ញឹក ប៊ុនឆៃ៖ បង្គោលឡាក់តាមបណ្ដោយព្រំដែន

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ នៅពេលដែលខ្មែរក្រហមទទួលបានជ័យជម្នះ លើទាហានរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់។ ពេលនោះខ្មែរក្រហមបានប្រមូលអាវុធគ្រប់ប្រភេទរបស់ទាហាន លន់ នល់ ដាក់ក្នុងបន្ទាយ ដែលសព្វថ្ងៃនេះហៅថាបន្ទាយមានជ័យ ដោយដើមឡើយគឺជាស្រុកសិរីសោភ័ណ។ ខ្មែរក្រហមបានរៀបចំស្រុកចំនួន៦ ដែលមានដូចជាស្រុកអូរជ្រៅ, ស្រុកសិរីសោភ័ណ, ស្រុកថ្មពួក, ស្រុកភ្នំស្រុក និងព្រះនេត្រព្រះ ឲ្យក្លាយទៅជាតំបន់៥​ ប្រធានឈ្មោះ ហឹង និង អនុឈ្មោះ ធឿម។

បន្ទាប់មកខ្ញុំត្រូវបានរើសជ្រើសឲ្យចូលធ្វើជាកងទ័ពក្នុងវរសេនាតូចលេខ៤២៦ ខ្ញុំត្រូវចាត់ឲ្យទៅធ្វើការហ្វឹកហ្វឺននៅសាលាអនុវិទ្យាល័យសម្ដេចឪនៅថ្មភក់ រៀនបាញ់កាំភ្លើងរយៈពេល១ខែ។ កាលពីសម័យនោះសមមិត្ត ថន ដែលជាសមាជិកតំបន់៥ គាត់តែងតែប្រើឲ្យខ្ញុំជិះម៉ូតូជូនគាត់ទៅកន្លែងផ្សេង ឬទៅប្រជុំជួបនឹងអ្នកណាម្នាក់ ព្រោះកាលនោះខ្ញុំចេះជិះម៉ូតូ ប៉ុន្តែទោះបីជាខ្ញុំជូនសមមិត្ត ថន ទៅតែខ្ញុំមិនដែលបានដឹងរឿងអ្វីនោះទេ។ រហូតនៅថ្ងៃមួយសមមិត្ត ថន បានហៅខ្ញុំឲ្យចូលក្នុងបន្ទប់របស់សមមិត្ត ថន ហើយគាត់បានសួរខ្ញុំថា តើខ្ញុំស្គាល់ភូមិសាស្រ្តតាមបណ្ដោយព្រំដែនកម្ពុជា-ថៃឬទេ? កាលជំនាន់នោះខ្ញុំបានឆ្លើយប្រាប់ថា ខ្ញុំបានស្គាល់ខ្លះៗ មូលហេតុដែលសមមិត្ត ថន សួរនាំខ្ញុំគឺដើម្បីពង្រាយទ័ពតាមបណ្ដោយព្រំដែន។ ដូច្នេះហើយខ្ញុំត្រូវបានចាត់ឲ្យរកអ្នកដែលស្គាល់ភូមិសាស្រ្តតាមព្រំដែនច្បាស់ និងត្រូវចាត់ឲ្យជ្រើសរើសយុវជន៥០០០នាក់ និងយុវនារី៥០០០នាក់ ខ្ញុំបានជ្រើសរើសយុវជន និងយុវនារីបានចំនួន១០០០នាក់។ បន្ទាប់ក្រោយមកទៀតខ្ញុំបានមកធ្វើការងារមួយទៀតគឺច្រូតស្រូវ នៅពេលខ្ញុំកំពុងធ្វើការ ខ្ញុំឮដំណឹងថាមាននារីម្នាក់ស្អាតណាស់ ដែលរស់នៅភូមិខ្វាខាងលិច ដែលមានឈ្មោះ មេ ធីម នៅពេលឮដំណឹងនេះ​ ខ្ញុំ និងមិត្តកភ្តិ៣នាក់ បានទៅលួចមើលនារីម្នាក់នោះពីចម្ងាយ នៅពេលបានឃើញហើយ នារីម្នាក់នោះពិតជាស្អាតដូចគេល្បីនិយាយតគ្នាពិតមែន។

ក្រោយពីពេលដែលបានឃើញនារីម្នាក់នោះហើយ រយៈពេលប្រហែលជាជាង២ខែ​ ខ្ញុំដាច់ចិត្តសួរនាំពីអ៊ំស្រីម្នាក់ ដែលមានផ្ទះក្បែរគ្នាជាមួយនារីនោះ ដើម្បីចង់រៀបការជាមួយនាង។ បន្ទាប់ពីសួរនាំពីឪពុកម្ដាយរបស់នារីម្នាក់នោះរួច នាងបានយល់ព្រមរៀបការជាមួយខ្ញុំ ទើបពុក ឈ្មោះ រូម ដែលជាគណៈភូមិបានរៀបការឲ្យយើងខ្ញុំទាំងពីរ​។ រៀបការរួចបានប្រហែលជា៣ខែ មានមិត្តម្នាក់ឈ្មោះរ៉ូន បានប្រាប់ខ្ញុំឲ្យប្រយ័ត្នខ្លួន ព្រោះខ្ញុំមានឈ្មោះក្នុងបញ្ជីជាប់សង្ស័យ។ ក្រោយមកមិនយូរប៉ុន្មាន ខ្ញុំត្រូវចាប់ចងបណ្ដើរយកទៅសម្លាប់ ប៉ុន្តែពេលទៅដល់កន្លែងដែលត្រូវសម្លាប់រូបខ្ញុំ ទន្ទឹងនឹងពេលនោះខ្ញុំមានស្មារតីរឹង ខ្ញុំបានលោតចុះមកក្រោមរួចរត់ទៅថ្នល់ខាងលិច ចូលព្រៃចេក ​ ហើយទៅសម្រាកនៅតំបន់រូងក្រពើបានពីរយប់ ខ្ញុំក៏បានរត់ទៅប្រទេសថៃ។ កាលនោះខ្ញុំបានរត់ទៅបន្ទាយទាហានប្រទេសថៃ នៅក្នុងស្រុកអាវៃ។ នៅពេលទៅដល់ ទាហាននៅប្រទេសថៃបានចាប់ខ្ញុំដាក់គុកអស់រយៈពេល៣ខែ បន្ទាប់ពីកាត់ក្ដីរួចទើបខ្ញុំអាចរួចខ្លួនមានសេរីភាព។ ខ្ញុំបានភៀសខ្លួនទៅនៅជំរំភៀសខ្លួនថៃសាម៉ាន់ ដែលមានឈ្មោះថាជំរំភៀសខ្លួនខ្មែរ-ថៃសាម៉ាន់។ នៅក្នុងជំរំនេះមានប្រជាជនធម្មតា និងអតីតទាហានសង្គមរាស្រ្តនិយម និងទាហានសាធារណរដ្ឋ។

អំឡុងពេលភៀសខ្លួនអតីតទាហានចាស់ៗ តែងតែពិភាក្សាគ្នាអំពីការបង្កើតចលនាតស៊ូសេរីការជាតិ។ ចំណែកខ្ញុំត្រូវចាត់ឲ្យដើរមើលតាមបង្គោលព្រំដែន និងបង្គោលឡាក់ ដូចជានៅខេត្តកោះកុង, ខេត្តត្រាតរបស់ប្រទេសថៃ ហើយមានបង្គោលឡាក់លេខ៤៩ ដែលមានលោកព្រំ វិត។ ដោយឡែកខាងជើងប៉ោយប៉ែត ឈ្មោះ អេង ហួន មានក្រុមនៅជំរំថៃសាម៉ាន់​ នៅកន្លែងចំការចេក និងភ្នំឆ័ត្រ មាន ឈ្មោះ ស៊ី សំអុក ហៅ តាលួត និង លួង ស៊ីម៉ា ហៅ តាមាង។ ភ្នំដងរ៉ែកខាងលិចបង្គោលឡាក់លេខ២៧-២៨ មានឈ្មោះលោកជួត ចា ជាអ្នកគ្រប់គ្រង ដែលបច្ចុប្បន្នរស់នៅស្រុកមង្គលបុរី និងខាងកើត គេហៅថាភ្នំអូរអុកបុក ខាងជើងស្រុកស្រែអំបិល។

តំបន់អូរស្មាច់កាន់កាប់ដោយឈ្មោះ ស៊ី ធឿន ឡាក់លេខ១២-១៣ ជំរំណងម៉ាក់ម៉ុន ក្បែរបង្គោលឡាក់លេខ៤៣ ភូមិណងម៉ាក់ម៉ុន នៅខាងលិចបង្គោលឡាក់ប្រហែល៣គីឡូ។ ក្រោយមកទៀតខ្ញុំ និងលោក គង់ ស៊ីលាស់ បាននាំកម្លាំងយោធាចំនួន៣០០នាក់ មកបង្កើតមូលដ្ឋានសេរីការជាតិមួយកន្លែងទៀត ស្ថិតនៅខាងលិចភូមិណងសាមិតរបស់ថៃ ស្ថិតនៅខាងលិចប្រាសាទស្តុកកក់ ​ក្បែរបង្គោលឡាក់លេខ៤២ ដែលមូលដ្ឋាននេះគេហៅជំរំថ្មី ឬជំរំ០០៧ ឬជំរំឫទ្ធីសែន។ បើមើលពីដីប្រទេសថៃ យើងមើលពីដីប្រទេសខ្មែរនៅឆ្វេង បា្រសាទស្ដុកកក់ ចំងាយប្រហែល២គីឡូជាង ជិត៣គីឡូ យើងឈរនៅប្រាសាទស្តុកកក់ទៅកន្លែងឡាក់លេខ៤២ នៅខាងឆ្វេងដៃ។

ចំណែកឯឈ្មោះឫទ្ធី​ ខាងខេភី តាសឺនសាន មកយកជំរំហ្នឹងទៅ ទើបប្តូរឈ្មោះដាក់ថាជំរំឫទ្ធីសែន ពីដំបូងខ្ញុំដាក់ឈ្មោះថាណងសាមិត ដល់ពេល អ៊ីន សាខន ឡើងពីបឹងទន្លេសាប មក អ៊ិន សាខន និងមូស្លីម ប្តូរឈ្មោះថា សារ៉ូសេត (០០៧)។ ដំបូងជំរំណងសាមិត ជាមូលដ្ឋានណងសាមិត ព្រោះនៅមុខភូមិណងសាមិតដែលជាភូមិមួយរបស់ប្រទេសថៃ។ ភូមិណងសាមិត ដូចជំរំចាស់ ជាមូលដ្ឋានណងម៉ាក់ម៉ុន ដោយសារនៅខាងមុខភូមិណងម៉ាក់ម៉ុន ជាភូមិរបស់ប្រទេសថៃ។ ប៉ុន្តែមិនមែននៅក្នុងដីប្រទេសថៃនោះទេ គឺនៅក្នុងទឹកដីប្រទេសខ្មែរ។

កាលពីដំបូងឡើយគេនាំគ្នាហៅជំរំចាស់ ទៅណងសាមិត ហៅជំរំថ្មី ក្រោយមកជំរំគោកស៊ូង គេហៅជំរំគោកស៊ូង ទាហានទៅលក់ប្រាក់សុទ្ធ ដែលមានទាហានថៃនៅទំនប់ជីក ទំនប់ជីកមានបើកផ្សារមួយដូចជាផ្សារណាត់ ប្រជាជនថៃយករបស់របរមកលក់ ហើយប្រជាជនខ្មែរមានអី្វយកមកលក់ ដោះដូរគ្នាទៅវិញទៅមក។ បន្ទាប់មកទាហានថៃមួយក្រុម បានប្លន់ភ្ជង់យកប្រាក់នៅជំរំថ្មី អ៊ិន សា​ខន នៅជិតប្រាសាទស្តុកកក់ ៦នាក់ មកប្លន់យកបា្រក់សុទ្ធជិតកន្លះការុងអំបិល ដល់អញ្ចឹងទាហានខ្មែរមិនព្រម បាញ់ទាហានថៃ បានបាញ់គ្នា ហើយយកប្រាក់សុទ្ធមកពីទាហានថៃវិញ។ ទាហានថៃ បានផ្លោងកាំភ្លើងធំមកដាក់ជំរំគោកស៊ូង ដោយទាហានថៃនឹកស្មានតែទាហានខ្មែរមកនៅជំរំគោកស៊ូង ជាមួយលោក គង់ ស៊ីលាស់ និងរូបខ្ញុំ។ កាលនោះ ដោយមានទាហានថៃស្លាប់ ទើបទាហានថៃផ្លោងកាំភ្លើងធំ១០៥ មកស្លាប់ប្រជាជនសម្រាកបើកអង្ករ ស្លាប់ប្រហែល៥០ ទៅ៦០នាក់ ហើយរបួសជាង១០០នាក់។ ខ្ញុំបានទាក់ទងទៅខាងទាហានថៃ ថា ហាមមិនឲ្យបាញ់ប្រជាជនដែលនៅបើកអង្ករទៀត ព្រោះតែក្រុមរបស់ខ្ញុំនៅជំរំថ្មីទេ និង អ៊ិន ស៊ីខន ប្រាប់ទាហានថៃមិនស្ដាប់ បន្ទាប់មកលោក គង់ ស៊ីលាស់ បានឲ្យខ្ញុំយកម្លាំងទៅ ៤០០នាក់ ទៅវាយបន្ទាយគោកស៊ូង។ បន្ទាប់មកខ្ញុំ និងគង់ ស៊ីលាស់ ចេញពីគោកស៊ូង តាមផ្លូវវៀងជំរំចាស់ជិតដល់ភូមិយាងដង្គុំ ក្រោយពេលបានចេញពីនោះ ខ្ញុំចេញទៅជំរំនៅណងចាន់ នៅអូរឫស្សីស្រុកវិញ។[1]

១ ឡុង ដានី៖ សម្ភាសន៍ជាមួយ ឯកឧត្តម ញឹក ប៊ុនឆៃ អំពីបង្គោលឡាក់ (ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥)


អត្ថបទដោយ គាត ស្រីឡែន

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin