គណៈប្រតិភូនេប៉ាល់ ទស្សនកិច្ចព្រះរាជបណ្ណាល័យហ្លួងម៉ែនៃមជ្ឈមណ្ឌលឯកសារកម្ពុជា

គណៈប្រតិភូនៃប្រទេសនេប៉ាល់ចំនួន១៦នាក់ អញ្ជើញមកទស្សនកិច្ចនៅព្រះរាជបណ្ណាល័យហ្លួងម៉ែ និងទីស្នាក់ការកណ្ដាលមជ្ឈមណ្ឌលឯកសារកម្ពុជា នៅម៉ោង៩ និង៣០នាទី ព្រឹក ក្នុងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។ គោលបំណងនៃដំណើរទស្សនកិច្ចខាងលើ គឺដើម្បីធ្វើការស្វែងយល់បន្ថែមអំពីរឿងរ៉ាវក្នុងប្រវត្តិសាស្រ្តនៃរបបខ្មែរក្រហម វិធីសាស្រ្តក្នុងការដោះស្រាយបញ្ហាជម្លោះពីអតីតកាល និងរៀនសូត្រពីបទពិសោធន៍ប្រទេសកម្ពុជាដែលធ្លាប់ឆ្លងកាត់ជម្លោះ និងដោះស្រាយបញ្ហាជម្លោះដ៏ស្មុគស្មាញទៅជាការស្វែងរកយុត្តិធម៌តាមរយៈតុលាការ ការផ្សះផ្សាផ្លូវចិត្តរបស់ជនរងគ្រោះនៃរបបខ្មែរក្រហម និងជាចុងក្រោយគឺតួនាទីរបស់ជម្ឈមណ្ឌលឯកសារកម្ពុជាក្នុងកិច្ចការការងារ ការថែរក្សាការចងចាំអំពីរឿងរ៉ាវក្នុងប្រវត្តិ​សាស្រ្តខ្មែរក្រហម ដើម្បីកុំឱ្យមានអំពីប្រល័យពូជសាសន៍កើតឡើងសារជាថ្មី។

ជាកិច្ចស្វាគមន៍នៃដំណើរទស្សនកិច្ចគឺអ្នកស្រី សូ ហ្វារីណា នាយករងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានលើកអំពីព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលមានតួនាទីសំខាន់ក្នុងការថែរក្សាឯកសារប្រវត្តិសាស្រ្ត ដែលជាប្រភពព័ត៌មានដើមក្នុងអតីតកាល ដែលត្រូវបានសិក្សាស្រាវជ្រាវ ប្រមូលចងក្រង និងអភិរក្សទុកសម្រាប់មនុស្សជំនាន់ក្រោយសិក្សាស្វែងយល់ និងស្រាវជ្រាវបន្ថែម។ ឯកសារប្រវត្តិសាស្ត្រ ជាអាទិ៍រួមមាន៖ ព្រឹត្តិការណ៍ ពេលវេលា ទីតាំងភូមិសាស្រ្ត របាយការណ៍ ឯកសារស្រាវជ្រាវ និងបទវិភាគ ឯកសារអន្តរទំនាក់ទំនង ឯកសាររូបថត ភាពយន្ត សិល្បៈ វប្បធម៌ ​សាសនា ជំនឿ និង​ប្រពៃណីជាដើម។  នៅចន្លោះពីឆ្នាំ២០១៥ ដល់ ចុងឆ្នាំ២០១៩ មជ្ឈមណ្ឌលឯកសារកម្ពុជា បានទទួលឯកសារជាបន្តបន្ទាប់នូវបណ្តុំឯកសារក្រដាស ឯកសាររូបថត ចម្រៀង សៀវភៅចម្រុះ និងសម្ភារបណ្ណសារដ៏សន្ធឹកសន្ធាប់​ តាមរយៈឯកអគ្គរាជទូត បណ្ឌិត ហូលីយ៉ូ អេ. ហែលឌ្រេស ដែលជាប្រវត្តិវិទូអាស៊ីអាគ្នេយ៍នៅសកលវិទ្យាល័យម៉ូណាស់ក្នុងប្រទេសអូស្រ្តាលី។ គាត់ក៏ជាអ្នកនិពន្ធសៀវភៅ និងជាជំនួយការផ្ទាល់របស់ សម្តេចព្រះនរោត្តម សីហនុ ដែរ។

ការថែរក្សាឯកសារដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្នុងគោលបំណងដើម្បីពង្រឹងនិងពង្រីកបន្ថែមនូវការយល់ដឹង និងការអប់រំស្តីពីប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ និងវិធានការណ៍ទប់ស្កាត់អំពើប្រល័យពូជសាសន៍ ព្រមទាំងចូលរួមពង្រឹងនិងលើកកម្ពស់សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។ យុត្តិធម៌ ការចងចាំ ការផ្សះផ្សាផ្លូវចិត្ត និងការជំរុញលើកកម្ពស់បញ្ហាសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គឺជាការងារតម្រង់ទិសជាអត្ថិភាព តាមរយៈការប្រមូលចងក្រង និងអភិរក្សឯកសារភ័ស្តុតាងប្រវត្តិសាស្រ្តទាក់ទងនឹងអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានធ្ងន់ធ្ងរ ដែលមជ្ឈមណ្ឌលឯកសារកម្ពុជា បាននិងកំពុងអនុវត្តជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។

