ញុំ សារ៉េត ហៅម៉ឹក៖ សកម្មភាពបំផ្លាញសម្ភាររបស់អង្គការបដិវត្តន៍

ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន២៣ទំព័រ ជារបស់ ញុំ សារ៉េត ហៅម៉ឹក មុនអង្គការចាប់ខ្លួន មានតួនាទី កម្មករកំពង់សោម។ តាមរយៈចម្លើយសារភាពនៅក្នុងឯកសារនេះ(J០០៧៣០) បង្ហាញអំពីសកម្មភាព ម៉ឹក ចូលបម្រើក្នុងជួរបដិវត្តន៍តាមការអប់រំពីឈ្មោះ ឈឿន មានតួនាទីស្នងការ វរសេនាតូច៥៥០ វរសេនាធំ៦៣ កងពល១៦៤។ ការចូលបម្រើបដិវត្តន៍នេះ ម៉ឹក បានធ្វើសកម្មភាព កសាងកម្លាំង និងបំផ្លាញសម្ភាររបស់អង្គការ ហើយបំផុសឲ្យកើតមានទំនាស់ក្នុងអង្គភាព។ ខាងក្រោមនេះជាចម្លើយសារភាពរបស់ ម៉ឹក៖
ញុំ សារ៉េត ហៅម៉ឹក[1] ភេទប្រុស អាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងត្នោត ឃុំត្រពាំងធំ ស្រុកត្រាំកក់ ខេត្តតាកែវ។ តាំងពីដឹងក្ដីមក ម៉ឹក រស់នៅជាមួយឪពុកម្ដាយ។ លុះមកដល់ឆ្នាំ១៩៦៥ ម៉ឹក ត្រូវឪពុកបញ្ជូនឲ្យទៅរៀនសាលាវត្តត្រពាំងធំ នៅឃុំត្រពាំងធំ ស្រុកត្រាំកក់ ខេត្តតាកែវ។ ម៉ឹក រៀនដល់ថ្នាក់ទី៨ ក៏ឈប់ ហើយត្រឡប់មករស់នៅជាមួយឪពុកម្ដាយវិញ។ នៅខែឧសភា ឆ្នាំដដែល ម៉ឹក បានចូលធ្វើបដិវត្តន៍នៅក្នុងអង្គភាពឈ្លបឃុំជាងទង នៅស្រុកត្រាំកក់ ខេត្តតាកែវ ភូមិភាគនិរតី។[2] នៅខែមករា ឆ្នាំ១៩៧៣ ម៉ឹក បានឡើងមកកាន់នៅតំបន់១៣ ក្នុងខេត្តតាកែវដដែលក្នុងកងវរសេនាតូចតំបន់៥ អនុសេនាធំ៣១។ រយៈពេល៦ខែ ក្រោយមក ក៏ផ្លាស់មករស់នៅជាមួយឈ្មោះ ឈឿនវិញ។
នៅឆ្នាំ១៩៧៤ ឈ្មោះ ឈឿន មានតួនាទីស្នងការ វរសេនាតូច៥៥០ វរសេនាធំ៦៣ កងពល១៦៤ បានអប់រំ ម៉ឹក បង្ហាញពីការរស់នៅក្នុងសង្គមចាស់ទទួលបានសេចក្ដីសុខ និងភាពសប្បាយរីករាយ ជាងការរស់នៅក្នុងបដិវត្តន៍។ បន្ទាប់មក ឈ្មោះ ឈឿន ក៏ចាត់តាំង ម៉ឹក ចូលជាកម្លាំង សេ អ៊ី អា ដោយទទួលភារកិច្ច កសាងកម្លាំង និងបំផ្លាញសម្ភារ ហើយថែមទាំងបំផុសឲ្យកើតមានទំនាស់ក្នុងអង្គភាព។ តាមរយៈឈ្មោះ ឈឿន បានឧទ្ទេសនាម ម៉ឹក ឲ្យស្គាល់កម្លាំងចំនួន៩នាក់។ ក្រោយមក ឈឿន ក៏ចាត់តាំង ម៉ឹក ឲ្យទៅជញ្ជូនគ្រាប់នៅសមរភូមិស្រែ ចំនួនពីរឡាំង គឺគ្រាប់៦០១មួយឡាំង និងអឹម៧៩ មួយឡាំង យកទៅទម្លាក់ក្នុងទឹកស្ទឹង។ សកម្មភាពបន្ទាប់ នៅភូមិក្រាំងសៀម ម៉ឹក និងសមាជិក៣នាក់ បាននាំគ្នាដុតផ្ទះប្រជាជនអស់ចំនួន៣ខ្នង។ លុះពេលក្រោយមក ឈឿន បានហៅ ម៉ឹក និងសមាជិកចំនួន៦នាក់ មកប្រជុំនៅភូមិកំពង់សៀម ដោយដាក់ខ្លឹមសារ កសាងកម្លាំង និងបំផុសយុវជន ឲ្យបំផ្លាញសម្ភារនៅក្នុងអង្គភាព។ បន្ទាប់ពីប្រជុំចប់ ម៉ឹក និងសមាជិកបានប្រមូលយកគ្រាប់កាំភ្លើងចំនួន៥ធុង ទៅទម្លាក់ចោលក្នុងទឹកចំនួន២ធុង និងសមរភូមិស្ទឹងព្រែកត្នោតចំនួន៣ធុង។ នៅខែធ្នូ ឆ្នាំ១៩៧៤ ឈ្មោះ ឈឿន បានណែនាំ ម៉ឹក និងសមាជិកចំនួន២នាក់ ឲ្យស្គាល់កម្លាំងចំនួន៣នាក់ ដើម្បីរួមគ្នាធ្វើសកម្មភាពឃោសនាយុវជនឲ្យរត់ចេញពីត្រង់សេ ហើយថែមទាំងបាញ់ចំយុវជនចំនួន២នាក់ស្លាប់នៅនឹងកន្លែង។ ពេលនោះ ម៉ឹក និងសមាជិកចំនួន២នាក់ បានប្រមូលយកគ្រាប់ចំនួន៦០គ្រាប់ និងគ្រាប់អឹម ៧៩ ចំនួន២ឡាំងទៅបោះចោលក្នុងព្រៃ ហើយថែមទាំងដុតបំផ្លាញសម្លៀកបំពាក់អស់ចំនួន៥សាក់កាដូទៀត។ ក្រោយមកទៀត ឈឿន ក៏ចាត់តាំង ម៉ឹក និងសមាជិកដដែល ឲ្យធ្វើសកម្មភាពបំផុសនៅតាមត្រង់សេ ដើម្បីកុំឲ្យដំណើរការទៅមុខបាន ហើយថែមទាំងដុតបំផ្លាញផ្ទះប្រជាជនអស់ចំនួន៤ខ្នងទៀត។
នៅខែឧសភា ឆ្នាំ១៩៧៥ ឈ្មោះ ឈឿន បានហៅ ម៉ឹក និងសមាជិកចំនួន៦នាក់មកប្រជុំនៅកំពង់សោម ដោយដាក់ខ្លឹមសារដូចមុនៗដដែល។ បន្ទាប់ពីការប្រជុំចប់ ឈឿន ក៏ចាត់តាំងឲ្យ ម៉ឹក និងសមាជិកចំនួន៣នាក់ ឲ្យធ្វើទំនាក់ទំនងជាមួយមនុស្ស៣នាក់ និងបានធ្វើសកម្មភាពបោះអង្ករចំនួន១០បាវចូលទៅក្នុងទឹក។ ស្របពេលនោះ ម៉ឹក កសាងកម្លាំងបានចំនួន២នាក់ ហើយអប់រំបង្ហាញឲ្យឃើញពីការខ្វះខាតនៅក្នុងសង្គមបដិវត្តន៍គ្រប់បែបយ៉ាងទាំងអស់។ បន្ទាប់ពីអប់រំចប់ អ្នកទាំងពីរបានធ្វើសកម្មភាពបំផ្លាញកាំភ្លើងចំនួន១ដើម និងបំផ្លាញក្រណាត់ចំនួន៥ដុំ។ លើសពីនេះ ថែមទាំងបានបើកទូកបំបុកជាមួយថ្មចំនួន២០គ្រឿង ធ្វើឲ្យខូចខាតប្រើការលែងកើត។
នៅខែមករា ឆ្នាំ១៩៧៦ ម៉ឹក និងសមាជិកចំនួន២នាក់បានធ្វើសកម្មភាពបំផ្លាញម៉ាស៊ីនការណូតចំនួន១គ្រឿង និងធ្វើឲ្យចង្កូតកាប៉ាល់ មិនអាចដំណើរការបាន ហើយបំផ្លាញកាណូត៤០សេស ចំនួនមួយគ្រឿង។ មួយរយៈពេលក្រោយមក ម៉ឹក និងសមាជិក២នាក់ កសាងកម្លាំងបានចំនួន៣នាក់ និងបានអប់រំឲ្យឃើញពីភាពខ្វះខាតនៅក្នុងសង្គមបដិវត្តន៍។ បន្ទាប់មក អ្នកទាំង៣បានធ្វើឲ្យដំបូលកាប៉ាល់ខូច និងធ្វើឲ្យបែកអំពូលអស់មួយចំនួន។ នៅខែមិថុនា ឆ្នាំ១៩៧៦ ម៉ឹក និងសមាជិក៤នាក់ បានធ្វើសកម្មភាពបំផ្លាញកាណូត៣០០សេស ចំនួនមួយគ្រឿង ហើយបំផ្លាញម៉ាស៊ីនបាញ់ខ្សាច់ចំនួនមួយ និងបានដឹកប្រេងម៉ាស៊ូតចំនួន២ពុយទៅទម្លាក់ចោលក្នុងទឹកសមុទ្រ។ ចំណែក១ពុយទៀតទុកនៅចោលលើកោះ។
នៅខែមករា ឆ្នាំ១៩៧៧ ម៉ឹក បានទាក់ទងជាមួយឈ្មោះ វ៉ី ហើយបានធ្វើសកម្មភាពបំផ្លាញជញ្ជីងសម្រាប់ថ្លឹងកូនជ្រូកម៉ាស៊ីនអស់ចំនួនមួយ និងធ្វើឲ្យម៉ាស៊ីនដួលទៅលើបាវអង្ករ ធ្វើខូចអស់ចំនួន៥បាវរហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ១៩៧៧ ម៉ឹក ត្រូវបានអង្គការចាប់ខ្លួន និងសួរចម្លើយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩៧៨៕
អត្ថបទដោយ ជីម សុខគា
[1] ឯកសារ (J០០៧៣០) តម្កល់នៅបណ្ណាសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង « ញុំ សារ៉េត ហៅម៉ឹក៖ សកម្មភាពបំផ្លាញសម្ភាររបស់អង្គការបដិវត្តន៍»។ បង្ហាញអំពីសកម្មភាព ម៉ឹក ចូលបម្រើក្នុងជួរបដិវត្តន៍ តាមការអប់រំពីឈ្មោះ ឈឿន មានតួនាទីស្នងការ វរសេនាតូច៥៥០ វរសេនាធំ៦៣ កងពល១៦៤។ ការចូលបម្រើបដិវត្តន៍នេះ ម៉ឹក បានធ្វើសកម្មភាព កសាងកម្លាំង និងបំផ្លាញសម្ភារ ហើយបំផុសឲ្យកើតមានទំនាស់ក្នុងអង្គភាព។
[2] ផេង ពង្សរ៉ាស៊ី និង អ្នកផ្សេងទៀត, សៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទី២ (ភ្នំពេញ ២០២០),៣៤។