មូ ចក៖ ស្អប់របបខ្មែរក្រហម

មូ ចក រស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត (២០២១)

(កំពត)៖ មូ ចក ភេទប្រុស មានអាយុ ៧១ឆ្នាំ រស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ ចក មានឪពុកឈ្មោះ សូ និងមានបងប្អូនប្រាំមួយនាក់។ គាត់មានប្រពន្ធឈ្មោះ ហែម គ្រឿន និងមានកូនប្រាំមួយនាក់។

អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ចក ដែលមានអាយុ ១៤ឆ្នាំ បានឈប់រៀនត្រឹមថា្នក់ទី៩ (សង្គមរាស្ត្រនិយម) នៅសាលាវត្តព្រៃត្រសក់។ ក្រោយមក ចក បានប្រកបរបរធ្វើស្រែចម្ការ។

អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ នៅថ្ងៃដែល ចក រៀបការ គឺមានការទម្លាក់គ្រាប់បែក និងការប្រយុទ្ធនៅភូមិចុងស្រង់។ នៅពេលនោះ ចក បានរត់ចូលលេណដ្ឋាន។

នៅឆ្នាំ១៩៧២ ចក ថាកងទ័ពខ្មែរក្រហមចូលមកគ្រប់គ្រងក្នុងភូមិ។ ខ្មែរក្រហមបានឲ្យគាត់បររទេះគោទៅដឹកឈើនៅកោះស្លា។ នៅម៉ោង៤ទៀបភ្លឺ ចក និងអ្នកបររទេះគោដទៃទៀត ប្រហែលជាដប់ទៅម្ភៃរទេះ បានធ្វើដំណើរទៅដឹកឈើនៅកោះស្លា និងសម្រាកមួយយប់នៅទីនោះ ទើបត្រលប់មកភូមិវិញ។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងកាន់អំណាចទូទាំងប្រទេស។ នៅពេលនោះ ខ្មែរក្រហមបានតាមដាន និងប្រមូលយករទេះគោរបស់ចក។ ចក ថានៅរបបខ្មែរក្រហម ប្រជាជនត្រូវហូបចុកមិនគ្រប់គ្រាន់ និងហូបរួមនៅតាមរោងបាយ ដោយក្នុងម្នាក់ទទួលបានបាយឬបបរមួយវែកប៉ុណ្ណោះ ក្នុងមួយពេល។ នៅរបបនោះ ចក មានកូនពីរនាក់។ នៅពេលកូនរបស់ចកឈឺ គឺមានតែថ្នាំរាងដូចអាចម៍ទន្សាយសម្រាប់ព្យាបាល។ ចំណែក ឪពុករបស់ចក ត្រូវដាំដំណាំ និងម្ដាយធ្វើការនៅតាមផ្ទះ។ ចក និងប្រពន្ធត្រូវធ្វើការហួសកម្លាំងដូចប្រជាជនដទៃទៀត។

នៅរបបខ្មែរក្រហម ក្រៅពីការហូបចុកមិនគ្រប់គ្រាន់ និងធ្វើការហួសកម្លាំង គឺមានការរៀបការដោយបង្ខំ និងការសម្លាប់ប្រជាជន ដោយយកទៅរៀនសូត្រ និងឃុំឃាំងនៅសាលាឃុំ។ ប្រជាជនថ្មី ត្រូវបានខ្មែរក្រហមនាំយកទៅរៀនសូត្រដោយមិនឃើញត្រលប់មកវិញ រួមទាំងឪពុកមារបស់ចក ដែលធ្លាប់ធ្វើជាទាហានពីមុនមក។

នៅឆ្នាំ១៩៧៩ របបខ្មែរក្រហមបានដួលរលំ ចក និងគ្រួសារ បានត្រលប់មកភូមិគោកវែង និងប្រកបរបរធ្វើស្រែចម្ការ។ នៅពេល ចក រំឭកពីរបបនោះ គាត់ថា គាត់ស្អប់របបខ្មែរក្រហម ដោយសារការបំបិទសិទ្ធិសេរីភាពក្នុងការនិយាយស្តី៕

សម្ភាសដោយ ហង់ ស្រីផុន ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin