សង្រ្គាមមួយថ្ងៃនៅលើកោះតាង

ញ៉ួង ជ្រោង រស់នៅភូមិតាឡាស់ ឃុំរៀម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

នៅពេលរបបកម្ពុជាប្រជាធិបតេយ្យឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រដ្ឋាភិបាលនៅក្នុងរបបខ្មែរក្រហម បានបង្កើតកងពលថ្មីមួយឈ្មោះថា កងពល១៦៤ ដឹកនាំដោយ មាស មុត (ត្រូវជាកូនប្រសារតាម៉ុក) មកពីភូមិភាគនិរតី។ កងពល១៦៤ បង្កើតឡើងសម្រាប់ការពារដែនសមុទ្រនៅក្នុងប្រទេសកម្ពុជាទាំងអស់ដូចជា៖ខេត្តកំពត, ខេត្តកោះកុង និងក្រុងព្រះសីហនុ(ខេត្តព្រះសីហនុសព្វថ្ងៃ)។ នៅក្នុងឆ្នាំ១៩៧៥ មេដឹកនាំខ្មែរក្រហម កំពុងតែមានមោទនភាព នឹងជ័យជម្នះលើរបបសាធារណរដ្ឋសេនាប្រមុខ លន់ នល់ មានការជួយគាំទ្រពីសហរដ្ឋអាមេរិក។ នៅពេលនោះមេដឹកនាំខ្មែរក្រហម បានគិតថាខ្លួនឯងខ្លាំងបានវាយឈ្នះអាមេរិក។ ដូចនេះប្រធានកងពលឈ្មោះ មាស មុត បានចាត់តាំងយោធាខ្មែរក្រហម ដែលមានតួនាទីយាមការពារនៅតាមបណ្តាកោះនានាឲ្យមានទឹកចិត្តអង់អាចក្លាហាន ចាប់ទូកនេសាទថៃ និងវៀតណាម ដែលបានធ្វើចរាចរណ៍ចូលមកដោយខុសច្បាប់ត្រូវបានយោធាខ្មែរក្រហម ប្រចាំការនៅលើកោះឃើញ ចាប់យកមកទាំងអស់គ្មានការលើកលែង។ នៅក្នុងឆ្នាំ១៩៧៥ ដដែលមាននាវាដឹកទំនិញមួយគ្រឿងរបស់សហរដ្ឋអាមេរិកឈ្មោះម៉ាយ៉ាហ្គេស(Mayaguez)បានបើកបរឆ្លងកាត់តាមផ្លូវអន្តរជាតិត្រង់ចំណុចកោះពូលូវៃ យោធាខ្មែរក្រហមក្មេងៗទាំងនោះមិនបានសិក្សារៀនសូត្រពីច្បាប់ផ្លូវទឹកអន្តរជាតិ បានឃើញនាវាដឹកទំនិញមួយគ្រឿង បើកបរឆ្លងកាត់តំបន់កោះពូលូវៃក៏ទៅចាប់មករក្សាទុកនៅកោះតាង និងមិនបានធ្វើការដោះលែងនាវាដឹកទំនិញរបស់អាមេរិកភ្លាមៗទេ ជាមូលហេតុឲ្យកើតមានសង្រ្គាមរយៈពេលខ្លី។ បន្ទាប់មកយោធាខ្មែរក្រហម បានឃើញមានឧទ្ធម្ភាគចក្ររបស់សហរដ្ឋអាមេរិកជាច្រើនគ្រឿងបានមកទម្លាក់គ្រាប់នៅទីក្រុងព្រះសីហនុ ជាពិសេសនៅលើកោះតាង។ អតីតយោធាខ្មែរក្រហម ឈ្មោះ ញ៉ួង[1] ជ្រោង ធ្លាប់មានប្រវត្តិតស៊ូនៅក្នុងសម័យសង្រ្គាមប្រាំឆ្នាំ និងបានបន្តចូលធ្វើជាយោធាខ្មែរក្រហម នៅក្នុងកងពលថ្មី១៦៤ ការពារដែនសមុទ្រ បានដឹងរឿងរ៉ាវមួយចំនួននៅលើកោះតាង និងកោះនានាក្នុងប្រទេសកម្ពុជា។

ខ្ញុំ កើតនៅឆ្នាំ១៩៥២ មានស្រុកកំណើតនៅភូមិត្រពាំងអំពាក់ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ(ភូមិភាគនិរតី)។ ខ្ញុំមានឪពុកឈ្មោះ ​ញ៉ួង ជ្រិន ម្តាយឈ្មោះ ឃិត ខំ និងមានបងប្អូនបង្កើតចំនួន១១នាក់(ប្រុស៥ស្រី៦)។ ខ្ញុំជាកូនទី២ បានរៀនសូត្រនៅសាលាត្រពាំងគល់ត្រឹមថ្នាក់ទី៩(ពីសង្គមចាស់) ឈប់រៀនដោយសារកើតមានរដ្ឋប្រហារនៅឆ្នាំ១៩៧០ សាលាបានបិទ គ្មានគ្រូបង្រៀន និងស្របពេលមានយន្តហោះទម្លាក់គ្រាប់បែកពីកម្លាំងទាហានឧត្តមសេនីយ លន់ នល់ នៅអង្គតាសោម និងកន្លែងមួយចំនួនទៀត។ បន្ទាប់មកនៅភូមិមួយចំនួនបានក្លាយជាតំបន់រំដោះគ្រប់គ្រងដោយខ្មែរក្រហម។ នៅឆ្នាំ១៩៧២ ខ្ញុំបានរៀបមង្គលការជាមួយនារីម្នាក់រស់នៅភូមិក្បែរគ្នាឈ្មោះ កែម ខន រហូតបានកូនប្រុសម្នាក់។ នៅឆ្នាំ១៩៧៣ ខ្ញុំបានស្ម័គ្រចិត្តចូលធ្វើជាកងឈ្លបឃុំត្រពាំងធំ បានរយៈពេលបីខែ បានបន្តចូលធ្វើជាយោធាខ្មែរក្រហម នៅតំបន់១៣ ខេត្តតាកែវ។ ខ្ញុំនៅក្នុងវរសេនាតូចលេខ៤ ដែលមានប្រធានឈ្មោះ សូវ និងឈ្មោះ ហន។ នៅពេលនោះសង្រ្គាមជាមួយទាហានឧត្តមសេនីយ លន់ នល់ កាន់តែខ្លាំងឡើងៗ ខ្ញុំបានផ្លាស់ចូលយោធាភូមិភាគនិរតីវិញ នៅក្នុងកងពលទី៣ ដែលមានមាស មុត ជាប្រធាន។ នៅពេលនោះ ខ្ញុំបានចូលសមរភូមិវាយប្រយុទ្ធជាមួយទាហានឧត្តមសេនីយ លន់ នល់ គ្រប់ទីកន្លែងសំដៅដណ្តើមយកទីក្រុងភ្នំពេញឲ្យបាននៅក្នុងឆ្នាំ១៩៧៥ តាមផែនការ។ នៅឆ្នាំចុងឆ្នាំ១៩៧៤ ខ្ញុំត្រូវរបួសដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យយោធានៅតាមព្រៃមិនបានចូលរួមវាយយកទៅក្រុងភ្នំពេញទេ។

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បានបញ្ចប់រាល់ការជ្រៀតជ្រែកពីសំណាក់បរទេស ការទម្លាក់គ្រាប់បែក និងការប្រឈមអាវុធដាក់គ្នា នៃសង្រ្គាមស៊ីវិលរវាងខ្មែរនិងខ្មែរ ដែលអូសបន្លាយពេលប្រាំឆ្នាំនៅកម្ពុជា[2]។ នៅពេលរបបខ្មែរក្រហម បានឡើងកាន់អំណាច ​ក្រសួងការពារជាតិបានរៀបចំបង្កើតកងពលថ្មី១៦៤ ដឹកនាំដោយមាស មុត។ កងពលនេះបង្កើតឡើងសម្រាប់ការពារដែនសមុទ្រនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំ ជាយោធានៅក្នុងកងពល១៦៤  អង្គការបានបញ្ជូនតាមរថយន្តសំដៅក្រុងកំពង់សោម មុនដំបូងមកស្នាក់នៅផែក្រុងព្រះសីហនុ ទំនប់រលលកបានមួយរយៈពេលខ្លី។ អង្គការបានបែកចែកកម្លាំងយោធាទាំងនោះជាក្រុមៗបន្តទៀត ខ្ញុំបានត្រូវបានទទួលបញ្ជាពីថ្នាក់លើ មកស្នាក់នៅអង្គភាពផែនរៀម ជាប់ព្រលានយន្តហោះកងកេង។ បន្ទាប់មកទៀត ខ្ញុំបានដឹងព័ត៌មានថា យោធាខ្មែរក្រហម ដែលឈរយាមការពារកោះពូលូវៃ បានទៅចាប់នាវាដឹកទំនិញមួយគ្រឿងឈ្មោះ(Mayaguez)ដែលបើកបរលើផ្លូវអន្តរជាតិមករក្សាទុកនៅកោះតាង។ លុះដល់ពេលយប់ ខ្ញុំ បានស្តាប់តាមវិទ្យុផ្សាយសម្លេងពីសហរដ្ឋអាមេរិកបានដឹងថា បើទីក្រុងភ្នំពេញ មិនដោះលែងនាវាឲ្យទៅត្រឡប់វិញទេ នៅក្នុងប្រទេសកម្ពុជា ត្រូវអាមេរិកមកទម្លាក់គ្រាប់បែកកម្ទេច។ នៅថ្ងៃបន្ទាប់នាវាក៏បានដោះលែងទៅវិញ ប៉ុន្តែជៀសមិនផុតពីការវាយប្រហារពីសំណាក់ទាហានអាមេរិក ដដែល។ កាលនោះមានការទម្លាក់គ្រាប់នៅក្រុងព្រះសីហនុ រោងចក្រប្រេងកាត និងនៅផែរៀម ជាប់ព្រលានខូចខាតយន្តហោះអស់មួយចំនួន ជាពិសេសនៅលើកោះតាង។ សង្រ្គាមបានកើតឡើងរយៈពេលមួយថ្ងៃចាប់ពីម៉ោងប្រហែល៩ព្រឹករហូតដល់ម៉ោង៦ល្ងាចនៅលើកោះតាង។ ខ្ញុំត្រូវអង្គការបញ្ជូនទៅកាន់កោះតាងភ្លាមៗបន្ទាប់ពីមានព្រឹតិ្តការណ៍កើតឡើង។ ខ្ញុំបានជិះនាវាឈ្មោះ៩២០ មានយោធាទាំងអស់ប្រហែលជា៤០០នាក់ ចេញដំណើរពីផែរៀមនៅម៉ោង៧ព្រឹក ទៅដល់កោះតាងនៅម៉ោង៣រសៀល ដោយសារនាវាមានល្បឿនយឺត។ ខ្ញុំបានទៅដល់កោះតាងនៅឆ្នេរខាងកើតឃើញមានខ្សាច់ពណ៌សស្អាតមានដើមដូងច្រើន និងនៅលើភ្នំមានដើមឈើធំៗ បន្ទាប់មកទៀត ខ្ញុំបានឃើញឧទ្ធម្ភាគចក្រមួយគ្រឿងធ្លាក់នៅឆ្នេរខាងកើតជាប់មាត់សមុទ្រ និងមួយគ្រឿងទៀតនៅឆ្នេរខាងលិចទល់មុខកោះព្រីង  និងបានឃើញសាកសពទាហានអាមេរិកស្លាប់នៅលើកោះតាង និងបានដឹងពីមិត្តភ័ក្រ្តបន្ថែមទៀតប្រាប់ថា ទាហានអាមេរិកនៅមានជីវិតរស់បន្ទាប់ពីសង្រ្គាមបានបញ្ចប់ តែក្រោយមកមិនបានដឹងថា អង្គការយកទៅណាទេ ឮសូរថា បាញ់សម្លាប់នៅលើកោះតាង។ នៅចុងឆ្នាំ១៩៧៥ ខ្ញុំបានចេញពីកោះតាងវិញ ត្រឡប់ដីគោកនៅអង្គភាពស្មាច់ដែង ដើម្បីសម្រាកព្យាបាលជំងឺគ្រុនចាញ់។ នៅឆ្នាំ១៩៧៦ ប្រពន្ធកូនខ្ញុំ អង្គការឲ្យរស់នៅអង្គភាពយោធាជាមួយគ្នានៅស្មាច់ដែន ស្រុកព្រៃនប់។ នៅឆ្នាំ១៩៧៨ យោធាខ្មែរក្រហម នៅក្នុងកងពល១៦៤ ត្រូវបានដកកម្លាំងមួយចំនួនទៅសមរភូមិមុខខាងភូមិភាគបូព៌ា ពីព្រោះសង្រ្គាមជាមួយកងទ័ពវៀតណាមនៅតាមព្រំដែនកាន់តែខ្លាំងឡើង តែខ្ញុំមិនបានទៅសមរភូមិទេ។

នៅឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាសហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមបានវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្រ្គោះប្រជាជនជាបន្តបន្ទាប់[3]។ ខ្ញុំ បានរត់ភៀសខ្លួនបែកពីប្រពន្ធកូនចេញតាមក្រុងព្រះសីហនុ កាត់ស្ទឹងហាវចូលព្រៃរហូតដល់ទឹកដីជីផាត ខេត្តកោះកុង បានជួបប្រពន្ធកូនទៅទីនោះវិញ ក៏បាននាំគ្នារត់ចូលព្រៃបន្តទៀតដោយគ្មានអាហារហូបគ្រប់គ្រាន់ហូបតែផ្លែឈើ មើមក្តួចជាដើម ទំរាំទៅដល់ជាយដែនថៃប្រើរយៈពេលជាង១ខែ។ មុនដំបូងទៅដល់ជំរំខាវអ៊ីដាង មានអាហារហូបគ្រប់គ្រាន់។ ក្រោយមកខ្ញុំបានត្រឡប់មករស់នៅលើទឹកដីខ្មែរវិញ ជាមួយខ្មែរក្រហម នៅម្តុំឡែម លំបាកវេទនា គ្មានអាហារគ្រប់គ្រាន់ ក៏រត់ត្រឡប់នៅជំរំម៉ៃរូតប្រទេសថៃវិញ និងបន្តទៅរស់នៅជំរំសាយប៊ី និងទៅរស់នៅអូរស្មាច់ជាមួយក្រុមទាហានប៉ារ៉ាវិញ ជាមួយក្រុមតា អ៊ិន តាំ​។

នៅឆ្នាំ១៩៩៣ មានជំនួយពីអង្គការសហប្រជាជាតិ ខ្ញុំបានធ្វើមាតុភូមិនិវត្តន៍ មករស់នៅស្រុកកំណើតវិញ ខេត្តតាកែវបានរយៈពេលបីឆ្នាំ ដោយសារគ្មានដីធ្វើស្រែចម្ការប្រកបមុខរបររកស៊ី។ នៅឆ្នាំ១៩៩៦ ខ្ញុំរួមទាំងក្រុមគ្រួសារប្រពន្ធកូននាំគ្នាមករស់នៅស្មាច់ដែន ដោយនឹកឃើញថា តំបន់ធ្លាប់រស់នៅជំនាន់ខ្មែរក្រហម សម្បូរដីច្រើនងាយស្រួលប្រកបមុខរបរដាំដំណាំផ្សេងៗ។ នៅឆ្នាំ២០២២ ខ្ញុំ បានមករស់នៅភូមិតាឡាស់ ឃុំរៀម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្រកបមុខរបរធ្វើចម្ការជាមួយប្រពន្ធកូន និងមានជីវភាពខ្វះខាតក្រលំបាក ពីព្រោះខ្លួនកាន់តែចាស់៕

ញ៉ួង ជ្រោង
ញ៉ួង ជ្រោង

អត្ថបទដោយ សុខ វណ្ណៈ


[1] នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ (ឡុង ដានី បានជួបសម្ភាសន៍ជាមួយឈ្មោះ ញ៉ួង ជ្រោង ភេទប្រុស អាយុ៧៣ឆ្នាំ (អតីតជាយោធាខ្មែរក្រហមកងពល១៦៤)  មានស្រុកកំណើតភូមិអំពាក់ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។ សព្វថ្ងៃ  រស់នៅភូមិ​តាឡាស់ ឃុំរៀម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

[2]ដោយផេង ពង្សរ៉ាស៊ី ដេវិត ឆេនដល័រ,គ្រីស្តូហ្វ័រ ឌៀរីង និងសុភ័ក្រ្ត  ភាណា (សៀវភៅប្រវត្តិសាស្រ្តកម្ពុជា ប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) បោះពុម្ភលើកទើ២ (ឆ្នំ២០២០) ជំពូកទី៣ ទំព័រ១៣

[3] ឃួន វិច្ឆិកា និងអ្នកឯទៀត (សៀវភៅប្រវត្តិវិទ្យាថ្នាក់ទី៦) ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព(ភ្នំពេញ)៖ អនុគណៈកម្មការមុខវិជ្ជា ឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា បោះពុម្ព ឆ្នាំ២០២៥,ទព័រ៤១

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin