ញ៉ែម ខាន់ ហៅ ធឿន៖ ជានារីពេទ្យវ័យក្មេងម្នាក់នៅក្នុងរបបខ្មែរក្រហម

ពេទ្យកំពុងពិនិត្យមើលដបថ្នាំនៅក្នុងរបបខ្មែរក្រហម រូបថតពីទស្សនាវដ្តីស្វែងរកការពិតលេខ ៣០៤
(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

របបខ្មែរក្រហម បានយកជ័យជម្នះលើរបបសាធារណរដ្ឋខ្មែរ ដឹកនាំដោយសេនាប្រមុខ លន់ នល់ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ របបខ្មែរក្រហម ឡើងកាន់អំណាច និងបានជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ ដោយមិនបានយកចិត្តទុកដាក់ពីសុខភាពរបស់ប្រជាជន។ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មានក្រសួងសុខាភិបាលដូចជំនាន់មុនៗដែរ តែការសិក្សាអប់រំលើមុខវិជ្ជាពេទ្យមានសភាពខុសគ្នាផ្ទុយស្រឡះពីរបបមុនៗ។ ឈ្មោះ ញ៉ែម ខាន់ ជាក្មេងស្រីម្នាក់រស់នៅតាមទីជនបទស្រុកស្រែចម្ការ និងមិនបានសិក្សារៀនសូត្រ នៅតែអាចក្លាយជាបុគ្គលិកនៅមន្ទីរពេទ្យ(៦មករា) ក្នុងរបបខ្មែរក្រហមបានដែរ។

ខ្ញុំ​ឈ្មោះ ញ៉ែម ខាន់[1] ឈ្មោះ បដិវត្តន៍ ធឿន មានអាយុ៤១ឆ្នាំ (គិតត្រឹមឆ្នាំ២០០៣)។ ខ្ញុំមានឪពុកឈ្មោះ ញ៉ែម ស៊ឺ និងម្តាយឈ្មោះ ចាន់ ចែម។ ខ្ញុំមានស្រុកកំណើតនៅភូមិត្រពាំងព្រីង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ (តំបន់១៣ ភូមិភាគនិរតី ក្នុងរបបខ្មែរក្រហម)។ នៅឆ្នាំ១៩៧៥ ខ្ញុំពេញវ័យចូលកងកុមារ អង្គការចាត់តាំងឲ្យធ្វើការងារជាច្រើន ដូចជា៖ រែកដីដំបូក, កើបអាចម៌គោ និងដើរកាប់ដើមទន្រ្ទានខែត្រយកទៅធ្វើជីដាក់ស្រែ។ នៅឆ្នាំ១៩៧៦ ប្រធានឃុំឈ្មោះ តាខែម បានមកជ្រើសរើសសមាជិកតាមប្រវត្តិរូប និងរើសបានកុមារមួយចំនួនដែលជាកូនចៅប្រជាជនអ្នកមូលដ្ឋានចាស់ ឲ្យចូលបម្រើការងារជាពេទ្យនារី ប្រចាំឃុំ ហើយក្នុងនោះមានឈ្មោះខ្ញុំម្នាក់ដែរ។ ខ្ញុំបានចូលធ្វើការងារដំបូងជាអ្នកគ្រូពេទ្យវ័យក្មេងម្នាក់ប្រចាំឃុំគូស ដែលមានទីតាំងនៅវត្តអង្គពណ្ណរាយ ទទួលការងារជួយព្យាបាលប្រជាជននៅក្នុងភូមិឃុំដែលកើតមានជំងឺផ្សេងៗ ដូចជាជំងឺរាគរុះ, ចុកពោះ, ជំងឺហើម និងវិលមុខជាដើម។ ចូលធ្វើការងារជានារីពេទ្យឃុំ ទើបខ្ញុំ​បានដឹងថា នៅក្នុងរបបខ្មែរក្រហម នៅតាមទីជនបទស្រុកស្រែចម្ការ ពុំមានថ្នាំសង្កូវគ្រប់គ្រាន់សម្រាប់ព្យាបាលទេ។ ថ្នាំខ្លះត្រូវផលិតដោយខ្លួនឯង ផ្សំចេញពីឫសឈើ ដែលកាប់បានពីក្នុងព្រៃ ឬនៅក្នុងតំបន់មួយចំនួនយកមកបុកលាយជាមួយទឹកឃ្មុំ ដូចជាថ្នាំមានពណ៌ខ្មៅជាទូទៅហៅថា យើងស្គាល់ថា ជាថ្នាំអាចម៌ទន្សាយ (ជាទូទៅ ប្រជាជនមានជំងឺអ្វីក៏ដោយ ភាគច្រើនទទួលបានត្រឹមថ្នាំអាចម៌ទន្សាយនេះ។ នៅក្នុងឆ្នាំ១៩៧៦ ខ្ញុំ ជានារីពេទ្យប្រចាំឃុំគូស ធ្លាប់បានដើរធ្វើការងារឆ្លងកាត់តំបន់ក្រាំងតាចាន់ បានឮសំឡេងមេក្រូចាក់ ខ្ញុំបានសួរទៅកាន់មិត្តនារីធ្វើការជាមួយគ្នាថា៖ “តើកន្លែងនេះមានរឿងអ្វីកើតឡើងបានជាចាក់មេក្រូឮយ៉ាងនេះ?” ខ្ញុំបានទទួលចម្លើយមកវិញថា នៅក្រាំងតាចាន់នេះជាមន្ទីរសន្តិសុខ ឲ្យតែមានចាក់មេក្រូថ្ងៃណា ច្បាស់ជាកងឈ្លបយកមនុស្សមកសម្លាប់ចោលហើយ។ ខ្ញុំនៅក្មេងជាងគេមិនសូវយល់​ គ្រាន់តែឮមានការភ័យខ្លាចជាខ្លាំង។

