សាច់ញាតិត្រូវបានសម្លាប់ដោយចោទថា ជាខ្មាំងរបស់អង្គការ
(ស្វាយរៀង) ៖ ញ៉ឹក សារុំ មានអាយុ៦៧ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិត្រពាំងស្តៅ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។
ឆ្នាំ១៩៧៥ សារុំ បានឃើញទាហានខ្មែរក្រហមប្រមូលទ្រព្យសម្បត្តិឯកជនរបស់ប្រជាជនយកមកទុក ក្នុងសហករណ៍។ ប្រជាជនមានសិទ្ធិឯកជនតែទៅលើស្លាបព្រា និងចានម្នាក់មួយ ដែលអង្គការចែកឲ្យប៉ុណ្ណោះ ប្រសិនបើធ្វើបាត់ដឹងតែអត់អាហារហូបហើយ។
សារុំ ត្រូវបានអង្គការជម្លៀសពីស្រុកកំណើតឲ្យទៅរស់នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង។ គាត់ត្រូវស្ថិតនៅក្នុងកងចល័ត ធ្វើការជីកប្រឡាយ ធ្វើស្រែ និងធ្វើជីពីលាមកមនុស្ស លាមកសត្វ លាយជាមួយដើមទន្ទ្រានខេត្តសម្រាប់ទុកដាក់ស្រូវ និងដំណំាផ្សេងៗ។
នៅសម័យនោះ សារុំ ត្រូវរស់នៅឆ្ងាយពីបងប្អូន និងឪពុក ម្តាយ ដោយសារគាត់ធ្វើការក្នុងកងចល័ត ចំណែកបងប្អូនវិញធ្វើទាហាន និងជាអ្នកដឹកជញ្ជូនស្រូវអង្ករ។ សារុំ បានរៀបរាប់ថា ទាហានខ្មែរក្រហមបានបំបែកសមាជិកគ្រួសារមិនឲ្យរស់នៅជួបជុំគ្នា បងត្រូវព្រាត់ពីប្អូន ម្តាយត្រូវព្រាត់ពីកូន និងប្រពន្ធត្រូវព្រាត់ពីប្តី។ ឪពុកម្តាយដែលមានកូនតូចៗ ត្រូវយកទៅឲ្យរស់នៅក្នុងកងកុមារ រីឯឪពុកម្តាយត្រូវទៅធ្វើស្រែចម្ការ និងការងារផ្សេងនៅទីឆ្ងាយ។ នៅពេលកូនឈឺម្តងៗ គាត់មិនមានសិទ្ធិនៅមើលកូនទេ ដោយអង្គការបានប្រាប់ថា មានពេទ្យនៅមើលហើយយើងខិតខំតែធ្វើការងារទៅ។ កុមារៗក៏មិនបានរៀនសូត្រត្រឹមត្រូវដែរ គឺត្រូវជួយមើលគោ ក្របី និងដើររើសលាមកសត្វទុកធ្វើជីជាដើម។
សារុំ៖ «ខ្ញុំមិនដែលឃើញរបបណាដែលធ្វើបាបប្រជាជនឥតឈប់ដូចរបបខ្មែរក្រហមនេះទេ ប្រជាជនធ្វើការងារច្រើនតែហូបមិនឆ្អែត។ ខ្ញុំឆ្ងល់ណាស់ខ្មែរក្រហមប្រព្រឹត្តអំពើទាំងនេះបានប្រយោជន៍អ្វី? ប្រជាជនទាំងអស់ត្រូវរស់នៅដោយគ្មានសិទ្ធិសេរីភាព និងត្រូវធ្វើប្រវត្តិរូបជាញឹកញាប់ ខ្លះត្រូវគេចោទប្រកាន់ថា ជាខ្មាំងហើយយកទៅសម្លាប់ចោលអត់ត្រាប្រណី»។
ព្រះសង្ឃ និងវត្តអារាមក៏ត្រូវបានលប់បំបាត់ដោយដោយប្រើព្រះសង្ឃឲ្យធ្វើការងារស្រែចម្ការដូចប្រជាជនទូទៅ។ ចំណែកទីធ្លាវត្តអារាមត្រូវធ្វើជាកន្លែងស្តុកស្រូវអង្ករ និងធ្វើជាកន្លែងចិញ្ចឹមសត្វពាហនៈផ្សេងៗ។
សារុំ ធ្លាប់ឃើញទាហានខ្មែរក្រហមនាំមនុស្សទាំង ឡានៗយកទៅសម្លាប់ចោល ប៉ុន្តែគាត់មិនដឹងថា ទាហានយកទៅសម្លាប់នៅទីណានោះទេ។ របបអាហារគាត់ទទួលបានបបររាវៗលាយជាមួយបន្លែពីរវែកក្នុងមួយថ្ងៃ។ ក្នុង វ័យជាយុវជនគាត់ហូបមិនគ្រប់គ្រាន់ទេ ដូច្នោះត្រូវលួចបេះបន្លែ និងស្លឹកឈើផ្សេងៗហូបដើម្បីបំពេញក្រពះ។ នៅការដ្ឋានជីកទំនប់នៅសហករណ៍ចន្ទ្រា គាត់ធ្លាប់ឃើញមនុស្សរែកដីធ្លាក់ពីទំនប់ស្លាប់ជារឿងៗ ដោយសារតែធ្វើការគ្មានពេលសម្រាក និងគ្មានអាហារហូបគ្រប់គ្រាន់។
រឿងរ៉ាវដែល សារុំ ចង់ចាំជាងគេក្នុងរបបខ្មែរក្រហមគឺពេលដែលដឹងថា ឪពុក និងបងប្រុសត្រូវបានសម្លាប់ ដោយចោទថា ជាខ្លាំងប្រឆំាងនឹងអង្គការ។ ចំណែកខ្លួនគាត់ផ្ទាល់ត្រូវទៅធ្វើការទាំងឈឺព្រោះខ្លាចមិនទទួលបានរបបអាហារឬត្រូវយកទៅសម្លាប់ចោល។
សម្ភាសន៍ដោយ អ៊ុក ចាន់លក្ខិណា ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង