អ្នកទោសនៅមន្ទីរឃុំឃាំងព្រៃតាតែ

មន្ទីរឃុំឃាំងព្រៃតាតែ សិ្ថតនៅក្នុងភូមិជ្រុងពពេល ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង ដែលគ្រប់គ្រងដោយចលនាកម្លាំងខ្មែរក្រហមពីឆ្នាំ១៩៧១ និងអំឡុងរបបកម្ពុជាប្រជាធិបតេយ្យពីថ្ងៃទី១៧មេសា ឆ្នាំ១៩៧៥ រហូតដល់ថ្ងៃទី៦មករា ឆ្នាំ១៩៧៩។ នាង សាលឹម ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ធ្លាប់ជាប់នៅមន្ទីរឃុំឃាំងនេះរយៈពេលបីខែ ដោយការចោទប្រកាន់ថាបានលួចគោ ក្របីរបស់ប្រជាជនយកទៅលក់ឲ្យឈ្មួញជនជាតិវៀតណាម។
នាង សាលឹម ភេទប្រុស កើតនៅឆ្នាំ១៩៤២[1]។ សាលឹម មានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិត្រពាំងរុន ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។ គាត់បានរៀបការប្រពន្ធនៅអាយុ១៩ឆ្នាំ ជាមួយនារីក្នុងភូមិឈ្មោះ អ៊ុង យឿង បច្ចុប្បន្នគាត់មានកូនចំនួន៥នាក់ (ស្រី៣នាក់)។ ឪពុកឈ្មោះ នាង ង៉ូយ (ស្លាប់ដោយសារការអត់អាហារក្នុងរបបខ្មែរក្រហម) និងម្តាយឈ្មោះ ឡោ ថូង (ស្លាប់នៅឆ្នាំ១៩៨១)។ សាលឹម ជាកូនទី២ក្នុងគ្រួសារដែលមានបងប្អូនចំនួន៦នាក់ (ស្រី២នាក់)។ គាត់ឈប់រៀនត្រឹមថ្នាក់ទី៧ (សង្គមចាស់) ដោយសារតែប្រទេសជាតិមានសង្រ្គាម។
នៅឆ្នាំ១៩៦៥ សាលឹម និងគ្រួសារ បានផ្លាស់ទីលំនៅពីភូមិត្រពាំងរុន ទៅរស់នៅ និងប្រកបរបរកិនស្រូវនៅផ្សារជីភូ ស្រុកស្វាយទាប។ នៅថ្ងៃទី១៨មីនា ឆ្នាំ១៩៧០ មានព្រឹត្តិការណ៍រដ្ឋប្រហាររបស់ឧត្តមសេនីយ៍ លន់ នល់ ទម្លាក់សម្តេចព្រះនរោត្តម សីហនុ នាំឲ្យប្រទេសជាតិធ្លាក់ក្នុងសភាពការណ៍ច្របូកច្របល់កើតមានបាតុកម្មតវ៉ាស្ទើរពេញផ្ទៃប្រទេស។ ដូច្នេះ សាលឹម និងគ្រួសារបានត្រលប់មកភូមិកំណើតវិញ និងរស់នៅជាមួយឪពុកម្តាយ។ នៅឆ្នាំ១៩៧១ ក្នុងភូមិត្រពាំងរុន ឃុំសង្កែ គ្រប់គ្រងដោយចលនាយោធាខ្មែរក្រហម ហើយចលនានេះបានប្រយុទ្ធគា្នជាមួយទាហាន លន់ នល់ ជារឿយៗ។ ក្រៅពីនេះក៏មានយន្តហោះអាមេរិកាំងប្រភេទ B-52 បានហោះមកទម្លាក់គ្រាប់បែកដើម្បីសម្លាប់កងទ័ពយៀកកុងដែលបានលាក់ខ្លួនតាមព្រំដែនកម្ពុជា-វៀតណាម។ សាលឹម និយាយថា “រថក្រោះកងទ័ពយៀកកុងបរទៅដល់ភូមិណាតែងធ្វើឲ្យស្លាប់ជីវិតមនុស្ស សត្វនិងបំផ្លាញទ្រព្យសម្បត្តិអស់យ៉ាងច្រើន។ ទាំងថ្ងៃទាំងយប់ប្រជាជនត្រូវរស់នៅដោយក្តីភ័យខ្លាច”។
នៅគ្រានោះប្រជាជនដែលរស់នៅក្រោមការគ្រប់គ្រងដោយយោធាចលនាខ្មែរក្រហម អាចប្រកបរបរ និងធ្វើស្រែចម្ការតាមលទ្ធភាពគ្រួសាររៀងៗខ្លួន ហើយតម្រូវផ្គត់ផ្គង់ស្រូវអង្ករទៅយោធាខ្មែរក្រហមដោយយោធាទាំងនោះយកហេតុផលថាបានបូជាអាយុជីវិតដើម្បីការពារសុខសុវត្ថិភាពប្រជាជន។ ទាហាន លន់ នល់ និងយោធាចលនាខ្មែរក្រហម តែងតែប្រយុទ្ធគ្នាដើម្បីដណ្តើមកាន់កាប់ទីតាំងរៀងៗខ្លួន។ កងទ័ពវៀតកុង(វៀតណាមខាងជើង) គាំទ្រយោធាចលនាខ្មែរក្រហម និង កងទ័ពធាវគី(វៀតណាមខាងត្បូង) គាំទ្រទាហាន លន់ នល់។ ឪពុកម្តាយរបស់ សាលឹម ធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិត ចំណែក សាលឹម ប្រកបរបរទិញគោក្របីប្រជាជនយកទៅលក់ឲ្យឈ្មួយនៅព្រំដែនប្រទេសវៀតណាម។
នៅដើមឆ្នាំ១៩៧៥ កងឈ្លបចលនាខ្មែរក្រហមក្មេងៗប្រដាប់ដោយអាវុធចំនួន៣នាក់ ចុះមកចាប់ខ្លួន សាលឹម ដោយចោទប្រកាន់ថាបានលួចគោក្របីប្រជាជន។ កងឈ្លប បានយកខ្សែចងក្រពាត់ដៃគាត់ទៅក្រោយ, យកក្រមារុំមុខ និងដឹកតាមកងពីភូមិត្រពាំងរុនយកទៅឃុំ នៅមន្ទីរឃុំឃាំង«តាតែ»[2]។ ពេលទៅដល់មន្ទីរឃុំឃាំងតាតែ សាលឹម ត្រូវបានឆ្មាំសួរចម្លើយ “តើឯងលួចគោក្របីហ្នឹងមានគ្នាទាំងអស់ប៉ុន្មាននាក់? ឯងលួចបានប៉ុន្មានដង? ឯងលួចនៅកន្លែងណាខ្លះ?” សាលឹម បានផ្តល់ចម្លើយថា “ខ្ញុំបានដើរទិញគោក្របីប្រជាជនហើយប្រជាជនស្ម័គ្រចិត្តលក់ឲ្យខ្ញុំដោយដូរជាមួយមាស បន្ទាប់មកខ្ញុំដឹកគោក្របីទៅលក់ឲ្យឈ្មួញវៀតណាមនៅព្រំដែន ”។ គាត់បានផ្តល់ចម្លើយនេះដដែលៗជាច្រើនថ្ងៃប៉ុន្តែឆ្មាំមិនជឿ និងបានធ្វើទារុណកម្មលើ សាលឹម ដោយទាត់ធាក់, វាយនឹងគល់ឫស្សី៥ដងក្នុង១ថ្ងៃ និងបង្អត់ទឹក បង្អត់អាហារ។ ដោយមិនអាចទ្រំានឹងសេចក្តីស្រេកឃ្លាន និងការធ្វើទារុណកម្មបាន សាលឹម បានផ្តល់ចម្លើយ ចម្លើយដែលឆ្មាំចង់បាន “ខ្ញុំបានលួចគោក្របីមែន។ ខ្ញុំលួចនៅភូមិតាប៉ោង, នៅវត្តសង្កែ និងនៅភូមិគោកក្រម៉។ អ្នកលួចគោក្របីមានគ្នា៣នាក់ ឈ្មោះថេង, អ៊ាំង និងអ៊ុំ ”។ បន្ទាប់ពីផ្តល់ចម្លើយឆ្មាំបានទៅចាប់អ្នកទាំង៣មកឃុំនៅមន្ទីរឃុំឃាំងជាមួយ សាលឹម។ សាលឹម និងអ្នកទោសទាំង៣នាក់ត្រូវរស់នៅដោយរុំមុខ, គ្មានទឹក និងអាហារបរិភោគគ្រប់គ្រាន់។ រយៈពេលប្រហែល១ខែ ទើបឆ្មាំអនុញ្ញាតឲ្យចេញមកក្រៅធ្វើការជាមួយអ្នកទោសផ្សេងទៀតប្រមាណ១០នាក់ ប៉ុន្តែដាក់ខ្នោះជើង។ ការងាររបស់ សាលឹម និងអ្នកទោស គឺត្រូវខួងអណ្តូងជម្រៅប្រហែល ១០០ម៉ែត្រដើម្បីយកទឹកប្រើប្រាស់ក្នុងមន្ទីរឃុំឃាំង។ សាលឹម និយាយបន្តថា៖ “ខ្ញុំ និងអ្នកទោសទាំងអស់គ្មានកម្លាំងក្នុងខ្លួនទេ ប៉ុន្តែមានសំណាងអាចខួងអណ្តូងចេញទឹកឲ្យឆ្មាំប្រើទើបមានជីវិតរស់ដល់សព្វថ្ងៃ ”។
សាលឹម បានរៀបរាប់ពីស្ថានភាពក្នុងមន្ទីរឃុំឃាំងថា មួយថ្ងៃឆ្មាំយាមអនុញ្ញាតឲ្យទៅបន្ទប់ទឹកតែម្តងគត់។ ក្នុងមន្ទីរឃុំឃាំងមានសភាពកខ្វក់, ខ្វះខាតទឹក, អាហារជាខ្លាំង និងអ្នកទោសត្រូវដេកដោយជាប់ខ្នោះជើង និងដៃជារៀងរាល់យប់។ សម្លៀកបំពាក់ និងស្បែករបស់អ្នកទោសកើតមានចៃ និងសង្កើច ហើយបរិវេណមន្ទីរឃុំឃាំងសម្បូរទៅដោយមូស និងសត្វល្អិត។ នៅមន្ទីរឃុំឃាំងតាតែ សាលឹម បានដឹងថាមានប្រធានគ្រប់គ្រងឈ្មោះ សារ៉េត, និងឆ្មាំយាមពីរនាក់ឈ្មោះយក្ស(ស្លាប់) និង ឈ្មោះឈុំ[3]។ ក្រោយជាប់មន្ទីរឃុំឃាំងប្រហែលបីខែ សាលឹម និងអ្នកទាំង៣ ដែលចោទប្រកាន់ថាបានលួចគោក្របីត្រូវបានដោះលែងឲ្យមានសិទ្ធិសេរីភាពឡើងវិញ និងធ្វើកិច្ចសន្យាជាមួយប្រធានមន្ទីរឃុំឃាំងថា “ឈប់ប្រព្រឹត្តិកំហុសម្តងទៀត និងយល់ព្រមកែខ្លួន ”។
នៅថ្ងៃទី១៧មេសា ឆ្នាំ១៩៧៥ របបខ្មែរក្រហមបានចូលកាន់កាប់អំណាចនៅទូទាំងប្រទេស។ នៅភូមិត្រពាំងរុន គ្រួសាររបស់សាលឹម និងប្រជាជនទាំងអស់ខ្មែរក្រហមតម្រូវឲ្យរស់នៅរួម, ធ្វើការរួម និងហូបអាហាររួមនៅក្នុងសហករណ៍។ ខ្មែរក្រហមបានបែងចែកជាកងជាក្រុមផ្សេងៗដូចជា៖ កងចល័តបុរស, កងចល័តនារី, កងចល័តវ័យកណ្តាល, កងវ័យចាស់ និងកងកុមារ ជាដើម។ សាលឹម ស្ថិតនៅក្នុងកងចល័តបុរសដែលជាក្រុមស្នូលរបស់សហករណ៍ត្រូវទៅធ្វើស្រែ, ភ្ជួររាស់, លើកទំនប់ និងជីកប្រឡាយឆ្ងាយពីភូមិ។ ម៉ោងធ្វើការឈ្លបខ្មែរក្រហមកំណត់ ពីម៉ោង៧ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ និងម៉ោង១រសៀល ដល់ម៉ោង៥ល្ងាច។ អាហារត្រូវហូបនៅផ្ទះបាយរួមគ្នាពេលថ្ងៃត្រង់ និងពេលល្ងាច ហើយម្នាក់ៗទទួលបានបបរមួយកូនចានកណ្តឹង[4]។ ការងាររបស់សាលឹម និងយុវជន៥នាក់ ត្រូវកំណត់ភ្ជួរដីស្រែទំហំ១ហិកតា ហើយដើម្បីសម្រេចផែនការនេះគាត់ និងយុវជនត្រូវងើបទៅភ្ជួរនៅម៉ោង៥ទៀបភ្លឺ និងឈប់សម្រាកនៅម៉ោង៧ល្ងាច។ នៅសហករណ៍ត្រពាំងរុន សាលឹម ធ្លាប់ឃើញកងឈ្លបខ្មែរក្រហមចងបណ្តើរប្រជាជនយកទៅសម្លាប់នៅតំបន់តាតែ ជិតមន្ទីរឃុំឃាំងគាត់ធ្លាប់ជាប់ឃុំ។ សាលឹម ក៏ឃើញខ្មែរក្រហមសម្លាប់ប្រជាជនជម្លៀសមកពីភ្នំពេញចំនួន៣គ្រួសារ បន្ទាប់ពីធ្វើប្រវត្តិសាវតារពីរបបមុនរួច។
នៅឆ្នាំ១៩៧៨ ខ្មែរក្រហមជម្លៀសគ្រួសាររបស់សាលឹម និងប្រជាជនមួយចំនួន ទៅខេត្តនៅភូមិភាគពាយ័ព្យ។ ពេលនោះ សាលឹម ឃើញកម្មាភិបាលភូមិភាគនិរតីចូលមកគ្រប់គ្រងសហករណ៍ត្រពាំងរុន និងចាប់ឃុំខ្លួនប្រធានសហករណ៍, គណៈឃុំ, គណៈស្រុក និងប្រធានមន្ទីរសន្តិសុខ[5]។ គ្រួសាររបស់សាលឹម និងប្រជាជន បានធ្វើដំណើរដោយថ្មើរជើងរយៈពេល១សប្តាហ៍ទើបដល់ ឃុំដូនស ស្រុកស្វាយជ្រំ ហើយខ្មែរក្រហមឲ្យសម្រាកមួយរយៈ។ បន្ទាប់មកធ្វើដំណើរតាមផ្លូវជាតិលេខ១ ដល់កំពង់ចម្លងអ្នកលឿងជិះស្រឡាងទៅភ្នំពេញ។ អំឡុងពេលធ្វើដំណើរពីអ្នកលឿង សាលឹម ឃើញស្រឡាងមួយលិចប្រជាជនដែលជម្លៀសមកជាមួយគាត់មួយចំនួនបានស្លាប់។ នៅភ្នំពេញគ្រួសារបស់សាលឹម និងប្រជាជន ស្នាក់នៅម្តុំផ្សារថ្មី ហើយខ្មែរក្រហមចែកខោអាវ និងក្រមាពណ៌សខ្មៅ ព្រមទាំងស្បៀងអាហារមួយចំនួនឲ្យធ្វើដំណើរបន្តតាមរថភ្លើងទៅខេត្តបាត់ដំបង។
នៅខែកញ្ញា ឆ្នាំ១៩៧៨ គ្រួសាររបស់សាលឹម និងប្រជាជនមួយចំនួនបានធ្វើដំណើរតាមរថភ្លើងដល់ស្ថានីយមោងឫស្សី។ គ្រួសាររបស់សាលឹម និងប្រជាជនជម្លៀសប្រហែល៣០នាក់ ខ្មែរក្រហមដឹកជញ្ជូនឲ្យទៅរស់នៅ និងធ្វើការនៅក្នុងវត្តមោងឫស្សី។ នៅវត្តមោងឫស្សីប្រធានសហករណ៍ឈ្មោះ តាប៉ក និងអនុប្រធានឈ្មោះ តាប៉េង បានបែងចែកការងារឲ្យប្រជាជនធ្វើ ការងារមានដូចជា៖ ច្រូតស្រូវ, បុកស្រូវ, លើកទំនប់, ជីកប្រឡាយ និងទៅបេះផ្លែក្រូចជាដើម។ តាប៉ក និងតាប៉េង ជាអ្នកគ្រប់គ្រងសហករណ៍មានចិត្តសាហាវឃោរឃៅបានសម្លាប់ប្រជាជនយ៉ាងច្រើនដោយចោទប្រកាន់ពីមូលហេតុផ្សេងៗសូម្បីតែគ្រួសាររបស់សាលឹម ក៏មានឈ្មោះត្រូវយកទៅសម្លាប់ដែរ ប៉ុន្តែទុកឲ្យធ្វើការសិន។ នៅកន្លែង សាលឹម រស់នៅរបបអាហារខ្វះខាតខ្លាំងជាងនៅខេត្តស្វាយរៀង។ គ្រួសាររបស់សាលឹម ទទួលរងទុក្ខលំបាកប្រហែលបីខែ របបខ្មែរក្រហមក៏ដួលរលំ។ គ្រួសាររបស់សាលឹម បានធ្វើដំណើរមករស់នៅស្រុកកំណើតវិញហើយផ្ទះរបស់សាលឹម ត្រូវបានបំផ្លាញអស់។ នៅឆ្នាំ១៩៨០ រហូតដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ពេលផ្តល់បទសម្ភាស សាលឹម គឺជាមេភូមិត្រពាំងរុន៕
អត្ថបទដោយ អេង សុខម៉េង
[1] ឯកសារលេខSVI00៨៨ (២០១៨). សម្ភាសន៍ជាមួយឈ្មោះ នាង សាលឹម រស់នៅភូមិត្រពាំងរុន ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង, ចំនួន៦៦ទំព័រ, នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨, មជ្ឈមណ្ឌលឯកសារកម្ពុជា។
[2] មន្ទីរឃុំឃាំងព្រៃតាតែ សិ្ថតនៅក្នុងភូមិជ្រុងពពេល ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង ហើយបានបង្កើតឡើងតាំងពីឆ្នាំ១៩៧១ ដោយយោធាចលនាខ្មែរក្រហម ដើម្បីឃុំឃាំងប្រជាជនដែលខ្មែរក្រហមចោទប្រកាន់ថាមានទោស។ មន្ទីរឃុំឃាំងនេះបន្តដំណើរការក្នុង របបខ្មែរក្រហមពីថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ រហូតដល់ថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។
[3] ឈុំ គឺជាមិត្តជិតស្និទ្ធរបស់ សាលឹម។ ឈុំ តែងតែមកទិញអង្ករពេល សាលឹម កិនស្រូវនៅជិតជីភូ។ ឈុំ បានជំពាក់ប្រាក់ថ្លៃអង្ករ សាលឹម យ៉ាងច្រើន ប៉ុន្តែនៅក្នុងមន្ទីរឃុំឃាំងតាតែ ឈុំ ធ្វើមិនស្គាល់ សាលឹម។
[4] ប្រភេទចានដែលប្រើនៅក្នុងរបបខ្មែរក្រហម។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅខេត្តស្វាយរៀងបញ្ជាក់ថា ចាននេះជាប្រភេទចានទំហំប៉ុនចានចង្កឹះនាសម័យបច្ចុប្បន្ន។
[5] ឯកសារលេខSVI00៨៨ (២០១៨). សម្ភាសន៍ជាមួយឈ្មោះ នាង សាលឹម រស់នៅភូមិត្រពាំងរុន ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង, ចំនួន៦៦ទំព័រ, នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨, មជ្ឈមណ្ឌលឯកសារកម្ពុជា, ទំព័រទី៥១។