង្គភាពពាណិជ្ជកម្មវិញ នៅម្ដុំច្រាំងចំរេះ ចំណែកឯប្ដីរបស់ខ្ញុំត្រូវបញ្ជូនទៅឈរជើងនៅម្ដុំផ្សារថ្មី។ អង្គភាពពាណិជ្ជកម្ម បែងចែកជា២ក្រុម គឺទី១ គឺក្រុមមិត្តនារី ដែលត្រូវចិញ្ចឹមជ្រូក និងមាន់ និងទី២ គឺជាក្រុមមិត្តបុរស ដែលត្រូវចញ្ចឹមពស់, ក្រពើ និងស្វា ដើម្បីធ្វើពាណិជ្ជកម្ម។ ខ្ញុំធ្វើការងារនៅអង្គភាពពាណិជ្ជកម្មនេះ រហូតដល់ឆ្នាំ១៩៧៧។ ឆ្នាំ១៩៧៧ ក៏ជាពេលវេលាដែលខ្ញុំឮឈ្មោះ ប៉ុល ពត ដែលជាមេដឹកនាំ។ សភាពការណ៍នៅឆ្នាំ១៩៧៧ គឺពិបាកខ្លាំងណាស់។ ប្ដីរបស់ខ្ញុំត្រូវបានចាប់ខ្លួន និងបានបាត់ដំណឹង មិនដឹងជាស្លាប់ ឬរស់ រហូតដល់សព្វថ្ងៃ។ ៣ទៅ៤ថ្ងៃបន្ទាប់ពីការចាប់ខ្លួន ប្ដីខ្ញុំ, ខ្ញុំក៏ត្រូវបានចាប់ខ្លួន និងដឹកយកទៅព្រៃស ដើម្បីលត់ដំ និងត្រៀមសម្លាប់។ នៅពេលដែលអង្គការចុះមកចាប់ខ្លួនរបស់ខ្ញុំនោះ, អង្គការធ្វើដោយស្ងៀមស្ងាត់ដោយបានប្រាប់ថា៖ «មិត្តនារីឯង, អង្គការឲ្យរៀបចំខោអាវទៅឡើងឡានទៅ។» មូលហេតុដែលអង្គការចាប់ខ្លួន ខ្ញុំ គឺខ្ញុំមានប្រវត្តិជាប់គ្រួសារជាគ្រូបង្រៀន និងប្ដីដែលត្រូវបានចាប់ខ្លួន។ នៅពេលដែលធ្វើដំណើរតាមឡានមកដល់ផ្សារចាស់,​ អង្គការបានដកហូតខោអាវ និងបញ្ជូនទៅលត់ដំនៅព្រៃសតែម្ដង។ នៅព្រៃស, អង្គការបានបើកការប្រជុំ និងលើកឡើងពីការចោទប្រកាន់ថា សេអ៊ីអា, កាសេបេ ឬចារកម្មរបស់វៀតណាម។ អ្នកដែលត្រូវបានបញ្ជូនមកលត់ដំនៅព្រៃសនេះ គឺត្រូវបានចោទប្រកាន់ដូចខាងលើ។ ខ្ញុំទទួលរងការលត់ដំជាខ្លាំង ដែលត្រូវធ្វើការងារតាំងពីព្រលឹមដល់ព្រលប់ ហើយយប់ខ្លះ បន្ដធ្វើការងាររហូតដល់ម៉ោង១១យប់។ ខ្ញុំស្គាល់ប្រធានគ្រប់គ្រងមិត្តនារីនៅព្រៃសនោះ គឺមានឈ្មោះ ពោង។ ដោយសារតែអ្នកដែលត្រូវបានបញ្ជូមកព្រៃស ជាប់ប្រវត្តិមិនស្អាតស្អំ ឬក្បត់, អង្គការតែងតែតាមដានរាល់កិច្ចការងារដែលដាក់ឲ្យខ្ញុំ និងអ្នកផ្សេងទៀតធ្វើ។ ប្រសិនបើមានកំហុសអ្វីមួយកើតឡើង, អង្គការនឹងចាប់យើងយកទៅសម្លាប់ចោលតែម្ដង។ ខ្ញុំបានបែកបាក់ឪពុកម្តាយ​ និងបងប្អូនតាំងពីឆ្នាំ១៩៧៥ ពីព្រោះគ្រួសាររបស់ខ្ញុំត្រូវបានជម្លៀសទៅខេត្តពោធិ៍សាត់។ ខ្ញុំអាចរួចផុតពីសេចក្ដីស្លាប់ បន្ទាប់ពីរបបខ្មែរក្រដួលរលំនៅខែមករា ឆ្នាំ១៩៧៩។ ខ្ញុំបានបាត់បង់ប្ដី និងប្អូនម្នាក់ នៅក្នុងរបបខ្មែរក្រហម។[1]

អត្ថបទដោយ ស៊ាង ចិន្តា


[1] ឯកសារលេខ KCI0217, បទសម្ភាសន៍ជាមួយ មុំ សេត (ឈ្មោះបដិវត្តន៍ហៅ អឿន) នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅឆ្នាំ២០០៣, បណ្ណសារមជ្ឈមណ្ឌល​ឯកសារកម្ពុជា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin