ការស្តាប់សាច់រឿង និងការស្វែងយល់ពីបទពិសោធន៍

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ការស្តាប់សាច់រឿង និងការស្វែងយល់ពីបទពិសោធន៍ដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហម ជាកត្តាជំរុញដល់ការព្យាបាលសុខភាពឲ្យមានប្រសិទ្ធភាពខ្ពស់ដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ តាមរយៈការចុះសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមប្រមាណជា ៦ម៉ឺននាក់[1] ដែលធ្វើឡើងដោយអ្នកស្ម័គ្រចិត្តកម្ពុជា នៃមជ្ឈមណ្ឌលឯកសារកម្ពុជាក្រោមគម្រោងលើកកម្ពស់សិទ្ធ និងធ្វើឲ្យប្រសើឡើងវិញនូវស្ថានភាព សុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលចាប់ផ្តើមក្នុងខែឧសភា ឆ្នាំ២០២១ រហូតមកដល់ឆ្នាំ២០២៤ នេះ នូវសំណួរដែលសួរថា «តើរឿងរ៉ាវអ្វីដែលធ្វើឲ្យ អ៊ំ ពូ មីង យាយ តា មិនអាចបំភ្លេចបានអំពីរបបខ្មែរក្រហម?» ចម្លើយដែលទទួលយ៉ាងលើសលប់ ឬស្ទើរតែ ៩៩ភាគរយនៃបទសម្ភាសន៍ប្រមាណជា  បាននិយាយថា «ការបង្អត់អាហារ ការបង្ខំឲ្យធ្វើការលើសកម្លាំង និងការសម្លាប់រង្គាល»។

ជាការពិតណាស់ ក្រោយរបបខ្មែរក្រហម ប្រជាជនស្ទើរតែគ្រប់ក្រុមគ្រួសារត្រូវបាននិរាសព្រាត់ប្រាស់ ដោយសមាជិកគ្រួសារបានស្លាប់បាត់បង់ជីវិត និងខ្លះទៀតបាត់ខ្លួន។ គួរបញ្ជាក់ថា របបខ្មែរក្រហម គឺបានបង្កើតឡើងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ និងដួលរលំទៅវិញនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ក្នុងរយៈតែ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ប្រជាជនកម្ពុជាប្រមាណជា ១លាន ៧សែននាក់ ត្រូវបានបាត់ជីវិត អ្នករស់រានមានជីវិតភាគច្រើនជាស្ត្រីមេម៉ាយ និងក្មេងកំព្រាដែលពុំមានសុខភាពល្អ ដោយខ្វះជីវជាតិ និងមានជំងឺ។[2]

ដោយប្រព័ន្ធសុខាភិបាលនៃរបបខ្មែរក្រហមមានការធ្លាក់ចុះថយយ៉ាង[3] មួយផ្នែកនៃការស្លាប់របស់ប្រជាជន គឺបណ្តាលមកពីជំងឺ ដែលខ្វះទាំងថ្នាំព្យាបាល និងវេជ្ជបណ្ឌិតដែលមានសញ្ញាប័ត្រនឹងបទពិសោធន៍ខ្ពស់ក្នុងការព្យាបាលជំងឺ។ កិច្ចសម្ភាសន៍ជាច្រើនបានបង្ហាញពីសមាជិកគ្រួសារដែលស្លាប់ដោយសារជំងឺជាបន្តបន្ទាប់ ក្រោយពីបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងរបបខ្មែរក្រហម។ អ៊ំស្រី ម៉ន គី ទទួលអនិច្ចកម្មនៅខែមីនា ឆ្នាំ២០២៤ ក្នុងអាយុ ៨៥ឆ្នាំនិងជាកូនកាត់ចិន-ខ្មែរនៅកម្ពុជាក្រោម ដែលធ្លាប់មានសមាជិកគ្រួសារបាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យនៃរបបខ្មែរក្រហម បានរំឭកជារឿយៗថា «ខ្ញុំមិនចង់ទៅពេទ្យដោយសារខ្ញុំធ្លាប់មានបងប្រុសខ្ញុំស្លាប់ក្នុងពេលដែលគាត់សម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងរបបខ្មែរក្រហម វានៅតែដិតដាមនៅក្នុងការចងចាំរបស់ខ្ញុំរហូតមកដល់ពេលនេះ»។ ពេលអ៊ំស្រីឈឺខ្លាំង កូនចៅចង់បញ្ជូនគាត់ទៅមន្ទីរពេទ្យដើម្បីទទួលបានការព្យាបាលត្រឹមត្រូវ និងច្បាស់លាស់ តែគាត់ប្រកែកដាច់ខាតមិនព្រមទៅ។ អ៊ំស្រី គី តែងតែទទូចសុំឲ្យហៅពេទ្យមក
ពិនិត្យគាត់នៅផ្ទះវិញ ជាពិសេស គឺអ៊ំស្រីឲ្យហៅតែវេជ្ជបណ្ឌិតដែលគាត់ជឿទុកចិត្តជាកូនប្រុសធម៌របស់គាត់រស់នៅខេត្តស្វាយរៀងឯណោះ។ ពេលខ្លះគ្រាន់តែទូរស័ព្ទទៅវេជ្ជបណ្ឌិត ហើយរៀបរាប់ពីស្ថានភាពសុខភាព និងអការៈរបស់អ៊ំស្រី ដើម្បីឲ្យវេជ្ជបណ្ឌិតចេញវិជ្ជបញ្ជារទិញថ្នាំក៏គាត់អាចមានស្ថានភាពប្រសើរឡើងវិញដែរ។

ជាការពិតណាស់ អ្នករស់រានមានជិវិតពីរបបខ្មែរក្រហម មិនថាក្មេងឬចាស់ សុទ្ធតែទទួលរងការប៉ះទង្គិចផ្លូវចិត្តគ្រប់គ្នា។[4] តាមរយៈការចុះពិនិត្យសុខភាពបឋមដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម លោកវេជ្ជបណ្ឌិត ឡាវ ហាវាន បានសង្កេតឃើញថាមជ្ឈមណ្ឌលឯកសារកម្ពុជាបានថា ការសួរនាំពីបទពិសោធន៍នៃការឆ្លងរបបខ្មែរក្រហមរបស់អ្នកជំងឺដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បានជួយដល់លោកវេជ្ជបណ្ឌិតប្រើប្រាស់វិធីសាស្ត្រនៃការព្យាបាលឲ្យមានប្រសិទ្ធភាពខ្ពស់។ លោកវេជ្ជបណ្ឌិតបានរកឃើញថាភាគច្រើនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានជំងឺក្រពះពោះវៀនដែលបណ្តាលមកពីការសម្រាន្តមិនគ្រប់គ្រាន់ និងភាគច្រើនគមានបញ្ហាប៉ះទង្គិចដល់ផ្លូវចិត្តអ្នកជំងឺដែលបន្សល់ទុកមកពីរបបខ្មែរក្រហម។ ចំណែកការសង្កេត របស់និស្សិតពេទ្យ ៤នាក់ ដែលតែងតែបានចុះជួយកិច្ចការចុះមូលដ្ឋានដើម្បីពិគ្រោះ និងពិនិត្យសុខភាពភាពដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបានឲ្យដឹងបន្ថែមថា ការស្វែងយល់បន្ថែមពីបទពិសោធន៍ឆ្លងកាត់របបខ្មែរក្រហមពីអ្នកជំងឺ គឺបានជួយដល់ការប្រើប្រាស់កាយវិការត្រឹមត្រូវដល់ប្អូនៗដើម្បីឲ្យអ្នកជំងឺមានជំនឿចិត្ត និងមានភាពស្និទ្ធស្នាលដែលនាំឲ្យអ្នកជំងឺអាចប្រាប់លម្អិតពីអាការជំងឺដល់វេជ្ជបណ្ឌិតបានគ្រប់គ្រាន់ ក្នុងការចេញវេជ្ជបញ្ជាដែលចំគោលដៅដើម្បីព្យាបាលឲ្យមានប្រសិទ្ធិភាពខ្ពស់ ជាពិសេស អ្នកជំងឺដែលរស់នៅតំបន់ជនបទដាច់ស្រយាល[5]។ និស្សិតពេទ្យស្ម័គ្រចិត្តមានឈ្មោះ ម៉ាន់ សុឃីម, គីម សុខសុធី, ចន្ថា សិលារដ្ឋ, និងចៅ ណូរ៉ា។

ជំងឺបាក់ស្បាត ឬជំងឺផ្លូវចិត្ត នៅតែបន្តយាយីដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម[6] ទោះបីជាវាបានកន្លងផុតទៅជាង ៤០ឆ្នាំទៅហើយ។ ការយកចិត្តទុកដាក់ខ្ពស់ដល់ការថែទាំសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅតែត្រូវបន្ត ព្រោះការទទួលរងនូវកង្វះអាហាររយៈពេលយូរ ក្នុងរបបខ្មែរក្រហមនិងក្រោយរបបខ្មែរក្រហម បណ្តាលឲ្យមានផលប៉ះពាល់ជាខ្លាំងដល់សុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលងាយនឹងកើតជំងឺមិនឆ្លងមួយចំនួនដូចជា ជំងឺបេះដូង ជំងឺសួតរ៉ាំរ៉ៃ (ជំងឺហឺត) ជំងឺទឹកនោមផ្អែម ជំងឺផ្លូវចិត្ត។ល៕[7]

ដោយ គឹម សុវណ្ណដានី


[1] ដកស្រង់ចេញពីផែនទីនៃគម្រោង លើកកម្ពស់សិទ្ធ និងការធ្វើឲ្យប្រសើឡើងវិញនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជិវិតពីរបបខ្មែរក្រហម, មជ្ឈមណ្ឌលឯកសារកម្ពុជា, បោះពុម្ពផ្សារឆ្នាំ២០២៤, អ្នករៀបរៀងផែនទី ឈឹម ពៅ

[2] ផេង ពង្សរ៉ាស៊ី, ដេវីដ ឆេនដល័រ, គ្រីស្តូហ្វ័រ ឌៀរីង, សុភ័ក្ត្រ ភាណា, សៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), មជ្ឈមណ្ឌលឯកសារកម្ពុជា, បោះពុម្ពផ្សាយលើកទី២ ឆ្នាំ២០២០

[3] Guillou, A. Y. (2004). Medicine in Cambodia during the Pol Pot Regime (1975-1979). French National Centre for Scientific Research, version 1, halshs-00327711. https://halshs.archives-ouvertes.fr/halshs-00327711

[4] Zolnikov, T. R., & Yamada-Mitsuuchi, S. H. (2022). The Cambodian Khmer Rouge child survivor and effective mental health treatments. American Journal of Qualitative Research, 6(2), 123–138. https://doi.org/10.29333/ajqr/11596

[5] DeHart, C. (2020). Health Concerns in Cambodia Compounded by Historical and Rural Setbacks. A Senior Thesis Submitted in Partial Fulfillment of the Requirements for Graduation in the Honors Program Liberty University Spring 2020. https://digitalcommons.liberty.edu/honors/967/

[6] Van Schaack, B., Reicherter, D., Brown, L., Ru Wang, S. (2024). Cambodia’s Hidden Scars: Healing and Reparations fr Trauma Psychology After the Khmer Rouge.

[7] World Health Organization: WHO. (n.d.). Malnutrition. https://www.who.int/news-room/fact-sheets/detail/malnutrition.

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin