ឪពុកស្លាប់ដោយសារខ្វះឱសថព្យាបាល

(ព្រៃវែង)៖ញឹម សៀន មានអាយុ៦៣ឆ្នាំ(២០២៤) សព្វថ្ងៃរស់នៅ ភូមិចចកទី១ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ សៀន មានបងប្អូនចំនួន៤នាក់។ កាលពីកុមារភាព គាត់រៀនបានត្រឹមថ្នាក់ទី៤ (សង្គមចាស់) ក៏ឈប់រៀនដោយសារប្រទេសមានសង្គ្រាម និងការ​ទម្លាក់គ្រាប់បែក សាលារៀនត្រូវបិទទ្វារ។ សៀន ឲ្យដឹងថាគ្រប់ផ្ទះមានជីក​រណ្តៅត្រង់សេដើម្បីទុកគេចខ្លួនពេលមានការទម្លាក់គ្រាប់បែក។

នៅក្នុងរបបខ្មែរក្រហម សៀន មានអាយុប្រហែលជាង១០ឆ្នាំ។ គ្រួសាររបស់ សៀន ត្រូវបានអង្គការខ្មែរក្រហមឲ្យរស់នៅជាសហករណ៍ក្នុងភូមិចចកទី១ ឃុំមេបុណ្យស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ គាត់ត្រូវបានកងឈ្លបឃុំប្រើឲ្យដើររើសកួរស្រូវ និងជីអាចម៍គោតាមវាលស្រែ។ ម្តាយរបស់ សៀន កិនស្រូវនៅរោងបាយរបស់សហករណ៍។ ចំណែកឪពុករបស់ សៀន ដែលមានជំងឺមិនអាចធ្វើការងារធ្ងន់ៗបាន ត្រូវវេញខ្សែគោនៅកន្លែងគាត់ស្នាក់នៅ។ ឪពុករបស់ សៀន បានស្លាប់នៅឆ្នាំ១៩៧៦ ដោយសារតែជំងឺខ្វះថ្នាំពេទ្យព្យាបាល និងការថែទាំត្រឹមត្រូវ។

ក្រៅពីការងារនៅកងកុមារ នៅឆ្នាំ១៩៧៧ សៀន ក៏ត្រូវទៅច្រូតស្រូវ, បោកបែនស្រូវ, និងកាត់ដេរសម្លៀកបំពាក់នៅរោងសហករណ៍ស្ថិតនៅក្នុងវត្ត​។ នៅពេលយប់ក្នុងរបបខ្មែរក្រហម សៀន ធ្លាប់ឮសម្លេងស្រែកដោយការឈឺចាប់របស់ប្រជាជនដែលត្រូវបានកងឈ្លបខ្មែរក្រហមនាំយកទៅសម្លាប់នៅក្នុងព្រៃ “នៅតំបន់ពោធិ៍ចិន្តាំ” ។ នៅទួលមួយឈ្មោះ “ទំពូង” មានរណ្តៅសាកសពរួមដែលកងឈ្លបខ្មែរក្រហមប្រើប្រជាជនជីកសម្រាប់ទុកសម្លាប់ប្រជាជនដែលអង្គការចោទប្រកាន់ថាបានប្រព្រឹត្តិកំហុស។ ចំពោះរបបអាហារ សៀន និងគ្រួសារ ទទួលបានតែបបរលាយជាមួយត្រកួន ក្មេងៗធ្មេញឡើងខ្មៅដោយសារតែជ័រត្រកួន។ នៅក្នុងរបបខ្មែរក្រហម សៀន ស្ទើរតែស្លាប់បាត់បង់ជីវិត​ដោយសារតែជំងឺរាគមួលធ្ងន់ធ្ងរ។ គាត់ត្រូវបានបញ្ជូនឲ្យទៅសម្រាកពេទ្យរយៈពេល៣ថ្ងៃទើបជាសះស្បើយ។ ចំពោះការរៀបការក្នុងរបបខ្មែរក្រហមវិញ សៀន ធ្លាប់ឃើញពិធីដែលប្រធានសហករណ៍រៀបចំឲ្យយុវជន-យុវនារី។ ការរៀបការនៅពេលនោះមានចំនួន៤គូ ធ្វើឡើងនៅពេលល្ងាចបន្ទាប់ពីសម្រាកពីការងារ។ ពិធីធ្វើឡើងនៅឯរោងបាយរួមរបស់សហករណ៍ក្រោមអធិបតីភាពរបស់ប្រធានសហករណ៍។

នៅចុងឆ្នាំ១៩៧៨ អង្គការខ្មែរក្រហមបានជម្លៀសគ្រួសាររបស់ សៀន និងប្រជាជននៅខេត្តព្រៃវែងជាច្រើនគ្រួសារឲ្យទៅរស់នៅ​ និងធ្វើការនៅខេត្តពោធិ៍សាត់។ ពេលធ្វើដំណើរដល់តំបន់ឈើកាច់ ស្រុកបាភ្នំ មានព្រឹត្តិការណ៍ប្រយុទ្ធគា្នរវាងយោធាខ្មែរក្រហម ជាមួយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ហើយយោធាខ្មែរក្រហមបានចុះចាញ់ និងនាំគ្នារត់គេចខ្លួន​។ គ្រួសាររបស់ សៀន និងប្រជាជនបានត្រលប់មករស់នៅស្រុកកំណើតឯខេត្តព្រៃវែងវិញរហូតដល់សព្វថ្ងៃ។

អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥

សម្ភាសន៍ដោយ វៃ សូរិយ៉ា ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin