ក្នុងរបបខ្មែរក្រហមគ្មានសិទ្ធិសេរីភាព

(ស្វាយរៀង) ៖ នៀ សំអ៊ុល អាយុ៨៤ឆ្នាំ រស់នៅភូមិកណ្តាល សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

គាត់បានឃើញ ក្នុងភូមិមានការចាប់បង្ខំយុវជនឲ្យចូលធ្វើទាហាននៅពេលប្រទេសមានសង្រ្គាម។ គាត់មិនពេញចិត្ត ទើបគាត់រត់គេចពេលទាហាន លន់ នល់ ដើរចាប់យុវជនតាមភូមិ។ ពេលថ្ងៃគាត់មិនហ៊ានស្នាក់នៅផ្ទះទេ គឺត្រូវលាក់ខ្លួននៅព្រៃតាមវាលស្រែ និង ពេលយប់ត្រូវរត់ពួនក្នុងរណ្តៅត្រង់សេក្រោមផ្ទះ។

នៅឆ្នាំ១៩៧៥ សំអ៊ុល និងគ្រួសារត្រូវបានខ្មែរក្រហមបង្ខំឲ្យចាកចេញពីផ្ទះឲ្យទៅរស់នៅភូមិឃ្លាំង ឃុំចេក ស្រុកស្វាយជ្រំ។ គាត់រៀបរាប់ថា ការជម្លៀសមានស្ថានភាពលំបាក ដោយសារតែគាត់មានឪពុកម្តាយ ចាស់ពិបាកក្នុងការធ្វើដំណើរ។ គាត់បន្តថា នៅសហករណ៍មានការលំបាកដោយសារតែខ្វះស្បៀងខ្លាំង។ គាត់ត្រូវប្រើឲ្យទ្បើងត្នោតទាំងរដូវប្រាំង និងរដូវវស្សា ដើម្បីយកមកធ្វើស្ករសម្រាប់សហករណ៍រោងបាយ។ បន្ថែមពីនេះ គាត់ក៏ត្រូវជួយការងារធ្វើស្រែ ដកស្រូវពេលដែលទំនេរពីការងារឡើងត្នោត។

ឆ្នាំ១៩៧៦ ខ្មែរក្រហមបានប្រើឲ្យគាត់ និងប្រជាជន៥-៦នាក់ ផ្សេងទៀតជិះកង់ពីស្រុកស្វាយជ្រំ ទៅដឹកស្រូវនៅសុ្រកមេសាង ខេត្តព្រៃវែង ដើម្បីយកមកផ្គត់ផ្គង់ក្នុងភូមិឃ្លាំង និង សហករណ៍ចេក ខេត្តស្វាយរៀង។ សហករណ៍ចេក ពេលនោះជាសហករណ៍ថ្មីមានប្រជាជនច្រើនតែគ្មានអាហារបរិភោគ។ ពេលនោះប្រធានសហករណ៍ចេក បានប្រាប់ប្រជាជនថាសហករណ៍មានការខ្វះខាតអង្ករខ្លាំង។ ប្រធានសហករណ៍ប្រកាសថា ប្រសិនបើយើងចង់រស់ត្រូវនាំគ្នាហូបបបរ និងបើចង់ស្លាប់ឲ្យហូបបាយ ព្រោះអង្ករយើងនៅសល់តិច។ ដោយសារខ្លាចគេយកទៅសម្លាប់ គាត់បានខិតខំធ្វើការទាំងយប់ទាំងថ្ងៃ និងទាំងឈឺ។ គាត់មិនហ៊ានរអ៊ូថាការងារធ្ងន់ ឬហូបមិនឆ្អែតនោះទេ ទោះបីគាត់ទទួលបានតែបបរពីរវែកក្នុងមួយថ្ងៃ។ គាត់និយាយថា គ្មានអ្នកណាបានហូបបាយទេនៅកន្លែងដែលគាត់រស់នៅ។ បបរក៏បានកំណត់តិចតួចទៀត ម្នាក់ៗគ្មានកម្លាំងកំហែង ប៉ុន្តែគ្មាននរណាម្នាក់ហ៊ាននិយាយ។ មានប្រជាជនដើរដួលដោយសារតែហេវហត់ និងទ្រាំការងារធ្ងន់ៗមិនបាន។ បងប្អូន សំអ៊ុល ចំនួនប្រាំមួយគ្រួសារ ដែលមានប្តី ប្រពន្ធ និងកូនៗ ត្រូវបានសម្លាប់ទាំងគ្រួសារនៅខេត្តស្វាយរៀង និងខេត្តបាត់ដំបង ដោយសារគាត់ជាអតីតគ្រូបង្រៀន និងទាហានរបប លន់ នល់។

ពេលរបបខ្មែរក្រហមដួលរលំគាត់បានត្រឡប់មករស់នៅស្រុកកំណើតវិញ។ បច្ចុប្បន្ននេះគាត់នៅតែមានកំហឹងនឹងរបបខ្មែរក្រហមដែលបានសម្លាប់បងប្អូនគាត់។ ពេលដែលឃើញគេរស់នៅជួបជុំបងប្អូន គាត់តែងស្រមៃឃើញ សាច់ញាតិ ដែលធ្លាប់រស់នៅជុំគ្នាមុនរបបខ្មែរក្រហម។

គាត់ និយាយថា គាត់ឈឺចាប់ណាស់ដែលរបបខ្មែរក្រហមបានកាប់សម្លាប់ប្រជាជនខ្លួនឯងឥតត្រាប្រណី។ គាត់តែងតែនិយាយប្រាប់រឿងរ៉ាវ ដែលគាត់បានជួបប្រទះដល់ ក្មេងៗជំនាន់បានដឹងដើម្បីឲ្យក្មេងៗជំនាន់ក្រោយចូលរួមទប់ស្កាត់កុំឲ្យរបបខ្មែរក្រហម ត្រឡប់មកវិញម្តងទៀត។

គាត់ធ្លាប់តាមដានដំណើរកាត់ក្តីអតីតមេដឹកនាំខ្មែរក្រហម។ គាត់មានការពេញចិត្តចំពោះការសម្រេចក្តីដែលបានផ្តន្ទាទោសមួយជីវិត លើអតីតមានដឹកនាំខ្មែរក្រហម។ បច្ចុប្បន្ន គាត់មានជំងឺលើសឈាម និងឈឺជើងគាត់មិនអាចដើរឆ្ងាយ និងឈរយូរបានទេ។

សម្ភាសន៍ដោយ កើត សុរចនា ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin