ញ៉ែម ហេង៖ អង្គការ ប្រហារជីវិតគូស្នេហ៍ ចោទពីបទខុសសីលធម៌

យោងតាមបទសម្ភាសន៍ផ្ទាល់មាត់របស់ ឡុង ដានី (បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា) ជាមួយ ញ៉ែម ហេង អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា៖ ញ៉ែម ហេង បានឃើញមនុស្សចំនួនពីរនាក់ ត្រូវខ្មែរក្រហមចាប់យកទៅសម្លាប់ នៅអាលូច ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។ មនុស្សពីរនាក់ ដែលខ្មែរក្រហមនាំទៅសម្លាប់ មានឈ្មោះខាត់ និងស៊ុយ។ ខាត់ និងស៊ុយ មានទំនាក់ទំនងស្នេហា។ គូស្នេហ៍មួយគូនេះរស់នៅភូមិដូង ឃុំជាំក្រវៀន ស្រុកមេមត់ ត្រូវជាបងប្អូនជីដូនមួយខាងប្តី ឈ្មោះ ញ៉ាញ់ និង សេង ត្រូវបានខ្មែរក្រហម សម្លាប់ដោយសារខុសសីលធម៌ ។
ឈ្មោះ ញ៉ែម ហេង[1] ភេទស្រី អាយុ៨៥ឆ្នាំ មានស្រុកកំណើតនៅភូមិមង់ ឃុំជាំ ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្នរស់នៅភូមិមង់ ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំកើតទាន់ជំនាន់ចោរប្លន់ (ចោរហារយ) ចោរប្លន់រទេះគោ។ ចោរ មានកាំភ្លើងគ្រប់គ្នា។ ខ្ញុំមានបងប្អូនស្រីចំនួន២នាក់នៅរស់ទាំងពីរ ហើយខ្ញុំជាកូនទី២។ បងស្រីទី១-ឈ្មោះ ញ៉ែម អេង សព្វថ្ងៃនៅភូមិមង់ ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ បែកផ្ទះនៅតាមគ្រួសារ ជាមួយកូន-ចៅ។ ឪពុកឈ្មោះ ញ៉ែម (ស្លាប់) និងម្តាយឈ្មោះ ថូក(ស្លាប់)។ ឪពុកស្លាប់ក្នុងរបប លន់ នល់ ដោយសារជំងឺ។ ម្តាយស្លាប់នៅ ភូមិជាំអំពិល ឃុំជាំ ដោយសារអត់អាហារក្នុងរបបខ្មែរក្រហម។ ឯប្តីខ្ញុំឈ្មោះ អំ យ៉ែម (ស្លាប់បាន៩ឆ្នាំ) ខ្ញុំមានកូនចំនួន៨នាក់ (ស្រី៨នាក់)ស្លាប់អស់៦នាក់។
កាលពីកុមារភាពខ្ញុំមិនដែលរៀនសូត្រនោះទេ។ ម្យ៉ាងទៀតកាលពីសង្គមចាស់ មនុស្សស្រីមិនសូវមានចំណេះដឹងជ្រៅជ្រះដូចជាមនុស្សប្រុស។ បុរសមានចំណេះដឹង ភាគច្រើនបានរៀនសូត្រតាមទីវត្តអារាម។ ខ្ញុំបានរៀបការមុនសម័យ លន់ នល់ ។ ខ្ញុំមានកូន៤នាក់ ប៉ុន្តែកូនខ្ញុំស្លាប់អស់ដោយសាជំងឺ។ នៅក្នុងភូមិអត់មានថ្នាំព្យាបាលហើយពេទ្យនៅឆ្ងាយ។ ប្រជាជនភាគច្រើនប្រើថ្នាំខ្មែរ ពេលខ្លះបានធូរស្បើយ ជំងឺធ្ងន់ក៏ស្លាប់ដូចជាកូនៗខ្ញុំ។ អាមេរិចទម្លាក់គ្រាប់បែកដំបូងនៅភូមិមង់ ឃុំជាំ ស្រុកមេមត់ កំពង់ចាម ( បច្ចុប្បន្នត្បូងឃ្មុំ )។ ទម្លាក់នៅភូមិមង់, ភូមិចន្ទ្រា, ត្រឡោកបែក ខេត្តស្វាយរៀង។ អ្នកភូមិខ្ញុំមានបទចម្រៀង អំឡុងពេលអាមេរិកាំងទម្លាក់គ្រាប់បេ-៥២។ ខ្ញុំធ្លាប់បានច្រៀងចម្រៀងនោះ ហើយបទចម្រៀងនោះ ច្រៀងថា ភូមិមង់ ចន្ទ្រា នារីអូនអើយ ស្លាប់ប្រុស ស្លាប់ស្រី ភូមិធ្លក ត្រពាំងឫស្សី រត់ចូលទៅក្នុងព្រៃទាំងអស់គ្នា។ ពេលដែលអាមេរិចទម្លាក់គ្រាប់បែក ប្រជាជនក្នុងភូមិកំពុងតែរាំលេងសប្បាយក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែរ។ រាំមិនបានកន្លះម៉ោងផងស្រាប់តែឃើញយន្តហោះអាមេរិកាំង មកពីទិសខាងត្បូង។ យន្តហោះនោះមកពីប្រទេសវៀតណាម តែមិនដឹងថាយន្តហោះប្រភេទអ្វី? យន្តហោះនោះបានទម្លាក់គ្រាប់បែកភ្លាមៗ ដែលធ្វើឲ្យមនុស្សស្លាប់និងរងរបួស។ ប្រជាជនភូមិមង់ ឃុំជាំ ស្រុកមេមត់ ស្លាប់ចំនួន៧នាក់ រួមទាំងម្តាយក្មេកខ្ញុំម្នាក់។ អ្នកស្លាប់មានឈ្មោះ កណ្តុរ (ត្រូវជាម្តាយក្មេកខ្ញុំ), ប្រពន្ធសាន់, ហេង, ខ្សៀវ, និងគ្រួសារមួយស្លាប់៣នាក់។ បន្ទាប់ពីការទម្លាក់គ្រាប់បែកនៅក្នុងភូមិរួច ប្រជាជនរត់ភៀសខ្លួនទៅនៅតាមព្រៃ។ បន្ទាប់ពីមានការទម្លាក់គ្រាប់បែបក្នុងភូមិមង់ ថ្នាក់លើបញ្ជូនទាហានពីស្រុកចុះមកត្រួតពិនិត្យ និងដាក់កម្លាំងយាមតាមព្រំដែនកម្ពុជា-វៀតណាម។ ខ្ញុំបានរត់ចេញពីភូមិមង់ ទៅនៅភូមិដូង ឃុំជាំក្រវៀន ស្រុកមេមត់។ គ្រួសារខ្ញុំត្រូវបានបែកបាក់គ្នា ហើយឪពុកម្តាយរត់ទៅកន្លែងផ្សេង ខ្ញុំបានទៅរស់នៅតាមប្តីនៅភូមិដូង ឃុំជាំក្រវៀន បណ្តោះអាសន្ន។ ខ្ញុំ និងប្តីស្នាក់នៅភូមិដូង ឃុំជាំក្រវៀន បានមួយយប់សភាពការណ៍មិនស្រួលក៏រត់ទៅ ស្រុកមេមត់។ នៅប៉ុស្តិ៍មេមត់ បាន៤ទៅ៥យប់ មានមន្តី្របម្រើការងារប្រចាំប៉ុស្តិ៍ស្រុកមេមត់ ដេញខ្ញុំ និងគ្រួសារ ដោយសារប៉ុស្តិ៍ស្រុកមេមត់ មិនឲ្យមនុស្សធម្មតាស្នាក់នៅយូរទេ។ ខ្ញុំចេញពីប៉ុស្តិ៍មេមត់ ទៅនៅភូមិជាំទ្រៀក ឃុំត្រមូង ហើយបានជួបជាមួយម្តាយឪពុកនៅ ភូមិជាំទ្រៀក។ អ្នកភូមិជាំទ្រៀក រាប់អានខ្ញុំចេះចែករំលែកគ្នា។ គ្រួសារខ្ញុំប្រកបរបរធ្វើស្រែ និងចម្ការដោយបង្កបង្កើនផលស្រូវ, សណ្តែក និងពោត។
ខ្ញុំស្នាក់នៅភូមិជាំទ្រៀកបាន១ឆ្នាំ។ យន្តហោះនៅតែបន្តទម្លាក់គ្រាប់បែកឥតឈប់ ខ្ញុំសម្រេចចិត្តភៀសខ្លួនទៅរស់នៅភូមិបុស្ស ឃុំរូង ស្រុកមេមត់។ បន្ទាប់ពីគ្រួសារខ្ញុំចាកចេញពីភូមិជាំទ្រៀក ឃុំត្រមូង បានដឹងដំណឹងថា មានពីរគ្រួសារមួយក្នុងភូមិជាំទ្រៀក ត្រូវបានស្លាប់ដោយសារការទម្លាក់គ្រាប់។ ខ្ញុំស្នាក់នៅភូមិបុស្ស ឃុំរូង បានចំនួនកន្លះខែត្រឡប់ទៅ ភូមិជាំទ្រៀក វិញ។ នៅភូមិមង់ មិនមានការទម្លាក់គ្រាប់ ទើបខ្ញុំត្រឡប់មកវិញ។ ក្នុងភូមិខ្ញុំឃើញមានទាហានកំពុងសង់ផ្ទះឲ្យប្រជាជនស្នាក់នៅ។ បន្ទាប់ពីអាមេរិកាំងទម្លាក់គ្រាប់បែកក្នុង ភូមិមង់ ឃុំជាំ ប្រជាជនរងការលំបាកខ្លាំង ដោយសារអត់មានផ្ទះសំបែង ខូចខាតទ្រព្យសម្បត្តិ និងបាត់បង់អាយុជីវិត។ ផ្ទះចំនួន១៥ខ្នង ត្រូវបានសង់រួចរាល់។ ចំណែកគ្រួសាររបស់ខ្ញុំរស់នៅជាមួយប្តី និងកូនពីរនាក់។ ផ្ទះដែលប្រគល់ជូនទៅប្រជាជនភូមិមង់ ឃុំជាំ ខាងត្បូងមានផ្ទះខ្ញុំ ចូង, ហែម, ឆែ, សាន់, ប៊ិច, លូច, និថអំ ចំណែកនៅខាងជើងមានផ្ទះប៉ិន, អ៊ួច, ប៉ែន, ជួង, គា, ធី និងភិច។ ក្រោយពេលដែលធ្វើផ្ទះរួចរាល់ប្រជាជនភូមិមង់ ចាប់ផ្តើមធ្វើស្រែ ចម្ការ បង្កបង្កើនផលស្រូវ។ ធ្វើស្រែបាន១ឆ្នាំចូលជំនាន់ ប៉ុល ពត។ ក្នុងភូមិធ្វើការ ប្រវាស់ដៃ ខ្មែរក្រហមបង្កើតជាសហករណ៍ ហូបបាយរួម ធ្វើការងាររួម។ នៅក្នុងភូមិខ្មែរក្រហមឲ្យប្រជាជនហូបរួម ប៉ុន្តែមិនសូវពិបាកទេ។ ទាល់ខ្មែរក្រហមជម្លៀសប្រជាជនចេញពីភូមិមង់ទាំងអស់ ទើបពិបាកខ្លាំង។ កូនស្រីទីមួយ របស់ខ្ញុំត្រូវខ្មែរក្រហមជ្រើសរើសធ្វើជាកងចល័ត។ ខ្ញុំមិនហ៊ានប្រកែក ជាមួយអង្គការឡើយ ខ្លាចអង្គការហៅទៅអប់រំ។ យុវជន យុវនារី មានអាយុ ចាប់ពី១៥ឆ្នាំឡើង គឺខ្មែរក្រហមជ្រើសធ្វើជាកងកម្លាំង និងកងចល័ត។ កងកម្លាំងយុទ្ធជន