នៅខែឧសភា ឆ្នាំ១៩៧៧ ខ្ញុំ និងមិត្តនារីម្នាក់ទៀតឈ្មោះ សាវ មិនបានដឹងខ្លួនជាមុនថា អង្គការថ្នាក់មជ្ឈិមចុះមកជ្រើសរើសមិត្តនារីមួយចំនួន ចេញពីអង្គភាពពេទ្យឃុំគូស ដែលមានទីតាំងនៅវត្តអង្គពណ្ណរាយ ដើម្បីយកមកធ្វើការងារនៅទីក្រុងភ្នំពេញ។ ខ្ញុំ និងនារីជាច្រើននាក់ផ្សេងទៀត បានជិះរថយន្តចេញពីខេត្តតាកែវ មកដល់ភ្នំពេញ។ ខ្ញុំជាក្មេងស្រីម្នាក់ ដែលធ្លាប់រស់នៅតាមទីជនបទដាច់ស្រយាលមិនដែលបានស្គាល់ទីក្រុងភ្នំពេញយ៉ាងម៉េចទេ។ នៅពេលនោះ ខ្ញុំសង្កេតឃើញថា ទីក្រុងមានផ្ទះថ្មជាច្រើនធំៗ ផ្លូវក្រាលកៅស៊ូរលោង។ បន្ទាប់មក ខ្ញុំបានឮសំឡេងអ្នកជិះក្នុងរថយន្តជាមួយគ្នានិយាយថា យើងបានមកដល់ភ្នំពេញហើយ។ ខ្ញុំសប្បាយចិត្ត ប៉ុន្តែពេលនោះទីក្រុងមានភាពស្ងប់ស្ងាត់ មិនមានរថយន្តធ្វើចរាចរណ៍តាមដងផ្លូវទេ យូរៗទើបឃើញរថយន្តម្តង។ ខ្ញុំបានចូលបម្រើការងារដំបូងនៅមន្ទីរពេទ្យ(៦មករា) ដែលមានទីតាំងនៅខាងជើងវត្តភ្នំ។ អង្គការបានចាត់តាំងខ្ញុំ និងក្រុមផ្សេងទៀត ឲ្យជួយលាងរបួស និងចាក់ថ្នាំឲ្យយោធាខ្មែរក្រហម ដែលបានបញ្ជូនមកពីព្រំដែនកម្ពុជា-វៀតណាម ពីទិសខាងកើតភូមិភាគបូព៌ាតាមនាវា និងតាមរថយន្តដោយសារសង្រ្គាម។ ខ្ញុំបានឃើញយោធាក្មេងៗជាច្រើន មានរបួសដោយសារត្រូវគ្រាប់កាំភ្លើងនៅពេលប្រយុទ្ធគ្នាក្នុងសមរភូមិ។ ខ្ញុំបានសង្កេតឃើញថា អ្នកខ្លះដាច់ដៃ អ្នកខ្លះដាច់ជើង និងមានអ្នកខ្លះទៀតធ្លាយពោះវៀនមកខាងក្រៅ។ បើមានអ្នកណារបួសធ្ងន់ គឺត្រូវបានបញ្ជូនទៅព្យាបាលកន្លែងផ្សេងទៀត ពីព្រោះមន្ទីរពេទ្យនៅទីក្រុងភ្នំពេញមានច្រើនកន្លែងទៀត ដូចជាមន្ទីរ(ព១) និងមន្ទីរពេទ្យ១៧ មេសា ជាដើម។ ខ្ញុំបានដឹងថា ថ្នាំពេទ្យសម្រាប់ព្យាបាលអ្នកជំងឺភាគច្រើនទទួលបានពីប្រទេសសាធារណរដ្ឋប្រជាមានិតចិន, ថ្នាំខ្លះបន្សល់ទុកមកពីរបបសាធារណរដ្ឋខ្មែរ និងមួយចំនួនទៀតផលិតដោយមន្ទីរពេទ្យខ្មែរក្រហមខ្លួនឯង។

ខ្ញុំបានចូលធ្វើការងារនៅមន្ទីរពេទ្យ(៦មករា) បានរយៈពេលបីខែ ទើបបានជួបរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចឈ្មោះ អៀង ធីរិទ្ធ ដែលត្រូវជាភរិយា អៀង សារី រដ្ឋមន្រ្តីក្រសួងការបរទេស (ខ្ញុំបានស្គាល់តាមរយៈមិត្តភក្តិរួមការងារជាមួយគ្នានិយាយប្រាប់)។ អៀង ធីរិទ្ធ បានអញ្ជើញមកត្រួតពិនិត្យមន្ទីរពេទ្យ(៦មករា) ជាញឹកញាប់ ថែមទាំងបានជួយបង្រៀនបុគ្គលិកនៅក្នុងមន្ទីរពេទ្យ និងពន្យល់ពីរបៀបព្យាបាលយ៉ាងមានការយកចិត្តទុកដាក់ និងប្រើពាក្យសម្តីឲ្យបានសមរម្យទៅរកអ្នកជំងឺ។ ចំពោះរបបអាហារ ខ្ញុំទទួលបានគ្រប់គ្រាន់ទាំងអ្នកមានជំងឺទាំងបុគ្គលិកពេទ្យ ប៉ុន្តែគ្មានសិទ្ធិសេរីភាពក្នុងការនិយាយស្តីឬមានទំនាក់ទំនងអ្នកជំងឺជាបុរសទេ។ បើសិនជាអង្គការបានដឹង នឹងត្រូវដកចេញ សូម្បីកន្លែងធ្វើការរបស់ខ្ញុំ សុទ្ធតែក្មេងស្រី(នៅលីវ)។ នៅថ្ងៃមួយមានអ្នកជំងឺ ជាយោធាខ្មែរក្រហម បានព្យាបាលរបួសជាសះស្បើយ និងត្រូវត្រលប់ទៅអង្គភាពវិញ តែបានលួចស្រឡាញ់និងទាក់ទងនារីពេទ្យម្នាក់ ក៏ត្រូវបានអង្គការដឹងហើយដកចេញទៅបាត់រហូតមិនឃើញត្រលប់មកវិញទេ។   ខ្ញុំឃើញបែបនេះ ខ្ញុំ​ខិតខំធ្វើការដោយប្រុងប្រយ័ត្ន មិនហ៊ាននិយាយស្តីជាមួយបុរសជាអ្នកជំងឺទេ។ ក្រៅពីការងារ និងទោះបីនឹកស្រុកកំណើត ឪពុកម្តាយបងប្អូនយ៉ាងណា ក៏ខ្ញុំមិនហ៊ានសុំច្បាប់មកលេងដែរ។ នៅក្នុងរបបខ្មែរក្រហម មានវិន័យតឹងតែងណាស់ សូម្បីតែពេលសម្រាកបន្តិចបន្តួច អង្គការហាមមិនឲ្យដើរលេងនៅអគារផ្សេងទេ (មានន័យថា នៅធ្វើការកន្លែងណា នៅកន្លែងនោះហើយ) បើហ៊ានបំពានត្រូវបាត់ខ្លួន។ នៅថ្ងៃមួយ ខ្ញុំបានឃើញបងរី និងបងឌី (មិត្តរួមក្រុម) ត្រូវអង្គការចាប់យកទៅចងភ្ជាប់នឹងសសរផ្ទះមិនឲ្យហូបបាយ។ នៅពេលនោះ ខ្ញុំបានដឹងតាមរយៈមិត្តរួមការងារដែលនិយាយថា៖ ទី១)នៅពេលយប់គាត់និយាយលេងជាមួយអ្នកជំងឺជាបុរស និងទី២)គាត់មិនបានមើលថែអ្នកជំងឺឲ្យបានដិតដល់ បណ្តោយឲ្យអ្នកជំងឺស្រែកនៅពេលយប់។ ចូលដល់ឆ្នាំ១៩៧៨ យោធាខ្មែរក្រហម មានរបួសកាន់តែច្រើនឡើង ហើយត្រូវបញ្ជូនមកពីព្រំដែនខាងកើត ភូមិភាគបូព៌ា មកកាន់មន្ទីរពេទ្យ(៦មករា)។  ខ្ញុំនៅពេលនោះធ្វើតាមតែបញ្ជា ថែមទាំងគ្មានចំណេះដឹងផង។ ប្រធានក្រុមឈ្មោះ ហាន ជាធម្មតា គាត់ប្រើឲ្យខ្ញុំលាងមុខរបួសឬយកសម្ភារបរិក្ខាពេទ្យ និងយូរៗម្តងគាត់ប្រើឲ្យចាក់ថ្នាំអ្នកជំងឺ។ រីឯនៅក្នុងម៉ោងធ្វើការងារម្តងៗ ជាទូទៅគ្មានអ្នកណាហ៊ាននិយាយស្តីជាមួយអ្នកជំងឺច្រើនទេ។​ ខ្ញុំបានធ្វើការងារនៅមន្ទីរពេទ្យ(៦មករា) មិនសូវលំបាកទេ ប៉ុន្តែខ្ញុំព្រួយបារម្ភតែម្យ៉ាងទេ គឺខ្លាចមានកំហុសត្រូវអង្គការចាប់ខ្លួន។ ក្រៅពីនោះ  ខ្ញុំ​គោរពម៉ោងចូលធ្វើការងារ និងនៅពេលយប់មានចែកវេនយាមសម្រាប់មើលថែអ្នកជំងឺ។

នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាសហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយរំដោះប្រទេសកម្ពុជា និងសង្រ្គោះប្រជាជនជាបន្តបន្ទាប់។ ខ្ញុំ បានរត់ភៀសខ្លួន និងបន្លំធ្វើជាប្រជាជន ដើម្បីបានមករស់នៅស្រុកកំណើតវិញ។

សព្វថ្ងៃ ខ្ញុំប្រកបមុខរបរធ្វើស្រែចម្ការ។ ខ្ញុំ​មិនបានចាប់យកមុខរបរជាគ្រូពេទ្យទេ ដោយសារពេទ្យក្រោយឆ្នាំ១៩៧៩ ទាល់តែមានជំនាញច្បាស់លាស់ និងមានសញ្ញាប័ត្រត្រឹមត្រូវ ទើបក្រសួងសុខាភិបាលទទួលស្គាល់។ ខ្ញុំចេះវិជ្ជាពេទ្យដែលបានរៀនសូត្រពីរបបខ្មែរក្រហម គ្មានសញ្ញាប័ត្រគ្មានជំនាញត្រឹមត្រូវតាមស្តង់ដារពេទ្យឡើយ។ សព្វថ្ងៃនេះ បើកូនមានជំងឺ ខ្ញុំអាចទៅរកទិញថ្នាំមកចាក់ឬព្យួរសេរ៉ូមឲ្យកូនចៅបាន តែមិនហ៊ានព្យាបាលអ្នកជិតខាងទេ​ ព្រោះខ្លាចខុសច្បាប់។

[1] នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០០៣, រស់ សំពៅ,អ៊ីសា ឧស្មាន បានជួបសម្ភាសន៍ជាមួយឈ្មោះ ញ៉ែម ខាន់ ហៅ ធឿន ភេទស្រី អាយុ៤១ឆ្នាំ (អតីតកម្មាភិបាលពេទ្យខ្មែរក្រហម នៅភ្នំពេញ)។ ខាន់ មានស្រុកកំណើតនៅភូមិត្រពាំងព្រីង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ។ អត្ថបទនេះ យើងបានសរសេរទៅតាមបទសម្ភាសន៍ជាមួយម្ចាស់ប្រវត្តិរូបផ្ទាល់។ ខាន់ ជាកូនអ្នកស្រែចម្ការ មានសំណាងបានធ្វើជាកម្មាភិបាលខ្មែរក្រហម គាត់បានធ្វើជាគ្រូពេទ្យជួយព្យាបាលមនុស្សជាពិសេស ជួយព្យាបាលយោធាខ្មែរក្រហម ដែលមានជម្លោះប្រដាប់អាវុធជាមួយប្រទេសវៀតណាម។

អត្ថបទដោយ សុខ វណ្ណៈ


 លេខឯកសារ (TKI0013) និងឯកសារប្រវត្តិរូប(I00897) តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin