នៅ សួរ ៖ ខ្ញុំសង្ឃឹមដែរ តែសង្ឃឹមតិច ចំពោះការបាត់ដំណឹងកូនឈ្មោះ សែ លឹម

ឯកសារលេខI០៦០៦៥, ប្រវត្តិរូបរបស់ សែ លឹម, តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា, ចំនួនមួយសន្លឹក។

នៅ សួរ[1] អាយុ៦៩ឆ្នាំ(២០០៣) កើតនៅភូមិ/ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ សព្វថ្ងៃរស់នៅភូមិកោះតាង៉ោទី៣ ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម។  សួរ បានរៀបការនៅអាយុ១៩ឆ្នាំ ។ សួរ មានប្ដីឈ្មោះ សែ លីន អាយុ៧០ឆ្នាំ (២០០៣) ដែលឧស្សាហ៍ឈឺជាញឹកញាប់។ សួរ មានកូនចំនួន៧នាក់ ក្នុងនោះប្រុសចំនួនពីរនាក់។ កូនៗរបស់ សួរ មានឈ្មោះដូចជាទី១)សែ សុខឃឹម, ទី២)​សែ សុខឃី,ទី៣) សែ សុខនី(ប្រុស), ទី៤) សែ គឹមស្រី, ទី៥) សែ គឹមថុល, ទី៦) សែ លឹម[2](បាត់ខ្លួន) និងទី៧) សែ ចាន់ថន។  ក្នុងចំណោមកូនៗរបស់ សួរ ទាំងប្រាំពីរនាក់ គឺមានកូនប្រុសម្នាក់ឈ្មោះ សែ លឹម កើតឆ្នាំច បានបាត់ខ្លួនតាំងពីចូលបម្រើចលនាបដិវត្តន៍ខ្មែរក្រហមរហូតមកដល់បច្ចុប្បន្ន។ សួរ នៅតែមិនអស់សង្ឃឹម ហើយអារម្មណ៍នៅតែនឹករឭកដល់កូន ទន្ទឹងរង់ចាំកូនប្រុសថានឹងអាចនឹកវិលត្រឡប់មកស្រុកកំណើតជួបជុំឪពុកម្តាយ និងបងប្អូនវិញ។

ចំណែកក្នុងឯកសារប្រវត្តិរូប សែ លឹម កើតនៅឆ្នាំ១៩៥៥ ភូមិកោះតាង៉ោ សង្កាត់សូរគង ស្រុកកងមាស ខេត្តកំពង់ចាម និងមានអាយុ២១ឆ្នាំ។ ស្ថានភាពគ្រួសារគឺនៅលីវ។ កម្រិតវប្បធម៌របស់ សែ លឹម គឺរៀនបានត្រឹមថ្នាក់ទី១០ និងមានមុខរបរមុនចូលបដិវត្តន៍ធ្វើស្រែចម្ការ។ ជីវភាពក្នុងគ្រួសារមាន គោ១នឹម, រទេះ១, កង់១, ដីស្រែ១ហិកតា, ដីចម្ការ១ហិកតា, ស្រែបានផលក្នុងមួយឆ្នាំ៦០ថាំង, ដីចម្ការដាំថ្នាំបានផលមួយឆ្នាំ៥០០គីឡូ។ មានផ្ទះមួយខ្នងប្រក់ស្លឹក សមាជិកគ្រួសារមានគ្នា៩នាក់ និងមានការខ្វះខាតពី៣ទៅ៤ខែ។ គ្រួសារស្ថិតក្នុងវណ្ណៈភាពដើមកសិករកណ្ដាលថ្នាក់ក្រោម។ សែ លឹម ចូលបម្រើបដិវត្តន៍ក្នុងថ្ងៃទី២០ ខែមករា ឆ្នាំ១៩៧៣ អ្នកនាំចូលគឺមានឈ្មោះ សមមិត្ត សៅ។ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ១៩៧៦ បានចូលជាយុវកក តាមរយៈឈ្មោះ សឿន ខាន់ឆៃ។ ក្រោយមកទៀតបានឡើងតួនាទីជាសមាជិកក្រុម។

សែ លឹម បានបំពេញព័ត៌មានផ្ទាល់ខ្លួនជូនអង្គការបដិវត្តន៍ អំពីចំណុចខ្លាំងរបស់ខ្លួនថា «នយោ បាយដឹកនាំធ្វើការងារទទួលបានជ្រួតជ្រាបអំពីមាគ៌ាបក្ស កសាងប្រទេស, សតិអារម្មណ៍រ៉ឹងម៉ឹងនឹងនរ, មិនឃ្លៀងឃ្លាតពីបដិវត្តន៍ឡើយ»។ អំពីចំណុចខ្សោយថា «នយោបាយមិនបានដឹកនាំធ្វើការងារឱ្យក្ដៅទេ គឺនៅប្រហោងអំពីភារកិច្ចខ្លួន។ សតិអារម្មណ៍នៅមាននឹកនាអំពីបញ្ហាគ្រួសារតូច មិនទាន់រ៉ឹងម៉ឹងត្រឹមត្រូវទេ។ ការចាត់តាំងនៅមានមិនទាន់រ៉ឹងម៉ឹងទេ គឺនៅមានខ្ជិលច្រអូសក្នុងការបំពេញភារកិច្ច»។ ចំណុចពិសេសរបស់ សែ លឹម គឺគ្មាន និងទិសដៅកសាងគឺ «ខិតខំកសាងគោលជំហរ កសាងសតិអធន់របស់បក្ស ឱ្យបានដាច់ខាត។ បេ្តជ្ញាកម្ទេចសីលធម៌មិនបដិវត្តន៍, ស្រីស្រាដាច់ខាត ឱ្យស្របទៅតាមពាក្យស្លោកមហាលោតផ្លោះ មហាអស្ចារ្យ[3]»។

តាមការផ្ដល់បទសម្ភាសន៍របស់ នៅ សួរ បានឱ្យដឹងថា៖ សែ លីម កាលពីតូចរៀននៅសាលាបឋមសិក្សាកោះតាង៉ោ និងឈប់រៀននៅពេលមានព្រឹត្តការណ៍រដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ចេញពីតំណែង។ រដ្ឋប្រហារធ្វើឡើងដោយលោកសេនាប្រមុខ លន់ នល់ ក្នុងថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ បន្ទាប់ពីរដ្ឋប្រហារ ប្រជាជននាំគ្នាឡើងទៅធ្វើបាតុកម្មទាមទារឱ្យសម្ដេចព្រះ នរោត្តម សីហនុ ចូលកាន់អំណាចវិញ។ នៅពេលឈប់រៀន សែ លឹម ក៏ត្រឡប់មកជួយធ្វើស្រែចម្ការឪពុកម្ដាយវិញ។

នៅឆ្នាំ១៩៧៣ លឹម ទើបតែមានអាយុ១៦ឆ្នាំ រួមទាំងកូនអ្នកភូមិជាច្រើននាក់ទៀត បានស្ម័គ្រចិត្តចូលរួមជាមួយចលនាបដិវត្ដន៍ខ្មែរក្រហម តាមរយៈឈ្មោះ សៅ មានតួនាទីជាប្រធានភូមិតាង៉ោ។ សៅ គឺជាអ្នកដឹកនាំ និងកៀរគរយុវជន-យុវនារីក្នុងភូមិឱ្យចូលរួមជាមួយកម្លាំងចលនាបដិវត្តន៍។ កាលនោះ សួរ ពិតជាមានអារម្មណ៍ពេញចិត្តចំពោះកូនដែលបានចូលរួមចលនារំដោះប្រទេសជាតិ និងចូលរួមទាមទារឱ្យ សម្ដេចឪចូលមកគ្រប់គ្រងប្រទេសវិញ។ ជាដំបូង សៅ បាននាំ លឹម និងយុវជន-យុវនារីក្នុងភូមិព្រែកគ្រួស,​ភូមិអន្លង់អក និងភូមិតាង៉ោ ឱ្យទៅស្នាក់នៅឃុំពាមជីកងរយៈពេលមួយខែសិន។ ក្នុងអំឡុង លឹម ស្នាក់នៅឃុំពាមជីកងបានមួយសប្តាហ៍ ក៏បានធ្វើដំណើរដោយកង់មកសុំអាវមួយ និងក្រមាមួយពីម្តាយ។ នៅពេលនោះ សួរ បានសួរសុខទុក្ខកូនអំពីស្ថានភាពរស់នៅ និងទិសដៅដែលត្រូវទៅធ្វើការនាថ្ងៃខាងមុខ។ ប៉ុន្ដែ លឹម មិនបានឆ្លើយតបអ្វីឡើយ លឹម បានត្រឹមតបថាអង្គការហាមមិនឱ្យនិយាយអ្វីទាំងអស់។ បន្ទាប់មកទៀតយុវជន-យុវនាទី ក៏ត្រូវបានរថយន្តចំនួន៤គ្រឿងដឹកចេញពីភូមិ ក្នុងគោលបំណងយកទៅធ្វើជាយោធា​។ ចាប់ពីពេលនោះមក សួរ លែងបានទទួលដំណឹងពីកូនផ្ទាល់ បានត្រឹមតែឮដំណឹងតាមរយៈអ្នកភូមិ ប៉ុន្ដែមិនច្បាស់លាស់អ្វីឡើយ។

នៅពាក់កណ្ដាលឆ្នាំ១៩៧៥ ខែ្មរក្រហមទទួលបានជ័យជម្នះទាំងស្រុងលើរបបសាធារណរដ្ឋខ្មែរ។ សួរ នៅតែមិនឃើញកូនត្រឡប់មកលេងផ្ទះ និងបាត់ដំណឹង។ នៅចន្លោះឆ្នាំ១៩៧៥ ដល់ ១៩៧៩ គ្រួសារ សួរ ត្រូវអង្គការបំបែកឱ្យទៅធ្វើការនៅកន្លែងផ្សេងៗពីគ្នា។ សួរ  ត្រូវធ្វើការនៅមុខព្រួញចល័តផ្នែកដកស្ទូង ហើយរដូវវស្សាត្រូវធ្វើការបកពោត, កិនអង្ករ និងកាប់ស្លឹកយកមកដេរសម្រាប់ប្រក់រោង។ រីឯ ប្ដីរបស់ សួរ ត្រូវអង្គការចាត់តាំងទៅធ្វើការក្នុងកងភ្ជួរស្រែ និងកូនៗរបស់ សួរ ត្រូវធ្វើការតាមការដ្ឋាន។ ចំពោះរបបអាហារ សួរ មិនបានហូបគ្រប់គ្រាន់ឡើយ គឺអង្គការផ្ដល់ឱ្យតែបបរលាយពោត និងពេលខ្លះមានតែទឹកបបររាវៗ។  សួរ ក៏ធ្លាប់ឃើញខ្មែរក្រហមរុះរើវត្តអារាមយកទៅធ្វើស្ពាន,  ផ្សឹកព្រះសង្ឃ និងបង្ខំឱ្យទៅធ្វើការតាមការដ្ឋាន។ អង្គការបានបង្ខំជម្លៀសប្រជាជនចាមឱ្យចេញពីភូមិ។ ស្ថិតក្នុងរបបខ្មែរក្រហម សួរ បានបាត់បង់សាច់ញាតិចំនួនបីនាក់ ព្រោះធ្លាប់ធ្វើជាគ្រូបង្រៀនក្នុងសម័យ លន់ លន់ និងកូនប្រុស ឈ្មោះ សែ លឹម បានបាត់ខ្លួន។

អត្ថបទដោយ មីន សាណាស់


[1] ឯកសារលេខKCI០២១១, អ្នកផ្ដល់បទសម្ភាសន៍ នៅ សួរ អំពីករណី សែ លឹម, សម្ភាសន៍ដោយ ឡុង ដានី, នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០៣, តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា។

[2] ឯកសារលេខI០៦០៦៥, ប្រវត្តិរូបរបស់ សែ លឹម, តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា, ចំនួនមួយសន្លឹក។

[3] ដូចឯកសារខាងលើ។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin