នាក់ វិន៖ ខ្មែរក្រហមបង្ខិតបង្ខំខ្ញុំឲ្យធ្វើការហួសកម្លាំង

(កំពត)៖ នាក់ វិន ភេទស្រី មានអាយុ ៦០ឆ្នាំ។ វិន រស់នៅនិងមានភូមិកំណើតនៅភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។ វិន មានឪពុកឈ្មោះ អែម និងម្ដាយឈ្មោះ ថន។
នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ វិន ឃើញមានការទម្លាក់គ្រាប់បែក ដែលបណ្ដាលឲ្យស្លាប់គោក្របី ហើយធ្វើឲ្យប្រជាជនរស់នៅក្នុងឃុំត្រពាំងរាំងទទួលរងទុក្ខលំបាក។ វិន ចងចាំថា នៅពេលឮសំឡេងយន្តហោះ គាត់មានការភិតភ័យ ហើយគាត់តែងតែរត់ចូលគុម្ពឈើ។ ក្រោយមកនៅឆ្នាំ១៩៧៤ វិន បានឈប់រៀននៅសាលាភូមិអូរ និងជួយឪពុកម្ដាយរបស់គាត់ឃ្វាលក្របី។
នៅខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាច ខ្មែរក្រហមបានចាត់ទុក វិន ជាប្រជាជនមូលដ្ឋាន និងចាត់តាំងឲ្យគាត់ទៅធ្វើការក្នុងកងចល័ត។ វិន និងកុមារឯទៀត ត្រូវខ្មែរក្រហមបង្ខិតបង្ខំឲ្យធ្វើការហួសកម្លាំងទាំងថ្ងៃទាំងយប់។ វិន ត្រូវធ្វើការរួម និងហូបរួមនៅការដ្ឋាន។ ជារៀងរាល់ថ្ងៃ វិន ត្រូវរែកដី, លើកទំនប់ និងជីកប្រឡាយនៅភូមិស្រែក្នុង, ស្ទឹងភេ, កោះស្លា និងទំនប់ម្លេច។ វិន ត្រូវធ្វើការទាំងនឿយហត់ និងហូបចុកមិនគ្រប់គ្រាន់។ ក្នុងមួយពេល វិន ទទួលបានតែបាយមួយកូនចានប៉ុណ្ណោះ។
នៅពេលមានជំងឺ ប្រជាជនទទួលបានតែថ្នាំរាងដូចអាចម៍ទន្សាយដែលបានមកពីខាងសង្គមកិច្ចសម្រាប់ព្យាបាលប៉ុណ្ណោះ។ ក្រោយមក វិន បានបាត់បង់បងប្រុសរបស់គាត់ម្នាក់ ដោយសារជំងឺគ្រុនចាញ់។ វិន បានដឹងអំពីការកាប់សម្លាប់, ការរំលោភបំពាន និងការបំផ្លាញវត្តអារាមដោយខ្មែរក្រហម ប៉ុន្តែគាត់មិនបានឃើញផ្ទាល់ភ្នែកនោះទេ។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ វិន បានរត់ទៅជាមួយមេកងរបស់គាត់ និងធ្វើដំណើររហូតទៅដល់ព្រំដែនកម្ពុជា-ថៃ។ តាំងពីពេលនោះមក វិន បានព្រាត់ប្រាសឪពុកម្ដាយរបស់គាត់។ នៅឆ្នាំ១៩៨០ វិន បានរៀបការនៅក្នុងព្រៃ។ ក្រោយមក វិន មានកូនចំនួន៤នាក់។ បច្ចុប្បន្ន វិន ប្រកបរបរធ្វើស្រែចម្ការនៅភូមិកំណើត៕
សម្ភាសន៍ដោយ សួន សារ៉ាន់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦

