ប្រជាជនមូលដ្ឋាន
(ស្វាយរៀង)៖ ញ្ញាណ ឡូន មានអាយុ៥៧ឆ្នាំ ជាកសិករ រស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ បច្ចុប្បន្នគាត់នៅមើលថែទាំម្តាយចាស់ជរាដែលមានជំងឺវង្វេង។
ក្នុងរបបខ្មែរក្រហម ឡូន មានអាយុប្រហែល១០ ឆ្នាំ។ គាត់នៅចាំបានថា រយៈពេលពេញមួយរបបនោះអង្គការមិនបានជម្លៀសគាត់ទៅកន្លែងណានោះទេ។ គាត់ជាប្រជាជនចាស់រស់នៅស្រុកកំណើតក្នុងភូមិឃុំបច្ចុប្បន្ន។ ប្រជាជនចាស់មានស្ថានភាពរស់នៅងាយស្រួលជាងប្រជាជនថ្មី ទាំងលក្ខខណ្ឌការងារ និងរបបអាហារជាដើម។
ឡូន ដូចប្រជាជនក្នុងភូមិដទៃទៀតដែរ ត្រូវបានអង្គការប្រមូលទ្រព្យសម្បត្តិ និងសត្វពាហនៈយកទុកប្រើប្រាស់រួមក្នុងសហករណ៍។ គាត់ និងប្អូនត្រូវរស់នៅក្នុងកងកុមារជាមួយកុមារផ្សេងទៀត។ ឪពុកម្តាយ គាត់ស្ថិតនៅជាកម្លាំងស្នួលរបស់សហករណ៍ត្រូវធ្វើការងារច្រើន និងឆ្ងាយៗ។ ការងាររបស់ឪពុក ម្តាយ ឡូន នៅពេលនោះគឺត្រូវទៅគាស់គល់ឈើ កាប់ឆ្ការព្រៃ លើកភ្លឺស្រែ និងដកស្ទូងស្រូវជាដើម។
ក្នុងវ័យកុមារ ឡូន មិនបានទៅសាលារៀនទេ។ គាត់ត្រូវជួយមើលក្មេងៗក្នុងកងកុមារ ព្រោះគាត់មានវ័យធំជាងគេ។ ក្រៅពីនេះគាត់ត្រូវជួយធ្វើជីសម្រាប់ទុកដាក់ស្រូវ។ ឡូន បាននិយាយបន្តថា គាត់ត្រូវងើបពីព្រលឹមទៅឲ្យទាន់កន្លែងធ្វើការនៅម៉ោងប្រាំមួយព្រឹកជារៀងរាល់ថ្ងៃ។ គាត់ត្រូវកាប់ចិញ្ច្រាំដើមទន្ទ្រានខេត្រ និងដើរប្រមូលលាមកមនុស្សតាមបង្គន់ក្នុងសហករណ៍យកមកហាលឲ្យស្ងួត និងនៅពេលល្ងាចត្រូវប្រមូលយកមកបុកលាយជាមួយរុក្ខជាតិ។ ក្នុងវ័យជាកុមារនៅពេលនោះគាត់ស្ទើរតែមិនអាចទ្រាំទ្រការងារ នេះបាន ប៉ុន្តែដោយសារខ្លាចអង្គការសម្លាប់ គាត់បានស្តាប់តាមការទូន្មានឪពុកម្តាយ និងបានតស៊ូទ្រំាធ្វើការងាររហូតដល់របបខ្មែរក្រហមបានដួល រលំ។
ឡូន ទទួលបានរបបអាហារ បាយពីរពេលក្នុងមួយថ្ងៃ។ គាត់បន្តថា របបអាហារបានសមរម្យតែមិនបរិបូរណ៍ដូចបច្ចុប្បន្នទេ។ ទោះជាយ៉ាងណានៅពេលនោះគាត់នៅក្មេងតែងតែទៅលួចបន្លែផ្សេងៗដែលដុះតាមភូមិហូប។
បងប្រុសរបស់ ឡូន ដែលរៀនបានច្រើននៅសម័យ លន់ នល់ បានចូលធ្វើទាហានជាមួយខ្មែរក្រហមនៅក្នុងភូមិ។ គាត់បន្តថាអ្នកដែលមានបងប្អូនធ្វើការជាមួយអង្គការភាគច្រើនមានសិទ្ធិជាងប្រជាជនដទៃ។ បងប្រុសគាត់ត្រូវទៅយាមឆ្ងាយៗពីភូមិប្រហែលបីខែទើបបានមកលេង គាត់ និងឪពុកម្តាយម្តង។
ក្រោយរបបខ្មែរក្រហមដួលរលំ ឡូន បានត្រឡប់ពីសហករណ៍មករស់នៅផ្ទះកំណើតវិញរហូតដល់សព្វថ្ងៃ។
ឡូន សប្បាយរីករាយដែលមានឱកាសនិយាយរឿងរ៉ាវរបស់ខ្លួនពីរបបខ្មែរក្រហមប្រាប់ដល់អ្នកស្ម័គ្រចិត្ត យកទៅចងក្រងសាច់រឿងដើម្បីប្រាប់ដល់ក្មេងជំនាន់។ គាត់បានផ្តាំផ្ញើសិស្សានុសិស្សទាំងអស់ត្រូវចេះសិក្សាស្វែងយល់ពីប្រវត្តិសាស្រ្តរបស់ខ្លួនដែលបានជួបប្រទះ និងជៀសវាងកុំឲ្យរបបឃោរឃៅដូចអតីតកាលត្រឡប់មកវិញម្តងទៀតលើទឹកដីប្រទេសកម្ពុជា។
សម្ភាសន៍ដោយ សៅ ចាន់ណា ថ្ងៃទី២៧ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ អេង សុខម៉េង នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