នេត ចំរើន ហៅ រស្មី៖ នីរសារ កងវរសេនាធំ១៥២

ខ្ញុំឈ្មោះ នេត ចំរើន ហៅ រស្មី[1] ភេទប្រុស អាយុ២២ឆ្នាំ មានស្រុកកំណើតនៅភូមិកណ្តាល ឃុំកោះចូរាម ស្រុកខ្សាច់កណ្តាល តំបន់២២។ ខ្ញុំមានឪពុកឈ្មោះ នេត ស៊ុម និង ម្តាយឈ្មោះ ពត ផូ។ ខ្ញុំមានបងប្អូនចំនួន៤នាក់ ស្រី២នាក់។
នៅឆ្នាំ១៩៧០ ខ្ញុំរៀនត្រឹមថ្នាក់ទី៨ នៅសាលាវត្តកោះចូរាម ស្រុកខ្សាច់កណ្តាល តំបន់២២។ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ១៩៧២ ខ្ញុំបានចូលបដិវត្តន៍តាមរយៈឈ្មោះ ខៃ អតីតអ្នកឯកទេសស្រុកខ្សាច់កណ្តាល ហើយខ្ញុំបានចូលធ្វើជា កងឈ្លប ឃុំកោះចូរាម ជាមួយ ខៃ ចំនួន៣ខែ។ នៅខែវិច្ឆិកា ឆ្នាំ១៩៧២ ខ្ញុំបានចូលធ្វើជានីរសារឱ្យឈ្មោះ សំ សមាជិក វរសេនាធំលេខ១៥២[2] និង ឈ្មោះ ង៉ែត ជាសិស្សវិទ្យាល័យព្រែកសណ្តែក ស្រុកកោះសូទិន។ នៅខែធ្នូ ឆ្នាំ១៩៧២ ង៉ែត បានបញ្ចូលខ្ញុំទៅក្រុម សេអ៊ីអា ដោយមាន សំ ជាអ្នកទទួលស្គាល់។ ក្រោយ ចូល សេអ៊ីអា ង៉ែត និង សំ បានឱ្យខ្ញុំដើរឃោសនាផ្សាយឥទ្ធិពលទៅកាន់មហាជនថា ង៉ែត និង សំ គឺជាកម្មាភិបាលដ៏ល្អ ព្រមទាំងឱ្យខ្ញុំដើរនិយាយពង្រេចពង្រឹលបដិវត្តន៍ និង ឱ្យខ្ញុំយាម នៅអំឡុងពេលមានការប្រជុំសម្ងាត់ផ្សេងៗ។
ក្រោយមក នៅខែឧសភា ឆ្នាំ១៩៧៤ បន្ទាប់ពី ង៉ែត បានចេញពីវរសេនាធំ២២៣ ទៅកាន់ វរសេនាធំ១៨២ តំបន់២២ សំ បានយកខ្ញុំមកនៅក្នុងកង វរសេនាធំលេខ១៥២ ដើម្បីធ្វើជានីរសារឱ្យគាត់។ នៅក្នុងគណៈវរសេនាធំនេះ មានឈ្មោះ ស៊ីម,ឌឹម, សំ និង សយ។ នៅខែកក្តដា ឆ្នាំ១៩៧៤ អង្គការឱ្យត្រៀមកម្លាំងវាយទីតាំង និង ត្រូវរំដោះព្រែកតាមាក់ឱ្យបាន។ សំ, ស៊ីម និង ឌឹម បានឱ្យខ្ញុំទៅហៅឈ្មោះ នួន, ឆាយ និង រី ដែលជាខ្សែ សេអ៊ីអា នៅក្នុងអង្គភាពមកប្រជុំ។ ក្រោយពីប្រជុំរួច ឌឹម បានឱ្យខ្ញុំនាំសំបុត្រទៅឱ្យឈ្មោះ ង៉ែត និង អ៊ាង ដែលជាខ្សែ សេអ៊ីអា របស់ ឌឹម នៅក្នុងវរសេនាធំលេខ១៨២ តំបន់២២។ ផែនការប្រជុំ និង ការទាក់ទងជាមួយ ង៉ែត និង អ៊ាង នៅពេលនោះ ខ្ញុំពុំបានដឹងទេ ប៉ុន្តែក្រោយពេលប្រជុំរួច អង្គការបានចេញផែនការឱ្យកងទ័ពរបស់ ស៊ីម, សំ និង ឌឹម រៀនហែលទឹកជាមុន។ ប៉ុន្តែពេលនោះ ស៊ីម, សំ និង ឌឹម ពុំយកផែនការនេះមកអនុវត្តន៍ទេ។ នៅខែកញ្ញា ឆ្នាំ១៩៧៤ ពេលផ្ទុះអាវុធ ង៉ែត និង អ៊ាង បានចាត់តាំងភ្នាក់ងារទូរស័ព្ទចំនួន២នាក់ សម្រាប់ឱ្យការណ៍ដល់ខ្មាំងឈ្មោះ ឃន អតីតអ្នកកាន់ទូរស័ព្ទ នៅក្នុងកងវរសេនាធំលេខ១៨២ អំពីសភាពការណ៍ដែលបដិវត្តន៍ត្រូវវាយទីតាំងព្រែកតាមាក់ មាន២មុខព្រួញ គឺវាយពីលើគោក និង វាយពីក្នុងទឹកមក។ ង៉ែត និង អ៊ាង ចាត់តាំងឈ្មោះ រស់ ឱ្យធ្វើជាវង្វេងផ្លូវ ហើយបញ្ជាឱ្យកងទ័ព ដកថយមកក្រោយទាំងអស់។ ពេលនោះ នៅខាងទ័ពស្រុកខ្សាច់កណ្តាលមានការផ្ទុះអាវុធ។ ខ្មាំងបានដឹងអំពីផែនការនេះ ហើយ ខ្មាំងបានត្រៀមខ្លួនទុកជាមុន។ ពេលនោះ សំ, ស៊ីម និង ឌឹម បានទទួលសេចក្តីរាយការណ៍នេះ ពី ឈ្មោះ សុភ័ណ្ឌ ដែរ ប៉ុន្តែ សំ, ស៊ីម និង ឌឹន ធ្វើជាមិនដឹង ហើយបញ្ជាឱ្យកងទ័ព ចេញកាណូតមកទីតាំងព្រែកតាមាក់ ធ្វើឱ្យខ្មាំងបាញ់កាណូតលិចអស់ចំនួន៤គ្រឿង (ក្នុង១គ្រឿង មានមនុស្សចំនួន៣០នាក់) បណ្តាលឱ្យមានមនុស្សស្លាប់អស់ជាច្រើននាក់ នៅរស់តែ១៨នាក់ប៉ុណ្ណោះ។ ក្រៅពីនេះ មានបាត់អាវុធ បេ៦៩ ចំនួន៦ដើម និង អាកាសេកាសេអឹម៧៩ អស់ជាង១០០ដើម។ នៅខែធ្នូ ឆ្នាំ១៩៧៤ ខ្ញុំបានមកធ្វើជានីរសារឱ្យ ស៊ីម វិញ នៅកងវរសេនាធំ១៥២។
នៅខែកញ្ញា ឆ្នាំ១៩៧៥ ស៊ីម បានឱ្យខ្ញុំនាំសំបុត្រទៅឱ្យឈ្មោះ ឆាយ និង យ៉េត ដោយសំបុត្រនោះ ស៊ីម បានបញ្ជាឱ្យធ្វើសកម្មភាពបាញ់នៅពេលយប់ ពី៣ ទៅ ៤កន្លែង ជារៀងរាល់ថ្ងៃ ក្នុងរយៈពេល១សប្តាហ៍ នៅជ្រោយចង្វារ និងនៅក្បែរមន្ទីរពេទ្យ ប៉ាស្ទ័រ ក្រោយ អាងទឹក ដើម្បីឱ្យមានភាពច្របូកច្របល់នៅក្នុងតំបន់។
នៅខែមករា ឆ្នាំ១៩៧៦ ស៊ីម បានចាត់តាំង នីរសារចំនួន៣នាក់ ក្នុងនោះ មានខ្ញុំ, មេឃ និង ថា ឱ្យធ្វើជានីរសារសម្ងាត់ បោះប្រចាំការនៅក្បែរគល់ស្ពានជ្រោយចង្វារ រាជធានីភ្នំពេញ។ មុននឹងចេញមកភ្នំពេញ ស៊ីម បានប្រគល់ភារកិច្ច និង ធ្វើសេចក្តីណែនាំខ្ញុំថា ពេលទៅដល់ភ្នំពេញ ខ្ញុំ, មេឃ និង ថា គឺជាកម្លាំងរបស់ ទុំ (អតីតគ្រូបង្រៀន) និង ចាំក្តាប់បញ្ជាពី ទុំ។ ដូច្នេះត្រូវយកកាណូតទៅចាំចម្លងមនុស្សដែលមករកជួប ទុំ ជាសម្ងាត់ និងត្រូវរៀបចំផ្ទះឱ្យបានស្អាតដើម្បីឱ្យភ្ញៀវមកសម្រាក។ ចំពោះបញ្ហាបាយទឹក ឱ្យខ្ញុំទាក់ទងទៅឈ្មោះ សុង ប្រធានភស្តុភារ វរសេនាធំលេខ១៥២។ ពេលខ្ញុំនាំភ្ញៀវឡើងចុះកាណូត និង នាំភ្ញៀវឡើងទៅផ្ទះត្រូវដើរនៅខាងមុខភ្ញៀវ ចម្ងាយ២០ម៉ែត្រ ដើម្បីកុំឱ្យគេសង្ស័យថា ស្គាល់គ្នា។ ចំណែកឯ នៅពេលយប់ ខ្ញុំត្រូវយាម ដើម្បីការពារសន្តិសុខ ខ្លាចបែកការ។ បើភ្ញៀវធ្វើការជាមួយ ទុំ ចប់រួចរាល់ហើយ ខ្ញុំត្រូវចម្លងភ្ញៀវទៅឱ្យ ស៊ីម វិញ នៅពេលព្រលប់ ឬពេលយប់ ហើយត្រូវឱ្យដំណឹង តាមទូរស័ព្ទជាមុន ដើម្បីឱ្យនីរសារកន្លែង ស៊ីម មកចាំទទួល។ ធ្វើដូច្នេះដើម្បីកុំឱ្យភ្ញៀវនៅឈរចាំនៅត្រើយម្ខាងយូរ នាំឱ្យមានអ្នកឃើញច្រើន។ ពេលទៅដល់ភ្នំពេញ ខ្ញុំបានធ្វើសកម្មភាពទៅតាម ស៊ីម បានផ្តែផ្តាំ។ ក្រោយមក ស៊ីម បានចូលធ្វើការជាសម្ងាត់ជាមួយ ទុំ នៅផ្ទះរបស់ ទុំ នៅ ខណ្ឌទួលគោក រាជធានីភ្នំពេញដែរ។
នៅខែកក្តដា ឆ្នាំ១៩៧៦ ខ្ញុំបានជួន ទុំ ទៅព្រែកក្តាម។ មុនពេលចេញទៅ ទុំ បានណែនាំខ្ញុំថា បើមានគេសួរនាំ ត្រូវប្រាប់ថាទៅក្រៅ ហើយបើជួបហេតុការណ៍ចម្លែកកុំឱ្យខ្ញុំនិយាយប្រាប់នរណា។ បន្ទាប់មក ទុំ បានឱ្យខ្ញុំរៀបចំអាវុធនៅម៉ោង៤ភ្លឺ រួចឱ្យខ្ញុំ ទៅអង្គុយចាំ នៅមុខផ្ទះរបស់គាត់។ បន្ទាប់មក បានចេញដំណើរទៅទាំងអស់គ្នា ក្នុងគោលបំណងបាញ់ឡានភ្ញៀវដែលហួសទៅផ្សារព្រៃព្នៅ។ ពេលនោះ ទុំ បានឱ្យខ្ញុំទៅអង្គុយនៅក្បែរឡាន ហើយ ទុំ និង នីរសារ របស់គាត់ឈ្មោះ ម៉េង បានដើរទៅអង្គុយនៅក្រោមដើមឈើចម្ងាយ១០០ម៉ែត្រពីឡាន។ បន្តិចក្រោយមក ខ្ញុំឃើញមានឡានភ្ញៀវមកចំនួន៥គ្រឿង រួមជាមួយនឹងឡានកងការពារនៅពីមុខផង និង ពីក្រោយផង។ ក្បួនឡានភ្ញៀវបានទៅផុតបន្តិច ទុំ បានឱ្យ ម៉េង បើកឡានតាមពីក្រោយកិតៗរហូតដល់ព្រែកក្តាម។ មេឃភ្លឺល្មម ទុំ បានចុះពីលើឡាន ទៅជួបមិត្តដែលទទួលខុសត្រូវខាងផ្នែកសាឡាងរយៈពេល១ម៉ោង។ ប៉ុន្តែការជួបនេះ ខ្ញុំក្តាប់ពុំបានទេ។ ឡានភ្ញៀវ បានចេញទៅផុត។ ផែនការ ទុំ នៅពេលនោះពុំបានសម្រេច ក៏ត្រឡប់មកភ្នំពេញវិញ។ បន្ទាប់មកទៀត ខ្ញុំបានជួន ទុំ ទៅធ្វើការសម្ងាត់ជាមួយ ឈ្មោះ យោន លេខាស្រុកល្វាឯម។ ទុំ បានឡើងទៅជួប យោន នៅខាងលើផ្ទះ ហើយ ទុំ បានឱ្យខ្ញុំ ដេកចាំនៅក្នុងកាណូត។ ដល់ម៉ោងបាយ ខ្ញុំបានឡើងមកហូបបាយជាមួយ ទុំ និង យោន។ ក្នុងពេលនោះ ទុំ បានសួរ យោន ពីកម្លាំងប្រជាជននៅក្នុងស្រុក ទាំងយុទ្ធជន និង យុទ្ធនារី មានចំនួនប៉ុន្មាននាក់? ហើយទុំ បានសួរទៀតថា តើស្រូវឆ្នាំនេះ មាននៅសល់ដែរឬទេ? យោន ឆ្លើយថា មាននៅសល់។ ទុំ បានប្រាប់ យោន វិញថា ឱ្យប្រជាជនហូបបបរ ឬបាយលាយដើមចេក[3]បានហើយ ដើម្បីទុកស្រូវត្រៀមធ្វើរដ្ឋប្រហារបដិវត្តន៍។ មុននឹងត្រឡប់មកផ្ទះវិញ ទុំ បានផ្តាំ យោន ថា បើមាននរណាដឹងថា ទុំ មកកន្លែងនេះ យោន ត្រូវប្រាប់ឱ្យគេដឹងថា ទុំ មកធ្វើការនៅរោងចក្រដីឥដ្ឋ ប៉ុន្តែឆ្លៀតចូលមកលេងកន្លែង យោន នេះបន្តិច។
នៅខែមេសា ឆ្នាំ១៩៧៧ ខ្ញុំក្តាប់បានផែនការធ្វើរដ្ឋប្រហារបក្ស តាមរយៈ ស៊ីម,នួន និង ធែល ប្រជុំពិភាក្សាគ្នានៅក្នុងបន្ទប់របស់ ស៊ីម នៅកៀនឃ្លាំង ជ្រោយចង្វារ។ ស៊ីម បានរៀបចំគម្រោង ចែកមុខសញ្ញាគ្នាដើម្បីធ្វើសកម្មភាព។ ១) កងវរសេនាធំ១៥២ អ្នកទទួលខុសត្រូវ ឈ្មោះ ស៊ីម, នួន និង ធែល ចែកចេញជា២មុខសញ្ញាគឺ កងថ្មើរជើងទាំងអស់ ជិះម៉ារីន វាយចូលទីក្រុងភ្នំពេញ និង កង ម៉ារីន ការពារនៅដងទន្លេមេគង្គ។ ២) កងពល១៦៤ អ្នកទទួលខុសត្រូវឈ្មោះ ឌឹម និង សំ ចែកចេញជា២មុខសញ្ញា គឺវាយការពារក្រុងកំពង់សោម និង វាយចូលទីក្រុងភ្នំពេញ តាមផ្លូវពោធិ៍ចិនតុង។ ៣) កងវរសេនាធំ១២៤ ជាកម្លាំងជំនួយ ដឹកនាំដោយ ពេជ្រ អ៊ុន មកកាន់មូលដ្ឋានជ្រោយចង្វារ។ ៤) កងទ័ពភូមិភាគបូព៌ាចំនួន២កងពល ទទួលខុសត្រូវដោយ លិន និង ចាន់ ចែកចេញជា២មុខសញ្ញា វាយការពារភូមិភាគបូព៌ា និង វាយចូលទីក្រុងភ្នំពេញតាមស្ពានព្រះមុន្នីវង្ស។ ចំណែកឯ ទុំ គឺជាអ្នកទទួលខុសត្រូវរួមទាំង៤ផ្នែកខាងលើ។ រយៈពេលអនុវត្តន៍ គឺធ្វើនៅខែកក្តដា ដល់ខែ សីហា ឆ្នាំ១៩៧៧ គឺជាការវាយនៅក្នុងដំណាក់កាលទី១។ ក្នុងករណីវាយមិនឈ្នះនៅក្នុងដំណាក់កាលទី១ទេ ស៊ីម, ឌឹម និង ទុំ មានវិធានការណ៍ដកកងទ័ពរត់ចូលទៅក្នុងភូមិភាគបូព៌ា បោះកងទ័ពនៅតាមព្រំប្រទល់ខេត្តស្វាយរៀង និង ទាក់ទងជាមួយឈ្មោះ លិន និង ចាន់ ដែលជាគណៈភូមិភាគបូព៌ា ដើម្បីទៅពឹងជំនួយកងទ័ពវៀតណាមឱ្យជួយ និង រៀបចំអាវុធ, កម្លាំងកងទ័ព, ស្បៀងសម្ភារសឹក, បង្ករបង្កើនកងទ័ពនៅក្នុងភូមិភាគបូព៌ាឱ្យបានច្រើន ហើយវាយយកភូមិភាគបូព៌ាឱ្យបានទាំងស្រុង ទើបមានវិធានការណ៍វាយចេញទៅក្រៅបន្តទៀត នៅក្នុងដំណាក់កាលទី២ ខែតុលា ឆ្នាំ១៩៧៧។
នៅខែឧសភា ឆ្នាំ១៩៧៧ ពេលខ្ញុំដឹកឈើឡើងទៅការដ្ឋានព្រែកភ្នៅ ខ្ញុំបានចូលទៅផ្ទះនារី ថុន អ្នកចុះមូលដ្ឋាន នៅឃុំព្រែក តាសេក ស្រុកមុខកំពូល ហើយ នារី ថុន បានឱ្យសំបុត្រមកខ្ញុំ យកទៅឱ្យ ទុំ។ សំបុត្រនោះជាសំបុត្ររបស់ ផុន លេខាស្រុកមុខកំពូល។ បុន្តែខ្ញុំអត់បានជួប ទុំ ទេ ព្រោះ ទុំ ទៅអ្នកលឿង រហូតខ្ញុំត្រូវអង្គការចាប់ខ្លួនបាន ហើយសំបុត្រនោះខ្ញុំប្រគល់ឱ្យអង្គការហើយ។ អង្គការបានឱ្យនីរសារក្រុង តាមដានខ្ញុំពីផ្ទះ រហូតមកដល់កន្លែងនីរសារក្រុង ហើយខ្ញុំត្រូវអង្គការចាប់ខ្លួននៅទីនោះតែម្តង នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៧៕
អត្ថបទដោយ ថុន ស្រីពេជ្រ
[1] ឯកសារJ00465 តម្កល់ទុកនៅក្នុងមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង«ចម្លើយសារភាព នេត ចំរើន ហៅ រស្មី៖ នីរសារ វីរសេនាធំលេខ១៥២»។ ឯកសារចម្លើយសារភាពនេះ សរសេរដោយដៃ មានចំនួន១០៣ទំព័រ។
[2] សាលក្រហមរបស់អង្គជំនុំជម្រះសាលាដំបូងនៃ អ.វ.ត.ក សំណុំរឿង ០០២/០២ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨/សាធារណៈ, ៤៦២-៤៦៣។ កងវរសេនាធំ១៥២ គឺជាកងទ័ពជើងទឹក។ លេខាកងវរសេនាធំ ១៥២ គឺសមមិត្ត ស៊ីម។ កងវរសេនាធំ១៥២ ឈរជើងនៅខាងត្បូងតំបន់ភ្នំពេញ តាមដងទន្លេមេគង្គ។ នៅក្នុងខែមីនា ឆ្នាំ១៩៧៧ កងវរសេនាធំនេះមានកងទ័ពចំនួន១.៨៥២នាក់។
[3] ផេង ពង្សរ៉ាស៊ី និង អ្នកផ្សេងទៀត, ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២,២០២០ (ភ្នំពេញ,២០២០), ជំពូកទី៧, ទំព័រទី៣៧។ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រជាជនភាគច្រើន ហូបបបរលាយពោត លាយដើមចេក និង លាយគល់ល្ហុង ហើយទទួលបានរបបអង្ករតិចជាងកន្លះកំប៉ុងទឹកដោះគោក្នុងមួយថ្ងៃ។ មានតែកម្មាភិបាល និងកងទ័ពខ្មែរក្រហមប៉ុណ្ណោះ ដែលមានបាយហូបគ្រប់គ្រាន់។