ក្រុមចល័តកងធំត្រូវធ្វើការឆ្ងាយៗ

(ស្វាយរៀង) ៖ ម៉ម យ៉ន មានអាយុ៧៥ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ យ៉ន មានកូនប្រុសម្នាក់ សព្វថ្ងៃគាត់រស់នៅជាមួយកូន និងមើលថែទាំចៅៗ។

យ៉ន បានរៀបការតាំងពីរបប លន់ នល់។ ក្នុងរបបខ្មែរក្រហមគាត់មានកូនប្រុសម្នាក់អាយុពីរឆ្នាំរស់នៅភូមិត្រពាំងពពេល ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។ គាត់​ត្រូវទៅរស់នៅក្នុងសហករណ៍ជាមួយប្រជាជនជនដទៃ​ក្នុងភូមិ និងត្រូវប្រមូលទ្រព្យសម្បត្តិ និងសត្វពាហនៈ តាមបញ្ជារបស់ខ្មែរក្រហម ដើម្បីទុកប្រើប្រាស់រួមក្នុងសហករណ៍​។​ យ៉ន ត្រូវធ្វើការដូចជា ដក ស្ទូងស្រូវ កាប់ព្រៃ និងលើកភ្លឺស្រែ។ គាត់បន្តថា ត្រូវធ្វើការគ្រប់បែបយ៉ាងទាំងអស់តាមតែ​អង្គការបញ្ជា។ នៅពេលយប់ត្រូវធ្វើការបន្ថែមម៉ោង បោក និងបុកស្រូវ រហូតដល់ម៉ោងប្រាំបួនទើបបានសម្រាក​។

យ៉ន បន្តថា ការងារស្ទូងស្រូវអង្គការបានដាក់ផែនការមួយថ្ងៃស្ទូងគ្នា១៥នាក់ ឲ្យរួចរាល់មួយហិកតា។ គាត់ និងប្រជាជន១៤នាក់ ផ្សេងទៀតត្រូវស្ទូងពីម៉ោងប្រាំព្រឹកដល់ម៉ោងប្រាំល្ងាច ប្រសិនបើមិនរួចត្រូវបន្តដល់យប់ជ្រៅទើបខ្មែរក្រហមឲ្យទៅសម្រាន្ត។

កូនប្រុសរបស់ យ៉ន មានអាយុពីរឆ្នាំ រស់នៅជាមួយចាស់នៅកងកុមារមានសុខភាពមិនល្អតែងតែឈឺ គាត់មានការព្រួយបារម្ភពីកូន​ជាខ្លាំង ប៉ុន្តែមិនអាចទៅមើលកូន។ ថ្ងៃមួយកូនគាត់មានជំងឺរាគ​មូលខ្លាំងស្ទើរតែបាត់បង់ជីវិត​ តែគាត់​នៅតែមិនត្រូ​វបាន​អនុញ្ញាតឲ្យឈប់សម្រាកទៅមើលកូនដែរ សំណាងល្អកូនបានជាពីជំងឺដោយសារថ្នាំរាងដូចអាចម៍ទន្សាយ។

ក្រោយមកអង្គការបានជម្លៀស យ៉ន និងកូនទៅតំបន់ភ្នំឈើកាច់ ស្ថិតនៅស្រុកបាភ្នំ ខេត្តព្រៃវែង។ នៅទីនោះគាត់ត្រូវស្ថិតនៅក្នុងក្រុមចល័តកងធំ ធ្វើស្រែ និងរានចម្ការធ្វើនៅឆ្ងាយៗពីកន្លែងស្នាក់នៅ។ របបអាហារទទួលបានតិចតួចជាងនៅស្រុកកំណើតដោយអង្គការចែកអង្ករ១០កំប៉ុង ហូបគ្នា១៥នាក់​។ នៅទីនោះអ្នកណាឈឺមិនទទួលបានរបបអាហារទេ បើឈឺយូរប្រឈមមុខយកទៅសម្លាប់។

យ៉ន បាននិយាយថា៖​”​ក្នុងរបបខ្មែរក្រហមពេលជម្លៀសទៅស្រុកបាភ្នំ ជាកន្លែងខ្ញុំទទួលរងការលំបាកខ្លាំង។ ខ្ញុំស្ថិត​នៅក្នុងក្រុមចល័តកងធំ ជាកងសកម្មជាងប្រជាជនមូលដ្ឋាន និងប្រជាជនថ្មីដទៃទៀត ត្រូវ​ធ្វើការឆ្ងាយៗ មានថ្ងៃខ្លះត្រូវស្នាក់នៅក្នុងព្រៃដោយគ្មានជម្រកត្រឹមត្រូវ។ ការងារធ្វើគ្មានពេលទំនេរតាំងពីព្រលឹមដល់យប់ជ្រៅប៉ុន្តែហូបមិនគ្រប់គ្រាន់”។

យ៉ន បន្តទៀតថា នៅរបបនោះផលស្រូវទទួលបានច្រើន ព្រោះស្រែប្រើសុទ្ធតែជីលេខមួយលាយពីជីលាមកមនុស្សបុកជាមួយដីដំបូក មិនគួរណាអង្គការគ្មានស្រូវ​​អង្ករឲ្យប្រជាជនហូបនោះទេ។

រឿងរ៉ាវដែល យ៉ន ចងចាំមិនអាចបំភ្លេចបានក្នុងរបប​ខ្មែរក្រហមគឺគាត់និងប្រជាជនដាំបន្លែ និងពោតបានច្រើន ប៉ុន្តែអង្គការមិនឲ្យហូប និងត្រូវបានខ្មែរក្រហមដឹកចេញអស់​ៗពីសហករណ៍។

យ៉ន បានឃើញខ្មែរក្រហមបង្ខំព្រះសង្ឃផ្សឹក និងទៅធ្វើការដូចប្រជាជន។ បរិវេណវត្តត្រូវបានខ្មែរក្រហមប្រើស​ម្រាប់ជាកន្លែងស្តុកស្រូវអង្ករ និងកន្លែងខ្លះប្រើជាកន្លែងរៀបការឲ្យយុវជន និងយុវនារី។

បច្ចុប្បន្ន យ៉ន មានជំងឺក្រពះ និងជំងឺលើសឈាម។ គាត់ឧស្សាហ៍ឈឺក្បាល គ្មានកម្លាំង និងស្រវាំងភ្នែកជាញឹកញាប់។

អត្ថបទដោយៈ អេង សុខម៉េង នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤

សម្ភាសន៍ដោយៈ សៅ  ចាន់ណា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin