ម្តាយខ្ញុំជាប់គុកដោយសារជួយលាក់ចៅប្រុសម្នាក់ពីការចាប់ខ្លួនរបស់ខ្មែរក្រហម

ម្តាយខ្ញុំឈ្មោះ [1]ង៉ែត ឃាង អាយុ ៥៥ឆ្នាំ ភេទស្រី មុខរបរជាកសិករ មានស្រុកកំណើតនៅភូមិតាស្មាន់ ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំរៀបការនៅអាយុ១៩ឆ្នាំ ក្នុងឆ្នាំ១៩៦៨ ប្តីខ្ញុំឈ្មោះ អំ អៀក រៀបការអាយុ ២៧ឆ្នាំ ធ្វើជាគ្រូបង្រៀន។ ខ្ញុំមានកូនពីរនាក់ កូនប្រុសច្បងកើតមុនរបបខ្មែរក្រហមបន្តិច និងកូនស្រីពៅកើតក្នុងរបបខ្មែរក្រហម។

នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាចភ្លាមនាឆ្នាំ១៩៧៥ ឈ្លបខ្មែរក្រហមបានតាមដានគ្រួសារខ្ញុំជាប់រហូត ព្រោះយើងមិនទាន់បានពេញសិទ្ធិនៅឡើយ ប៉ុន្តែចំពោះរបបអាហារវិញ មិនទាន់បានដាក់ឲ្យហូបរួម ឬហូប បបរនៅឡើយទេ។ ឪពុកខ្ញុំឈ្មោះ តាសែម ស្លាប់ក្នុងរបបខ្មែរក្រហម ពេលនោះគាត់មានអាយុ ៨០ឆ្នាំ។ ម្តាយខ្ញុំឈ្មោះ ហែម យាន ស្លាប់ក្រោយឪពុកខ្ញុំមួយឆ្នាំ ដោយសារខ្វះអាហារ និងធ្វើការហួសកម្លាំង។ ខ្ញុំមានបងប្អូនបង្កើត ៧នាក់ ប្រុសតែមួយទេ ឈ្មោះ ង៉ែត ផុន តែប្តូរត្រកូលតាមជីតាខាងតា និងប្រើឈ្មោះ ប៉ែន នាថ ជំនួសវិញ ពេលទៅធ្វើការនៅភ្នំពេញ ហើយបងផុន ស្លាប់នៅគុកក្រាំងតាចាន់ក្នុងរបបខ្មែរក្រហម។ បងស្រីខ្ញុំម្នាក់ឈ្មោះ ង៉ែត នុន ស្លាប់មួយគ្រួសារ ដែលមានសមាជិក ១៣នាក់ (ប្តីប្រពន្ធ និងកូន១១នាក់) ហើយកូនប្រុសទីមួយរបស់បង នុន រៀបការមុនរបបខ្មែរក្រហម រួចចូលបម្រើកងទ័ពខ្មែរក្រហម ប៉ុន្តែបានស្លាប់ក្នុងសមរភូមិនៅក្អែកទំ។

នៅឆ្នាំ១៩៧០ បង នុន មានអាយុខ្ទង់ ៥០ឆ្នាំ និងប្តីឈ្មោះ ញ៉ែម ពុធ ជាអ្នកតស៊ូខាងតំបន់រំដោះខ្មែរក្រហម ត្រូវបានចាត់តាំងជាមេភូមិនៅតំបន់រំដោះ។ ប៉ុន្តែពេលខ្មែរក្រហមកាន់កាប់ប្រទេសបានមួយរយៈ បង ពុធ ត្រូវបានបញ្ឈប់ដំណែងពីមេភូមិ និងត្រូវខ្មែរក្រហមចាប់យកទៅបាត់រហូត។ ៤-១០ថ្ងៃក្រោយមក ប្រធានភូមិថ្មីបានចាប់បង នុន ទៅម្នាក់ទៀត និងបានប្រហែល១ខែទើបមកយកកូនទាំង១០នាក់ទៅបន្ថែមទៀត។ ប្រធានភូមិថ្មី បានប្រាប់យើងថា «មកយកកូនឲ្យទៅជួបឪពុកម្តាយ ព្រោះឪពុកម្តាយនឹកកូនណាស់»។ ឮដូច្នោះ ខ្ញុំមិនឲ្យក្មួយទៅទាំងអស់ទេ ហើយបានលាក់កូនប្រុសពៅរបស់បង នុន ម្នាក់ ឈ្មោះ បុត្រ មានអាយុប្រហែល ៥ឆ្នាំ ដោយបន្លំថាជាកូនរបស់ខ្ញុំ (ព្រោះខ្ញុំរៀបការរួច៤-៥ឆ្នាំហើយនៅមិនទាន់មានកូននៅឡើយ) ដូច្នេះខ្មែរក្រហមយកទៅតែ៩នាក់ទេ។ ពេលនោះខ្ញុំគិតថា អាចជួយលាក់ក្មួយពីខ្មែរក្រហមយកទៅសម្លាប់បាន ប៉ុន្តែឈ្លបខ្មែរក្រហមមាននៅគ្រប់ទិសទី។

នៅថ្ងៃ ១កើត ខែភ្ជុំ ម៉ោងប្រមាណជា ៤​រសៀល ខ្មែរក្រហមម្នាក់ឈ្មោះ ញ៉ ដែលធ្លាប់រស់នៅជាមួយបង ពុធ (បងថ្លៃខ្ញុំ) បានមកដល់ផ្ទះខ្ញុំ ហើយប្រាប់ម្តាយខ្ញុំថា «យាយ ម៉ែឪវានឹកខ្លាំងណាស់ ថានៅសល់កូនមួយហ្នឹងអ៊ំឯង យាយឯងថាអត់យ៉ាងម៉េច? នៅកូនពៅមួយនៅហ្នឹងឈ្មោះ បុត្រ»។ ចំណែកក្មួយខ្ញុំវិញ ពេលឮ ញ៉ ប្រាប់ថា ម៉ែឪនឹកបែបនេះ ក៏រត់ទៅឱបជើង ញ៉ រួចនិយាយថា «ខ្ញុំទៅតាមពូឯងដែរ» ព្រោះក្មួយ បុត្រ ស្គាល់ ញ៉។ ខ្ញុំ ក្តិចក្មួយផង ហាមផង ប្រាប់ផងថា «កុំឲ្យទៅជាមួយពូ ញ៉ បើទៅដឹងតែពូហ្នឹងធ្វើបានហើយ» ប៉ុន្តែហាមមិនឈ្នះ ក្មួយ បុត្រ នៅតែទទូចចង់ទៅជួយមើលឪម៉ែ ដោយពោលថា នឹកម៉ែឪខ្លាំងណាស់ ដោយសារក្មេងនៅតូចប្រាប់មិនស្តាប់ ម្តាយខ្ញុំប្រាប់ខ្ញុំឲ្យឈប់ឃាត់ក្មួយ បុត្រ ទៀតទៅ។ ខ្ញុំបានស្លៀកពាក់ឲ្យក្មួយ រីឯម្តាយខ្ញុំវិញ រៀបចំដាក់កន្សែងថ្មីមួយឲ្យចៅ (កន្សែងផ្លះដែលម្តាយខ្ញុំត្បាញពីសង្គម) ខ្ចប់នំអន្សមពីរ និងនំជាលមួយ វេចនឹងជាយកន្សែង តែក្មួយ បុត្រ ស្ពាយមិនរួច ញ៉ ក៏បានយកទៅបង់កជួយស្ពាយជំនួស រួចបណ្តើរក្មួយ បុត្រ ចេញទៅជាមួយតែម្តង។ ពេលនោះទាំងខ្ញុំ ទាំងម្តាយខ្ញុំ មិនហ៊ានយំទេ ទាល់តែ ញ៉ និង ក្មួយ បុត្រ ចេញផុត (ញ៉ បានយកក្មួយ បុត្រ ទៅដាក់គុកក្រាំងតាចាន់) ទើបនាំគ្នាទ្រហោរយំ ព្រោះយើងដឹងថា ក្មួយ បុត្រ ច្បាស់ជាត្រូវគេយកទៅធ្វើបាប ឬសម្លាប់ចោលជាក់ជាមិនខាន។ ក្នុងរបបខ្មែរក្រហម គ្មានអ្នកណាហ៊ានបញ្ចេញអាកប្បកិរិយាមិនពេញចិត្ត ឬមិនសប្បាយចិត្តឡើយ ព្រោះអាចត្រូវយកទៅធ្វើទារុញកម្ម ឬដាក់ទោសទណ្ឌបាន ដោយចោទថា ជាខ្មាំង។

ក្នុងអំឡុងពេលមួយខែមុនពេលចាប់ម្តាយខ្ញុំ មានការប្រជុំប្រាប់ថា «ភូមិយើងនៅមានលាក់ខ្មាំង លាក់ដៃជើងខ្មាំង»។ ប្រហែលម៉ោង ៤-៥ល្ងាច ពេលដែលម្តាយខ្ញុំកំពុងតែបេះកប្បាស ប្រធានភូមិមកប្រាប់ថា «ទៅជួបអង្គការ[2]ថ្នាក់លើមួយភ្លែត» តែខ្ញុំប្រកែកថា «អង្គការថ្នាក់លើមកយកអស់មួយសំបុកៗ ហើយចេះតែមកយកអញ្ចឹងធ្វើយ៉ាងម៉េចទៅ? ខ្ញុំអត់ឲ្យម៉ែខ្ញុំទៅទេ»។ ប្រធានភូមិឮហើយនិយាយថា «អ្ហេរ! បើអត់ឲ្យទៅធ្វើតាមដំណើរហើយ» មិនហ៊ានប្រកែកបន្ត ខ្ញុំបានប្តូរអាកាប្បកិរិយា និងប្រើសម្តីជាការលេងសើចវិញថា «អត់ទេ ខ្ញុំថាលេងទេ កុំអាលទៅ ខ្ញុំរកស្លាម្លូឲ្យម៉ែខ្ញុំសិន»។ ពេលវេលាមិនគ្រប់គ្រាន់ ព្រោះមេភូមិប្រញាប់នាំយកម្តាយខ្ញុំទៅ ហើយប្រាប់ថា «ទៅតែមួយភ្លែតប៉ុណ្ណោះ» តែខ្ញុំមិនឃើញម្តាយខ្ញុំត្រឡប់វិញទេ ព្រោះខ្ញុំនៅរង់ចាំមើលផ្លូវគាត់ពេញមួយយប់។ ពេលនោះខ្ញុំបានស្នើ សុំទៅតាមជួយមើលម៉ែតាមផ្លូវ ប៉ុន្តែស្ត្រីម្នាក់ដែលមានកាន់កាំភ្លើងដែលបានមកដល់ផ្ទះខ្ញុំមុនមេភូមិបន្តិចនោះ មិនអនុញាតឲ្យខ្ញុំទៅតាមឡើយ។

ពាក្យថា «មួយភ្លែត» របស់ប្រធានភូមិពេលនោះ គឺម្តាយខ្ញុំត្រូវជាប់នៅក្នុងគុកក្រាំងតាចាន់ អស់រយៈពេល ៣ខែ ​និង៩ថ្ងៃ។ រយៈពេលដែលម្តាយខ្ញុំជាប់នៅក្នុងគុកក្រាំងតាចាន់ គ្មានអាហារហូបគ្រប់គ្រាន់ គ្មានកន្លែងសម្រាន្តត្រឹមត្រូវ បណ្តាលឲ្យម្តាយខ្ញុំមានសុខភាពទ្រុឌទ្រោម ស្បែកជាប់ឆ្អឹង ដូចជាគ្រោងសាកសព ទុកនៅក្នុងគុកបន្តក៏ស្លាប់ ដោះលែងពីគុកក៏ស្លាប់ទើបមានការសម្រេចដោះលែងម្តាយខ្ញុំមកវិញ។ នៅក្នុងគុកក្រាំងតាចាន់ ម្តាយខ្ញុំប្រាប់ថា ពេលដែលឮសូសម្លែងចាក់មេក្រូ គឺជាពេលដែលយកអ្នកទោសទៅសម្លាប់ចោល សម្លេងមេក្រូកាន់តែឮខ្លាំង គឺការសម្លាប់ក៏ច្រើនដែរ។ សម្លាប់មួយលើកៗ មានពី ៤០នាក់ទៅ៥០នាក់ ចងខ្សែបណ្តើរចេញពីគុក ដៃអ្នកទោសជាប់ខ្នោះ ហើយដៃឆ្មាំគុកមានកាន់ចបមួយ ម្តាយខ្ញុំឮសំឡេងស្រែរបស់អ្នកទោសស្របពេលនឹងសំឡេងវាយផូសដោយដងចប រួចក៏ស្ងាត់សូរសំឡេងស្រែកតែម្តង សំឡេងនេះឮសូរបន្តបន្ទាប់គ្នារហូតដល់ចប់ការសម្លាប់មួយលើកៗ។ ពេលធ្វើការនៅតាមកង ខ្ញុំធ្លាប់ឃើញឈ្លបខ្មែរក្រហមចងបណ្តើរមនុស្សស្ទើរតែរាល់ថ្ងៃ ពី២០-៣០នាក់ ខ្លះដើរ ខ្លះដាក់លើរទេះក្របី តែខ្ញុំមិនដឹងថាបញ្ជូនទៅកន្លែងណាទេ ឬយកទៅសម្លាប់នៅកន្លែងណានោះទេ។

ក្រោយពីដោះលែងចេញពីគុក នាពេលល្ងាចព្រលប់ៗម្តាយខ្ញុំបានធ្វើដំណើរមកដល់ភូមិ ខ្ញុំ និងអ្នកភូមិ
គ្រប់គ្នាពេលឃើញគាត់ភ្លាម ភ័យរត់ ព្រោះស្មានតែខ្មោចលង។ ដោយសារស្ថានភាពសុខភាពម្តាយខ្ញុំទ្រុឌទ្រោមខ្លាំង ម្តាយខ្ញុំត្រូវបានប្រធានភូមិបញ្ជូនទៅសម្រាកព្យាបាលសុខភាពនៅមន្ទីរពេទ្យមួយរយៈ រហូតគាត់មានកំលាំងតិចៗ អាចហូបបាយបានតិចៗ ប៉ុន្តែគាត់នៅស្គមខ្លាំងនៅឡើយ។ ប្រធានភូមិភូមិឲ្យម្តាយខ្ញុំទៅមើលក្មេងតាមកងរែកដី ដែលមានកូនតូចៗនៅជាមួយ។ រាល់ព្រឹកម៉ែត្រូវលាងសម្អាតលាមកក្មេងតូចៗ ពី១០នាក់ ទៅ ២០នាក់ មិនបានសម្រាន្តគ្រប់គ្រាន់ របបអាហារខ្វះខាត ធ្វើឲ្យគាត់អស់កម្លាំងជាខ្លាំង។ ការងារដដែលៗពីមួយថ្ងៃទៅមួយថ្ងៃ រួមទាំងការនឹករឭកដល់កូនប្រុសតែម្នាក់របស់គាត់ដែលស្លាប់នៅក្នុងគុកក្រាំងតាចាន់ទៀត ធ្វើឲ្យសុខភាពម៉ែចុះខ្សោយកាន់តែខ្លាំងឡើយ អស់កម្លាំងកើតខ្យល់ ទៅជារាគធ្ងន់ធ្ងរ បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យត្រពាំងគល់ ដោយសារតែស្ថានភាពជំងឺរាគរបស់ម្តាយខ្ញុំធ្ងន់ធ្ងរ គ្មានថ្នាំព្យាបាលគ្រប់គ្រាន់ ថែមទាំងការព្យាបាលមិនបានត្រឹមត្រូវទៀត ម្តាយខ្ញុំបានស្លាប់នៅមន្ទីរពេទ្យត្រពាំងគល់ក្រោយសម្រាកព្យាបាលបានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ នៅមន្ទីរពេទ្យមានតែថ្នាំពីរប្រភេទប៉ុណ្ណោះនៅតំបន់ដែលខ្ញុំរស់នៅ គឺទី១) ប្រភេទថ្នាំទឹកស្លចម្រាញ់ពីឫសឈើផ្សេងៗរួចច្រកដាក់ក្នុងដបទឹកក្រូច ដើម្បីប្រើជាសេរ៉ូមទុកចាក់ឲ្យអ្នកជំងឺគ្រុនក្តៅខ្លាំង និងទី២) ប្រភេទថ្នាំគ្រាប់ ដែលសូនជាគ្រាប់តូចៗមានពណ៌ខ្មៅ សម្រាប់ព្យាបាលជំងឺទូទៅដូចជា ក្តៅខ្លួន ឈឺក្បាល រាគ ជាដើម ពេទ្យឲ្យផឹក ២ ទៅ៣គ្រាប់។

ចុងឆ្នាំ១៩៧៧ ពេលដែលម្តាយខ្ញុំនៅសម្រាកពេទ្យ ខ្ញុំ និងបងស្រី បាននាំគ្នាលួចយកមុងដែលគេចងឲ្យនៅពេទ្យ យកទៅអូសត្រីពេលព្រលឹមស្រាងៗ ប្រហែលម៉ោង ៤ទៀបភ្លឺ នៅត្រពាំងមួយធំខាងជើងវត្តត្រពាំងគល់។ អូសត្រីបានមួយស្បោង បងស្រីខ្ញុំយកកាំបិតជីកដី កប់ត្រីទាំងរស់នៅក្នុងដី រួចដុតភ្លើងពីលើ ហើយនិយាយថា រងាណាស់ នាំគ្នាអាំងភ្លើងក្រោយពេលងូតទឹករួច។ ពេលត្រីឆ្អិន បងស្រីខ្ញុំយកត្រីទៅមូលជាមួយមុង រួចប្រាប់ថា គាត់ត្រូវយកមុងទៅបោកសម្អាតពេលព្រឹកឲ្យហើយ ព្រោះត្រូវប្រញាប់ទៅរែកដី ពេលទៅដល់ពេទ្យ គាត់បានហុចទាំងមុងដែលមានត្រីឲ្យខ្ញុំ យកត្រីទៅបុកឲ្យម្តាយខ្ញុំហូប ព្រោះម៉ែមិនមានធ្មេញទេ។ តែខ្ញុំមិនដឹងទេថាទៅរកកន្លែងបុកត្រីនៅឯណា មានតែយកសាច់ដែលផុយៗឲ្យម្តាយខ្ញុំជញ្ជក់យកជាតិ ថ្ងៃបន្ទាប់ម្តាយខ្ញុំស្លាប់បាត់បង់ជីវិតតែម្តង ព្រោះអំឡុងពេលព្យាបាលនៅមន្ទីរពេទ្យ ម្តាយខ្ញុំហូបអ្វីក៏មិនចូលដែរ។ ម្តាយខ្ញុំស្លាប់ពេលដែលខ្ញុំចេញពីពេទ្យមកដល់ផ្ទះមើលកូនឈឺ ពេលដែលបងស្រីខ្ញុំទៅជំនួសខ្ញុំមើលថែម្តាយនៅពេទ្យ ហើយបងស្រីខ្ញុំបានអង្វរគ្រូពេទ្យសុំយកសពម្តាយទៅកប់នៅក្បែរផ្ទះនៅភូមិកំណើតគាត់ឯភូមិត្រាពាំងឈូកវិញ ព្រោះអ្នកជំងឺដែលស្លាប់នៅពេទ្យ ខ្មែរក្រហមយកទៅកប់ចោលនៅក្បែរត្រពាំងគល់ មិនអនុញ្ញាតិឲ្យយកសាកសពទៅធ្វើបុណ្យតាមប្រពៃណីឡើយ។ ដោយការទទូចអង្វររបស់បងស្រីខ្ញុំ និងខ្ញុំច្រើនដង ពេទ្យបានអនុញ្ញាតឲ្យ ខ្ញុំ និងបងស្រីសែងសាកសពម្តាយដោយខ្លួន​ឯងយកចេញពីមន្ទីរពេទ្យ រួចយកទៅកប់នៅខាងកើតផ្ទះខ្ញុំ រហូតដល់វៀតណាមរំដោះប្រទេសកម្ពុជា ទើបខ្ញុំ និងបងប្អូន នាំគ្នាគាស់យកសាកសពមកបូជា និងធ្វើបុណ្យតាមប្រពៃណីជូនម្តាយ។

របបខ្មែរក្រហម ជារបបផ្តាច់ការ ការដាក់បញ្ជារបស់ថ្នាក់លើ ថ្នាក់ក្រោមបង្គាប់ត្រូវតែធ្វើតាមជាដាច់ខាត។ ថ្នាក់ក្រោមទាំងអស់អនុវត្តតាមបញ្ជា ថ្នាក់លើ បើថ្នាក់លើឲ្យចាប់ខ្លួនអ្នកណា គឺត្រូវតែចាប់អ្នកនោះ។ ខ្មែរក្រហមបានចម្រាញ់យកតែអ្នកស្អាតស្អំ ដូចជា ប្រជាជនដែលរស់នៅក្នុងព្រៃសុទ្ធ គ្មានបងប្អូន ឬគ្រួសារដែលធ្លាប់ធ្វើការនៅរបបមុន ឬរស់នៅភ្នំពេញ ឬអ្នក១៧មេសាឡើយ ទើបអាចជាប់ចំណាត់ថ្នាក់ជា ប្រធានភូមិ ប្រធានឃុំ គណៈកង មេកង បាន សូម្បីតែអ្នកធ្វើចុងភៅក៏មិនយកអ្នក១៧មេសា[3] ឬអ្នកជាប់និន្នាការនយោបាយដែរ ព្រោះខ្មែរក្រហមខ្លាចយើងបំពុលប្រជាជនជាដើម។ ថ្នាក់ដឹកនាំក្នុងរបបខ្មែរក្រហម មានរបបអាហារគ្រប់គ្រាន់ កន្លែងស្នាក់នៅត្រឹមត្រឹម (ជាផ្ទះ) មានសិទ្ធិច្រើនជាងអ្នកជាប់និន្នាការនយោបាយដូចជា នាយទុន សក្តិភូមិ និងមូលធន។ ជាក់ស្តែង ក្រុមគ្រួសារខ្ញុំដែលមានបងប្អូនរស់នៅទីក្រុងភ្នំពេញ និងអ្នក១៧មេសាច្រើន ទោះបីជាខ្ញុំ ប្តីខ្ញុំ និងឪពុកម្តាយខ្ញុំរស់នៅក្នុងតំបន់រំដោះតាំងដើមមកក៏ដោយ តែក្រោយពេលខ្មែរក្រហមកាន់កាប់ពេញលេញ គ្រួសារខ្ញុំទាំងអស់ត្រូវបានចាត់ចូលទៅក្នុងក្រុម មូលធន ពេញតែម្តង។

ក្រោយការធ្វើរដ្ឋប្រហារទម្លាប់សម្តេចព្រះបាទ នរោត្តម សីហនុ ឆ្នាំ១៩៧០ ខ្មែរក្រហមរស់នៅប្រមូលផ្តុំនៅតំបន់រំដោះលើភ្នំ ក្នុងព្រៃ។ តែពេលយប់ ខ្មែរក្រហមបានចុះពីលើភ្នំ ធ្វើដំណើរទៅភូមិដើម្បីស្វែងរកអាហារ ឬរបស់របរប្រើប្រាស់មួយចំនួនពីអ្នកភូមិ តែមិនមានការលួចប្លន់ ឬគំរាមកំហែងអ្វីឡើយ ហើយប្រជាជននៅក្នុងភូមិបានផ្តល់ជូននូវអាហារ ឬរបស់របរប្រើប្រាស់តាមតែអាចជួយបាន។ ពេលយប់មានខាងកងទ័ពខ្មែរក្រហមចូលក្នុងភូមិ ពេលព្រឹកដឹងតែមានយន្តហោះទម្លាក់គ្រាប់បែករបស់ទាហាន លន់ នល់ មកដល់ភ្លាមដូចគ្នា និងពេលខ្លះមានការបាញ់រះដោយប្រើឧទ្ធម្កាចក្រទៀត។ ការធ្វើបែបនេះ ពុំបានសម្លាប់កងទ័ពខ្មែរក្រហមតាមគោលដៅទេ តែបែរជាបានសម្លាប់ដល់ប្រជាជនទូទៅ និងសត្វគោជាច្រើនក្បាលនៅពាលវាលពាលកាល។

ខ្ញុំ និងគ្រួសារ រស់នៅក្បែរភ្នំ មានការខ្វះខាតជាខ្លាំងក្នុងរបបខ្មែរក្រហម ពេលខ្លះមានជំងឺវិលមុខដោយសារហូបមិនគ្រប់គ្រាន់ ពេលខ្លះមិនមានអ្វីហូបសោះតែម្តង តែពេលខ្លះមានតែបបររាវមួយវែកក៏មានដែរ។ ពេលខ្ញុំកើតកូនបាន មួយសប្តាហ៍ ខ្មែរក្រហមចាត់តាំងខ្ញុំឲ្យទៅរែកដី គឺមិនអនុញ្ញាតិឲ្យនៅផ្ទះដេកសម្រាក ទន់ជ្រាយ ស្រណុក នាំតែធ្លាប់ខ្លួន ដូច្នេះត្រូវតែចេញទៅធ្វើការតាមផែនការ។ ខ្ញុំធ្វើការទាំងឈឺ ខ្ញុំគិតថា ខ្ញុំស្លាប់ហើយពេលហ្នឹង ព្រោះខ្ញុំនឹកកូន។ កូនខ្ញុំអាយុទើបតែបាន ៥-៦ខែ ខ្ញុំត្រូវបង្ខំចិត្តផ្តាច់ទឹកដោះកូនតាមការចាត់តាំងរបស់ប្រធានកងពិសេស ឲ្យខ្ញុំទៅរែកដីនៅឆ្ងាយពីផ្ទះ ទុកទារកឲ្យយាយ ព្រាន នៅកងមនុស្សចាស់មើលថែជំនួសវិញ។[4] ក្នុងកងពិសេសជាមួយខ្ញុំ មានអ្នកភូមិដែលមានកូនខ្ចីដូចគ្នាប៉ុន្មាននាក់ដែរ ដែលទៅរែកដីជាមួយគ្នាដោយទុកកូនចោល មិនដែលបានត្រលប់មកផ្ទះទេ យើងនាំគ្នាដេកតាមព្រៃ តាមផ្លូវ មានតែស្លឹកត្នោត ៦កណ្តុបចងធ្វើកូបសម្រាប់ប្រើជ្រកភ្លៀង ។ លី និងរែករបស់របរប្រើប្រាស់ទុកក្រាលដេក និងសាក់កាដូមួយ ដើរគ្រប់ទីកន្លែងដែលប្រធានកងចាត់តាំងឲ្យទៅរែកដី ធ្វើទំនប់ប្រឡាយ។

ចំណែកឯសម្លៀកបំពាក់វិញ ពុំមានប្រើប្រាស់គ្រប់គ្រាន់ទេ ខ្ញុំមានតែអាវមួយ និងសំពត់មួយតែប៉ុណ្ណោះ
សូម្បីតែក្រមា ឬកន្សែងមួយក៏មិនមានដែរ។ មានថ្ងៃមួយ ពេលធ្វើការនៅកងត្រពាំងពោធិ៍ ខ្ញុំ និងយាយសិន បាននាំគ្នាទៅលួចរុះពូកដើម្បីយកក្រណាត់មកធ្វើជាកន្សែងទុកស្លៀកផ្លាស់ប្តូរពេលបោកសំពត់អាវ។ ពេលធ្វើការនៅខាងព្រៃផ្តៅយើងជួបការលំបាកជាខ្លាំង ជាពិសេសនៅ ០៦ និង០៧ គឺវេទនាតែម្តង។ កងខ្ញុំប្រធានកងដាក់ទិសឲ្យទៅរែកដីរហូតដល់ អូរកញ្ច្រិច ទំនប់លោក ទំនប់ទួលគ្រួសប និងស្ពានផុង នៅឃុំផុង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ដល់រដូវធ្វើស្រែ កងខ្ញុំត្រូវថ្នាក់លើចាត់តាំងឲ្យទៅរែកដីនៅឯខាងកើតអង្គតាសោម សេកមាសដែលនៅខាងជើងស្ពានវិញ។ កងពិសេសខ្មែរក្រហមកំណត់មនុស្ស ៤នាក់ មានអ្នកមូលដ្ឋាន ២នាក់ និងអ្នក១៧មេសា ២នាក់ ឲ្យដើររែកដីគ្រប់ទីកន្លែងដែលអង្គការចាត់តាំងក្នុងមួយថ្ងៃៗ ហើយត្រូវតែធ្វើឲ្យគ្រប់ចំនួនកំណត់ មិនអាចខ្វះបានទេព្រោះយើងជាកងពិសេស។

ដោយឡែក អ្នកដែលធ្លាប់ខ្វះខាតខ្លាំងពីសង្គមចាស់ ហើយរបបខ្មែរក្រហមបានទទួលដំណែងតូចធំ គឺសប្បាយណាស់ ព្រោះមានអាហារហូបគ្រប់គ្រាន់ មានផ្ទះស្នាក់នៅត្រឹមត្រូវជាដើម។ ចំណែកខ្ញុំ និងអ្នក១៧មេសា ផ្សេងទៀត ដោយសារឃ្លានខ្លាំងពេក ពេលដើរទៅធ្វើការឃើញកង្កែប គីង្គក់ ត្រី ចាប់យកមកទុកធ្វើម្ហូបហូប តែដោយសារយើងមិនមានអំបិលនៅកន្លែងសម្រាក ពេលដែលហូបអាហារមានអំបិល ឬទឹកត្រី យើងលួចខ្ចប់នឹងស្លឹកចេកទុកប្រលាក់ត្រី កង្កែប គីង្គក់ពេលទៅដល់កន្លែងសម្រាកវិញ។

ខ្មែរក្រហមមានច្បាប់តឹងរឹងចំពោះការធ្វើដំណើរពីភូមិមួយទៅភូមិ សូម្បីតែបងប្អូន ឬកូន ដែលបែកទៅនៅភូមិផ្សេងគ្នា គឺត្រូវធ្វើការស្នើរសុំទៅប្រធានភូមិ ដើម្បីអនុញ្ញាតិច្បាប់ឲ្យទៅលេង បើប្រធានភូមិមិនអនុញ្ញាត គឺមិនមានអ្នកណាហ៊ានប្រឆាំងឡើយ។ ក្នុងនោះដែរ សិទ្ធិសេរីភាពក្នុងការបញ្ជេញមតិក៏គ្មាន បើយើងហ៊ានតែនិយាយខុសបន្តិច គឺត្រូវចោទថាខ្មាំងតែម្តង។ ជាក់ស្តែង គ្រាន់តែនិយាយថា ហ៊ឺផ្គរមែនប៉ុន្តែអត់ភ្លៀង ខ្មែរក្រហមបែរជាចោទថា យើងបានឮស្នូរកាំងភ្លើងទៅវិញ ហើយចាប់យកទៅកសាងតែម្តង។ មានពេលមួយខ្ញុំត្រូវបានខ្មែរក្រហមវាយនឹងដំបង ដោយសារខ្ញុំក្រោកជ្រុលព្រោះអស់កម្លាំងពេក។ ពេលនោះខ្មែរក្រហមបានកំណត់ថាម៉ោង ៤ ត្រូវក្រោកហើយទះដៃបីដង តែខ្ញុំក្រោកទះដៃមិនទាន់ ទើបត្រូវខ្មែរក្រហមវាយនឹងដំបង។ ក្នុងរបបខ្មែរក្រហម ដើម្បីកុំឲ្យមានកំហុស យើងមិនត្រូវនិយាយអ្វីទាំងអស់ ទោះបីក្នុងករណីណាក៏ដោយ ឲ្យតែយើងហ៊ានមានយោបល់ ឬតបតគឺខុសរហូត។

ថ្ងៃដែលកងទ័ពវៀតណាមចូលមកជារដូវច្រូតស្រូវ និងជាថ្ងៃដែលខ្មែរក្រហមមានការជប់លាង ដល់ប្រជាជនតាមកងនីមួយៗ ដើម្បីរៀបចំសម្លាប់ប្រជាជនក្នុងភូមិខ្ញុំ។ កងពិសេសរបស់ខ្ញុំ កងបងខ្ញុំ និងកងបងប្អូនជីដូនមួយខ្ញុំ ច្រូតស្រូវជុំគ្នានៅក្បែរកន្លែងសម្លាប់មនុស្សនៃគុកក្រាំងតាចាន់ ស្រាប់តែមានការវាយប្រហារពីកងទ័ពវៀតណាមចូលមកដល់ភូមិត្រពាំងឈូក។ ចំណែក ខ្ញុំ និងគ្រួសារ បានរត់ទៅខាងលិចភ្នំ មិនហ៊ានត្រលប់មកភូមិវិញទេ គឺរស់នៅក្បែរៗព្រៃ រហូតទាល់តែកងទ័ពវៀតណាមប្រាប់ឲ្យត្រលប់ក្រោយទៅខាងកើតភ្នំវិញ ដែលជាទិសត្រលប់ទៅភូមិ កំណើតវិញ។

សរសេរដោយ គឹម សុវណ្ណដានី


ឯកសារយោង

[1] មជ្ឈមណ្ឌលឯកសារកម្ពុជា។ «បទសម្ភាសន៍ជាមួយ ង៉ែត ឃាង ដោយ ញាណ សុជាតិ និង ស៊ីរី សាវីណា» នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០០៤, ចម្លងចេញពីកាស្សែតដោយ គង់ សុកគឿន, ឯកសារលេខ VOT០១១១។

[2] មជ្ឈមណ្ឌលឯកសារកម្ពុជា។ «មន្ទីរ៨៧០៖ សេចក្តីណែនាំអំពីការប្រើពាក្យអង្គការ និងពាក្យបក្ស» ចេញផ្សាយថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៧៧, ឯកសារលេខD០១២៦៦។

[3] ផេង ពង្សរ៉ាស៊ី និងអ្នកពន្ធដទៃទៀត, «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» សៀវភៅបោះពុម្ពលើកទី២ របស់មជ្ឈមណ្ឌលឯកសារកម្ពុជា, បោះពុម្ពនៅភ្នំពេញ ឆ្នាំ២០២០, ទំព័រទី៤០។

[4] ផេង ពង្សរ៉ាស៊ី និងអ្នកពន្ធដទៃទៀត, «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» សៀវភៅបោះពុម្ពលើកទី២ របស់មជ្ឈមណ្ឌលឯកសារកម្ពុជា, បោះពុម្ពនៅភ្នំពេញ ឆ្នាំ២០២០, ទំព័រទី៤៧។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin