ផាន់ ផល ៖ បុគ្គលិកពេទ្យស្រុក នៅខេត្តកោះកុង
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានផ្លាស់ប្តូរ ផល ចេញពីពេទ្យក្នុងតំបន់១១ ទៅជាពេទ្យស្រុក ប្រចាំនៅក្នុងខេត្តកោះកុង។ ផល បានរៀបរាប់រឿងរ៉ាវដែលខ្លួនបានឆ្លងកាត់ដូចខាងក្រោម៖
ផាន់ ផល[1] ភេទស្រី អាយុ៧២ឆ្នាំ។ មានស្រុកកំណើតនៅ ភូមិត្រពាំងទន្លេ ឃុំអណ្ដូងខ្ពស់ ស្រុកបុរីជលសា ខេត្តតាកែវ។ សព្វថ្ងៃនេះ ផល រស់នៅក្នុង ភូមិអូរស្វាយក្នុង ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។ មានឪពុកឈ្មោះ ផូ (ស្លាប់តាំងពី ផល នៅអាយុ១២ឆ្នាំ)។ ចំណែកម្ដាយឈ្មោះ យឹម(ស្លាប់)។ ផល មានបងប្អូនបង្កើតចំនួន៧នាក់ ក្នុងនោះមាន(ស្រី៦នាក់)។ ផល ជាកូនច្បងនៅក្នុងគ្រួសារ។ បងប្អូនបង្កើតរបស់ ផល រស់នៅក្នុងខេត្តឧត្តរមានជ័យ ចំនួន៥នាក់។ ចំណែក២នាក់ទៀតរស់នៅក្នុងស្រុកកំណើត នៅខេត្តតាកែវ។ ផល មានប្ដីឈ្មោះ ប៊ុន ស៊ី អាយុ៨៥ឆ្នាំ ។
នៅវ័យកុមារ ផល បានរៀនសូត្រត្រឹមថ្នាក់ទី១០ពីសង្គមចាស់។ នៅក្នុងឆ្នាំ១៩៦៩ ផល សម្រេចចិត្តឈប់រៀន ដោយសារគ្រួសារមានជីវភាពក្រីក្រ ទើប ផល ត្រូវនៅជួយគ្រួសារធ្វើស្រែនៅក្នុងភូមិត្រពាំងទន្លេវិញ។
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ លោកសេនាប្រមុខ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់ សម្ដេច ព្រះបាទ នរោត្ដម សីហនុ។ ផល នៅផ្ទះជួយម្ដាយធ្វើស្រែតាមធម្មតានៅក្នុងភូមិ។ ឆ្នាំ១៩៧២ ផល មានអាយុប្រហែល១៩ឆ្នាំ បានចូលធ្វើការនៅក្នុងឃុំអង្គរខ្នុល(បច្ចុប្បន្នហៅ ឃុំអណ្ដូងខ្ពស់) មានតួនាទីជាអ្នកដាំបាយឲ្យ ក្រុមកម្មាភិបាល និងឈ្លបខ្មែរក្រហម។ ដើមឆ្នាំ១៩៧៣ អង្គការបានផ្លាស់ប្តូរ ផល ចេញពីអណ្ដូងខ្ពស់ ឲ្យទៅរស់នៅភ្នំដិន ដែលស្ថិតនៅក្នុងខេត្តតាកែវ ដើម្បីចូលបម្រើក្នុងកងទ័ពនារី។ ផល រស់នៅលើភ្នំដិនដំបូង គ្មានអាហារហូបចុកគ្រប់គ្រាន់ទេ គឺត្រូវដើរស្វែងរកដើមចេកព្រៃ និងខ្នុរ ដើម្បីយកមកស្លហូបជំនួសបាយ ។ អស់រយៈពេល១ឆ្នាំគត់ ដែល ផល រស់នៅលើភ្នំដិន មិនមានហូបបាយទាល់តែសោះ។ ដើមឆ្នាំ១៩៧៤ ផល និងក្រុមកងទ័ពនារីទាំងអស់ ត្រូវបានអង្គការបញ្ជូនឲ្យទៅរស់នៅខេត្តកោះកុង។ ក្នុងអំឡុងពេលធ្វើដំណើរមកដល់ពេជ្រនិល ផល និងក្រុមកងទ័ពនារី បាននាំគ្នាឈប់សម្រាកមួយសន្ទុះ ព្រោះមានភាពហត់នឿយ និងបំបាត់ភាពស្រេកឃ្លាន ទើបនាំគ្នាបន្តដំណើរទៅមុខទៀត។ នៅពេលមកដល់ខេត្តកោះកុងដំបូង ផល បានស្នាក់នៅក្នុង មន្ទីរនៅតំបន់១១ ហើយ តារ៉ន ជាគណៈតំបន់១១ រួមមានភូមិព្រែកជីក ភូមិខ្សាច់ស និងភូមិក្អែកទឹក។ ក្រោយមក តារ៉ន បានជ្រើសរើសនារីក្នុងជួរកងទ័ព ឲ្យទៅធ្វើជាគ្រូពេទ្យ ប្រចាំក្នុងតំបន់១១។ បន្ទាប់មក ផល និងនារីក្នុងកងទ័ពបានស្ម័គ្រចិត្តចូលធ្វើជាគ្រូពេទ្យ មានគ្នាសរុបប្រហែលជា៩០នាក់។ បន្ទាប់មកទៀត ផល ត្រូវចូលធ្វើជាគ្រូពេទ្យតែម្ដង មិនបានទទួលវគ្គបណ្ដុះបណ្ដាលអ្វីនោះឡើយ។ ផល និងបុគ្គលិកពេទ្យទាំងអស់រស់នៅក្រោមគ្រប់គ្រងរបស់ ពូស៊ឹង ជាប្រធានពេទ្យស្រុកនៅតំបន់១១ មានស្រុកកំណើតនៅខេត្តតាកែវ។ មន្ទីរពេទ្យតំបន់១១មានទីតាំងនៅជិតវត្តបុទុមសាគរ។ ក្រោយមក ពូស៊ឹង បានឲ្យ ផល និងគ្រូពេទ្យ ដាំដើមប្រេងខ្យល់ធំៗ និងដើមគីនីន នៅខាងមុខមន្ទីរពេទ្យ។
នៅក្នុងឆ្នាំ១៩៧៥ ខ្មែរក្រហមវាយរំដោះទីក្រុងភ្នំពេញបានដោយជោគជ័យ ផល ស្នាក់នៅ តំបន់១១ដដែល ។ ផល ត្រូវបានខ្មែរក្រហមផ្លាស់ឲ្យធ្វើជាបុគ្គលិកពេទ្យស្រុក ប្រចាំនៅក្នុងខេត្តកោះកុង ហើយមានតួនាទីជាអ្នកធ្វើថ្នាំ មានថ្នាំប្រភេទម្សៅក្លុយកូរ ផលិតទឹកសារ៉ូមចាក់ និងទឹកសារ៉ូមប្រៃ ដើម្បីទុកសម្រាប់ព្យាបាលក្រុមកងទ័ពនិងប្រជាជន។ ប្រជាជនភាគច្រើនកើតមានជំងឺគ្រុនចាញ់ ហើយថ្នាំដែលយើងផលិត គឺមានប្រសិទ្ធភាពអាចព្យាបាលអ្នកជំងឺឲ្យជាសះស្បើយបាន។
ឆ្នាំ១៩៧៦ ផល បានសុំអនុញ្ញាពូ រ៉ន ត្រឡប់ទៅលេងម្ដាយឪពុកនៅស្រុកកំណើត ប៉ុន្តែ ពូរ៉ន មិនអនុញ្ញាតនោះឡើយ ហើយ ថែមទាំងបាននិយាយថា «ធ្វើការរិចកាំបិតមួយ ចបមួយសិន ទើបអនុញ្ញាតឲ្យទៅលេងផ្ទះជួបជាមួយម្ដាយ» ។ ផល បានឮ ពូរ៉ន និយាយបែបនេះរួច មិនហ៊ានសុំទៅលេងផ្ទះទៀតទេ។ បន្ទាប់មក ផល ត្រូវបានខ្មែរក្រហមបង្ខំឲ្យមានគ្រួសារ តែ ផល បានបដិសេដជាមួយអង្គការថាមិនទាន់ចង់មានគ្រួសារឡើយ ហើយខ្មែរក្រហមបានលើកលែងឲ្យ ផល ម្ដង។
នៅក្នុងឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៨ ប្រធានមន្ទីរពេទ្យឈ្មោះ ស៊ឹង ត្រូវបានខ្មែរក្រហមចាប់ខ្លួន។ បន្ទាប់មកទៀតខ្មែរក្រហមបានរំលាយតំបន់១១ចោល រួចបញ្ជូលទៅជាតំបន់៣៧វិញ។ ក្នុងតំបន់៣៧រួមមាន ស្រុកថ្មបាំង ស្រុកថ្មស ស្រុកស្រែអំបិល និងស្រុកព្រៃនប់។ តំបន់៣៧ មានគណៈតំបន់ ឈ្មោះ ពូរ៉ន, តាសៀវ, ពូនៅ។ មិនយូរប៉ុន្មាន តាសៀវ, ពូនៅ ត្រូវបានខ្មែរក្រហមចាប់ខ្លួន ប៉ុន្តែ ពូនៅបានរត់គេចទៅប្រទេសវៀតណាមរួចខ្លួនបាត់ទៅ។ ក្រោយមក មន្ទីរតំបន់៣៧ ត្រូវបានផ្លាស់ទៅ នៅបឹងព្រាវ ក្នុងស្រុកស្រែអំបិលវិញ។ នៅចុងឆ្នាំ១៩៧៨ ផល ត្រូវបានអង្គការចាត់ឲ្យទៅរៀនបណ្ដុះបណ្ដាលផ្នែកពេទ្យបន្ថែមនៅរាជធានីភ្នំពេញ។
នៅក្នុងឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានវាយចូលមករំដោះប្រទេសកម្ពុជា ឲ្យរួចផុតពីរបបខ្មែរក្រហម។ ខណៈពេលនោះ ផល កំពុងរៀនវគ្គបណ្ដុះបណ្ដាលផ្នែកពេទ្យនៅរាជធានីភ្នំពេញ។ ផល បានឮប្រជាជនផ្សេងនិយាយថា កងទ័ពវៀតណាមចូលមកចាប់ប្រជាជនយកទៅសម្លាប់ចោល។ បន្ទាប់ពីឮដំណឹង ផល និងប្រជាជនជាច្រើនបាននាំគ្នារត់គេចពីកងទ័ពវៀតណាមទៅរស់នៅព្រំដែនកំរៀង។ ពេលទៅរស់នៅព្រំដែនកំរៀង ប្រជាជនជាច្រើនជួបកាលំបាកជាខ្លាំង ព្រោះតែគ្មានអាហារហូបចុកគ្រប់គ្រាន់។ បន្ទាប់មកខ្មែរក្រហមបានប្រកាសថា តើអ្នកនរណាខ្លះចុះឈ្មោះត្រឡប់ទៅផ្ទះវិញ? ផល បានឮដំណឹងក៏ទៅចុះឈ្មោះ ដើម្បីបានត្រឡប់ទៅផ្ទះឆាប់បានជួបជាមួយម្ដាយ។ ក្រោយពេលចុះឈ្មោះរួច ពូយ៉ន ដែលជាអ្នកគ្រប់គ្រងនៅកំរៀង មិនឲ្យត្រឡប់ទៅផ្ទះឡើយ។ បន្ទាប់មកទៀត ផល បានបន្តរស់នៅកន្លែងពេទ្យនៅតាមព្រំដែន។ ថ្ងៃមួយ ផល បានស្កាត់ទៅជួបជាមួយ យុត ដែលជាអតីតពេទ្យស្រុកជាមួយគ្នានៅ ខេត្តកោះកុង។ យុត បានគ្រប់គ្រងប្រជាជននៅគីឡូ១២ ខាងភ្នំព្រឹក។ ក្រោយមក ផល និង យុត បានត្រឡប់មកនៅតាមអង្គភាពរៀងខ្លួនវិញ។
ចន្លោះឆ្នាំ១៩៨៣ ដល់ឆ្នាំ១៩៨៥ ផល និងបុគ្គលិកពេទ្យចំនួន៣៣នាក់ បានផ្លាស់មកនៅមន្ទីរពេទ្យ១០០១ ខាងទន្លេល្ពៅ ដើម្បីរៀបចំមន្ទីរទុកដាក់សម្ភារ និងអង្ករ។ នៅក្នុងឆ្នាំ១៩៨៥ ផល បានស្គាល់ ជាមួយ ស៊ី ដែលមានតួនាទីជាប្រធានពេទ្យប្រចាំនៅមន្ទីរពេទ្យ១០០១។ ក្រោយមក កងទ័ពវៀតណាមបានវាយបែកមន្ទីរពេទ្យ១០០១ ស៊ី បានផ្លាស់មកនៅពេទ្យគ-៧ ជាមួយអ៊ុំស៊ី ពូលន ពូអុត។ ស៊ី បាននិយាយប្រាប់ ផល ថាបានបាត់ប្រពន្ធឈ្មោះផៃ និងកូនចំនួន៥នាក់ ហើយ ស៊ី ព្យាយាមស្វែងរកណាស់ ប៉ុន្តែរកមិនឃើញ។ ផល មានអារម្មណ៍អាណិត ស៊ី ជាខ្លាំង។ នៅក្នុងឆ្នាំ១៩៨៦ ផល ត្រូវបាន អ៊ុំខៀវ ផ្សំផ្គុំឲ្យរៀបការជាមួយ ស៊ី នៅព្រំដែនថៃ។ ក្រោយពេលរៀបការរួច ផល និងប្ដី រស់នៅលើភ្នំដងរែក ស្ថិតនៅក្នុងខេត្តឧត្ដរមានជ័យ ដើម្បីគេចខ្លួនពីកងទ័ពរបស់សម្ដេច តេជោ ហ៊ុន សែន។
នៅឆ្នាំ១៩៩០ ខ្មែរក្រហមបានដឹកនាំប្រជាជនរត់មកនៅ ភូមិត្រពាំងប្រិយ៍ ដែលប្រជាជនហៅថា តំបន់៨០០ ស្ថិតស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ ផល រស់នៅត្រពាំងប្រិយ៍ពិបាកខ្លាំងណាស់ពីព្រោះតែ គ្មានទឹកប្រើប្រាស់គ្រប់គ្រាន់ ប្រជាជនទាំងអស់សូមឲ្យ តាម៉ុក ខួងអណ្ដូង ដើម្បីមានទឹកយកទឹកមកប្រើប្រាស់ ប៉ុន្តែទឹកអណ្ដូងល្អក់ មិនអាចប្រើប្រាស់បាន។ ឆ្នាំ១៩៩៥ ផល បានផ្លាស់ទៅរស់នៅក្បែរស្រះឈូក ស្ថិតនៅក្នុងស្រុកអន្លង់វែង។ បន្ទាប់ពីមករស់នៅ ស្រះឈូក មិនយូរប៉ុន្មាន កងទ័ពរដ្ឋាភិបាលបានវាយចូលមកដល់ស្រះឈូក ទើប ផល និងប្រជាជនជាច្រើននាក់បាននាំគ្នារត់គេចទៅរស់នៅឃុំទំនប់ដាច់ ខេត្តឧត្ដរមានជ័យដដែល។ បន្ទាប់មក ផល បានភៀសខ្លួនទៅរស់នៅអូរអង្រែ។
នៅឆ្នាំ១៩៩៧ បន្ទាប់ពី កម្មាភិបាលខ្មែរក្រហមបានធ្វើសមាហរណ៍កម្មជាមួយរាជរដ្ឋា ភិបាល។ ផល និងប្ដីបាននាំគ្នាទៅរស់នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដមានជ័យ។ បន្ទាប់មក ប្ដីរបស់ ផល បានចូលធ្វើការនៅក្នុងការិយាល័យអប់រំស្រុកត្រពាំងប្រាសាទ។ ផល រស់នៅក្នុងស្រុកត្រពាំងប្រាសាទតាំងពីសមាហរណ៍កម្មរហូតដល់បច្ចុប្បន្ននេះ។
[1] មជ្ឈមណ្ឌលឯកសារកម្ពុជាសម្ភាសន៍ជាមួយ ផាន់ ផល ភេទស្រី នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