ញាត់ ធឿង៖ ខ្ញុំប្រាប់ នួន ជា ថា «មនុស្សមិនចេះស៊ីមនុស្សទេ»

ញាត់​ ធឿង​​[1] ភេទ​ប្រុស​ អាយុ​៧៧ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ក្នុង​ភូមិ​ជីមៀត ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គិរី។ ធឿង សព្វ​ថ្ងៃ​រស់​នៅ​ក្នុង​ភូមិ​ថ្នល់​កែងហៅ​(១០៥) ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្ត​ឧត្តរ​មាន​ជ័យ​។

ធឿង បាន​និយាយ​ថា៖ «កាល​ពី​កុមារ​ភាព​ ខ្ញុំ​មិន​បាន​រៀន​សូត្រ​ទេ ​ដោយ​សារ​តែ​ជី​វភាព​គ្រួសារ ​ខ្វះ​ខាត​។ គ្រួសារ​របស់​ខ្ញុំ​ប្រកប​មុខ​របរ​ធ្វើ​ចម្ការ ​ធ្វើស្រែ​ និងដាំ​ដំណាំបន្តិច​បន្តួច​សម្រាប់​ចិញ្ចឹម​ជីវិត​។ ជំនាន់​នោះ ​ប្រជាជនដែល​រស់​នៅ​ក្នុង​ស្រុក​កោះ​ញែក​​ ភាគ​ច្រើន​ធ្វើ​ស្រែ​ចម្ការ,​ ដាំ​ដំណាំ និង​ចិញ្ចឹម​សត្វ​។ បើទោះ​បី​ជា ​នៅ​ក្នុង​ជំនាន់​ សម្ដេចព្រះ ​នរោត្តម ​សីហនុ ​មិន​សូវ​មាន​របស់​របរ​ប្រើ​ប្រាស់​ទំនើបៗ​ក៏​ដោយ​ ​ប្រជាជន​រស់​នៅ​យ៉ាង​សុខ​សប្បាយ​ និង​ជួប​ជុំ​គ្រួសារ​យ៉ាង​សុខ​សាន្ត​។

លុះ​​​ដល់​ឆ្នាំ​១៩៦៨ ​ភូមិ​ស្រុក​របស់​ខ្ញុំ​ចាប់​ផ្ដើម​មាន​ភាព​ចលាចល ​ដោយ​សារ​តែ​​យន្ត​ហោះ​អាមេរិក​​ទម្លាក់​គ្រាប់​បែក​នៅ​ក្នុង​ភូមិ​។ ខ្ញុំ​បាន​ចូលបម្រើ​​​ចលនា​កង​ទ័ព​រំដោះ​ និង​​​រស់​នៅ​ក្នុង​ព្រៃ​។ កង​កម្លាំង​ដែល​ប្រមូល​បាន​ពី​ភូមិ​​​ស្រុកនានា ​ត្រូវទទួលការ​ហ្វឹក​​ហាត់​រៀន​​យុទ្ធ​សាស្រ្ត​​បណ្ដើរ និង​​ចេញ​ទៅ​​​សមរភូមិ​បណ្ដើរ។​

សមរភូមិ​ដែល​ខ្ញុំ​ត្រូវទៅ​​​គឺ​ខេត្ត​មណ្ឌល​គិរី​ និង​ខេត្ត​ក្រចេះ​​។ ការ​វាយ​គ្នា​រវាង​ភាគី​ទាំង​ពីរ​ចេះ​តែ​បន្ត​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយ​​មិន​ស្រាក​ស្រាន្ត​ឡើយ។ ​កង​ទ័ពទាំង​​សង​ខាងបាន​​ស្លាប់​ និង​របួស​អស់​ជា​ច្រើន​នាក់​។​ បើ​ទោះ​បីជា​កង​ទ័ព​ខ្មែរ​ក្រហម​មិន​សូវ​មាន​គ្រឿង​សព្វា​វុធ​ទំនើបៗ​ដូច​កង​ទ័ព​ លន់​ នល់​ ក៏​ពិត​មែន​ ​ប៉ុន្តែ​កម្លាំង​ស្មារតី​កង​ទ័ព​គឺ​មាន​ភាព​ខ្លាំង​ក្លា​ និង​មុះ​មុត ហើយ​​មិន​ខ្លាច​សត្រូវឡើយ​។​ អំឡុង​ពេល​វាយ​នៅ​សមរភូមិ​ ខ្ញុំ​ផ្ទាល់​មិន​ដែលខ្លាច​ស្លាប់​នោះ​ទេ​។ ខ្ញុំ​ខិត​ខំ​តស៊ូ​ ​ដើម្បី​​ការ​ពារ​ទឹក​ដី​ខ្មែរ​តែ​មួយ​មុខ​។​ កង​ទ័ព​នៅ​សមរភូមិ​មុខ​ ​ងាយ​នឹង​បាត់​បង់​ជីវិត​ណាស់​ ពី​ព្រោះ​យើង​​វាយ​ប្រហារ​ពី​សត្រូវ​គ្រប់​ពេលវេលា​។​ ម្យ៉ាង​វិញទៀត​ ​កម្លាំងខ្មែរក្រហម​ដណ្ដើម​យក​ជ័យជម្នះ​ពី​ទី​កន្លែង​មួយ​ទៅ​ទី​កន្លែង​មួយ​ទៀត​។​

រហូត​ដល់​ឆ្នាំ​១៩៧៤ ខ្ញុំ​បាន​រៀប​ការ​។​ ឪពុក​ម្ដាយខ្ញុំ​បាន​​ជា​​រៀប​ចំឡើង ដោយ​មានការ​​ហូប​អាហារ​ជួប​ជុំ​បង​ប្អូន​បន្តិច​បន្តួច។ ​​នៅ​ពេល​ដែល​ខ្ញុំ​ចេញ​ទៅ​​សមរភូមិ​ម្ដង​ៗ ខ្ញុំ​បាន​ចំណាយពេលវេលា ចាប់​ពី​១ខែ ​​ទៅ​៨ខែ ​ទើប​បាន​ត្រឡប់​មក​រក​ប្រពន្ធ​កូន​នៅ​ឯ​ផ្ទះ​វិញ​។ ចំណែក​ឯ​ស្បៀង​អាហារ​ដែល​កង​ទ័ព​ដាក់​តាម​ខ្លួន​មាន​ត្រី​ងៀត​ ត្រី​ខកំប៉ុង​ និង​សាច់​ងៀត​ជា​ដើម។ ​អាហារ​ទាំង​អស់​នោះ​​មិន​អាច​ទ្រទ្រង់​ជីវភាព​កង​ទ័ព​ឲ្យ​ហូប​គ្រប់​គ្រាន់​បាន​ឡើយ​។ ថ្ងៃមួយកង​កម្លាំង​​​បាន​អស់​ស្បៀង ​​ខ្ញុំ​​បាន​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ចូល​​ភូមិ​ដើម្បី​សុំ​ស្បៀង​ពី​ប្រជាជន​។ បន្ទាប់​ពី​ខ្ញុំ​ធ្វើ​ដំណើរ​បាន​ពាក់​កណ្ដាល​ផ្លូវ​ ​ខ្ញុំ​បាន​ជួប​ជា​មួយ​​មេដឹក​នាំ​ខ្មែរ​ក្រហម​ឈ្មោះ​ នួន​ ជា។ ប៉ុន្តែ ​ខ្ញុំ​មិន​បាន​ស្គាល់​​ថា​ជា​ នួន​ ជា ឡើយ​​។ ខ្ញុំ​​បាន​សួរ​​ នួន ​ជា​ ថា៖

ធឿង៖ ​តើ​ឯង​មក​ពី​ណា​?

នួន​ ជា៖ ខ្ញុំ​មក​ពី​កោះ​ញែក។

ធឿង៖ ហើយ​ឯង​ទៅ​ណា​វិញ​? ឯង​ឈ្មោះ​អ្វី?

នួន ជា៖ ខ្ញុំ​ឈ្មោះ​ នួន ​ជា ហើយ​ខ្ញុំ​ត្រូវ​ទៅ​ឯណោះ​ (គាត់​មិន​បាន​ប្រាប់​តំបន់​ដែល​ត្រូវ​ទៅ​ទេ​)»។

ខណៈ​ពេល​នោះ​ នួន​ជា​ ក៏​បាន​សួរ​ខ្ញុំ​ថា៖

នួន​ ជា៖ តើ​ឯង​ធ្វើ​ដំណើរ​មក​ទី​នេះ​មិន​ខ្លាច​មនុស្ស​ទេ​ឬ?

ធឿង៖ ខ្ញុំ​ក៏​បាន​តប​ទៅ​វិញ​ថា​ មនុស្ស​មិន​ចេះ​ស៊ី​មនុស្ស​ទេ​ តែ​បើ​មនុស្ស​កេះ​កៃ​កាំភ្លើង​នោះ​ ទើប​កាំ​ភ្លើង​ចេះ​ស៊ី​មនុស្ស មនុស្ស​ចេះ​តែ​ក្រាប​ចេះ​តែ​លូន»។​ 

កាល​ណោះ ​ខ្ញុំ​មិន​ចេះ​ខ្លាច​អ្វី​នោះ​ទេ​​។ បន្ទាប់​ពី​ខ្ញុំ​និង​​​ នួន​ជា​ បាន​​សួរ​នាំ​គ្នា​បន្តិច​បន្តួចរួច​ហើយ​យើង​បាន​ចែក​គ្នា​​ធ្វើ​ដំណើរ​ទៅ​មុខ​បន្ត​ទៀត​។ ​អ្នក​រួម​ដំណើរ​ជា​មួយ​ខ្ញុំមាន​គ្នា​ចំនួន​១០​នាក់​ ហើយ​ម្នាក់ៗ​សុទ្ធ​តែ​ស្បាយ​អង្ករ​ម្នាក់​មួយ​វ៉ាល​ឡូ​។​

លុះ​ដល់ថ្ងៃ​ទី​១៧​ ខែ​មេសា​ ​ឆ្នាំ​១៩៧៥​ កង​ទ័ព​ខ្មែរ​ក្រហម​បាន​វាយ​រំដោះ​ទី​ក្រុង​ភ្នំ​ពេញ​។​  ពេល​ទទួល​ជ័យជម្នះ​នៅ​ទី​ក្រុង​ភ្នំ​ពេញ​ កម្លាំង​កង​ទ័ព​ខ្ញុំ​មិន​បាន​ទៅ​ចូល​រួម​ឡើយ។​ ​​យើង​ឈរ​ជើង​ការ​ពារ​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី​។​ ខ្ញុំ​ រួម​ទាំង​កង​ទ័ព​ជា​ច្រើន​នាក់​ទៀត ​បាន​បន្ត​រស់​នៅខេត្ត​មណ្ឌល​គិរី​ ការ​ពារ​ព្រំ​ដែន​ និង​ធ្វើ​ស្រែ​ប្រមូល​ផល​ដូច​ទៅ​នឹង​ប្រជាជន​ដែរ​។​ កង​ទ័ព​ទាំង​អស់​ ត្រូវ​ជួយ​គ្នា​បង្ក​បង្កើន​ផល​ដើម្បីទុក​សម្រាប់​ផ្គត់​ផ្គង់​កង​ទ័ព​ដោយ​ខ្លួន​ឯង​។​ ជាការ​ពិត​ណាស់​ ចំពោះ​ត្រី​សាច់​យើង​គ្មាន​ការ​ខ្វះ​ខាត​អ្វី​ឡើយ​ ព្រោះ​យើង​អាច​រក​តាម​ស្ទឹង​និងអូរ​​។​ ចំណែក​ឯ​អង្ករ​ក៏មាន​ការ​​ខ្វះ​ខាតដែរ ​​ដោយ​សារ​ស្រូវ​​​មិន​បាន​ផ្តល់​ផល​ល្អ​។​ ការ​រស់​នៅ​ការ​ពារ​ព្រំ​ដែនមាន​​​ការ​លំបាក​ខ្លាំង​ ព្រោះខេត្តមណ្ឌល​គិរី​មាន​​​ភាព​ដាច់​ស្រយាលខ្លាំង​ពី​ខេត្ត​ដទៃ​។​

លុះ​ដល់​ឆ្នាំ​១៩៧៩​ កង​ទ័ព​វៀត​ណាម​បាន​វាយ​ចូល​មក​ដល់ ​ខ្ញុំ​​បានវិល​​ត្រឡប់​ទៅ​ជួប​​​ប្រពន្ធ​កូនវិញ​​​។ យើង​​បាន​នាំ​គ្នា​បន្ត​រត់​ចូល​ក្នុង​ព្រៃ​ ដើម្បី​គេច​ខ្លួន​ពី​កង​ទ័ព​វៀត​ណាម​។​ យើង​បាន​បន្ត​រស់​នៅ​ក្នុង​ព្រៃ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ហើយ​​ជួបប្រទះ​​​នឹង​ការ​អត់​ឃ្លាន​ ការ​ព្រាត់​ប្រាស់​ និងជំងឺ​ឈឺ​ស្កាត់​គ្មាន​ពេទ្យ​ព្យាបាល​។​ ​ហេតុ​នេះ​ យើង​មិន​អាច​បន្ត​រស់​នៅ​ក្នុង​ព្រៃ ​ដោយ​គ្មាន​ស្បៀង​អាហារ​បន្ត​ទៀត​នោះ​ទេ​។​​​

នៅ​ក្នុង​ឆ្នាំ​១៩៨២​ ខ្ញុំ​រួម​ទាំង​គ្រួសារ​ ព្រមទាំង​កងទ័ព​ បាន​ធ្វើ​ដំណើរ​មក​ដល់​ភ្នំ​ដង​រែក​។​ ​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ស៊ើប​ការណ៍​អំពី​ផ្លូវ​ធ្វើ​ដំណើរ​ឡើង​ទៅ​លើ​ភ្នំ​ជា​មុន​។ ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បីការ​ពារ​សុវត្ថិ​ភាព​ដល់​​ប្រជាជន​ទាំង​អស់​ដែល​បាន​រួម​ដំណើរ​។ នៅតាម​ផ្លូវ​ធ្វើ​ដំណើរ​ ខ្ញុំ​បាន​ជួប​ជា​មួយ​ទាហាន​ប៉ារ៉ាដែល​បាននិង​កំពុង​​រង​ចាំ​ទទួល​។​ បន្ទាប់​ពី​បាន​ជួប​គ្នា​ហើយ​ ខ្ញុំ​​បាន​ត្រឡប់​ទៅ​យក​កម្លាំង​ប្រជាជន​នៅ​ក្នុង​ព្រៃ​វិញ​។​ យើង​បាន​ធ្វើ​ដំណើរ​ជា​មួយ​គ្នា​ឆ្ពោះ​ទៅ​ភ្នំ​ដង​រែក​ ដើម្បី​ស្វែង​រក​ជំនួយ​ និង​ជម្រក​​សុវត្តិ​ភាព​»៕

អត្ថបទដោយ មេក វិន


[1] មេក វិន សម្ភាសន៍​ជាមួយ ញាត់ ធឿង នៅ​ភូមិ​ថ្នល់​កែង (ភូមិ​១០៥) ឃុំ​ផ្អាវ ស្រុក​ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅ​ក្នុងឆ្នាំ​២០២៥។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin