អតីតអ្នកធ្វើការនៅកងពល១៦៤

មុត ម៉ៅ ភេទស្រី មានអាយុ ៤៥ឆ្នាំ (គិតក្នុងឆ្នាំ២០០៧) រស់នៅភូមិអន្លង់ពួក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។ នៅរបបខ្មែរក្រហម ម៉ៅ មានតួនាទីជាអ្នកទទួលភ្ញៀវនៅកងពល១៦៤ នេះបើតាមផ្តល់បទសម្ភាសដល់បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា។ ម៉ៅ មានស្រុកកំណើតនៅភូមិប្រគៀប ឃុំត្រពាំងធំ[ខាងត្បូង] ស្រុកត្រាំកក់ ខេត្តតាកែវ។[1]
នៅឆ្នាំ១៩៧៣ ម៉ៅ បានចូលរូមចលនាបដិវត្តខ្មែរក្រហម។ ម៉ៅ និយាយថា យាយខុម ដែលជាប្រពន្ធរបស់ តាមុត (មាស មុត) បាននាំកុមារនៅក្នុងភូមិឲ្យចូលរួមបដិវត្តនៅឯខាងលិចផ្ទះរបស់ឪពុកម្ដាយរបស់ម៉ៅ ក្នុងស្រុកត្រាំកក់។ នៅឆ្នាំ១៩៧៥ ម៉ៅ ត្រូវបានផ្លាស់ប្តូរទៅកន្លែងផ្ញើ ឬទីស្នាក់អាស្រ័យបណ្ដោះអាសន្ន ក្នុងតំបន់១៣។ នៅឆ្នាំ១៩៧៧ ម៉ៅ ដែលមានវ័យ ១៧ឆ្នាំ និងកុមារឯទៀត ត្រូវបាន យាយខុម បញ្ជូនទៅកំពង់សោម និងស្នាក់នៅកន្លែងទទួលភ្ញៀវ ទីតាំងរបស់កងពល១៦៤ ដែលបច្ចុប្បន្នស្គាល់ថា សណ្ឋាគារសុខា។
មិនយូរប៉ុន្មាន នៅឆ្នាំដដែល យាយខុម បានស្លាប់ដោយសារជំងឺនៅទីនោះ។ ក្រោយមក តាមុត បាននាំបងខា មកដាំបាយជំនួសយាយខុម។ នៅកំពង់សោម ម៉ៅ បានទៅរៀននៅមន្ទីរកងពល ដែលនៅមិនឆ្ងាយប៉ុន្មានពីកន្លែងទទួលភ្ញៀវ។ នៅទីនោះ ម៉ៅ និងកុមារី សរុបទាំងអស់ ១២នាក់ បានរៀនភ្ជាប់ទូរស័ព្ទទាក់ទង ជាមួយគ្រូបង្រៀនជនជាតិចិន អស់រយៈពេលប្រហែលកន្លះឆ្នាំ។ ម៉ៅ និយាយថា កុមារីទាំងអស់ត្រូវរៀនពីការទាក់ទង, ការប្រើប្រាស់ទូរស័ព្ទ និងអនុវត្តផ្ទាល់ ក្នុងការទាក់ទងទៅកាន់ទីក្រុងភ្នំពេញ។ ម៉ៅ ធ្វើការនៅមន្ទីរកងពល ដោយធ្វើជាអ្នករៀបចំ និងភ្ជាប់ប្រព័ន្ធសម្រាប់ទាក់ទង។
នៅឆ្នាំ១៩៧៨ នៅពេលធ្វើការនៅមន្ទីរកងពល ម៉ៅ បានដឹងខ្លះៗអំពីការចាប់ខ្លួនជនបរទេសដោយកងទ័ពខ្មែរក្រហម។ ម៉ៅ និយាយថា គាត់ធ្លាប់ឃើញកងទ័ពខ្មែរក្រហមចាប់ខ្លួនជនជាតិវៀតណាម។ ក្រៅពីជនជាតិវៀតណាម ម៉ៅ ក៏ធ្លាប់ឃើញវត្តមានជនជាតិថៃ និងជនជាតិបរទេស ពីរនាក់ផ្សេងទៀត ដែលកងទ័ពខ្មែរក្រហម ឃុំខ្លួននៅក្នុងរោងកុនមួយកន្លែង ដែលនៅមិនឆ្ងាយប៉ុន្មានពីមន្ទីរកងពល។ នៅថ្ងៃមួយ នាម៉ោងពីរសៀល ម៉ៅ និងសមាជិកពីរនាក់ទៀត បានធ្វើដំណើរទៅរោងកុននោះ និងឃើញជនជាតិបរទេស ដែលមានមាឌធំ និងស្បែកខ្មៅពីរនាក់ ដែលកំពុងឃុំឃាំងនៅទីនោះ និងមានការយាមយ៉ាងតឹងរឹង ពីកងពិសេសម្នាក់ ឈ្មោះ តាណន។ ម៉ៅ និយាយថា គាត់បានដឹង និងបាននាំគ្នាទៅមើលមួយភ្លែត ដោយសារចង់ឃើញអំពីការចាប់ខ្លួនជនជាតិបរទេសនោះ។ ក្រោយមក ជនជាតិបរទេសនោះត្រូវបានកងទ័ពខ្មែរក្រហមបញ្ជូនទៅទីកន្លែងផ្សេង ដោយគាត់មិនដឹងថាបញ្ជូនទៅទីណានោះទេ។ នៅឆ្នាំដដែល ម៉ៅ និងបងខា បានទៅលេងកោះតាង និងទៅមើលយន្តហោះដែលបានធ្លាក់នៅទីនោះពីមុនមក៕
[1] ឯកសារលេខ BBI០០៥៥. (២០០៧). សម្ភាសជាមួយ មុត ម៉ៅ ដោយ ឡុង ដានី នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០០៧. មជ្ឈមណ្ឌលឯកសារកម្ពុជា.