ខ្មែរក្រហមចាត់ទៅបំពេញការងារតាមព្រំដែនខ្មែរ-វៀតណាម។ ចំណែកកងចល័ត ត្រូវធ្វើការងារស្រែចម្ការ តាមភូមិ សហករណ៍ ដែលខ្មែរក្រហមបានកំណត់ទីតាំង។ នៅក្នុងចិត្តខ្ញុំមិនចង់ឲ្យកូនទៅធ្វើការទេ ប៉ុន្តែនេះជាច្បាប់ក្នុងរបបខ្មែរក្រហម មិនអាចប្រកែកបាន។ គ្រួសារមានកូនច្រើនខ្មែរក្រហមចាត់ឲ្យទៅធ្វើការទាំងអស់។ គ្រួសារខ្ញុំមានកូនពីរនាក់ ខ្មែរក្រហមប្រើតែម្នាក់ ទុកម្នាក់នៅជាមួយគ្រួសារក្នុងភូមិនេះ។
ខ្ញុំធ្លាប់ឃើញការរៀបការក្នុងសម័យខ្មែរក្រហម នៅភូមិពើក ឃុំមេមង ស្រុកមេមត់ ចំនួន៥គូ។ អង្គការជាឪពុក ម្តាយ រៀបចំមង្គលការជូនប្តីប្រពន្ធ។ ក្នុងពិធីរៀបការនោះ គ្មានសាច់ញាតិ សូម្បីឪពុក ម្តាយបង្កើតមិនបានចូលរួម មានតែអង្គការនិងសាមីខ្លួន។ អ្នកទាំង៥គូ ឡើងប្តេជ្ញាចំពោះមុខអង្គការ ហើយកម្មវិធីត្រូវបញ្ចប់។ បន្ទាប់ពីខ្មែរក្រហមជ្រើសរើសកម្លាំងយុវជន យុវនារី រួចមកខ្មែរក្រហមចាប់ផ្តើមជម្លៀសប្រជាជនទាំងអស់ក្នុងភូមិមង់ ឃុំជាំ ទៅកាន់ខេត្តក្រចេះ។ ខ្ញុំត្រូវបានជម្លៀសទៅនៅអាលូច ខ្មែរក្រហមប្រើឲ្យកាប់ដី កាប់ឆ្ការព្រៃ សម្រាប់ធ្វើស្រែ។ សម័យខ្មែរក្រហមអត់មានម៉ាស៊ីនទេ ប្រើកម្លាំងមនុស្សកាប់ដី បង្កើតជាវាលស្រែធំល្វឹងល្វើយ។ ប្រជាជនច្រើនស្លាប់នៅអាលូច ឃុំស្វាយជ្រះ ស្រុកស្នួល រួមមានសង្កាត់ចំនួនពីរ គឺសង្កាត់ជាំ និងសង្កាត់ជាំក្រវៀន។ នៅអាលូច ឃុំស្វាយជ្រះ ខ្មែរក្រហមបែងចែកការងារធ្វើជាច្រើនផ្នែក។ ក្មេងៗ ខ្មែរក្រហមចាត់ឲ្យធ្វើជី មនុស្សចាស់មើលកូនក្មេងក្នុងសហករណ៍ កម្លាំងយុវជនគាស់គល់ឈើ លើកប្រព័ន្ធភ្លឺស្រែ ធ្វើប្រឡាយ ទំនប់ជាដើម។ ចំពោះការហូបចុកនៅអាលូច ឃុំស្វាយជ្រះ មិនដែលបានគ្រប់គ្រាន់នោះទេ ភាគច្រើនមានបបរលាយជាមួយទឹកឬជាមួយផ្លែចេក ដំឡូង។ នៅក្នុងមួយថ្ងៃខ្មែរក្រហមឲ្យហូបតែពីរពេល គឺពេលថ្ងៃត្រង់ និងពេលល្ងាច។ ប្រជាជននៅទីនោះភាគច្រើនអត់ឃ្លាន រហូតដាច់ចិត្តទៅលួចអាហារយកមកហូប អ្នកខ្លះលួចបានរួចខ្លួន និងអ្នកខ្លះត្រូវអង្គការចាប់បាន។ អ្នកដែលអង្គការចាប់បានយកទៅវាយចោល ប៉ុន្តែខ្ញុំមិនបានឃើញផ្ទាល់ភ្នែក។។ មានមនុស្ស៣ទៅ៤នាក់ ជាអ្នកលួចអាហារត្រូវបានអង្គការចាប់បាន ហើយសម្លាប់ចោល។ អ្នកទាំង៣នាក់ ជាប្រជាជនមកពីភូមិងៀវ ភូមិជាំអំពិល ឃុំជាំ ស្រុកមេមត់ ដែលខ្មែរក្រហមជម្លៀសមកអាលូច ឃុំស្វាយជ្រះ។ មិនទាន់បានមួយអាទិត្យផង ខ្ញុំបានឃើញមនុស្សចំនួនពីរនាក់ មានស្រីម្នាក់ និងប្រុសម្នាក់ ត្រូវខ្មែរក្រហមចាប់យកទៅសម្លាប់ នៅអាលូច ឃុំស្វាយជ្រះ ស្រុកស្នួល។ មនុស្សពីរនាក់ ដែលខ្មែរក្រហមទៅសម្លាប់ មានឈ្មោះខាត់ និងស៊ុយ។ មិត្តខាត់ និងស៊ុយ មានទំនាក់ទំនងស្នេហា ធ្វើខុសសីលធម៌។ ទំនាក់ទំនងស្នេហាបើកចំហគ្មានទេ បើសិនជាមានទាល់តែអង្គការអ្នករៀបចំ។ អ្នកដែលស្រឡាញ់គ្នាដោយចិត្តឯង មិនមានការអនុញ្ញាតពីអង្គការ គឺខុសច្បាស់។ អង្គការកោះហៅអ្នកទាំងពីរទៅអប់រំពីសីលធម៌ ដាច់ខាតប្រុសស្រីមិនអាចនៅជាមួយគ្នាតែពីរនាក់ទេ។
ខ្ញុំឃើញមនុស្សស្លាប់នៅអាលូច ឃុំស្វាយជ្រះ ជាច្រើននាក់ ដោយសារអត់បាយ ឈឺ និងមួយចំនួនខ្មែរក្រហមសម្លាប់។ ខ្ញុំនៅភូមិអាលូច ឃុំស្វាយជ្រះ ជិតមួយឆ្នាំ ទើបខ្មែរក្រហមជម្លៀសចេញឲ្យទៅនៅខេត្តក្រចេះវិញ។ ខែវស្សានៅក្រចេះ កំពុងភ្លៀងខ្លាំង ជារដូវធ្វើស្រែ ស្ទូងស្រូវ។ ខ្ញុំចាប់ផ្តើមស្ទូងស្រូវ ហើយស្រែនៅទៅនោះមានផ្ទៃក្រឡាធំៗ ជាងនៅស្វាយជ្រះ។ អំឡុងពេលស្ទូងស្រូវ មានការអនុញ្ញាតឈប់សម្រាកកម្លាំងកន្លះម៉ោង បន្ទាប់បានចុះធ្វើការវិញ។ ការហូបចុកមិនពិបាកដូចនៅស្វាយជ្រះទេ។ ខ្មែរក្រហមជម្លៀសចេញពីខេត្តក្រចេះឲ្យនៅកោះត្នោត ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។ ប្តីខ្ញុំធ្វើជានីរសារ ឲ្យឡាង។ ឡាង មានតួនាទីជាមេទ័ពម្នាក់ក្នុងសម័យខ្មែរនៅតំបន់សំបូរ ខេត្តក្រចេះ។ ប្តីរបស់ខ្ញុំត្រូវបានទ័ពនិរតីស្រាវជ្រាវរកយកទៅសម្លាប់ ប៉ុន្តែក្រោយពីដឹងថាប្តីធ្វើជានីរសារឲ្យឡាង ប្តីខ្ញុំបានរួចខ្លួនពីទ័ពនិរតី។ ក្រោយពេលរួចខ្លួន ប្តីខ្ញុំត្រូវបំពាក់ស័ក្ត និងផ្តល់កាំភ្លើងឲ្យមួយដើម គ្រួសារខ្ញុំត្រូវបានជម្លៀសទៅនៅខាងឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ។ នៅស្វាយភ្លើងជិតមួយខែចេញទៅខេត្តកំពង់ចាម។ ដល់កំពង់ចាម ខ្មែរក្រហមឈប់បង្ខំឲ្យខ្ញុំធ្វើការ។ ចំពោះការហូបចុក គឺមិនខ្វះទេ ខ្ញុំចង់ហូបពេលណាក៏បានឲ្យតែឃ្លាន។ ខ្ញុំនៅកំពង់ចាម បានចំនួនបីថ្ងៃមានកម្លាំងសាមគ្គីសង្គ្រោះជាតិ និងកងកម្លាំងវៀតណាម វាយចូលមករំដោះ។ កងកម្លាំងរំដោះប្រកាសឲ្យប្រជាជនត្រឡប់ទៅផ្ទះរៀងៗខ្លួន។ គ្រួសារខ្ញុំក៏ធ្វើដំណើរត្រឡប់មកផ្ទះ។ ខ្ញុំឡើងកាណូតតាមទន្លេ ដល់ត្រើយម្ខាងទន្លេបិទ រួចនាំគ្នាទៅមុខទៀតបានឡានវៀតណាមជិះទៅដល់ស្រុកពញាក្រែក។ នៅពញាក្រែក កូនខ្ញុំមានអាយុ៨ឆ្នាំកើតជំងឺកញ្ជ្រឹល។ ជំនាន់នោះគ្មានថ្នាំពេទ្យមកពីណា ប្រើតែថ្នាំខ្មែរ។ ខ្ញុំឲ្យផឹកទឹកដូងជាមួយជន្លេននៅតែមិនបានធូរស្បើយ។ ខ្ញុំអាណិតកូនខ្លាំងណាស់ ក្រហមពេញខ្លួន។ មានអ្នកធ្វើដំណើរជាមួយគ្នាប្រាប់ថា កុំឲ្យកូនមិត្តឯងដេកផ្ទាល់ក្រណាត់ឬកន្ទេល ប្រយ័ត្នតបកស្បែក។ ខ្ញុំប្តូរឲ្យកូនដេកលើស្លឹកចេកវិញ។ ក្រោយពីកូនខ្ញុំស្លាប់ទុកដាក់សពរួចរាល់នៅក្រែក នាំគ្រួសារដើរត្រឡប់មកស្រុកកំណើតវិញ។ ទម្រាំតែមកដល់ស្រុកកំណើតដេកគ្រប់កន្លែង យប់កន្លែងណាដេកកន្លែងនោះ។ ពេលដល់ផ្ទះឃើញភូមិដុះព្រៃ ហើយផ្ទះសំបែងបានខូចខាត បាក់បែកអស់ សូម្បីតែឈើក៏មិនសល់។ ក្រោយមកធ្វើផ្ទះសាជាថ្មីប្រក់ស្លឹងទ្រាំង ស្លឹកថ្លុង កាប់ឆ្ការព្រៃបង្កបង្កើនផលស្រូវ។
សព្វថ្ងៃនេះ ខ្ញុំនៅតែចាំបទពិសោធន៍ជីវិតបានឆ្លងកាត់សម័យសង្គ្រាម សម័យខ្មែរក្រហម។ សព្វថ្ងៃនេះខ្ញុំមិនចង់បានអ្វីទេ សូមកុំឲ្យប្រទេសមានសង្គ្រាមទៀត។
អត្ថបទដោយ ឈុំ រ៉ា
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, បទសម្ភាសន៍ផ្ទាល់មាត់ មាត់ លោកឡុង ដានី បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាជាមួយ ញ៉ែម ហេង អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅភូមិមង់ ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ លើគម្រោងការលើកកម្ពស់សិទ្ធិនឹងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុចភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។