បន្ទាប់មកទៀតគណៈប្រតិភូបានធ្វើដំណើរទស្សនាបន្ទប់ពិព័រណ៍សូត្រចាម និងផ្ទាំងពិព័រណ៍ចំនួន១៦ផ្ទាំង ស្ដីអំពីកាលបរិច្ឆេទនៃដំណើរការអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដែលហៅកាត់ថា (អ វ ត ក) ទាក់ទងការកាត់ទោសមេដឹកនាំខ្មែរក្រហមកន្លងមក។ ផ្សាភ្ជាប់នឹងរឿងតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម មជ្ឈមណ្ឌលឯកសារកម្ពុជាបានផ្ដល់ឯកសារប្រហែលជាមួយលានសន្លឹក សម្រាប់ធ្វើជាភស្តុតាងក្នុងដំណើរការកាត់ទោស។ គណៈប្រតិភូក៏មានឱកាសជួបពិភាក្សា និងសួរសំណួរជាច្រើនទៅកាន់លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា។ សំណួរដែលត្រូវលើកមកពិភាក្សាគឺ តើបញ្ហាប្រឈមរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាមានអ្វីខ្លះ និងត្រូវដោះស្រាយដោយរបៀបណា? ជាការឆ្លើយតប លោកបាន ចែករំលែកអំពីសាវតារនៃការប្រមូលឯកសារដើម្បីយកមកធ្វើការបែងចែក និងរៀបចំឯកសារទៅតាមប្រភេទផ្សេងៗ។ រីឯបញ្ហាប្រឈមក្នុងដំណាក់កាលដំបូងគឺមានបីចំណុច៖ ១) បញ្ហានយោបាយ គឺមានបណ្ដាប្រទេសមួយចំនួនក៏មិនពេញចិត្តចំពោះកិច្ចការស្រាវជ្រាវ និងការជំរុញឱ្យមានតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម។ ហេតុនេះគោលការណ៍របស់មជ្ឈមណ្ឌលឯកសារកម្ពុជាគឺត្រូវមានភាពមុតស្រួច និងពង្រីងសមត្ដភាពរបស់ខ្លួនឱ្យកាន់តែច្បាស់លាស់ ក្នុងការជំនះលើរឿងនយោបាយ។ ២) បញ្ហាផ្នែកទំនាក់ទំនង ជាមួយស្ថាប័នផ្សេងៗ។ មជ្ឈមណ្ឌលឯកសារកម្ពុជា បានសហការគ្នាយ៉ាងល្អជាមួយអង្គការចិត្តសង្គម អន្តរវប្បធម៌កម្ពុជា (TPO) ដើម្បីផ្ដល់សេវាផ្នែកផ្លូវចិត្តដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ចំណែកអង្គភាព ឬស្ថាប័នផ្សេងៗទៀត ក៏មជ្ឈមណ្ឌលឯកសារកម្ពុជាក៏ធ្លាប់ចូលរួមសហការដែរ ក្នុងករណីមានការស្នើសុំ។  និង៣) បញ្ហាធនធានបុគ្គលិក អ្នកស្ម័គ្រចិត្ត គឺជាប្រភពដល់មានសារសំខាន់ សម្រាប់ជំរុញឱ្យគោលបំណងនៃការងារបានសម្រេច។ ជាចុងក្រោយនៃកិច្ចពិភាក្សាគឺជម្លោះរវាងកម្ពុជា-ថៃ ក្នុងនាមជាទីតាំងសិក្សាស្រាវជ្រាវលោក ឆាំង យុ បានបញ្ជាក់ជំហររបស់ខ្លួនថា មជ្ឈមណ្ឌលឯកសារកម្ពុជាបា​នដាក់កំណត់សម្គាល់លើឯកសារភស្តុតាងយ៉ាងជាក់លាក់ ដោយកំណត់យកត្រឹមពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

គួររំឭកដែរថា ប្រទេសនេប៉ាល់ គឺជាប្រទេសមួយដែលមានចំនួនប្រជាជនចំនួន ២៩,៦៥០,០០០លាននាក់ ក្នុងចំណោមនោះប្រជាពលរដ្ឋនេប៉ាល់ ចំនួន៨១,៣ភាគរយ គឺជាអ្នកកាន់សាសនាហិណ្ឌូ ដែលមានភាគរយខ្ពស់ជាងគេក្នុងចំណោមប្រទេសនានានៅលើពិភពលោក។ ប្រទេសនេប៉ាល់បានធ្លាប់ស្ថិតក្រោមការដឹកនាំនៃរបបរាជានិយមចាប់តាំងពីឆ្នាំ១៧៦៨ រហូតដល់ឆ្នាំ២០០៨។  ភាពមិនចុះសម្រុងគ្នានៃថ្នាក់ដឹកនាំប្រទេស បានបណ្ដាលឱ្យមានសង្គ្រាមស៊ីវិលអូសបន្លាយអស់រយៈពេលជាងមួយទសវត្សរ៍ រួមជាមួយនឹងការធ្វើបាតុកម្មពីសំណាក់បណ្តាបក្សនយោបាយសំខាន់ៗក្នុងប្រទេសនេប៉ាល់ ដែលជំរុញឱ្យមានកិច្ចព្រមព្រៀងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០០៥ និងការបោះឆ្នោតជាលើកទីមួយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៨។


អត្ថបទដោយ មីន សាណាស់

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin