ស្រ្តីសម្រាលកូនក្នុងរបបខ្មែរក្រហម

មូល កូ នៅភូមិក្ដីស្គា ឃុំជៃកំពក ស្រុកព្រះស្ដេច ខេត្តព្រៃវែង

(ខេត្តព្រៃវែង) ៖ មូល កូ អាយុ ៨១ឆ្នាំ មានស្រុកកំណើតនៅភូមិក្ដីស្គា ឃុំជៃកំពក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ កូ មានឪពុកឈ្មោះ មូល, ម្ដាយឈ្មោះ ធន់ និងមានបងប្អូនចំនួនប្រាំពីរនាក់​ ហើយគាត់ជាកូនទីប្រាំមួយ។ ប្ដីរបស់កូ ឈ្មោះ ភួង និងមានកូនចំនួនប្រាំមួយនាក់ ក្នុងនោះស្រីប្រាំនាក់។

កាលពីកុមារភាព កូ រៀនបានត្រឹមថ្នាក់ទី២ (សង្គមចាស់)។ បន្ទាប់ពីឈប់រៀន​ កូ បានផ្លាស់ទីលំនៅពីស្រុកកំណើតទៅតំបន់កំពង់ប្រសាទ តាមដងទន្លេតូច ស្រុកពាមជរ​។ នៅទីនោះ កូ បានរុករានដីធ្វើស្រែ និងធ្វើចម្ការដាំពោតដើម្បីចិញ្ចឹមជីវិត។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ឧត្តមសេនីយ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់ សម្ដេចព្រះ នរោត្តម សីហនុ ពីតំណែង។ បងប្អូនរបស់កូ ចំនួនបីនាក់ ​បានស្លាប់ ដែលក្នុងនោះពីរនាក់ជាទាហាន លន់ នល់ ស្លាប់ក្នុងសមរភូមិ និងម្នាក់ស្លាប់ដោយការទម្លាក់គ្រាប់បែក។ ក្រោយមកគ្រួសាររបស់កូ បានភៀសខ្លួនពីតំបន់កំពង់ប្រសាទ ត្រលប់មកស្រុកកំណើតវិញ។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ របបកម្ពុជាប្រជាធិបតេយ្យទទួលជ័យជម្នះលើរបប លន់ នល់ និងជាពេលដែលប្រទេសកម្ពុជាបញ្ចប់រាល់សង្គ្រាមផ្ទៃក្នុង។ នៅពេលនោះ កូ មានអាយុប្រមាណ៣០ឆ្នាំ កំពុងរស់នៅភូមិក្តីស្គា ដែលជាស្រុកកំណើត។ កងឈ្លបខ្មែរក្រហមតម្រូវឲ្យ កូ រស់នៅក្នុងសហករណ៍ជាមួយប្រជាជនដទៃទៀត ហើយអង្គការប្រើឲ្យរែកដី និងធ្វើស្រែ។ កូ និយាយថា ពេលនោះគាត់កំពុងមានផ្ទៃពោះ ត្រូវធ្វើការងារធ្ងន់ ដូចជាជីក និងរែកដីដូចប្រជាជនផ្សេងទៀតដែរ។ ចំណែកបី្តរបស់គាត់ ត្រូវបានខ្មែរក្រហមប្រើឲ្យទៅដឹកកណ្តាប់ និងភ្ជួររាស់ដីសម្រាប់បង្កបង្កើនផលស្រូវ។ កូ និយាយបន្តថា ពេលរបបខ្មែរក្រហមកាន់អំណាចដំបូង ប្រជាជនហូបចុកគ្រប់គ្រាន់ ប៉ុន្តែមិនយូរប៉ុន្មានអង្គការបានបន្ថយរបបអង្ករនាំឲ្យប្រជាជនទទួលបានបបរជំនួសបាយ។ កូ ក៏ធ្លាប់ត្រូវបានអង្គការចាត់តាំងឲ្យធ្វើជាអ្នកចម្អិនអាហារក្នុងរោងបាយរួមដែរ។ រឿងរ៉ាវដែល កូ ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម គឺទុក្ខលំបាកពេលមានផ្ទៃពោះ និងអំឡុងពេលសម្រាលកូន ព្រោះខ្វះខាតថ្នាំ, ខ្វះការថែទាំ និងត្រូវធ្វើការងារធ្ងន់។ ក្នុងសម័យខ្មែរក្រហម កូ មិនធ្លាប់ឃើញកងឈ្លបនាំមនុស្សទៅសម្លាប់ផ្ទាល់ភ្នែកនោះទេ ប៉ុន្តែគាត់ឧស្សាហ៍ឃើញប្រជាជនបាត់ខ្លួនពីសហករណ៍ជាញឹកញាប់។

ក្រោយរបបខ្មែរក្រហមដួលរលំ កូ, កូន និងប្តី បានត្រលប់មករស់នៅលើផ្ទះវិញ ហើយទ្រព្យសម្បត្តិរបស់គាត់បានបាត់​បង់អស់។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ កូ និងគ្រួសារ នៅសល់តែកូនក្របីមួយ។ ប្តីរបស់កូ បានយកក្របីទៅដូរជាមួយក្រណាត់ និងស្រូវសម្រាប់ហូប​ និងទុកធ្វើពូជរហូតដល់សព្វថ្ងៃ។ ស្ថានភាពសុខភាពរបស់កូ មិនសូវល្អប្រសើរនោះទេ ដោយសារគាត់មានវ័យចំណាស់ និងធ្លាប់ធ្វើការងារធ្ងន់ក្នុងរបបខ្មែរក្រហម។ គាត់មានជំងឺឈឺសន្លាក់ដៃ, សន្លាក់ជើង និងជំងឺក្រពះ ដែលតម្រូវឲ្យគាត់ទទួលការព្យាបាលនៅមណ្ឌលសុខភាព ក្នុងឃុំជៃកំពក ជាប្រចាំ៕

សម្ភាសន៍ដោយ ជួន រក្សា ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin