នាក់ នឿន ហៅ ឈូក នឿន៖ ធ្លាប់រៀនបើកយន្តហោះចម្បាំងនៅប្រទេសចិន

នាក់ នឿន រស់នៅក្នុងភូមិអូររមាសចូល ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។

នៅឆ្នាំ១៩៧៥ នឿន ត្រូវបាន ​បង ម៉េត ជ្រើសរើសយកទៅប្រឡងសុខភាពនៅទីក្រុងភ្នំពេញ ដើម្បីត្រៀមខ្លួនទៅរៀនបើកបរយន្តហោះចម្បាំងនៅប្រទេសចិន។ បន្ទាប់ពីប្រឡងជាប់ខាងសុខភាព នឿន បានត្រៀមខ្លួន កាត់សម្លៀកបំពាក់ ដើម្បីបញ្ជូនទៅរៀនបើកយន្តហោះចម្បាំងនៅប្រទេសចិន។ នឿន និយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖

ឈូក នឿន[1] ភេទប្រុស អាយុ៦៩ឆ្នាំ។ នឿន មានស្រុកកំណើតនៅក្នុងភូមិអូររមាសចូល ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។ បច្ចុប្បន្នរស់នៅក្នុងភូមិអូររមាសចូល ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។ នឿន មានប្រពន្ធឈ្មោះ ទិត ណាវី។ នឿន មានកូនចំនួន២នាក់ (ប្រុស១នាក់ ស្រី១នាក់) សព្វថ្ងៃកូនរបស់​ នឿន មានគ្រួសារអស់ហើយ។ នឿន មានឪពុកឈ្មោះ ឈូក នាក់ (ស្លាប់ឆ្នាំ១៩៧៩ ដោយសារគ្មានអាហារហូបគ្រប់គ្រាន់) និងម្ដាយឈ្មោះ នួន ឃុត(ស្លាប់ឆ្នាំ១៩៧៩ ដោយសារគ្មានអាហារហូបគ្រប់គ្រាន់) ។ នឿន មានបងប្អូនបង្កើតចំនួន៥នាក់ (ប្រុស៤នាក់ និងស្រីម្នាក់)។ នឿន ជាកូនទី៣ នៅក្នុងគ្រួសារ។

កាលពីវ័យកុមារ នឿន រៀនបានត្រឹមថ្នាក់ទី៨ (សង្គមចាស់) នៅសាលារៀនក្នុងវត្តអង្គចក។ នឿន ឈប់រៀនដោយសារ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេច ព្រះនរោត្តម សីហនុ ពីតំណែង។ បន្ទាប់មក នៅក្នុងភូមិអូររមាស ចាប់ផ្ដើមមានខ្មែរក្រហមចូលមកធ្វើសកម្មភាពបាញ់បោះនៅក្នុងភូមិ បង្កជាភាពភ័យខ្លាចដល់ប្រជាជន។ ពេលនោះ លោកគ្រូ អ្នកគ្រូ ដែលបង្រៀននៅក្នុងវត្តអង្គចក បាននាំគ្នារត់ចេញពីភូមិ​អូររមាស ទៅរស់នៅភូមិផ្សេងអស់។ រយៈពេលមួយឆ្នាំក្រោយមក ឈ្មោះ ម៉ម ខែម និង គល់ ណយ បានចូលមកក្នុងភូមិអូររមាសចូល ហើយបានបញ្ចុះបញ្ចូលឲ្យយុវជននៅក្នុងភូមិអូររមាសចូលស្ម័គ្រចិត្តចូលរួមចលនាបដិវត្តន៍ខ្មែរក្រហម ដើម្បីតតាំងជាមួយទាហាន លន់ នល់ និងទាហានអាមេរិកាំង។ នឿន និងយុវជនចំនួន៤នាក់ទៀត​ ទី១ ឈ្មោះ នៅ រី  ទី២ឈ្មោះ ង៉ែត ផា ទី៣ឈ្មោះ ខាត់ ធី និងទី៤ឈ្មោះ មូល ម៉ន បានសម្រេចចិត្តចូលធ្វើបដិវត្តន៍ តាមការបញ្ចុះបញ្ចូល និងកាលៈទេសៈប្រទេសជាតិត្រូវការកម្លាំងដើម្បីរំដោះប្រទេសជាតិឡើងវិញ។ បន្ទាប់មក នឿន ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើជានីរសាររបស់ចៅហ្វាយស្រុក ធ្វើជាអង្គរក្សចៅហ្វាយស្រុក ឈ្មោះ គ្រូ ប៉ុន។ ជារៀងរាល់ថ្ងៃ នឿន តែងតែបើកម៉ូតូរត់សំបុត្រពីខាងស្រុកឲ្យទៅកាន់ខាងឃុំ។

