ពេទ្យបដិវត្តន៍

នៅឆ្នាំ១៩៧៤ ណេន បានស្ម័គ្រចិត្តចូលរួមជាមួយបដិវត្តន៍ខ្មែរក្រហម និងត្រូវជ្រើសរើសឲ្យទៅរៀនវិជ្ជាពេទ្យរយៈពេលខ្លី ដើម្បីព្យាបាលយោធារបួសក្នុងសមរភូមិប្រយុទ្ធរវាងយោធាបដិវត្តន៍ខ្មែរក្រហម ជាមួយនឹង​ទាហានរបប លន់ នល់។ ខាងក្រោមនេះជារឿងរ៉ាវរបស់ ណេន ដែលជាជនបដិវត្តន៍ខ្មែរក្រហម៖

នូ សុវណ្ណា ឬ សុវ៉ាន់ណ្ណា ហៅណេន ជាកសិករ មានអាយុ៤៨ឆ្នាំ (ឆ្នាំ២០០៦) រស់នៅភូមិកំពង់ដរ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្ដក្រចេះ។[1] ណេន មានឪពុកឈ្មោះ នូ ណែប (ជាអភិបាលស្រុកព្រែកប្រសព្វ នាឆ្នាំ១៩៥៥) ម្ដាយឈ្មោះ ងួន លាន និងមានបងប្អូន៩នាក់ រួមមាន៖ ទី១- នូ អ៊ាន​ឡេង, ទី២- នូ សារិទ្ធ, ទី៣- នូ វ៉ារី, ទី៤- នូ វ៉ារិន, ទី៥- នូ  វ៉ារេន, ទី៦- នូ សុម៉ាលី, ទី៧- នូ សុវណ្ណា ឬ សុវ៉ាន់ណ្ណា ហៅណេន, ទី៨- នូ ចន្ទប៉ូរា និង ទី៩- នូ ពេជិន្ដា។ ណេន បានរៀបការជាមួយប្តីឈ្មោះ វណ្ណ ឆេន និងមានកូនចំនួន៦នាក់។

កាលពីវ័យកុមារ ណេន រៀនបានត្រឹមថ្នាក់ទី៩ (សង្គមចាស់) នៅសាលាបឋមសិក្សាដីដុះ ស្ថិតនៅស្រុកកំណើត។ នៅឆ្នាំ១៩៧០ ឧត្តមសេនីយ៍ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សមេ្ដចព្រះនរោត្តមសីហនុ ពីតំណែង បានបណ្តាលឲ្យប្រទេសជាតិធ្លាក់ចូលភ្នក់ភ្លើងមានសង្គ្រាម, ការធ្វើបាតុកម្ម, ការបិទសាលារៀន និងបញ្ហាជាច្រើនទៀត។ នៅស្រុកព្រែកប្រសព្វ មានកម្លាំងបដិវត្តន៍ខែ្មរក្រហមចូលមកគ្រប់គ្រង ជាហេតុនាំឲ្យមានការប្រយុទ្ធគ្នា ជាញឹកញាប់រវាងទាហាន លន់ នល់ ជាមួយនឹងកងកម្លាំងបដិវត្តន៍ខ្មែរក្រហម ដើម្បី​ដណ្តើម​កាន់កាប់ទីតាំងរៀងៗខ្លួន។ នៅពេលនោះ ណេន ឃើញមានយន្តហោះមកទម្លាក់គ្រាប់ និងបាញ់គ្រាប់​​រ៉ុក្កែតដើម្បីសម្លាប់យោធាបដិវត្តន៍ ប៉ុន្តែទោះបីជាយ៉ាងណាគ្រាប់បែកបានសម្លាប់ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ផ្ទះសម្បែងរបស់ប្រជាជនទៅវិញ។  ប្រជាជនរស់នៅមានក្តីឈឺចាប់ ការភ័យខ្លាច មិនអាចចេញទៅប្រកបរបររកស៊ី និងធ្វើស្រែចម្ការបាន ហើយនៅក្នុងភូមិចាប់ផ្តើមមានចលនាស្អប់របប លន់ នល់។ ប្រជាជនជាពិសេស យុវជន-យុវនារី កាន់តែច្រើនឡើងៗបានចាកចេញពីផ្ទះសម្បែងដើម្បីទៅចូលរួមជាមួយចលនាតស៊ូខ្មែរក្រហម តាមរយៈការអូសទាញរបស់អាជា្ញធរ។

នៅថ្ងៃទី៧ ខែមេសា ឆ្នាំ១៩៧៤ ណេន និងយុវជន-យុវនារីផ្សេងទៀត បានស្ម័គ្រចិត្ដចូលរួមជាមួយនឹង​ចលនាបដិវត្តន៍ខែ្មរក្រហម តាមរយៈបងរឹម និងបងណាត ដែលជាគណៈសង្កាត់បានផ្សព្វផ្សាយថា ការចូលរួមធ្វើបដិវត្តន៍គឺដើម្បីរួមចំណែករំដោះប្រទេសជាតិពីសង្រ្គាម និងការទម្លាក់គ្រាប់បែក​។​[2]

នៅពេល ណេន ចូលបដិវត្តន៍ដំបូង អង្គការបានជ្រើសរើសឲ្យទៅរៀនវិជ្ជាពេទ្យរយៈពេលខ្លី ជាមួយអង្គភាពពេទ្យទ័ពស្រុកព្រែកប្រសព្វ ដែលមានប្រធានពេទ្យឈ្មោះចិត្រ។ ពេទ្យចិត្រ បានបង្រៀន ណេន ពីរបៀបរំរបួស, លាងរបួស, ចាក់ថ្នាំ និងរៀនពីយុទ្ធ​សាស្រ្តទ័ពដូចជា៖ រត់, លូន, លោត, ក្រាប និងការប្រើប្រាស់កាំភ្លើង។ អង្គការក៏បានអប់រំនយោបាយដល់ ណេន ឲ្យស្អប់វណ្ណៈនាយទុនដែលជិះជាន់​​វណ្ណៈកម្មករ និងកសិករ ហើយអង្គការបានអប់រំឲ្យស្រឡាញ់កម្មសិទ្ធិសមូហភាព និងយល់ថារាល់ទ្រព្យសម្បត្តិ, សម្ភារ, ដំណាំ, បន្លែបង្ការ, ស្រូវ… ជាដើម សុទ្ធសឹងជារបស់អង្គការ។

បន្ទាប់ពីរៀនជំនាញពេទ្យរួចអង្គការបានចាត់តាំង ណេន ឲ្យទៅប្រចាំការដើម្បីព្យាបាលយោធារបួសក្នុងសង្គ្រាមប្រយុទ្ធជាមួយនឹងទាហាន លន់ នល់​ នៅតំបន់ឡឥដ្ឋ។ កាលនោះ ណេន ឃើញយោធាជាច្រើនបានស្លាប់ដោយសារតែរបួសធ្ងន់ធ្ងរ ខ្វះខាតថ្នាំ និងខ្វះបចេ្ចកទេសព្យាបាល។ នៅចុងឆ្នាំ១៩៧៤ ណេន បានផ្លាស់ទៅព្យាបាលយោធារបួសនៅសមរភូមិជួរមុខតំបន់បាធាយ, ភ្នំបាសិត, បន្ទាយ​លង្វែក, ពៃ្រទទឹង, ចេនឡា និងព្រែកក្ដាម។ ណេន ធ្វើជាពេទ្យប្រចាំនៅវរសេនាតូច៦០២ ដែលមាន​ប្រធាន​ឈ្មោះហ៊ាង នៃកងពល៣១០ ដែលមានប្រធានឈ្មោះ អឿន ហើយក្រៅពីការងារព្យាបាលយោធារបួស ណេន ក៏ត្រូវសែងសាកសពទៅកប់ផងដែរ។ ណេន សង្កេតឃើញថាទម្រាំតែខ្មែរក្រហមទទួលបានជ័យជម្នះលើរបប លន់ នល់ គឺយោធាខ្មែរក្រហមជាច្រើននាក់ត្រូវពលីជីវិត។

នៅថៃ្ងទី១៧ ខែមេសា ឆ្នាំ១៩៧៥ របបខែ្មរក្រហមបានឡើងកាន់អំណាច និងបានបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលក្នុងប្រទេស។ ណេន បានធ្វើដំណើរចូលទីក្រុងភ្នំពេញជាមួយយោធាខ្មែរក្រហមពីគ្រប់ទិសទី។ នៅតំបន់វត្តភ្នំ ក្រុងភ្នំពេញ ណេន បានឮសំឡេងប្រកាសរបស់អង្គការឲ្យប្រជាជនចាកចេញពីផ្ទះសម្បែង ដោយយកលេសថាយន្តហោះសហរដ្ឋអាមេរិកនឹងមកទម្លាក់គ្រាប់បែក ហើយអង្គការក៏បានឃោសនាស្វែងរកអតីតមន្រ្តីរាជការរបប លន់ នល់ ដោយអង្គការប្រើល្បិចថានឹងឲ្យអ្នកទាំងនោះនៅធ្វើការងារតាមក្រសួង-មន្ទីរ។ បន្ទាប់មកអតីតមន្រ្តីរាជការរបប លន់ នល់ បានប្រាប់ឈ្មោះ និងតួនាទី ហើយប្រជាជនមួយចំនួនក៏បានកុហកខ្មែរក្រហមថាធ្លាប់ធ្វើជាមន្រ្តីរាជការផងដែរ។ យោធាខែ្មរក្រហមបាននាំអ្នករាយការណ៍ទាំងនោះ ឡើងឡានយកទៅសម្លាប់នៅតំបន់ស្ទឹងកំបុត និងតំបន់ព្រែកព្នៅ។ ចំណែក​ប្រជាជនរស់នៅភ្នំពេញបានចាកចេញពីផ្ទះសម្បែងអស់ បើទោះបីជាមិនជឿលើការឃោសនារបស់ខ្មែរក្រហមក៏ដោយ។ រយៈពេល៣ថ្ងៃក្រោយមក ណេន ឃើញទិដ្ឋភាពនៅទីក្រុងភ្នំពេញក្លាយជាទីក្រុងស្ងាត់ជ្រងំ។ បន្ទាប់ពីការជម្លៀសបានបញ្ចប់ទីក្រុងភ្នំពេញបានក្លាយជា “ទីក្រុងខ្មោច” ដែលមានមនុស្សរស់នៅប្រហែលបួនម៉ឺននាក់ប៉ុណ្ណោះ។ អ្នកដែលបន្តស្ថិតនៅទីក្រុង គឺសុទ្ធតែជាកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហម, កងទ័ព និងកម្មកររោងចក្រ។[3]

នៅឆ្នាំ១៩៧៦ អង្គការបានបញ្ជូន ណេន និងយោធាមួយចំនួនឲ្យទៅរស់នៅជាយក្រុងភ្នំពេញ និងប្រើឲ្យធ្វើស្រែ, ជីកប្រឡាយ និងលើកទំនប់។ ពេលនោះ ណេន ទទួលរងទុក្ខលំបាក ដោយសារត្រូវធ្វើការងារគ្មានពេលសម្រាក និងខ្វះអាហារហូបចុក។ នៅចុងឆ្នាំ១៩៧៦ អង្គការបានចោទប្រកាន់ អឿន ប្រធានកងពល ថាក្បត់របបខ្មែរក្រហម ហើយថ្នាក់ដឹកនាំកងពលស្ទើរតែទាំងអស់បានជាប់ពាក់ព័ន្ធ។ នៅឆ្នាំ១៩៧៧ អង្គការមជ្ឈិមបានចាប់ខ្លួន អឿន ហើយថ្នាក់ដឹកនាំកងពល និងកងទ័ព បានបាត់ខ្លួនដោយគ្មានមូលហេតុ និងត្រូវផ្លាស់ប្តូរទី​​កន្លែងធ្វើការ។ អង្គការបានផ្លាស់ប្តូរ ណេន ទៅកងពល៥០២ ទីតាំងនៅពោធិ៍ចិនតុង គ្រប់គ្រងដោយឈ្មោះតាម៉េត។ ការងាររបស់ណេន គឺកាត់ដេរសម្លៀកបំពាក់កងទ័ព និងព្យាបាលជំងឺកងទ័ព។ នៅកងពល៥០២ ណេន ទទួលបានអាហារហូបគ្រប់គ្រាន់​។ ណេន បន្តធ្វើការនៅកងពល៥០២ រហូតដល់របបខ្មែរក្រហមដួលរលំ ដោយសារតែរណសិរ្សសង្គ្រោះជាតិ​កម្ពុជា សហការជាមួយកងទ័ពវៀតណាម។ នៅពេលនោះ ណេន និងយោធាខ្មែរក្រហមបានរត់ចេញពីទីក្រុងភ្នំពេញ ទៅដល់ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ណេន បន្តរស់នៅស្ថិតក្រោមការគ្រប់គ្រងរបស់តាម៉ុក និងបានធ្វើសង្គ្រាមជាមួយកងទ័ពរដ្ឋាភិបាលនៅតាមតំបន់ព្រំដែន ហើយគាត់បានត្រលប់មករស់នៅស្រុកកំណើតវិញ បន្ទាប់ពីខ្មែរក្រហមបានធ្វើ​សមាហរណកម្មជាមួយនឹងរដ្ឋាភិបាល៕

—x—

[1] ឯកសារKRI0031, ឡុង ដានី និង សុខ វណ្ណៈ សម្ភាសន៍ជាមួយ នូ សុវណ្ណា ហៅ ណេន នៅភូមិកំពង់ដរ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ, ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០០៦។

[2] ឯកសារប្រវត្តិរូបសង្ខេបមហាជននៅលីវ I02190 របស់ នូ សុវ៉ាន់ណ្ណា ហៅណេន ជាយុទ្ធនារីក្នុងអនុសេនាធំទី១, វរសេនាតូចទី៣១៣, វរសេនាធំ នៃកងពលទី៣១០។ ណេន បានបងប្អូន៩នាក់ (ចូលបដិវត្តន៍បីនាក់ និងនៅសហករណ៍៦នាក់​)។

[3] សៀវភៅ «ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)» មជ្ឈមណ្ឌលឯកសារកម្ពុជា២០២០ បោះពុម្ភលើកទី២, ទំព័រ១៥។


អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin