អនុប្រធាននារីស្រែអំបិលក្លាយជាលេខាស្រុកសំឡូត

ណុប ងឹម (២០១១)

ណុប ងឹម ភេទស្រី អាយុ៧៤ឆ្នាំ[1] មានមុខរបរធ្វើចម្ការ និងសព្វថ្ងៃរស់នៅក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ងឹម មានស្រុកកំណើតនៅឃុំត្រពាំងធំ ស្រុកត្រាំកក់ ខេត្តតាកែវ។ មានឪពុកឈ្មោះ ណុប យី (ស្លាប់) និងម្ដាយឈ្មោះ ប្រាក់ ង៉ែត (ស្លាប់)។ ងឹម មានបងប្អូនបង្កើតចំនួន៨នាក់ (ស្រី៤នាក់) ងឹម ជាកូនទី២។ ស្វាមីឈ្មោះ ព្រាប កប អាយុ៧៣ឆ្នាំ មានមុខរបរធ្វើចម្ការ។ ងឹម មានកូន២នាក់ (ស្រីម្នាក់) កូនៗរបស់ ងឹម មានគ្រួសារអស់ហើយ។

កាលនៅវ័យកុមារ ឪពុកម្ដាយរបស់ ងឹម មានជីវភាពក្រលំបាកមិនអាចបញ្ជូនកូនឲ្យទៅសិក្សារៀនសូត្រគ្រប់គ្នាបាននោះទេ។ ងឹម ជាបងសុខចិត្តនៅមើលថែប្អូនៗតូចៗ ជួយចិញ្ចឹមជ្រូក និងធ្វើការងារជាមួយឪពុកម្ដាយនៅផ្ទះ។ ចំណែកប្អូនៗមួយចំនួនទៀតបានទទួលរៀនសូត្រ។ បន្ទាប់ពីមើលប្អូន ងឹម បានរៀននៅផ្ទះអាចអាន និងសរសេរអក្សរបានបន្តិចបន្តួចប៉ុណ្ណោះ ។

នៅអំឡុងឆ្នាំ១៩៧០ លន់ នល់ បានធ្វើរដ្ធប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ប្រទេសលែងមានភាពសុខសាន្ត ពីព្រោះសង្រ្គាមចាប់ផ្ដើមកើតមានឡើង។ ការទម្លាក់គ្រាប់បែករបស់ទាហានអាមេរិក ធ្វើឲ្យមានភាពច្របូកច្របល់ក្នុងភូមិស្រុកមួយចំនួន។ ក្នុងភូមិឃុំដែល ងឹម រស់នៅ ចាប់ផ្ដើមមានការឃោសនាប្រមែប្រមូលឲ្យយុវជន យុវនារី ក្នុងភូមិស្ម័គ្រចិត្តរត់ចូលព្រៃ ដើម្បីរួបរួមកម្លាំងផ្ដួលរលំរបបលន់ នល់ ទាមទារអំណាចថ្វាយសម្ដេចព្រះ នរោត្តម សីហនុ។ បន្ទាប់ពីឮការឃោសនា ប្អូនប្រុស របស់ ងឹម បានសម្រេចចិត្តចូលក្នុងព្រៃដើម្បីធ្វើកងទ័ព។ ឆ្នាំ១៩៧២ សង្រ្គាមរវាងកងទ័ពខ្មែរក្រហម និងទាហាន លន់ នល់ កាន់តែខ្លាំងឡើងដែលធ្វើឲ្យប្រជារាស្រ្តរងទុក្ខ។ ងឹម មិនពេញចិត្តទៅនឹងការដឹកនាំរបស់សេនាប្រមុខ លន់ នល់ ដែលជាមូលហេតុនាំឲ្យកើតមានសង្រ្គាម ងឹម បានសូមអនុញ្ញាតឪពុកម្ដាយចេញទៅព្រៃតស៊ូ។ ក្នុងពេលជាមួយគ្នានោះ មាននារីៗដែលមានវ័យស្រករ និងរស់នៅភូមិជាមួយ ងឹម ប្រហែល២០នាក់ រួមទាំងយុវជនជាច្រើននាក់ទៀត បានស្ម័គ្រចិត្តចូលបម្រើកងទ័ពរណសិរ្ស។ ដំបូងឡើយ ងឹម បានធ្វើដំណើរទៅមន្ទីរ១៥០នៅភ្នំវល្លិ៍ ភ្នំដំរីរមៀល ជាមួយយុវនារីរាប់រយនាក់។ មិត្តនារី សន គឺប្រធានមន្ទីរ១៥០ និងជាអ្នកបង្រៀនអប់រំផ្នែកនយោបាយ ដោយណែនាំថា«ប្អូនៗមកហើយកុំរត់ទៅវិញ  បើថាទៅវិញកុំមក នៅរកស៊ីចិញ្ចឹមម៉ែឪទៅ»។ ងឹម នៅរៀនផ្នែកនយោបាយបានប្រហែលកន្លះខែ។ ក្នុងរយៈពេលនេះ តាម៉ុក ធ្លាប់មកពិនិត្យហើយណែនាំ សន ថា៖ «មិនឲ្យបង្អត់បាយយុវនារីទាំងនេះទេ  ឲ្យហូបឲ្យឆ្អែតៗ »។ ងឹម មានចិត្តសប្បាយរីករាយដោយសារមានយុវនារីជាច្រើនមកពីកន្លែងផ្សេងៗគ្នា។ បន្ទាប់មក សន​ បានបញ្ជូន ងឹម និងយុវនារីដទៃទៀតទៅកាន់មន្ទីរយោធា​ស្ថិតនៅវត្តទូកផ្ចឹក ខេត្តកំពត។ យ៉ាវ និង ខែម (ភេទប្រុស) គឺជាអ្នកបង្រៀនយុទ្ធសាស្រ្តប្រយុទ្ធ ហាត់លូន និងរៀនកាច់កៃបាញ់កាំភ្លើង។ មេកងបានដោះគ្រាប់កាំភ្លើងចេញអស់ហើយ ឲ្យបាញ់កាំភ្លើងគ្មានគ្រាប់។ ក្នុងពេលហាត់រៀន នៅពេលព្រឹកហូបបបរ ពេលថ្ងៃនិងល្ងាចហូបបាយធម្មតា។ បន្ទាប់មកមេកង បានចែកកាំភ្លើងកាប៊ីនឲ្យម្នាក់មួយដើម ហើយត្រូវស្ពាយជាប់នឹងស្មាជានិច្ចសម្រាប់ការពារខ្លួនពីទាហាន លន់ នល់។ ហាត់រៀនអស់រយៈពេល១ខែ ងឹម​ បានត្រឡប់ទៅច្បាំងជាមួយទាហាន លន់ នល់ នៅខេត្តតាកែវវិញ។ ពេលមកដល់តាកែវ ងឹម បានចូលរួមជាមួយកងយុវជន វរក-៤ ដែលមានប្រធានឈ្មោះ រុំ ភេទស្រី។ រុំ បានបញ្ជាឲ្យ ងឹម ជីកត្រង់សេឆ្លាស់គ្នាជាមួយក្រុមយុវជន ត្រង់សេយុវជនប្រហែល៣០ម៉ែត្រ ត្រង់សេយុវនារីមួយ ក្នុងមួយត្រង់សេកំណត់ឲ្យជីកគ្នា៣នាក់។ ងឹម ជីកត្រង់សេកាត់តាមផ្លូវរថភ្លើងខាងជើងខេត្តតាកែវ តាមអង្គធ្លក់ អូររំចេក។ ក្នុងអំឡុងពេលធ្វើសង្រ្គាមជាមួយទាហាន លន់ នល់ មានយុវនារី២០នាក់ដែលទៅពីភូមិជាមួយ ងឹម ហើយមួយចំនួននៅតស៊ូរហូតត្រូវបានស្លាប់ក្នុងសមរភូមិ។ នៅឆ្នាំ១៩៧៣ ងឹម បានឡើងជាប្រធានកងហារ គ្រប់គ្រងយុវនារី៥០នាក់ ងឹម ដើរបញ្ជាកងនារីនៅតាមត្រង់សេឲ្យប្រយ័ត្នខ្លួន, យាមឲ្យបានត្រឹមត្រូវ, ខ្លាចខាងទាហាន លន់ នល់ ចូលមកវាយដោយមិនបានដឹងខ្លួន។ ងឹម និងកងនារីនៅចាំនៅត្រង់សេផង ឡើងទៅវាយជាមួយទាហាន លន់ នល់ នៅសមរភូមិក្នុងខេត្តតាកែវផង។ ចន្លោះពីឆ្នាំ១៩៧៤ ដល់ឆ្នាំ១៩៧៥ ងឹម និងកងវរសេនាតូចប្រហែល៣០០នាក់ ត្រូវបានមេកងបញ្ជូនឲ្យយាមនៅភ្នំដិន ស្ថិតក្បែរវត្តពោធិ៍រោង។ នៅពេលមកដល់ភ្នំដិន ខា ភេទស្រី បានឡើងប្រធានវរសេនាថ្មី ហើយ ងឹម​ បានឡើងជាប្រធានកងរយ គ្រប់គ្រងយុវនារីប្រហែល១០០នាក់។ ជាមួយគ្នានេះដែរ ប្អូនៗរបស់ ងឹម បានស្ម័គ្រចិត្តចូលបម្រើកងទ័ពខ្មែរក្រហមជាបន្តបន្ទាប់។

បន្ទាប់ពីទទួលជ័យជម្នះទៅលើទាហាន លន់ នល់ នៅឆ្នាំ១៩៧៥ ងឹម និងកងនារីប្រហែល៣០០-៤០០នាក់ ត្រូវបាន ឈិត ជឿន ហៅ តាម៉ុក បញ្ជូនចេញពីភ្នំដិន មកធ្វើស្រែអំបិលកែប នៅកែវក្រសាំង ខាងភូមិភាគនិរតី។ នៅពេលមកដល់កែវក្រសាំង ឃីម ជាប្រធាន ហើយ ងឹម ជាអនុប្រធានគ្រប់គ្រងកងនារីនិងប្រជាជនធ្វើស្រែអំបិល។ ក្នុងអំឡុងឆ្នាំ១៩៧៥ រហូតដល់ចុងឆ្នាំ១៩៧៧  ងឹម នៅគ្រប់គ្រងត្រួតពិនិត្យនៅស្រែអំបិល។ ងឹម បានដឹកនាំកងនារីនិងប្រជាជនផលិតអំបិលដោយផ្ទាល់ មានស្រែមួយទំហំប្រហែល៣០ម៉ែត្រ៤ជ្រុង ដង្ហែគ្នាពី៤-៦និង១០-២០ស្រែត្រូវមានប្រឡាយទឹកមួយសម្រាប់បង្ហូរទឹកប្រៃចូល។ ងឹម បានរៀបរាប់ថា៖ «មុនដំបូងត្រូវជីកប្រឡាយសម្រាប់បង្ហូរទឹកពីសមុទ្រស្ដុបទុកក្នុងប្រឡាយ។ បន្ទាប់មក ត្រូវបុកពង្រាបដីស្រែឲ្យរាបស្មើស្អាត បុកសាទៅសាមក រួចហាលដីឲ្យស្ងួត បន្ទាប់មកទៀត ត្រូវបង្ហូរទឹកពីប្រឡាយចូលក្នុងស្រែហាលទី១។ ទឹកដែលស្តុបទុកក្នុងប្រឡាយមួយអាចបង្ហូរចូលស្រែ៤ទៅ១០ស្រែ។ ហើយយកជញ្ជីងមកថ្លឹងទឹកឲ្យវាត្រូវលេខ បើត្រូវលេខហើយត្រូវដាក់បង្ហូរទឹកចូលហាលទី២ ហាលរយៈពេល១សប្ដាហ៍ ទើបអំបិលដុះ ហើយអាចកើបនិងទទួលបានអំបិលសស្អាតជាងគេ រួចត្រូវកើបទៅរក្សាទុកក្នុងឃ្លាំងដើម្បីកុំឲ្យអំបិលទៅជាកករឹង»។ ងឹម និងនារីទាំងអស់បាននាំគ្នាសាងសង់ឃ្លាំងដាក់អំបិលដោយគ្មានកម្លាំងខាងបុរសមកជួយនោះឡើយ។ កងនារីស្រែអំបិល មកធ្វើការចម្រុះគ្នាទាំងភូមិភាគនិរតី និងភូមិភាគបូព៌ា។ ក្នុងអំឡុងពេលនេះ ប្អូនៗរបស់ ងឹម បានចូលក្នុងកងទ័ពខ្មែរក្រហមគ្រប់ៗគ្នា។ តាម៉ុក តែងមកណែនាំ ងឹម និងនារីទាំងអស់ថា៖ «កុំឲ្យឈ្លោះឬមានទំនាស់គ្នាក្នុងក្រុមឬក្នុងកង ដោយត្រូវចេះរួបរួមសាមគ្គីគ្នា ប្រយ័ត្នប្រយែងយាមឲ្យបានត្រឹមត្រូវខ្លាចខ្មាំងចូលមកស្លាប់ ខាតកម្លាំង»។ ងឹម មិនសូវបាននៅប្រចាំការនៅស្រែអំបិលនោះទេ ពីព្រោះតែត្រូវមករៀនពីផ្នែកនយោបាយនៅតាកែវ និងនៅរាជធានីភ្នំពេញ។ តាម៉ុក និងអ្នកផ្សេងទៀតបានបង្រៀនថា៖ «ពីមុនយើងធ្លាប់ជាកសិករក្រីក្រ ដល់យើងបានធ្វើធំតិចតួច កុំតម្កើងឬក កុំស៊ីបាយស្រួយ ឲ្យកូនចៅស៊ីបបរ» ។ ក្នុងអំឡុងពេលធ្វើស្រែអំបិល ងឹម មិនដែលលំបាកលើការហូបចុកទេ។ ងឹម មានបាយហូបគ្រប់គ្រាន់ ពីព្រោះ តាម៉ុក បានប្រាប់ខាងសេដ្ឋកិច្ច«ឲ្យចែកអង្ករឲ្យច្រើន មិនឲ្យហូបបបរទេ ព្រោះធ្វើអំបិលហត់ណាស់»។ នៅរៀងរាល់២ទៅ៣ថ្ងៃម្ដង តាម៉ុក តែងតែមកត្រួតពិនិត្យកងនារីស្រែអំបិល ព្រមទាំងដឹកអង្ករ និងសម្ភារផ្សេងៗមកចែកតាមកង និងសហករណ៍។ ពេលធ្វើការងារហត់អស់កម្លាំង ងឹម និងកងនារីទាំងអស់នាំគ្នាសម្រាកធម្មតា អ្នកណាឈឺឲ្យសម្រាកមិនឲ្យទៅធ្វើការ គ្មានការបង្ខិតបង្ខំនោះទេ។ សម្រាប់ប្រជាជនធម្មតា មានទាំងអ្នកស្រឡាញ់ និងស្អប់ ងឹម ។ ថ្ងៃមួយប្រជាជនបានរាយការណ៍ទៅកងទ័ពវៀតណាម ដើម្បីឲ្យមកវាយនៅស្រែអំបិល ស្រាប់តែព្រលឹមស្រាងៗកងទ័ពវៀតណាមមកដល់ស្រែអំបិល ងឹម និងកងនារីមួយចំនួនភ្ញាក់ដឹងខ្លួនបានរត់រួចខ្លួន ប៉ុន្តែនៅនារីម្នាក់ជាមិត្តរបស់ ងឹម ក្រោកមិនទាន់ក៏ត្រូវបានកងទ័ពវៀតណាចាប់បាន រួចយកទៅដុតទាំងរស់ ងឹម បានលបមើលឃើញផ្ទាល់ភ្នែក យំអាណិតមិត្ត តែមិនហ៊ានចេញទៅជួយនោះឡើយ។

នៅដើមឆ្នាំ១៩៧៨ ងឹម ត្រូវបានតាម៉ុក បញ្ជូនទៅកាន់ខេត្តបាត់ដំបង ពីព្រោះតែទទួលបានដំណឹងថា កម្មាភិបាលដែលជាប្រធានគ្រប់គ្រងនៅសំឡូតក្បត់នឹងអង្គការមិនឲ្យប្រជាជនហូបបាយ ផ្លែដូង និងផ្លែឈើផ្សេងៗមិនឲ្យប្រជាជនបេះហូប ឲ្យប្រជាជនហូបបបរដាក់ក្នុងត្រឡោកដូង។ ងឹម និងមិត្តនារីប្រហែល១០០នាក់ បានធ្វើដំណើរតាមរថភ្លើងចេញពីដំណាក់ចង្អើរ ខេត្តតាកែវ ទៅកាន់ខេត្តបាត់ដំបង។ បន្ទាប់ពីទៅដល់បាត់ដំបង តាម៉ុក បានឲ្យឡានមកទទួល ងឹម ចេញពីស្ថានីយរថភ្លើងមកស្នាក់នៅអន្លង់វិលរយៈពេល៣-៤យប់។ បន្ទាប់ពី ងឹម ទៅដល់បាត់ដំបង តាញឹម លេខាភូមិភាគពាយ័ព្យត្រូវបានអង្គការចាប់ខ្លួន។ នារីមួយចំនួនត្រូវទៅគ្រប់គ្រងមើលប្រជាជននៅតាមភូមិឃុំមួយចំនួន ដូចជា ឃុំផ្លូវមាស, ចំលងគួយ, ឃុំក្រញ៉ូង, ក្រចាំង និងឃុំសំឡូត។ ចំណែកឯ ងឹម ត្រូវបានចាត់តាំងមកគ្រប់គ្រងក្នុងស្រុកសំឡូតមានគ្នា២នាក់រួមមាន ងឹម ប្រធាន និង ឡេង ជាសមាជិកនៅកោះតាហុក។ បន្ទាប់មក តាម៉ុក បញ្ជាឲ្យ ងឹម ដឹកអង្ករ១០ឡាន, ប្រហុក៣ឡាន, អំបិល២ឡាន, ចាន, ឆ្នាំង, ពាងទឹក,និងស្លាបព្រា សរុប២០ឡាន ដឹកចេញពីស្រុកសំឡូតទៅកាន់ដីស្អិត។ ងឹម សម្រាកតាមផ្លូវ២យប់ ទើបទៅដល់ទីតាំង។  រយៈពេល១ខែក្រោយមក តាម៉ុក បានបញ្ជូនជនពិការមកពីតាខ្មៅ រាជធានីភ្នំពេញ ចំនួន៤០នាក់។ បន្ទាប់មក តាម៉ុក បានឲ្យ ងឹម រៀបការជាមួយ ព្រាប កប ដែលទើបត្រូវបានបញ្ជូនមកពីរាជធានីភ្នំពេញ ដែលមកធ្វើជាប្រធានគ្រប់គ្រងនៅសំឡូត រីឯ ងឹម ជាអនុប្រធាន ចំណែក ឡេង ជាសមាជិកដដែល។ រៀបការរួច តាម៉ុក បានបញ្ជូន ងឹម ទៅរៀននៅបាត់ដំបងរយៈពេលកន្លះខែ តាម៉ុក បានណែនាំថា៖ «កុំឲ្យប្រជាជនពិបាក ធ្វើយ៉ាងណាឲ្យប្រជាជនបានហូបបាយ កុំឲ្យហូបបបរញឹកពេក» ។ រាល់ពេលទៅរៀន ងឹម, ព្រាប កប និងឡេង ត្រូវផ្លាស់ប្ដូរគ្នាទៅរៀនម្នាក់ម្ដងៗ។ អំឡុងពេល ងឹម មកគ្រប់គ្រងនៅសំឡូត ងឹម ឲ្យប្រជាជនហូបបាយ រាល់ពេលប្រជាជនស្ទូង ងឹម បានទៅជួយស្ទូង។ ងឹម នៅសំឡូតមានប្រជាជនស្រឡាញ់រាប់អាន យាយៗចាស់ស្រឡាញ់ ងឹម ទុកដូចកូនចៅ។ ងឹម និងស្វាមី នៅហូបបាយតាមសហករណ៍រួមជាមួយប្រជាជន គ្រូពេទ្យ និងជាងកាត់ដេរ។ ចុងឆ្នាំ១៩៧៨ ប្រធានឃុំក្រញ៉ូង ឈ្មោះ វ៉ុន បានធ្វើការប្រជុំសម្ងាត់មួយ ដើម្បីរៀបចំផែនការក្បត់ជាមួយអង្គការ ងឹម បានតាមដានដឹងបានរាយការណ៍ទៅតាម៉ុក។ បន្ទាប់មក តាម៉ុក បានបញ្ជាឲ្យចាប់ខ្លួន វ៉ុន ទៅរៀនសូត្រ។

នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមវាយចូលជិតមកដល់ ងឹម បានលាប្រជាជនដែលស្រឡាញ់រាប់អានខ្លួន ដោយបានរត់គេចពីកងទ័ពវៀតណាម ងឹម និងស្វាមី រត់ទៅអូរជ័រ ស្ទឹងតោ រហូតដល់ព្រំដែនថៃ។ ក្នុងរយៈពេលនេះ ងឹម មិនបានទៅលេងស្រុកកំណើត និងឪពុកម្ដាយនោះទេ។ ងឹម រត់គេចពីកងវៀតណាមរហូតចូលក្នុងទឹកដីថៃ ប៉ុន្តែថៃព័ទ្ធព្រំដែនមិនឲ្យខ្មែរក្រហមចូល ងឹម បានរត់ទៅលាក់ខ្លួននៅបឹងបេង ម៉ាឡៃ នៅជំរំស្រះកែវ ដាច់បាយដាច់ទឹក។ បន្ទាប់មក ងឹម បានមករៀនសូត្រផ្នែកនយោបាយ បច្ចេកទេស និងខាងសេដ្ធកិច្ច នៅក្បែរកន្លែងរស់នៅរបស់ តាម៉ុក, ប៉ុល ពត, នួន ជា នៅច-១ ខេត្តកោះកុង ប៉ុន្តែ ងឹម មិនដែលបានជួប ប៉ុល ពត និង នួន ជា នោះទេ ងឹម បានជួបញឹកញាប់គឺ តាម៉ុក។

នៅចន្លោះពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៩០ ងឹម និង ស្វាមី នៅរស់នៅជំរំស្រះកែវ ហើយមានកូន២នាក់។ ងឹម និងស្វាមី តែងតែផ្លាស់ប្ដូរទីកន្លែងរស់នៅពីកន្លែងមួយទៅកន្លែងមួយជាញឹកញាប់ដើម្បីគេចខ្លួនពីទាហានរដ្ធកម្ពុជា។ ងឹម បានចេញពីបឹងបេង មកនៅរស់នៅកោះកុងមួយរយៈពេល ហើយ ងឹម មករស់នៅអូរដើមចេក អូរននោង ក្នុងស្រុកសំឡូត ហើយបន្តទៅជំរំអូរល្ហុង។ ក្នុងអំឡុងពេលនេះ ម្ដាយនិងបងប្អូនរបស់ ងឹម ធ្លាប់បានមកលេងនិងសួរសុខទុក្ខ ងឹម និងកូនៗ នៅសំឡូតនេះដែរ។ បន្ទាប់ពីម្ដាយមកលេង ទើប ងឹម បានដឹងថាឪពុករបស់ខ្លួនរត់បែកគ្នាជាមួយម្ដាយតាំងពីឆ្នាំ១៩៧៩ មិនឃើញត្រឡប់មករកប្រពន្ធកូនទាល់តែសោះ។

នៅឆ្នាំ១៩៩៧ ងឹម និង ស្វាមី បានត្រឡប់ទៅលេងម្ដាយ និងសាច់ញាត្តិនៅស្រុកកំណើត។ នៅពេលទៅដល់ផ្ទះ ងឹម មានអារម្មណ៍ពិតជាប្លែកណាស់ ពីព្រោះពីមុនមានសុទ្ធតែព្រៃ ដែលសម្បូរទៅដោយដំបូក ប៉ុន្តែទៅដល់ឃើញក្នុងភូមិវាលនិងសម្បូរផ្ទះរបស់អ្នកភូមិ។ ងឹម ទៅដល់ផ្ទះឃើញម្ដាយកំពុងសម្រានលក់នៅលើគ្រែ។ ងឹម ហូរទឹកភ្នែក និយាយមិនចេញ ស្រែកហៅម្ដាយក៏លែងរួច។ មួយសន្ទុះទើបម្ដាយរបស់ ងឹម ភ្ញាក់ពីដំណេក ហើយនិយាយមកកាន់ ងឹម ថា៖ «កូនឯងមកហើយ» ។ នៅឆ្នាំ២០០០ បន្ទាប់ពីកូនស្រីរបស់ ងឹម មានគ្រួសារនៅដីក្រហម ងឹម ក៏សម្រេចចិត្តមករស់នៅជាមួយកូន ហើយបន្តរស់នៅដីក្រហមរហូតមកដល់បច្ចុប្បន្ន។ ងឹម បានជួបប្រទះនូវរឿងរ៉ាវជីវិតជាច្រើនរួមមាន ការសប្បាយ, ការតស៊ូ,ប្រឈមជាមួយគ្រោះថ្នាក់, ទុក្ខលំបាក, ការបែកបាក់ និងភាពអត់ឃ្លាន ដែលទាំងអស់នេះកើតឡើងដោយសារតែសង្រ្គាម៕

អត្ថបទដោយ មឿន ស្រីណុច


[1] មជ្ឈមណ្ឌលឯកសារកម្ពុជាសម្ភាសន៍ជាមួយ ​ឈ្មោះ ណុប ងីម ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១១ (PTI0០៨១)។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin