ញៀន សារិន៖ សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ញៀន សារិន ភេទស្រី កើតនៅឆ្នាំ១៩៥៥ បច្ចុប្បន្នមានអាយុ៦៩ឆ្នាំ។ ខ្ញុំមានទីកន្លែងកំណើតនៅ ភូមិច្រេស ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្ន ខ្ញុំរស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុករបស់ខ្ញុំឈ្មោះ ណុល ឈុំ(ស្លាប់) និងម្ដាយឈ្មោះ ចៅ នី(ស្លាប់)។ ខ្ញុំមានបងប្អូន៩នាក់ ក្នុងនោះស្លាប់អស់ចំនួន៥នាក់។ កាលពីកុមារ ខ្ញុំរៀនត្រឹមថ្នាក់ទី៤ រួចឈប់រៀន ដោយសារនៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ចេញពីតំណែងជាព្រះប្រមុខរដ្ឋ។ អំឡុងពេលនោះ ខ្ញុំមានអាយុប្រហែល៩ឆ្នាំ។ ខ្ញុំនៅចាំខ្លះៗថាមានយន្តហោះទម្លាក់គ្រាប់បែកពាសពេញព្រៃ។ ប្រជាជនភ័យខ្លាច ក៏នាំគ្នាជីករណ្តៅត្រង់សេ សម្រាប់គេចពីគ្រាប់បែក ដែលយន្តហោះទម្លាក់មកលើភូមិ និងផ្ទះសម្បែង។
រហូតដល់ឆ្នាំ១៩៧៥ របបខ្មែរក្រហមទទួលជ័យជម្នះទៅលើរបប លន់ នល់ និងបានឡើងគ្រប់គ្រងប្រទេស ព្រមទាំងធ្វើការជម្លៀសគ្រួសាររបស់ខ្ញុំ និងប្រជាជនដទៃទៀតឱ្យទៅធ្វើស្រែចម្ការនិងជីកទំនប់ លើកប្រឡាយនៅតាមការដ្ឋាន។ ពេលនោះ ខ្ញុំមានអាយុប្រហែល១៤ ឆ្នាំប៉ុណ្ណោះ។ ខ្មែរក្រហមបានបញ្ចូនខ្ញុំទៅក្រុមកងកុមារ ធ្វើការកាប់ស្លឹកទន្ទ្រានខែត្រ និងដើររើសអាចម៍តាមភូមិ និងក្នុងស្រែ ដើម្បីទុកធ្វើជី។ បន្ទាប់ពី ខ្ញុំបានចូលធ្វើការនៅកងកុមាររយះពេលប្រហែល១ឆ្នាំ ខ្មែរក្រហមបានបញ្ចូនខ្ញុំឱ្យចូលធ្វើការងារនៅកងចល័តវិញម្ដង។ ខ្មែរក្រហមបានផ្លាស់ខ្ញុំមកធ្វើការងារនៅទំនប់ម្លេច ដោយខ្មែរក្រហមចាត់ឱ្យខ្ញុំរ៉ែកដីជារៀងរាល់ថ្ងៃចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១១ថ្ងៃ និងចាប់ពីម៉ោង១រសៀល រហូតដល់ម៉ោង៥ល្ងាច។ បន្ទាប់ពី ខ្ញុំធ្វើការនៅទំនប់ម្លេចមិនបានយូរប៉ុន្មាន ខ្មែរក្រហមក៏បញ្ជូនខ្ញុំទៅលើកទំនប់នៅក្តុលវិញ។ ចំពោះរបបអាហារ ខ្ញុំមិនទទួលបានបាយសម្រាប់ហូបគ្រប់គ្រាន់នោះទេ។ ក្រោយមក ខ្មែរក្រហមបានបញ្ជូនខ្ញុំឱ្យទៅរៀនវិជ្ជាពេទ្យពីចាស់ៗ ដែលធ្វើការនៅទីនោះ។ ខ្ញុំរៀនចេះចាក់ថ្នាំ និងផ្សំថ្នាំខ្លះ។ ខ្ញុំធ្វើការជាមួយពេទ្យមិនបានយូរប៉ុន្មាន ក៏ទទួលដំណឹងថាកងទ័ពវៀតណាមបានវាយចូលមកដល់។ ខ្ញុំបានភៀសខ្លួនចេញទៅជាមួយពេទ្យដទៃទៀត។ កងទ័ពវៀតណាម បានចូលមកដល់នៅដើមឆ្នាំ១៩៧៩។ ពេលនោះ ខ្ញុំបានភៀសខ្លួនទៅឆ្ងាយដោយរស់នៅក្នុងព្រៃ។ ពេលយប់កន្លែងណា ខ្ញុំដេកកន្លែងនោះ។ ខ្ញុំរស់នៅក្នុងព្រៃអស់រយៈពេលជាច្រើនខែ ដោយ ខ្ញុំប្រទះឃើញមានមនុស្សស្លាប់ពាសពេញព្រៃ ទាំងចាស់ទាំងក្មេង។ ខ្ញុំធ្វើដំណើររហូតដល់ភ្នំឱរ៉ាល់ ក៏បានឡើងនិងស្នាក់នៅលើភ្នំប្រហែល ១សប្តាហ៍ ទើបចុះវិលត្រលប់មកភូមិស្រុកវិញ ដោយសារទទួលដំណឹងថាវៀតណាមវាយឈ្នះកងទ័ពខ្មែរក្រហម ហើយសង្គ្រាមបានបញ្ចប់។ ខ្ញុំបានជួបជាមួយគ្រួសាររបស់ខ្ញុំពេលធ្វើដំណើរមកដល់ភូមិស្រុកវិញ។ ឪពុកម្ដាយរបស់ខ្ញុំមិនបានភៀសខ្លួនទៅណាឆ្ងាយនោះទេ។
ក្នុងឆ្នាំ ១៩៨២ ឪពុកម្ដាយរបស់ខ្ញុំ បានរៀបចំទុកដាក់ឱ្យខ្ញុំមានគ្រួសារ។ ក្នុងឆ្នាំ ១៩៩៩ ខ្ញុំនិងស្វាមីព្រមទាំងកូនៗបានផ្លាស់ប្ដូរមករស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ បន្ទាប់ពីមករស់នៅក្នុងភូមិបាក់នឹម ខ្ញុំនិងស្វាមីបានចាប់របរជាកសិកររហូតមកដល់ពេលបច្ចុប្បន្ន។
សព្វថ្ងៃ ខ្ញុំមានជំងឺប្រចាំកាយដូចជា ជំងឺរោគស្ត្រី និងជំងឺលើសឈាម។ ខ្ញុំកើតជំងឺទាំងនេះគឺដោយសារតែកាលពីក្មេងខ្ញុំធ្វើការលើសកម្លាំង និងមិនមានបាយសម្រាប់ហូបគ្រាប់គ្រាន់ព្រោះប្រទេសជាតិកើតសង្គ្រាម។ មួយវិញទៀត បច្ចុប្បន្ននេះ ខ្ញុំមានអាយុកាន់តែច្រើនផង។ ចំពោះការព្យាបាលជំងឺ ខ្ញុំបានទៅមន្ទីរពេទ្យនៅក្នុងភូមិស្រុកក្បែរៗផ្ទះ។ ពេលខ្ញុំទៅជួបគ្រូពេទ្យ ខ្ញុំបានរៀបរាប់ប្រាប់អំពីស្ថានភាពជំងឺរបស់ខ្ញុំ និងទទួលការចាក់ថ្នាំព្រមទាំងផ្សំថ្នាំផ្សះសម្រាប់ យកមកហូបនៅផ្ទះជារៀងរាល់ថ្ងៃ។ ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានមកសួរសុខទុក្ខខ្ញុំ។[1]
ដោយ ផាត ពន្លក
[1] ញៀន សារិន, សម្ភាសន៍ផ្ទាល់មាត់, «សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងអំពីស្ថានភាពជំងឺបច្ចុប្បន្ន», សម្ភាសន៍ដោយ ផាត ពន្លក នៅឆ្នាំ២០២៤, មជ្ឈមណ្ឌលផ្សះផ្សាបាក់នឹមប្រចាំខេត្តកំពត