ខ្ញុំបានបាត់បង់ប្តី ប្អូន និងកូនដោយសាររបបខ្មែរក្រហម
(ស្វាយរៀង) ៖ អំឡុង ឆ្នាំ២០២១ អ្នកស្ម័គ្រកម្ពុជានៃគម្រោងការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរទ្បើង នូវស្ថានភាពសុខភាព របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បានជួបសម្ភាសន៍ជាមួយ នាង អឿន អាយុ៧៨ ឆ្នាំ ជាកសិករ រស់នៅភូមិកណ្តាល សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
អឿន បានឃើញពីការទម្លាក់គ្រាប់បែកនៅសម័យ លន់ នល់។ អឿន ឲ្យដឹងថានៅសម័យនោះមានការទម្លាក់គ្រាប់បែកសឹងរាល់ថ្ងៃ ហើយនៅគ្រប់ផ្ទះមានរណ្តៅត្រង់សេដែលជាកន្លែងសុវត្ថិភាពគេចពីការទម្លាក់គ្រាប់។ ក្នុងរបបខ្មែរក្រហម អឿន មានអាយុ៣៥ឆ្នាំ ត្រូវបានខ្មែរក្រហមជម្លៀសពីស្រុកកំណើត ឲ្យទៅរស់នៅរួមគ្នាក្នុងសហករណ៍។ ជាបន្តបន្ទាប់ អឿន ត្រូវបានជម្លៀសពីកន្លែងមួយទៅមួយ។ អឿន និយាយថាពេលជម្លៀសម្តងៗមានស្ថានភាពលំបាកព្រោះត្រូវរែកសម្ភារៈចាំបាច់ដូចជា អង្ករ និងចាន ឆ្នាំង សម្រាប់សមាជិកគ្រួសារ។ អឿន ត្រូវធ្វើដំណើរដោយថ្មើរជើង យប់កន្លែងណាសម្រាកកន្លែងនោះ ភ្លឺឡើង បន្តធ្វើដំណើរទៀតតាមទិសដៅដែលខ្មែរក្រហមកំណត់។
នៅក្នុងរបបខ្មែរក្រហម សមាជិកគ្រួសាររបស់ អឿន បីនាក់បានស្លាប់រួមមានកូន ប្អូន និងប្តី។
អឿន បានឃើញផ្ទាល់ភ្នែកពេលគេបណ្តើរប្អូនយកទៅសម្លាប់ ដោយបានធ្វើទារុណកម្មនៅតាមផ្លូវ។ អឿន បានព្យាយាមសួរពីមូលហេតុដែលប្អូនប្រពឹ្រត្តខុស តែគាត់មិនទទួលបានព័ត៌មាន។ អឿន បានប្រាប់ថា មានប្រជាជនជាច្រើននាក់ត្រូវបានសម្លាប់រួមជាមួយប្អូនគាត់ដែរនៅពេលនោះ។ អឿន ត្រូវបានប្រើឲ្យធ្វើស្រែ លើកទំនប់ និងធ្វើការងារផ្សេងៗទៀតនៅសហករណ៍រោងបាយ ទាំងយប់ទាំងថ្ងៃដោយគាត់មិនបានដឹងពីសុខទុក្ខកូនៗ។ ក្នុងរបបខ្មែរក្រហមក្មេងតូចៗ ត្រូវបានមើលថែដោយចាស់ៗនៅកងកុមារ និងត្រូវបំបែកឲ្យរស់នៅផ្សេងពីឪពុកម្តាយ។ កុមារជាទូទៅមិនទទួលបានការអប់រំគ្រប់គ្រាន់ទេ កុមារត្រូវបានប្រើឲ្យធ្វើការងារផ្សេងៗដូចជា ដើររើសគួរស្រូវតាមវាលស្រែ និងប្រមូលអាចម៍គោធ្វើជីដាក់ស្រែ។
ចំណែករបបអាហារវិញ អឿន ឲ្យដឹងថាពេលខ្មែរក្រហមកាន់អំណាចដំបូងមានគ្រប់គ្រាន់។ ក្រោយមកអាហារត្រូវបានកាត់បន្ថយ និងបានប្តូរពីហូបបាយមកបបរ ហើយប្រជាជនម្នាក់ៗទទួលបានរបបអាហារតិចទៅៗ។ រីឯដំណាំ ផ្លែឈើ ដែលពីមុនប្រជាជនអាចបេះហូបបានក៏ត្រូវប្រមូល យកទៅទុកក្នុងសហករណ៍សម្រាប់ហូបរួម។ អឿន ក៏បានឃើញសកម្មភាពដែលខ្មែរក្រហមបំផ្លាញវត្តអារាម វាយកម្ទេចព្រះពុទ្ធបដិមាករ និងការចាប់ផ្សឹកព្រះសង្ឃ និងគេបានប្រែក្លាយទីធ្លាវត្តអារាមឲ្យទៅជាកន្លែងចិញ្ចឹមសត្វ និងកន្លែងស្តុកស្រូវអង្ករ។ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ អឿន បានត្រទ្បប់មករស់នៅស្រុកកំណើតវិញ ប៉ុន្តែផ្ទះដែលគាត់ធ្លាប់រស់នៅត្រូវបានរុះរើ គាត់ក៏បានធ្វើខ្ទមស្នាក់នៅ។
ទោះបីជាពេលវេលាកន្លងផុតទៅជាង ៤០ឆ្នាំហើយ ក៏ដោយគាត់នៅតែមានអារម្មណ៍ដិតដាមនូវទុក្ខវេទនា ដែលធ្លាប់បានឆ្លងកាត់ ជាពិសេសការបាត់បង់សមាជិកគ្រួសារ។
សម្ភាសន៍ដោយ កើត សុរចនា ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ អេង សុខម៉េង