ញិក សំអឿន៖ បងប្រុសខ្ញុំត្រូវបានខ្មែរក្រហមបាញ់សម្លាប់

សំអឿន បានរៀបរាប់ថា ខ្មែរក្រហមបានបាញ់សម្លាប់បងប្រុសខ្ញុំ ដោយសារតែបងប្រុសខ្ញុំមិនចុះចូល និងបានក្បត់ជាមួយអង្គការ។ ញិក សំអឿន អាយុ៦៨ឆ្នាំ[1] មានស្រុកកំណើតនៅ ភូមិក្នុងអាយ ឃុំតាសាល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នរស់នៅភូមិ ផ្ចឹកជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឪពុកឈ្មោះ ញិក សំ (ស្លាប់) រីឯម្តាយឈ្មោះគឹម ទូច (ស្លាប់) មានបងប្អូនប្រុសចំនួន៣នាក់។ សំអឿនមានប្រពន្ធឈ្មោះ សុក ស័ក្ក (ស្លាប់)មានកូនប្រុសចំនួន២នាក់។ នៅវ័យកុមារ សំអឿន រៀនបានត្រឹមថ្នាក់ទី១២ (សង្គមចាស់)ប៉ុណ្ណោះ។
នៅឆ្នាំ១៩៧០ លោកសេនាប្រមុខ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ដើម្បីឡើងកាន់អំណាច។ ក្រោយមកពេលដែល លន់ នល់ ធ្វើរដ្ឋប្រហារបានជោគជ័យហើយប្រជាជនក្នុងទូទាំងប្រទេសក៏មានការច្របូកច្របល់ក្នុងភូមិនីមួយៗគឺឮទៅដោយសម្លេងយន្តហោះទម្លាក់គ្រាប់បែករបស់ទាហានអាមេរិក។ គ្រួសាររបស់ សំអឿន និងអ្នកភូមិបានជីកត្រង់សេសម្រាប់ការពារខ្លួន ព្រោះខ្លាចទាហានអាមេរិក ទម្លាក់គ្រាប់បែកចំ។ ក្រោយមក សំអឿន ក៏បានសម្រេចចិត្តថាឈប់រៀនហើយក៏បានចូលធ្វើជាកងទ័ពជាមួយខ្មែរក្រហម។ សំអឿន ឈរជើងនៅក្នុងខេត្តកំពង់ស្ពឺ ក្នុងកង១៦០មេកងឈ្មោះ សារី ជាមេកងតំបន់។ បន្ទាប់មកមេកងរបស់ សំអឿន បានបញ្ជូនកង១៦០ ទៅវាយនៅទំនប់ទឹកទី១ នៅស្រុកភ្នំស្រួច ពេលនោះវាយជាមួយខាងទាហាន លន់ នល់។ សំអឿននៅទីនោះបានប្រហែល៣ខែក៏បានផ្លាស់ចេញទៅ ខាងព្រែកព្នៅម្តងមកឈរជើងបាន១ខែក៏ថ្នាក់លើដូរទៅខាងទំពាំងពាយវិញ។
នៅឆ្នាំ១៩៧១ ក្នុងភូមិរបស់ សំអឿន ទាហានអាមេរិកបានចូលមកទម្លាក់គ្រាប់បែក (ណាប៉ាល់)ក្នុងភូមិម្តងទៀតប៉ុន្តែ សំអឿន មិនបាននៅក្នុងភូមិនោះទេ ព្រោះតែសំអឿន នៅខាងខ្សែត្រៀមខាងមុខនៅទំពាំងពាយ។ បន្ទាប់មក សំអឿន បានមកចំការមនវិញម្តង។ ប៉ុន្មានថ្ងៃក្រោយមក សំអឿន ក៏បានផ្លាស់ទៅនៅខាងព្រៃបេងវិញម្តង។
ក្នុងឆ្នាំ១៩៧២-១៩៧៣ សំអឿន បានត្រូវគ្រាប់ដោយទាហាន លន់ នល់ បាញ់ត្រូវពេលដែលបាញ់តតាំងគ្នានៅខាងព្រៃបេង។ ក្រោយពេលត្រូវរបួស សំអឿន បានមកព្យាបាលនៅភ្នំពេញរយៈពេលប្រហែល៣ខែ។ សំអឿន ក៏បានផ្លាស់ទៅខេត្តកំពង់ស្ពឺបន្តទៀត នៅបាន១ខែកន្លះ ក៏បន្តទៅខាងអូរក្រាំងអំបិលវាយទល់ជាមួយទាហាន លន់ នល់ រហូតទើបបានដកទៅខាងភូមិភាគនៅស្វាយរៀងវិញ។
នៅឆ្នាំ១៩៧៥ សំអឿន បានចូលរួមរំដោះទីក្រុងភ្នំពេញ។ សំអឿន និងទ័ពឯទៀតបានឲ្យប្រជាជនទាំងអស់នៅក្នុងទីក្រុងភ្នំពេញរៀបចំខ្លួនដើម្បីឲ្យទៅនៅតាមជនបទ។ សំអឿន ក៏មិនដឹងដែរថាថ្នាក់លើបញ្ជូនទៅធ្វើអ្វីព្រោះខ្លួនធ្វើតាមតួនាទី។ បន្ទាប់ពីរំដោះទីក្រុងភ្នំពេញហើយ សំអឿនបានទៅនៅតំបន់៣២នៃភូមិភាគបស្ចិម ពេលនោះ សំអឿន បានទៅជាមួយបងប្រុសរបស់ខ្លួន។ ពេលទៅដល់ស្រាប់តែបងប្រុស សំអឿន បានរត់ចេញចេញពីទ័ពខ្មែរក្រហមព្រោះចង់ប្រឆាំង។ មិនបានប៉ុន្មានទ័ពខ្មែរក្រហមក៏ចាប់បានបងប្រុសរបស់ សំអឿន រួចបាញ់សម្លាប់ភ្លាមៗមិនញញើតដៃ។ ក្រោយមកពេលដែលបងប្រុសត្រូវបានស្លាប់ហើយ ខ្មែរក្រហមបានយក សំអឿន ទៅដាក់ក្នុងកងចល័តនៅខាង ភូមិទួលព្រិច អូរក្រាំងអំបិល អង្គស្នូល បន្ទាយព្រាបដើម្បីឲ្យរែកដីចាក់ភ្លឺស្រែ លើកទំនប់ និងភ្ជួររាស់ស្រែ។ សំអឿន រស់នៅកង២០៩ដែលមានមេកងឈ្មោះ តា ឃឹម បើធ្វើការវិញខ្មែរក្រហមប្រើឲ្យធ្វើតាំងពីម៉ោង៤ព្រឹកដល់ម៉ោង១១ថ្ងៃ ពេលរសៀលចូលពីម៉ោង១ដល់ម៉ោង៦ ទើបបានសម្រាកហូបបាយ ពេលខ្លះហូបបាយរួចត្រូវទៅរែកដីដល់ម៉ោង១១យប់ទៀត។ ចំណែកការហូបចុកពេលនោះមិនសូវបានគ្រាប់គ្រាន់នោះទេ គឺបានតែបបរជាមួយនិងសម្លព្រលិត តែប៉ុណ្ណោះ។ សំអឿន នៅធ្វើកងចល័តរហូតដល់ឆ្នាំ១៩៧៧។ ក្រោយមកខ្មែរក្រហមបានផ្លាស់ឲ្យ សំអឿនចូលក្នុងកងទ័ពវិញ។
នៅឆ្នាំ១៩៧៧ ពេលដែលខ្មែរក្រហមបានឲ្យ សំអឿន ចូលជាទ័ពវិញហើយ។ មួយរយៈក្រោយមកថ្នាក់លើបានបញ្ជូន សំអឿន ទៅប្រចាំការនៅខេត្តស្វាយរៀង ដើម្បីត្រៀមការពារព្រំដែនចាំវាយជាមួយនិងកងទ័ពវៀតណាម។ ពេលនោះសំអឿនទៅបានប្រហែល១ឆ្នាំ សំអឿន ក៏បានមកវិញព្រោះពេលនោះថ្នាក់លើមិនបានដាក់ស្បៀងបន្ថែមឲ្យទ័ពនិងអាវុធត្រៀមវាយជាមួយវៀតណាម។
នៅឆ្នាំ១៩៧៨ សំអឿន បានរត់ពីស្វាយរៀងមកនៅខាងភ្នំពេញនៅបានមួយរយៈ សំអឿន បានរត់ទៅនៅខាងកំពង់ស្ពឺបន្តទៀតក៏បានជួបប្រពន្ធនិងម្តាយ។ ពេលទៅដល់កំពង់ស្ពឺមិនខ្វះអ្វីហូបទេព្រោះប្រជាជនបានរត់ចេញពីផ្ទះអស់ហើយព្រោះខ្មែរក្រហមប្រកាស់ថាកងទ័ពវៀតណាមវាយចូលមកនិងប្រាប់ថាកងទ័ពវៀតណាម នឹងចាប់យកទៅសម្លាប់ សំអឿន ប្រពន្ធនិងម្តាយក៏បានទៅនៅជើងភ្នំឱរ៉ាល់ជាមួយប្រជាជនដទៃទៀត។ ពេលដែលទៅដល់ភ្នំឱរ៉ាល់ ប្រជាជនជាច្រើននាក់មិនមានអាហារហូបនោះទេសូម្បីតែកន្លែងសម្រាកក៏មិនមាន ពិតជាលំបាកខ្លាំងណាស់។
នៅឆ្នាំ១៩៧៩ សំអឿន និងប្រជាជនមិនមានដំណឹងថាកងទ័ពវៀតណាមមករំដោះទេ។ ប្រជាជនកាន់តែស្លាប់ក្នុងព្រៃច្រើនទៅៗព្រោះតែគ្មានអាហារហូបនិងឈឺសឹងតែគ្រប់គ្នា។ ក្រោយមក ប្រជាជនបានចុះមកក្នុងភូមិវិញជាមួយម្តាយនិងប្រពន្ធ។
នៅឆ្នាំ១៩៨០ សំអឿន បានត្រឡប់មកស្រុកកំណើតមួយរយៈ និងធ្វើស្រែចម្ការជាមួយម្តាយនិងប្រពន្ធ។ បន្ទាប់មក សំអឿន បានទៅធ្វើទាហានរបស់រដ្ឋាភិបាលនៅខាងអូរស្មាច់ខេត្តព្រះវិហារនិងឧត្តមានជ័យបន្តទៀត។ សំអឿន នៅកងពលលេខ២៨៦ដែលមានមេកងពលឈ្មោះព្រំ ស៊ីនេន, ព្រំ ផល្លា និងប៉ូ សារ៉ាន់។ សំអឿន បានធ្វើតាំងពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨៦។ ពេលនោះសំអឿន បានវាយនៅខាងអូរបុក និងខាងសម្លឆ្ងាញ់ ជួរព្រំដែនថៃ សំអឿនបានវាយជាមួយនិងកងទ័ពខ្មែរក្រហមដែលមិនទាន់ផ្តាច់ខ្លួន។ បន្ទាប់មកទៀត សំអឿន បានទៅរៀននៅខាងឫស្សីកែវផ្នែកយោធាបាន១ខែក៏ សំអឿន បានដំណឹងថាម្តាយរបស់ខ្លួនឈឺធ្ងន់ ហើយក៏សម្រេចចិត្តឈប់រៀនទៅមើលម្តាយ។ ប៉ុន្មានថ្ងៃក្រោយមក ម្ដាយសំអឿនបានស្លាប់។ សំអឿនក៏បានត្រឡប់ទៅឧត្តរមានជ័យម្តងទៀត ប៉ុន្តែមិនទាន់បានទៅដល់គោលដៅផង សំអឿនក៏បានបកមកក្រោយវិញព្រោះខាងកងទ័ពខ្មែរក្រហមបានបាញ់កាត់មុខបាត់ហើយ។ សំអឿន បានបកមកខាងឃុំតាសាលវិញនិងបានរស់នៅខាងស្រុកកំណើតរហូតដល់ឆ្នាំ១៩៩៧។
នៅឆ្នាំ១៩៩៧ សំអឿន ក៏បានធ្វើទាហានម្តងទៀតពេលដែលមេកងឲ្យដើរល្បាតក្នុងព្រៃស្រុកឱរ៉ាល់ សំអឿន ក៏ជាន់មីនដាច់ជើងនៅទីនោះ។ ក្រោយមក សំអឿន បានព្យាបាលនៅក្នុងជំរំ៥ខែទើបជា បន្ទាប់មក សំអឿន បានមកនៅខាងស្រុកកំណើតវិញនៅជាមួយប្រពន្ធសំអឿនរហូត ដោយប្រកបមុខរបរធ្វើស្រែចម្ការដល់ឆ្នាំ២០១៤ សំអឿន បានមករស់នៅខាងភូមិផ្ចឹកជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែងដល់បច្ចុប្បន្ន៕
ដោយ ធី គីមហុង
[1] មជ្ឈមណ្ឌលផ្សះផ្សាវាលវែង សម្ភាសន៍ដោយ ធី គឹមហុង ទី៤ ខែមីនា ឆ្នាំ២០២៤