មិត្តមិនមែនពេទ្យទេ ធ្វើតែការងាររបស់មិត្តទៅ

នៅឆ្នាំ១៩៧៥ ហួង ត្រូវបានខ្មែរក្រហមបញ្ជូនឱ្យទៅធ្វើជានីរសារនៅស្រុកកៀនស្វាយ។ នៅពេលបែកពីសមាជិកគ្រួសាររយៈពេលយូរ ហួង នឹករឭកដល់សមាជិកគ្រួសារ ស្របពេលដែលម្ដាយរបស់គាត់មានជំងឺផង បានស្នើសុំប្រធានកង ត្រលប់ទៅសួរសុខទុក្ខឪពុកម្ដាយ ប៉ុន្តែសំណើរបស់គាត់ត្រូវបានបដិសេធ។ ប្រធានកងរបស់គាត់បានប្រាប់ថា៖ “គេមានពេទ្យហើយ! មិត្តមិនមែនពេទ្យទេ ធ្វើតែការងាររបស់មិត្តទៅ”។ ណុប ហួង[1] អាយុ៤២ឆ្នាំ (២០០១) មានទីកន្លែងកំណើតនៅភូមិដំណាក់រវាង ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។
នៅអំឡុងពេលដែលខ្មែរក្រហមបង្កើតសហករណ៍ ហួង ត្រូវបានជម្លៀសទៅឃុំគគីរ ស្រុកកៀនស្វាយ ភូមិភាគនិរតី។ នៅឆ្នាំ១៩៧៥ ក្រុមប្រវាស់ដៃត្រូវបានរៀបចំទៅជា “សហករណ៍កម្រិតទាប” មានសមាជិកពី៣០០ទៅ៤០០នាក់ ឬក៏ភូមិមួយទាំងមូល។ រហូតដល់ឆ្នាំ១៩៧៧ សហករណ៍កម្រិតទាប ត្រូវបានរៀបចំឡើងវិញឱ្យក្លាយទៅជា “សហករណ៍កម្រិតខ្ពស់” រួមមានមួយពាន់គ្រួសារក្នុងសហករណ៍នីមួយៗ ឬឃុំមួយទាំងមូល។[2] នៅអំឡុងពេលនោះ ហួង មានអាយុ១៣ឆ្នាំ ស្ថិតនៅក្នុងវ័យនោះគឺជាវ័យត្រូវការចំណេះវិជ្ជា ប៉ុន្តែគាត់ត្រូវឈប់រៀនហើយចេញទៅធ្វើការងារឱ្យអង្គការ។ នៅក្នុងរបបខ្មែរក្រហម គ្មានសាលារៀនជាផ្លូវការនោះទេ។ កុមារត្រូវបញ្ជូនឱ្យទៅរៀននៅក្រោមដើមឈើ ឬនៅក្រោមផ្ទះរបស់ប្រជាជន។
ហួង ធ្វើការងារនៅក្នុងកងកុមាររយៈពេលពីរឆ្នាំនៅស្រុកកៀនស្វាយ បន្ទាប់មកត្រូវបានចាត់តាំងឱ្យធ្វើជានីរសាររត់សំបុត្រ។ ហួង បាននិយាយថាការធ្វើការងារជាអ្នករត់សំបុត្រគឺមានភាពងាយស្រួលជាងធ្វើការងារនៅក្នុងការដ្ឋាន។ ថ្វីត្បិតតែមានភាពងាយស្រួល គាត់នៅតែជួបប្រទះផលវិបាកដែរ ជាក់ស្ដែងគាត់ត្រូវរត់សំបុត្រទាំងយប់ទាំងថ្ងៃក្នុងករណីសំបុត្រនោះបន្ទាន់ខ្លាំង។ ហួង បានបញ្ជាក់ថាចាប់តាំងពីគាត់ត្រូវបានបញ្ជូនឱ្យទៅធ្វើការងារនៅស្រុកកៀនស្វាយ គាត់មិនដែលបានត្រលប់ទៅស្រុកកំណើតនៅខេត្តតាកែវឡើយ។ ហួង ធ្លាប់បានស្នើសុំប្រធានឈ្លប ដើម្បីទៅផ្ទះសួរសុខទុក្ខម្ដាយឪពុក និងបងប្អូន ប៉ុន្តែប្រធានកងមិនអនុញ្ញាត។ ប្រធានកង ឬប្រធានឈ្លប បានប្រាប់ ហួង វិញថាឪពុកម្ដាយ បងប្អូននៅទីនោះមានអ្នកមើលថែ និងមានរបបអាហារហូបគ្រប់គ្រាន់ហើយ មិនចាំបាច់ទៅសួរសុខទុក្ខទេ។
បន្ទាប់ពីការរស់នៅឆ្លងកាត់របបខ្មែរក្រហម ហួង បានលើកឡើងថា ក្នុងចិត្តរបស់គាត់ពិតជាមានភាពឈឺចាប់ជាប់មកជានិច្ច។ របបខ្មែរក្រហម មិនអនុញ្ញាតឱ្យរស់នៅជួបជុំជាមួយនឹងសមាជិកគ្រួសារ ទាល់តែពេលដែលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានវាយរំដោះប្រទេសកម្ពុជាពីទិសខាងកើត និងសង្គ្រោះប្រជាជនបានជាបន្តបន្ទាប់[3] ទើបគាត់អាចត្រលប់ស្វែងរកសាច់ញាតិវិញ៕
អត្ថបទដោយ នេន ស្រីមុំ
[1] ឯកសារលេខ D25125 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា, ណុប ហួង (អតីតកុមារនីរសារខ្មែរក្រហម) សម្ភាសដោយ គឹម កែវកន្និដ្ឋា, នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០០១។
[2] ផេង ពង្សរ៉ាស៊ី និងអ្នកនិពន្ធឯទៀត, ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), បោះពុម្ពលើកទីពីរ (ភ្នំពេញ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា, ២០២០) ទំព័រ ៣៩។
[3] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ២០២៥, ទំព័រទី៤១។