នៅឆ្នាំ១៩៧២ ដល់ ឆ្នាំ១៩៧៤ នឿន បានរស់នៅក្នុងមូលដ្ឋាន។ នៅចុងឆ្នាំ ១៩៧៤ នឿន ត្រូវបានខ្មែរក្រហមជ្រើសរើសឲ្យចូលបម្រើកងទ័ពខ្មែរក្រហម។ នឿន ត្រូវបានខ្មែរក្រហម​បញ្ជូនទៅហ្វឹកហាត់នៅក្នុងកងវរសេនាតូច៦៣  ដែលគ្រប់គ្រងដោយ ហ៊ន ដើម្បីហ្វឹកហាត់ពីរបៀបធ្វើសង្គ្រាម ជាមួយលោកគ្រូខ្មែរមកពីវៀតកុងខាងជើង ហើយបន្ទាត់មកទៅវាយជាមួយទាហាន លន់ នល់ ។ នឿន ចូលហ្វឹកហាត់ដំបូង លោកគ្រូបានបង្រៀនពីរបៀបស្ពាយកាំភ្លើង, ហាត់កាន់កាំភ្លើង, បាញ់កាំភ្លើង, ហាត់លូន ហាត់វាយរថក្រោះ, ហាត់វាយសេះ និងរបៀបគេចខ្លួនពីយន្តហោះទម្លាក់គ្រាប់។ ​បន្ទាប់ពីហ្វឹកហាត់បានរយៈពេល៦ខែ កងវរសេនាធំ៤០១ និងកងវរសេនា១៤២ ដែលដឹកនាំដោយ​ ជ័យ ខន បានដឹកនាំកងទ័ពជាច្រើនចូលវាយ ជាមួយទាហាន លន់ នល់ ដែលឈរជើងនៅក្នុងទីរួមខេត្តកំពត។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានវាយរំដោះបានទីក្រុងភ្នំពេញទាំងស្រុង។បន្ទាប់ពីរំដោះភ្នំពេញបានប្រហែលកន្លះឆ្នាំ នឿន និងកងទ័ព៣០នាក់ ផ្សេងទៀត ដែលមកពីកងវរសេនាធំ និងកងវរសេនាតូច ត្រូវបានជ្រើសរើសយកទៅប្រឡងសុខភាពនៅទីក្រុងភ្នំពេញ ដើម្បីត្រៀមខ្លួនទៅរៀន​បើកបរយន្តហោះនៅប្រទេសចិន។ បន្ទាប់ពីប្រឡងសុខភាពជាប់ នឿន ត្រូវបានបញ្ជូនទៅកងពលជើងអាកាស ៥០២ ដែលមានទីតាំងនៅខាងកើតពោធិ៍ចិនតុង ដែលពីមុនហៅថាបន្ទាយប៉ារ៉ា ដើម្បីហាត់ប្រាណថែទាំសុខភាព និងធ្វើពលកម្មខ្លះៗដូចជាការបង្កបង្កើនផលនៅអូរបែកក្អម ដែលគ្រប់គ្រង ដោយបងម៉េត, បងផល និង បងវ៉ៃ (ហៅតាល្វៃ សមាជិកកងពល)។

នៅខែសីហា ឆ្នាំ១៩៧៦ វេជ្ជបណ្ឌិតចិន បានចុះមកពិនិត្យសុខភាព ផ្នែកខួរក្បាល, ត្រចៀក, មុខមាត់ និងដៃជើង មានលក្ខណៈគ្រប់គ្រាន់ និងមានសុខភាពល្អ ទើបអាចជាប់ទៅរៀនបើកយន្តហោះចម្បាំងនៅប្រទេសចិនបាន។ ក្រោយពីពិនិត្យសុខភាពបញ្ចប់ នឿន និងកងទ័ព១០០នាក់ទៀត បានប្រឡងជាប់សុខភាព ហើយត្រូវបានត្រៀមខ្លួន ដើម្បីបញ្ជូនទៅរៀនបើកបរយន្តហោះចម្បាំងនៅប្រទេសចិន។ នៅក្នុងចំណោមកងទ័ព១០០នាក់ នឿន ស្គាល់តែ៣នាក់ប៉ុណ្ណោះ ទី១មានឈ្មោះ វ៉ាន និល រស់នៅខេត្តកំពងស្ពឺ ទី២ឈ្មោះ មាស បេន រស់នៅស្រុកឈូក ខេត្តកំពត និងទី៣ឈ្មោះ វន ។ បន្ទាប់មក វេជ្ជបណ្ឌិតចិន បានប្រាប់បង​ ម៉ែត ឲ្យត្រៀមកាត់សម្លៀកបំពាក់ ដើម្បីត្រៀមទុកស្លៀកពាក់ឡើងយន្តហោះទៅប្រទេសចិន។ មុននឹងធ្វើដំណើរទៅប្រទេសចិន​ បងវ៉ៃ ដែលជាសមាជិកកងពល បានណែនាំកងទ័ពទាំងអស់ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ហើយមិនត្រូវប៉ះពាល់គោលនយោបាយប្រទេសចិននោះទេ។ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ១៩៧៦  នឿន និងកងទ័ព១០០នាក់ បានធ្វើដំណើរទៅព្រលានយន្តហោះ ដើម្បីត្រៀមហោះហើរចេញពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសចិន ដោយមានការអមដំណើរពីទូតចិន, គណៈកងពល និងផ្នែកខាងក្រសួងការបរទេសខ្មែរក្រហម។ នៅពេលយន្តហោះចាប់ផ្ដើមហោះឡើង នៅក្នុងចិត្តរបស់ នឿន បាននឹកគិតទៅឪពុកម្ដាយ មិនដឹងថាថ្ងៃណាទើបអាចត្រឡប់មកជួបលោកទាំងពីរវិញបាន។  នៅពេល នឿន ធ្វើដំណើរទៅដល់ប្រទេសចិន កងទ័ពទាំងអស់ ត្រូវបានដឹកបន្តតាមរថយន្តបញ្ជូនឲ្យទៅកន្លែងស្នាក់នៅទីក្រុងប៉េកាំង។  ពេលទៅដល់ទីក្រុងប៉េកាំង ដំបូង នឿន វតម្រូវឲ្យរៀនអក្សរចិន, ហាត់ប្រាណ និងដើរទស្សនកិច្ចកន្លែងមួយចំនួននៅក្នុងប្រទេសចិនសិន។ នឿន ស្នាក់នៅទីក្រុងប៉េកាំង អស់រយៈពេលជិត២ខែ ទើបបញ្ជូនបន្តទីកាន់ខេត្តកាឡុងចាង ទីក្រុងហាឡាពីន ដែលស្ថិតនៅខាងជើងនៃព្រំដែនសហភាពសូវៀត។ បន្ទាប់ពីរៀនភាសាចិនរយៈពេលមួយឆ្នាំ នឿន ត្រូវបានគ្រូជនជាតិចិនចាប់ផ្ដើមបង្រៀនបច្ចេកទេស និងទ្រឹស្ដី ដោយយករូបយន្តហោះមកដាក់លើតុ និងប្រាប់ពីរបៀបបើកហោះទៅខាងឆ្វេងយ៉ាងមិច ហោះទៅខាងស្ដាំយ៉ាងមិច ​ អស់រយៈពេល៣ខែបន្ថែមទៀត។ នឿន ចូលរៀនដំបូងគឺផ្ដោតទៅលើយន្តហោះប្រភេទស្លាបកាត់ធម្មតា A២៨ ដោយប្រើរយៈពេលសិក្សាអស់៣ខែបន្ថែមទៀត ទើបអាចចេញសាកល្បងបើកបរយន្តហោះបាន។ មុននឹងឲ្យសិស្សសាកល្បងបើកបរយន្តហោះ គ្រូចិនប្រាប់កូនសិស្សទាំងអស់ត្រូវដឹងអំពីទិសដៅពិតប្រាកដ ទោះបីក្រឡាប់កាប់ផ្ងានៅលើអាកាសក៏ដោយ ស្មារតីនូវតែល្អ ផ្តោតទៅលើទិសដៅដែលត្រូវសំដៅទៅ។ បន្ទាប់ពីចេះប្រើប្រាស់យន្តហោះប្រភេទ A២៨ រក្សាគោលដៅបានល្អ នឿន ត្រូវបានគ្រូជនជាតិចិនផ្លាស់ឲ្យរៀនយន្តហោះប្រភេទថ្មីមួយទៀត ដែលហោះនៅក្នុងរយៈពេលមួយម៉ោង បានចម្ងាយពី៦០០គីឡូម៉ែត្រ ទៅ៧០០គីឡូម៉ែត្រ។ ចំណែកយន្តហោះប្រភេទទី៣ ប្រើរយៈពេលមួយម៉ោងអាចហោះហើរបានចម្ងាយមួយពាន់មួយគីឡូម៉ែត្រ។ បន្ទាប់ពីហ្វឹកហាត់បើកបរយន្តហោះអស់រយៈពេល៣ខែ នឿន បានចេះប្រើប្រាស់យន្តហោះប្រភេទធម្មតា, អាមិចធុន៥ និងអាមិចធុន៦របស់ចិន​ ដែលមានល្បឿនអាចប្រឆាំងជាមួយអាមិចសង់តូប។ ក្នុងអំឡុងពេល​ហ្វឹកហាត់រៀនបើកបរយន្តហោះនៅប្រទេសចិន ទូតខ្មែរដែលប្រចាំការនៅប្រទេសចិនម្នាក់ឈ្មោះ ពេជ្រ ជៀម ដែលមានស្រុកកំណើតនៅកំពង់ចាម តែងតែទៅសួរសុខទុក្ខកងទ័ពខ្មែរក្រហមដែលបានកំពុងរៀនបើកបរយន្តហោះ ប្រសិនបើជួបការលំបាកអ្វីខ្លះត្រូវរាយការណ៍ទៅកាន់ទូតខ្មែរប្រចាំនៅប្រទេសចិនភ្លាម ដើម្បីឲ្យជួយរកដំណោះស្រាយ។ ទម្រាំរៀនចេះបើកបរយន្តហោះ នឿន បានប្រើរយៈពេលរៀនប្រហែលប្រាំរយម៉ោង ដើម្បីដឹងពីទិសដៅ គោលដៅ លំនាំទិស និងជំនាញល្បឿនយន្តហោះ។

