នង សាំង៖ កូនខ្ញុំឈ្មោះ ណាត សឺ ជាប់គុកចំនួនប្រាំខែ នៅខេត្តកំពង់ឆ្នាំង

សឺ ហៅ ថា ភេទស្រី អាយុ១៨ឆ្នាំ។ សឺ, មានប្ដី និងមានកូន ប្រកបរបរធ្វើស្រែចម្ការ។ សឺ សព្វថៃ្ងរស់នៅភូមិអណ្ដូងបេ្រង ឃុំក្រាំងលាវ ស្រុករលាប្អៀ ខេត្ដកំពង់ឆ្នាំង។បន្ទាប់ពីខែ្មរក្រហម ឡើងកាន់អំណាច អង្គការបានបញ្ជូន សឺ ឱ្យទៅធ្វើការងារនៅទីក្រុងភ្នំពេញ។ សឺ បានចូលធ្វើពេទ្យនៅភ្នំពេញ និងមិនដែលបានសរសេរសំបុត្រមកសួរសុខទុក្ខឪពុកម្ដាយ ឬមកលេងផ្ទះឡើយ។ នៅឆ្នាំ១៩៧៩ ពេល សឺ បានមកដល់ស្រុកកំណើតមិនបានប៉ុន្មានផង ខាងរដ្ឋាភិបាលថ្មី ជាមួយកងទ័ពវៀតណាម ចាប់ដាក់គុកត្រោកចំនួនបីខែ រួចបញ្ជូនទៅដាក់គុកនៅកំពង់ឆ្នាំងពីរខែទៀត។
ខាងក្រោមនេះ ជារឿងរ៉ាវរបស់ នង សាំង បានឆ្លងកាត់ក្នុងរបបខ្មែរក្រហម៖
ជួបសម្ភាសជាមួយឈ្មោះ នង សាំង[1] ភេទស្រី អាយុ៦២ឆ្នាំ រស់នៅភូមិអណ្ដូងបេ្រង ឃុំក្រាំងលាវ ស្រុករលាប្អៀ ខេត្ដកំពង់ឆ្នាំង។ ប្តីឈ្មោះ នៅ ណាត មានកូនចំនួន៩នាក់ (ស្លាប់៥នាក់)។
កាលពីកុមារភាពខ្ញុំមិនបានរៀនសូត្រទេ ដោយសារអត់មានសាលារៀន។ គ្រួសារខ្ញុំមានជីវភាពខ្វះខាត ហេតុនេះមានតែប្រឹងធ្វើការងារ បានលុយទិញអង្ករ, ប្រហុក, សម្រាប់ហូប។ មនុស្ស វ័យកណ្តាល ឬអ្នកមានគ្រួសារចេញដឹកជញ្ជូនឆ្នាំងដី, ក្អម ដើម្បីយកទៅលក់តាមរទេះទៅក្នុងភូមិស្រុក។ ចំណែកខ្ញុំម្តាយឪពុកមិនឲ្យចាកចេញពីឆ្ងាយផ្ទះនោះទេ។
នៅចន្លោះឆ្នាំ១៩៧១ រហូតដល់ឆ្នាំ១៩៧៣ កាលនោះមានកម្លាំងចលនាខែ្មរក្រហមពេញភូមិ ដើរឃោសនាឱ្យកូនចៅ អ្នកភូមិចូលបម្រើកងទ័ព។ នៅឆ្នាំ១៩៧២ សឺ បានស្ម័គ្រចិត្ដចូលធ្វើជា កុមារឈានមុខ ឪពុកម្ដាយបងប្អូនមិនចង់ឲ្យទៅទេ តែកេ្មងៗមិនសូវយល់ការវាចេះតែនាំគ្នាចូលទៅបម្រើចលនាខែ្មរក្រហម។ សឺ បានទៅធ្វើការងារនៅភូមិព្រែកផ្ដិល (បច្ចុប្បន្នភូមិថ្មី) ឃុំក្រាំងលាវ អង្គការឱ្យលើកទំនប់ ជីកប្រឡាយ បន្ទាប់មកអង្គការបញ្ជូនឱ្យទៅធ្វើពេទ្យនៅខេត្ដកំពង់ឆ្នាំង។
ក្នុងសម័យខ្មែរក្រហមកូនស្រីម្នាក់ទៀត មានអាយុ ១២ឆ្នាំ ត្រូវបានអង្គការយកទៅដាក់ក្នុងកងកុមារ។ សភាពកូនខ្ញុំ ស្គម ធំតែពោះ ដោយសារអត់មានអាហារគ្រប់គ្រាន់។ កូនខ្ញុំឃ្លានពេកទៅជីក ដំឡូង និងគល់ល្ហុងដើម្បីហូប។ កាយីម ជាគណៈស្រុករលាប្អៀ បានវាយធ្វើបាបកុមារគ្រប់គ្នា។ កាយីម ប្រើឲ្យកងឈ្លបដេញចាប់កូនខ្ញុំ ហើយកូនរបស់ខ្ញុំបានរត់ចូលសហករណ៍រួចបានជួបជាមួយបងជីដូនមួយ។ បងជីដូនមួយ បាននាំ សឺ រត់ចេញពីសហករណ៍ ដើម្បីគេចពីការតាមចាប់។ បន្ទាប់មកបងជីដូនមួយ រុញសឺ ចូលគុម្ពបន្លា លាក់ខ្លួនពីកងឈ្លប។ ក្រុមកងឈ្លបរបស់ កាយីម រក ណាត សឺ មិនឃើញក៏នាំគ្នាត្រឡប់ទៅសហករណ៍អស់។ យប់ស្ងាត់មនុស្សគេងលក់អស់ សឺ ចេញពីគុម្ពបន្លា ដើរលបៗចូលដេកផ្ទះតា។ មិនទាល់ភ្លឺផង ស្រាប់តែមានកងកុមារប្រហែល៥នាក់ ចូលមកដល់ផ្ទះ។ ខ្ញុំដាស់កូនឲ្យភ្ញាក់ បន្ទាប់មកកុមារទាំងនោះនាំកូនខ្ញុំទៅកាន់សហករណ៍ភូមិព្រែកផ្តិល(បច្ចុប្បន្នភូមិថ្មី) ឃុំក្រាំងលាវ ខេត្តកំពង់ឆ្នាំង ដើម្បីយកទៅអប់រំ។
នៅឆ្នាំ១៩៧៦ ខ្មែរក្រហមជម្លៀសគ្រួសារពីឃុំក្រាំងលាវ ឲ្យទៅភូមិស្វាយចេក ឃុំស្វាយជ្រុំ ស្រុករលាប្អៀ ដើម្បីលើកទំនប់ ប្រឡាយរយៈពេលប្រហែល១ឆ្នាំ។ បន្ទាប់មកបញ្ជូន សឺ ទៅខេត្តកំពង់ឆ្នាំង ឲ្យធ្វើជាពេទ្យប្រចាំកំពង់ឆ្នាំង មិនបានប៉ុន្មានអង្គភាពបញ្ជូនទៅភ្នំពេញ។
ប្រធានសហករណ៍ ឈ្មោះ នួន (នួន ត្រូវខ្មែរក្រហមបាញ់សម្លាប់ឆ្នាំ១៩៧៩) ចាត់តាំងខ្ញុំឲ្យធ្វើផ្នែកកសិកម្ម ដំបូងកាប់ដីលើកជាជូរៗ ធ្វើដីឲ្យបានស្អាត និងស្រោចជីលើផ្ទៃដី បន្ទាប់មកត្រូវដាំដំណាំបន្លែ ដូចជាស្ពៃ, ត្រកួន, ត្រសក់។ ក្នុងមូលដ្ឋានចោទខ្ញុំពីបទ ធ្វើការងារមិនល្អ ដាំដំណាំមិនល្អ អត់មានគុណភាពសម្រាប់ហូបចុកក្នុងសហករណ៍។ ប្រជាជនមូនដ្ឋាននិយាយចាក់រុក បញ្ឈប់ពីដាំបន្លែដកទៅធ្វើការងារកាប់ដី និងធ្វើជី។ ប្រជាជនមូលដ្ឋាន សប្បាយចិត្តពេលឃើញអង្គការ ដកខ្ញុំចេញពីកន្លែងដាំដំណាំ។ ក្នុងក្រុមសប្បាយចិត្ត នាំគ្នានិយាយថា បានអង្គការដកចេញមិត្តនារីម្នាក់នេះ ដូចដកបន្លាចេញពីទ្រូង។ បន្ទាប់មកឈ្មោះ ឡុំ ជាប្រធានសហករណ៍ថ្មី បញ្ជូនទៅធ្វើជី ឲ្យបានបីតោនក្នុងមួយខែ ហើយមានគ្នាចំនួនបីនាក់។ ខ្ញុំធ្វើជីគ្រប់ប្រភេទ ចិញ្ច្រាំស្លឹករុក្ខជាតិ និងយកលាមកលាយជាមួយគ្នា រួចចាក់ក្នុងរណ្តៅទុករយៈពេលកន្លះខែទៅមួយខែទើបអាចយកទៅស្រោចលើដំណាំ។
ក្រោយមកទៀត អង្គការផ្លាស់ប្តូរចេញពីកន្លែងធ្វើជី បញ្ចូនទៅខាងមើលថែទាំក្មេងៗនៅក្នុងសហករណ៍។ អំឡុងពេល ម្តាយ ឪពុកចេញទៅធ្វើការងារឆ្ងាយពីផ្ទះ។ កុមារទាំងនោះ ខ្លះឈប់បៅដោះ ខ្លះមិនទាន់ឈប់ប៉ុន្តែឪពុកម្តាយត្រូវយកកុមារឲ្យខ្ញុំមើលការខុសត្រូវ។ ខ្ញុំផ្លាស់ប្តូរ មកមើលថែទាំក្មេង ដោយសារអ្នកថែក្មេងមុនមានបញ្ហាសុខភាពសុំសម្រាក រហូតទាល់តែជាសះស្បើយបានត្រលប់មកធ្វើការបន្ត។ កុមារប្រមាណ១០ទៅ២០នាក់ដាក់ឲ្យមើល។ ខ្ញុំត្រូវងូតទឹក, បញ្ចុកបាយ និងទឹក។ ពេលថ្ងៃងូតទឹក ដុះសាប៊ូ រួចសិតសក់ឲ្យកុមារស្ទើគ្រប់គ្នា។ ពេលអត់មានសាប៊ូប្រើប្រាស់ ខ្ញុំស្នើទៅថ្នាក់លើ ដើម្បីបានសាប៊ូមកសម្អាតក្មេងៗ។ បន្ទាប់ពីអ្នកថែក្មេងគាត់បានធូរស្បើយក៏ត្រលប់ធ្វើការដូចមុន ចំណែកខ្ញុំត្រូវបានដកចេញទៅស្ទូងស្រូវ ជាមួយក្រុមកងចល័ត។
មីឡាំ ជាអ្នកថែទាំក្មេងៗក្នុងសហករណ៍ បានត្រឡប់មកធ្វើការកន្លែងចាស់វិញ។ ខ្ញុំយកកូនមានអាយុបីខែឲ្យមីឡាំ មើលថែ។ ខ្ញុំនិយាយទៅកាន់មិត្ត មីឡាំ ជួយមើលថែកូនខ្ញុំផង ព្រោះអង្គការចាត់ឲ្យខ្ញុំទៅស្ទូងស្រូវ ទាល់ថ្ងៃត្រង់បានខ្ញុំត្រឡប់មកយកកូនវិញ។ មីឡាំ មិនបានមើលថែកូនខ្ញុំទេ បែរជាធ្វើបាបឲ្យយំរាល់ថ្ងៃ។ ខ្ញុំត្រលប់មកពីធ្វើការឃើញកូនយំ អត់មានកម្លាំងធ្វើការងារទៀតទេ។ ខ្ញុំសួរទៅមិត្តឡាំ ហេតុអ្វីបានធ្វើឲ្យកូនខ្ញុំយំរាល់ថ្ងៃ? មីឡាំ ថាមកពីក្មេងឃ្លាន ហើយគ្មានទឹកដោះឲ្យបៅ ទើបក្មេងចេះតែយំ ម្យ៉ាងទៀតកន្លែងកុមារអត់មានអាហារឬទឹកដោះគ្រប់គ្រាន់ទេ។ រដូវស្រូវចាប់ផ្តើមទុំ ប្រធានកងចាប់ក្រុមឲ្យធ្វើការងារច្រូតកាត់ ក្នុងកងមានចំនួន៤០នាក់ ប្រធានកងឈ្មោះ ម៉ាក់ ជាអ្នកមើលការខុសត្រូវច្រូតស្រូវ។ ម៉ាក់ កោះហៅទាំងអស់មកជួបជុំគ្នា និងដាក់ផែនការ។ ម៉ាក់ កំណត់មនុស្សម្នាក់ត្រូវច្រូតស្រូវឲ្យបាន៥០០កណ្តាប់ក្នុងមួយថ្ងៃ។ ក្នុងកងមានមនុស្សចំនួន៤០នាក់ ចេញទៅច្រូតស្រូវ ហើយនាំគ្នាជជែកអំពីការងារថ្នាក់លើកំណត់។ ខ្ញុំនិយាយថា មិត្តទាំងអស់គ្នាអាចច្រូតស្រូវ៥០០កណ្តាប់កក្នុងមួយថ្ងៃទេ? ក្រុមកងចល័តនិយាយ តិចៗខ្ញុំធ្វើមិនបានទេ! មិត្តទាំងអស់ត្រូវធ្វើតាមខ្ញុំ បើយើងស្មោះត្រង់ជាមួយអង្គការច្បាស់ជាស្លាប់។ ជាក់ស្តែងច្រូតស្រូវបានចំនួន៧០កណ្តាប់ក្នុងមួយថ្ងៃ។ ប្រធានកង មិនដែលចុះមកពិនិត្យនិងរាប់ចំនួនទេ។
និយាយពី សឺ បន្ទាប់ពីខែ្មរក្រហមឡើងកាន់អំណាចអង្គការបញ្ជូន សឺ ឱ្យទៅធ្វើការងារនៅភ្នំពេញ។ សឺ បានចូលធ្វើពេទ្យនៅភ្នំពេញ មិនដែលបានសរសេរសំបុត្រមកសួរសុខទុក្ខឪពុកម្ដាយឬមកលេងផ្ទះឡើយ។
នៅឆ្នាំ១៩៧៩ សឺ បានមកមកផ្ទះវិញបាននិយាយប្រាប់ថាធ្វើពេទ្យនៅភ្នំពេញ ដល់ឆ្នាំ១៩៧៩ កងទ័ពវៀតណាមវាយចូលមកដល់ សឺ បានឡើងរថភ្លើងជាមួយអ្នកជំងឺ និងកម្មាភិបាលខែ្មរក្រហមជាច្រើនផេ្សងទៀត។ ពេល សឺ បានមកដល់ស្រុកកំណើតមិនបានប៉ុន្មានផង ខាងរដ្ឋាភិបាលថ្មី ជាមួយកងទ័ពវៀតណាម បានចាប់កូនឈ្មោះ សឺ ដាក់គុក នៅខេត្ដកំពង់ឆ្នាំង រយៈពេល៥ ខែ ទើបដោះលែងវិញ។ សឺ ត្រូវបានកម្មាភិបាលថ្មី ហៅទៅកាប់ឈើ បន្ទាប់មកចាប់ទៅដាក់គុកត្រោកចំនួនបីខែ រួចបញ្ជូនទៅដាក់គុកនៅកំពង់ឆ្នាំង ពីរខែទៀត។ រហូតដល់វៀតណាមចូល គ្រួសារខ្ញុំនាំគ្នារត់ដល់ភ្នំរយៈពេល៥ខែ បានចុះពីលើភ្នំត្រលប់មករកស៊ីនៅកំពង់ឆ្នាំងរហូតដល់សព្វថ្ងៃ។
អត្ថបទដោយ ឈុំ រ៉ា
[1] ឯកសារលេខ I01687 តម្កល់ទុកនៅមជ្ឈមណ្ឌលឯកសារកម្ពុជា, បទសម្ភាស អែម សុខឃីម ជាមួយម្ចាស់ប្រវត្តិរូបឈ្មោះ នង សាំង នៅភូមិអណ្តូងប្រេង ឃុំក្រាំងលាវ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៥។