នៅចុងឆ្នាំ១៩៧៨ កងទ័ពវៀតណាម បានសហការណ៍ជាមួយកងទ័ពរណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជាចូលមកវាយរំដោះតាមព្រំដែនប្រទេសកម្ពុជា។ ពេលនោះការទូតខ្មែរប្រចាំនៅស្រុកចិន​ បានបញ្ជាឲ្យក្រុមនិស្សិតដែលរៀនបើកយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកទាំងអស់ ឲ្យត្រៀមខ្លួន ដើម្បីបើកយន្តហោះចម្បាំងចំនួន២០គ្រឿង ទៅធ្វើសង្រ្គាមជាមួយកងទ័ពវៀតណាម និងកងទ័ពរណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា។ ពេលនោះក្រុមនិសិ្សតទាំងអស់បានរៀបចំខ្លួន ដើម្បីត្រៀមយន្តហោះមកកាន់ប្រទេសកម្ពុជា ដោយចុះចតនៅប្រទេសថៃ។ ប៉ុន្តែការចរចារសុំចុះចតនៅព្រលានយន្តហោះថៃ មិនបានសម្រេច ទើបយន្តហោះទាំងអស់ត្រូវបានផ្អាកការហោះហើរសិន។

នៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៨២ នឿង និងនិស្សិត១៤នាក់ បានជិះយន្តហោះពីប្រទេសចិន ត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ដោយចុះចតនៅទីក្រុងបាងកក ប្រទេសថៃ។ នៅពេលចុះចតនៅព្រលានក្រុងបាងកក នឿន បានឃើញទូតខ្មែរឈ្មោះ ប៊ុន ប្រចាំនៅទីក្រុងបាំងកក និងកងទ័ពថៃមួយចំនួនបានមកចាំទទួល ដើម្បីចាំដឹកយកទៅសម្រាកនៅផ្ទះសំណាក់ ក្នុងទីក្រុងបាងកក។​ នៅវេលាម៉ោង៣ទៀបភ្លឺ នឿន និងនិស្សិត១៤នាក់ទៀត ត្រូវបានបញ្ជូនតាមរថយន្តតូយ៉ូតាយកមកដាក់នៅជាយដែនជិតភ្នំដងរែក ដែលមានទីតាំងនៅខាងលិចស្រុកសំឡូត។ នៅពេលចូលមករស់នៅលើភ្នំដងរែក នឿន មានតួនាទីយាមឃ្លាំងគ្រាប់ និងយាមឃ្លាំងស្បៀងអាហារ។ នឿន​ រស់នៅលើភ្នំដងរែកបានរយៈពេល២ខែ ត្រូវបានរៀបចំឲ្យមានគ្រួសារ។ បន្ទាប់ពីរៀបការរួច នឿន និងប្រពន្ធបានសម្រេចចិត្តផ្ដាច់ខ្លួនរត់ចេញពីភ្នំដងរែង ទៅធ្វើជាកម្មករលាងចាននៅក្នុងប្រទេសថៃ។​ នៅឆ្នាំ១៩៩២ នឿន និងប្រពន្ធបានធ្វើដំណើរចេញពីប្រទេសថៃ ត្រឡប់មកស្រុកកំណើតវិញ។ នៅពេលចូលមកដល់ស្រុកកំណើត នឿន និងប្រពន្ធបាននាំគ្នាប្រកបរបរធ្វើស្រែចម្ការ ដើម្បីចិញ្ចឹមជីវិត៕

អត្ថបទដោយ ចាន់ ណារិទ្ធ


[1] ឯកសារលេខ KPI 0500, តម្កល់នៅបណ្ណាសារមជ្ឈមណ្ឌលឯកសារកម្ពុជា, សម្ភាសន៍ដោយ ឡុង ដានី និង វ៉ាន់ថាន់ ពៅដារ៉ា ជាមួយ ឈូក នឿន នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១១

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin